ចាងហ្វាងកាសែតដែលទើបនឹងចេញពីពន្ធនាគារ បានអំពាវនាវឲ្យមានការតាមចាប់ខ្លួនឃាតករ ដើម្បីផ្ដល់នូវយុត្តិធម៌សម្រាប់អ្នកកាសែតដែលត្រូវបានសម្លាប់ជាច្រើនឆ្នាំមកនេះ។ សេចក្ដីអំពាវនាវធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងទិវាសេរីភាពសារព័ត៌មានពិភពលោកចាប់ផ្ដើម។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
ចាងហ្វាងកាសែតជំទាស់ឈ្មោះ ខ្មែរម្ចាស់ស្រុកដែលទើបត្រូវបានដោះលែងពីពន្ធនាគារ បានចេញផ្សាយកាសែតរបស់ខ្លួនឡើងវិញ នៅថ្ងៃសៅរ៍នេះ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរ និងអាជ្ញាធរមានសមត្ថកិច្ច តាមចាប់ឃាតករ ដែលបានបាញ់សម្លាប់អ្នកយកព័ត៌មានក្នុងរយៈ ពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោក ហង្ស ចក្រា អាយុ៥៦ឆ្នាំ ត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១ ឆ្នាំ កាលពីខែ មិថុនា ឆ្នាំ២០០៩ ក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត បន្ទាប់ពីកាសែតខ្មែរម្ចាស់ស្រុករបស់លោក បានចុះផ្សាយអត្ថបទដែលធ្វើឲ្យប៉ះពាល់ដល់លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្ដ្រីរបស់ប្រទេសកម្ពុជា។ លោក ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ គឺមួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំ។
កាសែតប្រចាំថ្ងៃរបស់លោកបានផ្អាកការផ្សាយរយៈពេលមួយខែ ដោយសារបញ្ហាថវិកា។
នៅក្នុងការចេញផ្សាយនៅថ្ងៃនេះ លោក ហង្ស ចក្រា បានទទូចឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតឲ្យបានម៉ត់ចត់ និងជាបន្ទាន់ដើម្បីតាមចាប់ខ្លួន និងផ្ដន្ទាទោសឃាតករ សម្លាប់អ្នកកាសែត ដែលបានរិះគន់រដ្ឋាភិបាលយ៉ាងតិចចំនួន៥នាក់ ដែលត្រូវបានបាញ់សម្លាប់ជាបន្ដបន្ទាប់ ចាប់តាំងពីខែ មិថុនា ឆ្នាំ១៩៩៤មកម្ល៉េះ។
លោក ហង្ស ចក្រា មានប្រសាសន៍ថា រហូតមកទល់ពេលនេះ រដ្ឋាភិបាល និងអាជ្ញាធរ មិនបានវែកមុខជនដៃដល់ទាំងនោះទេ ផ្ទុយទៅវិញលោកត្រូវបានចាប់កំហុស និងចាប់ដាក់គុកក្នុងការបំពេញវិជ្ជាជីវរបស់ខ្លួន។
“យើងមានកំហុស គ្រាន់តែសំដីបន្ដិចបន្តួច គេចាប់យើងដាក់ពន្ធនាគារ។ ស្រ្តីមេម៉ាយ និងកូនកំព្រា ដែលសុទ្ធតែជាកូនចៅរបស់អ្នកកាសែត ដែលត្រូវគេបាញ់សម្លាប់ តាមដងផ្លូវសាធារណៈនោះ មិន ដែលឃើញគេយកឃាតករទៅកាត់ទោស ផ្តន្ទាទោសដូចរូបខ្ញុំទេ"។
ការទាមទាររបស់លោក ហង្ស ចក្រា ធ្វើឡើង២ថ្ងៃប៉ុណ្ណោះ មុននឹងសកលលោក ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ត្រូវអង្គការឯករាជ្យមួយចំនួនរិះគន់យ៉ាងខ្លាំង។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ ដោយគ្មានអ្នកទទួល។
ដោយឡែក លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រដ្ឋាភិបាលនៅតែបន្ដធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងឃាតកម្មទាំងនោះនៅឡើយ ហើយករណីមួយចំនួនទទួលបានពន្លឺខ្លះហើយ ដូចជាករណីបាញ់សម្លាប់លោក ឃឹម សំបូរ អ្នកកាសែតមនៈសិកាខ្មែរ កាលពីខែកក្កដា ឆ្នាំ២០០៨ ជាដើម។ ប៉ុន្ដែលោក ខៀវ សុភ័គ បដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយនោះ។
“រដ្ឋមន្ដ្រីមហាផ្ទៃ លោកមិនទាន់បានស៊ីញ៉េបិទបញ្ជីថា បានបញ្ចប់ការស៊ើបអង្កេតទេ ដូច្នេះវានៅចំហនៅឡើយ"។
យោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា មានអ្នកកាសែតយ៉ាងតិចចំនួន១០នាក់ត្រូវបានបាញ់សម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤មក ហើយជនជាប់សង្ស័យនៃអំពើឃាតកម្មទាំងនេះ កំពុងស្ថិតក្នុងសេរីភាពនៅឡើយ៕