ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុ​កម្ម​នៅ​បាង​កក​បង្ហាញ​នូវ​ការ​បែក​បាក់​យ៉ាង​ជ្រៅ


អ្នក​ស្រី​ កង​ ស៊ីវន​ ប្រែ​សម្រួល​៖

ពួក​បាតុ​ករ​អាវ​ក្រហម​ដែល​បាន​កាន់​កាប់​ផ្នែក​ធំៗ​នៃ​ទីក្រុង​ បាងកក​ ភាគ​កណ្ដាល​ ច្រើន​តែ​មក​ពី​ទី​ជនបទ​ភាគ​ខាង​ជើង។​ ពួក​គេ​និយាយ​ថា ពួក​អ្នក​មាន​វណ្ណៈ​ខ្ពស់​ ​ពោល​គឺ​អ្នក​រាជា​និយម​ អ្នក​ក្រុង​មាន​ទ្រព្យ​មធ្យម​ ហើយ​និង​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​ បាន​ដក​ហូត​យក​ក្រុម​មេ​ដឹក​នាំ​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​និយម​កសិករ​ ហើយ​និង​អ្នក​ធ្វើ​ការ​ពល​កម្ម​ ឱ្យ​ចេញ​ពី​ដំណែង។

អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​បោះ​ឆ្នោត​ពីរ​លើក​ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី​ Thaksin​ Shinawatra ឡើង កាន់​តំណែង។​ លោក​ត្រូវ​បាន​រំលំ​ដោយ​កង​យោធា​នៅ​ឆ្នាំ​២០០៦​ ហើយ​ឥឡូវ​នេះ​រស់​នៅ​នីរទេស​ខ្លួន​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​បទ​ចោទ​ប្រកាន់​ពី​រឿង​ពុក​រលួយ ។

លោក ​Thaksin​ ជា​បុរស​ម្នាក់​ប្រកប​ដោយ​រឿង​ចម្រូង​ចម្រាស់​ ហើយ​ត្រូវ​បាន​គេរិះ​គន់​ ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ដោយ​មិន​មាន​ការ​ជំនុំ​ជម្រះ​កាត់​សេចក្តី​តាម​ច្បាប់​ អំពី​ការ​ប៉ុន​ប៉ង​មិន​បាន​ជោគ​ជ័យ​ដើម្បី​បញ្ចប់​អំពើ​ឧទ្ទាម​នៅ​ក្នុង​ភាគ​ខាង​ត្បូង​ ហើយ​និង​អំពីការ​កាត់​បន្ថយ​សេរី​ភាព​បណ្ដាញ​ផ្សាយ​ព័ត៌មាន។

ក៏​ប៉ុន្ដែ​ លោក​បាន​ទទួល​ការ​ស្រឡាញ់​គោរព​ពី​សំណាក់​ពល​រដ្ឋ​អ្នក​ក្រី​ក្រ​នៅ​ទីក្រុង​និង​នៅ​ទី​ជនបទ​ ដោយ​សារ​ប្រាក់​កម្ចី​យក​ការ​ប្រាក់​ថោក​ ហើយ​និង​កម្មវិធីថែ​ទាំ​សុខភាព​ដែល​រដ្ឋា​ភិបាល​ជួយ​ចេញ​ទូទាត់។

លោក​ Andrew ​Walker​ ជា​សាស្ដ្រា​ចារ្យ​ខាង​គោល​នយោ​បាយ​ នៅ​សាកល​វិទ្យា​ល័យ National​ University​ របស់​ប្រទេស​អូស្ត្រាលី ។​ លោក​និយាយ​ថា ​លោក​ Thaksin​ ឆ្លៀត​ឱកាស​យក​ការ​ផ្លាស់​ប្ដូរ​ ដែល​កើត​មាន​រួច​មក​ហើយ​នៅ​តាម​ទី​ជនបទ។

