ដើម្បីទប់ស្កាត់ការកើនឡើងនៃមេរោគជំងឺគ្រុនចាញ់ដោយសារភាពសុំាទៅនឹងថ្នាំ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់សហការគ្នាធ្វើយុទ្ធនាការស្រាវជ្រាវនិងព្យាបាលជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិចំនួន១០ក្នុងខេត្តប៉ៃលិន។
នាងធីតា វីន សូមជូនសេចក្តីពិស្តារអំពីរឿងនេះ៖
ចាប់ពីថ្ងៃសៅរ៍ទី១ ខែឧសភានេះតទៅសម្រាប់រយៈពេល៤ខែ ក្រុមគ្រូពេទ្យរបស់មជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់សហការជាមួយអង្គការក្រៅរដ្ឋាភិបាលយ៉ាងតិចចំនួន២រួមទាំងវិទ្យាស្ថានប៉ាស្ទ័រនឹងបើកធ្វើយុទ្ធនាការស្រាវជ្រាវនិងព្យាបាលជំងឺគ្រុនចាញ់ក្នុងភូមិចំនួន១០ក្នុងខេត្តប៉ៃលិនដើម្បីទប់ស្កាត់ការរីករាលដាលនៃការចម្លងមេរោគគ្រុនចាញ់ដែលមានភាពសុំានឹងថ្នាំ។
លោក ងួន សុកុមារ អ្នកសម្របសម្រួលនៃគម្រោងការស្រាវជ្រាវ និងព្យាបាលជំងឺគ្រុនចាញ់ តាមភូមិ និងជាមន្ត្រីបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់បានឱ្យដឹងថា ប្រជាពលរដ្ឋប្រហែលជាង១ម៉ឺននាក់ក្នុងខេត្តប៉ៃលិននិងបានទទួលការធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់និងព្យាបាលដោយមិនគិតថ្លៃ។
«យើងធ្វើតេស្តដែរ បើសិនណាជាឃើញយើងនឹងព្យាបាលឱ្យជាដើម្បីកុំឱ្យមានការចម្លងបន្ត។ ការចម្លងបន្តនេះគឺជាមូលហេតុចម្បងដែលយើងចង់កាត់ផ្តាច់ជាពិសេសគឺការ ចម្លងបន្តនៃមេរោគដែលមានការសុំាទៅនឹងថ្នាំ»។
យុទ្ធនាការនេះគម្រោងត្រូវចំណាយថវិកាប្រហែលជា២០ម៉ឺនដុល្លារដែលថវិកានេះបានមកពីមូលនិធិBill and Milinda Gates តាមរយៈអង្គការសុខភាពពិភពលោក។
ជំងឺនេះភាគច្រើនកើតនៅរដូវមានភ្លៀងធ្លាក់ ពោលគឺចន្លោះពីខែឧសភាដល់ខែឆ្នូ។ យោងទៅតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឱ្យដឹងថា អ្នកដែលមានជំងឺគ្រុនចាញ់ភាគច្រើនគឺចន្លោះអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំ ហើយខេត្តដែលមានអាត្រាអ្នកកើតជំងឺគ្រុនចាញ់ខ្ពស់គឺខេត្តក្រចេះ ឧត្តរមានជ័យ សៀមរាបនិងខេត្តរតនៈគីរី។ ក៏ប៉ុន្តែមេរោគ គ្រុនចាញ់ដែលសុំាទៅនឹងថ្នាំភាគច្រើនកើតនៅភាគខាងលិចនៃប្រទេសជាពិសេសខេត្តប៉ៃលិនលោកអ៊ុត សុផល មន្រ្តីរបស់អង្គការក្រុមអ្នកជំនាញផ្នែកជំងឺគ្រុនចាញ់ដែលបានធ្វើការ សហការ នៅក្នុងយុទ្ធនាការនេះបានឱ្យដឹងថា អ្នកជំងឺដែលមានភាពសុំាទៅនឹងថ្នាំមានការ ចម្លងជំងឺនេះទៅអ្នកដទៃបានយ៉ាងងាយជាមូលហេតុដែលធ្វើឱ្យមានការរីករាលដាលនៃជំងឺនេះ។
លោក រស់ សីហា មន្រ្តីបច្ចេកទេសនៃគម្រោងប្រយុទ្ធបង្ក្រាបភាពសុំានៃមេរោគគ្រុនចាញ់ ទៅនឹងថ្នាំអាតេស៊ុយណាតនៃអង្គការសុខភាពពិភពលោកបានឱ្យដឹងថា យុទ្ធនាការ នេះ ជាផ្នែកមួយនៃយុទ្ធនាការក្នុងការលុបបំបាត់នៃការព្រួយបារម្ភនៃការកើនឡើងនៃមេរោគជំងឺគ្រុនចាញ់ដែលសុំាទៅនឹងថ្នាំជាពិសេសភូមិភាគខាងលិចតាមបណ្តាយព្រំដែនប្រទេសកម្ពុជា ថៃ។
«មធ្យោបាយធ្វើរោគវិនិច្ឆ័យនៅក្នុងការធ្វើយុទ្ធនាការនេះគឺអាចរកឃើញមេរោគដែលមាន កម្រិតទាបនៅក្នុងឈាម ហើយការព្យាបាលនេះមិនគ្រាន់តែព្យាបាលសម្លាប់មេរោគដែលបង្កឱ្យមាន ផលវិបាកនៅក្នុងខ្លួនមនុស្សទេ គឺ ប្រើមធ្យោបាយព្យាបាលសម្រាប់លុបបំបាត់មេរោគ ដែលនៅក្នុងតំណាក់កាលដែលអាចចម្លងពីមនុស្សទៅមូសហើយមូសចម្លងទៅមនុស្សយើងវិញ យោងទៅតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដដែលបានឱ្យដឹងបន្តថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០០៩កន្លងទៅនេះមានករណីគ្រុនចាញ់ ព្យាបាលសរុប៨៣.៧៧៧ករណីដែលមានការកើនឡើងចំនួន២៤.៨៩០ករណី។ បើធៀបទៅនឹងឆ្នាំ ២០០៨ក្នុងនោះចំនួនអ្នកស្លាប់កើនពី២០៩នាក់នៅឆ្នាំ២០០៨ទៅដល់២៧៩នាក់នៅឆ្នាំ២០០៩។ហេតុដូច្នេះបណ្តាលឱ្យមន្រ្តីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងអង្គការក្រៅរដ្ឋា ភិបាលមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់បាននឹងកំពុងមានការប្រយ័ត្នប្រយែងជាខ្លាំងក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១០នេះ។
លោក ងួន សុកុមារនិងលោកអ៊ុត សុផលបានឱ្យដឹងដូចគ្នាថា យុទ្ធនាការនេះជា ជំហានដំបូងធ្វើនៅភូមិចំនួន១០ ហើយអាចមានការពង្រីករហូតទៅដល់២០ភូមិនៅក្នុងខេត្តនេះ៕