“ដោយ​លោក​ជា​បុរស​ចម្រូង​ចម្រាស់​ម្នាក់​នោះ​ យើង​ត្រូវ​តែ​ចាត់​ទុក​លោក​ថា ​កំពុង​តែ​គិត​ពិចារណា​អំពី​ការ​ផ្លាស់​ប្ដូរ​រយ:​ពេល​យូរ​នៅ​ក្នុង​សង្គម​ថៃ ។​ លោក​យល់​ដឹង​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​ របស់​មនុស្ស​នៅ​ទី​ជនបទ​ ដែល​ចង់​ឲ្យ​បាន​ចូល​រួម​ចំណែក​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ និង​នយោ​បាយ។​ គោល​នយោ​បាយ​របស់​លោក​ឈ្មោះ​ ‘ប្រជា​ជន​និយម’​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​នេះ​ឯង។​ នយោ​បាយ​នេះ​ជា​ការ​គម្រាម​ដល់​អ្នក​មាន​ធន​ធាន​មធ្យម​និង​ថ្នាក់​ខ្ពស់ ​ជា​ប្រពៃណី​ នៅ​ទីក្រុង​ បាងកក។

មួយ​ឆ្នាំ​ក្រោយ​ពី​រដ្ឋ​ប្រហារ​នោះ​មក ​ក្រុម​អ្នក​គាំទ្រ​លោក ​Thaksin​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ក៏​ប៉ុន្ដែ​រឿង​នេះ​បណ្ដាល​ឲ្យ​មាន​បាតុ​កម្ម​របស់​ក្រុម​អាវ​លឿង​ រាប់​ខែ ​ដែល​ប្រឆាំង​នឹង​លោក។​ នៅ​ទី​បញ្ចប់​ សេចក្ដី​សម្រេច​របស់​តុលាការ​អំពី​ការ​រំលោភ​លើ​ច្បាប់​បោះ​ឆ្នោត​ ដែល​លំអៀង​ផ្នែក​នយោ​បាយ ​បាន​ដក​ហូត​សម្ព័ន្ធ​មិត្រ​របស់​លោក​ចេញ​ពី​តំណែង ។

លោក​ Thongchai​ Winichakul​ ​ជា​សាស្ដ្រា​ចារ្យ​ ប្រវត្ដិ​សាស្ដ្រ​ នៅ​សាកល​វិទ្យាល័យ​ Wisconsin។​ លោក​និយាយ​ថា នៅ​ពេល​ដែល​លោក​ Thaksin​ ប្រកួត​ប្រជែងនឹង​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់​ ដោយ​សារ​ប្រជា​ប្រិយ​ភាព​របស់​លោក​ គឺ​ក្រុម​អាវ​លឿង​និង​ពួក​អ្នក​គាំទ្រ​របស់​ក្រុម​នេះ ​ហើយ​ដែល​ជំរុញ​ឲ្យ​ក្រុម​អាវ​ក្រហម​ចេញ​ធ្វើ​បាតុ​កម្ម​នោះ។

“ខ្ញុំ​មិន​គាំទ្រលោក​ Thaksin​ ទេ។​ ខ្ញុំ​រិះ​គន់​លោក។​ ឥឡូវ​ ខ្ញុំ​និយាយ​ថា​ លោក​បាន​រំលោភ​សិទ្ធិ​មនស្ស។​ គោល​នយោ​បាយ​របស់​លោក​ភាគ​ខាង​ត្បូង​មិន​ល្អ​ទេ ។​ សង្រ្គាម​របស់​លោក​ប្រឆាំង​គ្រឿង​ញៀន​ជា​សង្រ្គាម​ដ៏​អាក្រក់​បំផុត។​ តែ​ខ្ញុំ​មិន​អាច​និយាយ​ថា​ លោក​មិនមែន​ជា​អ្នក​ប្រជា​ធិបតេយ្យ​បាន​ទេ ។​ ខ្ញុំ​មិន​អាច​និយាយ​ថា​ លោក​ជា​អ្នក​បំបែក​សង្គម​នេះ​បានទេ។​ ​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់​តាម​ប្រពៃណី​ ដែល​បដិសេធ​ការ​ផ្លាស់​ប្តូរ​ បាន​បដិសេធ​សំឡេង​របស់​ប្រជា​រាស្រ្ត​ ដែល​ប្រើ​មធ្យោ​បាយ​មិន​ស្រប​ប្រជា​ធិបតេយ្យ​ ដូច​ជា​រដ្ឋ​ប្រហារ​ និង​ការ​សម្រេច​របស់​តុលាការ​គួរ​ឱ្យ​សង្ស័យ​ដើម្បី​បដិសេធ​សំឡេង​របស់​ប្រជារាស្រ្ត​ ។​ អ្នក​ទាំង​នោះ​ គឺ​ជា​អ្នក​បង្កើត​ការ​បែក​ខ្ញែក​គ្នា។

ការ​បាក់​បែក​គ្នា​ នៅ​មិន​ទាន់​សះ​ទេ។ ​ក្នុង​រយ:​ពេល​ពីរ​អាទិត្យ​កន្លង​ទៅ​នេះ​ បាតុករ​គាំទ្រ​រដ្ឋា​ភិបាល​រាប់​ពាន់​នាក់ ​បាន​អំពាវ​នាវ​សុំ​ឲ្យ​បញ្ចប់​ការ​តវ៉ា​របស់​ក្រុម​អាវ​ក្រហម​ ហើយ​ក្រុម​អាវ​លឿង​គម្រាម​ថា​ នឹង​ចូល​ក្នុង​ឆាក​នេះ​ដែរ​ បើ​រដ្ឋា​ភិបាល​ខក​ខាន​មិន​បាន​បញ្ចប់​ការ​តវ៉ា​របស់​ក្រុម​អាវ​ក្រហម​ នៅ​ដំណាច់​អាទិត្យ​នេះ​ទេ ។​ មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ច្រើន​ឡើង​ ដែល​ថា ​ការ​តវ៉ា​ នឹង​ចប់​ទៅ​ ដោយ​មាន​អំពើ​ហិង្សា។​ ក្រុម​អាវ​ក្រហម​ ហើយ​និង​កង​កម្លាំង​សន្ដិ​សុខ​ បាន​ពើប​ប្រយុទ្ធ​គ្នា​រួច​ស្រេច​ទៅ​ហើយ​ នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា​ ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​ថ្នល់ ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ២៤​នាក់​ស្លាប់​ និង​រាប់​រយនាក់​របួស ។

យុទ្ធ​ជន​ប្រដាប់​អាវុធ​ រាប់​រយ​នាក់​ ឥឡូវ​នេះ​នៅ​យាម​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទី​ក្រុង​បាងកក​ ហើយ​ក្រុម​មេ​បញ្ជា​ការ​ប្ដេជ្ញា​ចិត្ដ​បញ្ឈប់​ការ​តវ៉ា​របស់​ក្រុម​អាវ​ក្រហម​ណាៗ​ទាំង​អស់ ​នៅ​ក្នុង​តំបន់​នេះ​ ដោយ​ប្រើ​កាំភ្លើង​ បើ​ចាំ​បាច់។​ រដ្ឋា​ភិបាល​បាន​ព្រមាន​សាធារណ​ជន​ឲ្យ​ជៀស​ឆ្ងាយ​ពី​ក្រុម​បាតុករ។

នៅ​ពេល​ដែល​ការ​តាន​តឹង​កើន​ឡើង​ សំឡេង​សំដែង​នូវ​សេចក្ដី​ព្រួយ​បារម្ភ​ក៏​កើន​ឡើង​ដែរ​អំពី​លទ្ធ​ភាព​នៃ​ការ​ពើប​ប្រយុទ្ធ​គ្នា​មួយ​ទៀត​ អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក។

ក្រុម​អ្នក​វិភាគ​នយោ​បាយ​និយាយ​ថា ​លោក ​Thaksin ​ដែល​ខ្លួន​លោក​ជា​អតីត​ភ្នាក់​ងារ​ ប៉ូលិស​ម្នាក់​នោះ​ មាន​ឥទ្ធិពល​ទៅ​លើ​កង​កម្លាំង​ប៉ូលិស​ភាគ​ច្រើន​នៃ​ប្រទេស​ថៃ។​ ក្នុង​ឋាន:​លោក​ជា​នាយក​រដ្ឋ​មន្ដ្រី​ លោក​ដាក់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឲ្យ​កាន់​តំណែង​ថ្នាក់​ខ្ពស់។​ រដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ​ដាក់​ទុក​មេ​បញ្ជា​ការ​ទាំង​នោះ​ជា​ច្រើន​នាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

ការ​បែក​បាក់​គ្នា​នៅ​ក្នុង​កង​កម្លាំង​សន្ដិ​សុខ ​គេ​អាច​មើល​ឃើញ​មាននៅ​ក្នុង​ការ​លួច​បង្ហើប​ព័ត៌មាន​ ជាក់​ស្ដែង​ទៅ​ដល់​ក្រុម​តវ៉ា​អំពី​ផែន​ការ​របស់​រដ្ឋា​ភិបាល ។​ កាសែត​នានា​ ចុះ​ផ្សាយ​អំពី«យុទ្ធ​ជន​ឳឡឹក»​ដែល​ស្លៀក​ពាក់​ឯក​សណ្ឋាន​កង​ទ័ព​ជើង​គោក​ពណ៌​បៃតង​ ក៏​ប៉ុន្ដែ​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ជា​ក្រុម​គាំទ្រ​ក្រុម​អាវ​ក្រហម​ ហើយ​និង​អំពី​«យុទ្ធជន​ត្រសក់​ស្រូវ» ​ជា​ក្រុម​ដែល​និយម​ពួក​អាវ​លឿង។

លោក ​Pavin ​Chachawongpongpan ​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​វិជ្ជា​ស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ នៃ​ប្រទេស​សិង្ហ​បូរី។

កង​យោធា​មួយ​ភាគ​ធំ ​ដែល​មាន​ខ្លះ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​បាន​ចោល​ជួរ​ ទៅ​ចូល​ខាង​លោក​ថាក់​ស៊ីន​រួច​ទៅ​ហើយ។​ ហេតុ​អ្វី​បាន​គេ​រត់​ចោល​ជួរ?​ ពីព្រោះ​ លោក​អ្នក​ដឹង​ទេ​ ខ្ញុំ​គិត​ថា ​អ្នក​ទាំង​នេះ​ អាច​មើល​ឃើញ​ថា​ ជា​ការ​ប្រសើរ​ជាង ​បើ​សិន​ជា​ពួក​គេ​បង្កើត ​ឬ​ស្ថាបនា​សម្ព័ន្ធ​ភាព​ណា​ម្យ៉ាង​ ជា​មួយ​ពួក​អាវ​ក្រហម​ ក្នុង​ពេល​ឥឡូវ​នេះ។​ ហេតុ​ដូច្នេះ​ នៅ​ពេល​ណា​ដែល​ពួក​អាវ​ក្រហម​ឡើង​កាន់​អំណាច​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ នៅ​ពេល​នោះ​ លោក​អ្នក​ដឹង​ទេ​ ពួក​គេ​នឹង​បាន​ទទួល​ផល​ចំណេញ។

រដ្ឋា​ភិបាល​ ស្នើ​យោ​បល់​ឲ្យ​ធ្វើ​ការ​បោះ​ឆ្នោត​ក្នុង​រយ:​ពេល​៩ខែ​ ហើយ​ឲ្យ​ដឹង​ថា​ ខ្លួន​រៀប​ចំ​ខ្លួន​ធ្វើ​ការ​ចរចា​គ្នា។​ ក្រុម​មេ​ដឹក​នាំ​ពួក​តវ៉ា​ និយាយ​ថា ​ពួក​គេ​លែង​ចាប់​អារម្មណ៍​ចង់​ចរចា​ទៀត​ហើយ​ ហើយ​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ចុះ​ពី​តំណែង​ជា​បន្ទាន់​ភ្លាម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ជន​ជាតិថៃ​ និង​អ្នក​វិភាគ​នយោ​បាយ​ជា​ច្រើន​នាក់​ ភ័យ​ខ្លាច​ថា ​ ការ​បោះ​ឆ្នោត​នឹង​មិន​ធ្វើ​ឲ្យ​ការ​បែក​បាក់​គ្នា​នេះ​ បាន​សះ​ឡើង​វិញ​ទេ។​មាន​មនុស្ស​ជា​ច្រើន​នាក់​រំពឹង​ថា​ សម្ព័ន្ធ​មិត្ដ​របស់​លោក​ថាក់​ស៊ិន​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​អាវ​លឿង​ ធ្វើ​ការ​តវ៉ា​មួយ​លើក​ទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG