ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​អភិរក្ស​ដំរី​ព្រៃ​បង្កើត​វិធី​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​ព្រៃ


ខ្ទម​កសិករ​ខ្មែរតាមចម្ការ​ពោត​​នៅ​ជើង​ភ្នំ។
ខ្ទម​កសិករ​ខ្មែរតាមចម្ការ​ពោត​​នៅ​ជើង​ភ្នំ។

នៅ​ពេល​ដែល​លោក​ ទុយ​ សេរី​វឌ្ឍនា​ ចាប់​ផ្តើម​ធ្វើ​ការ​ងារ​នៅ​អង្គ​ការ​អភិ​រក្ស​សត្វ​ព្រៃ​និង​រុក្ខ​ជាតិអន្តរ​ជាតិ​ហៅ​កាត់​ថា​ FFI​ នៅ​ឆ្នាំ​២០០៣​ បញ្ហា​ដែល​លោក​មើល​ឃើញ​ដំបូង​គេ​នោះ​គឺ​សត្វ​ដំរី​ព្រៃដែល​ភាគ​ច្រើន​រស់​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​និង​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ភាគ​ឦសាន្ត​ កំពុង​រង​ការ​គម្រាម​កំហែង។

រង​ការ​គម្រាម​កំហែង​គឺ​ដោយ​សារ​ដំរី​ព្រៃ​ទាំង​នោះ​ចេះ​តែ​ចុះ​មក​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​របស់​អ្នក​ភូមិ​នៅ​តាម​តំបន់​ជើង​ភ្នំ​ ហើយ​ក្រុម​អ្នក​ភូមិ​ដែល​ខឹង​សម្បារ​នឹង​សត្វ​ដំរី​ទាំង​នោះ​បាន​រក​មធ្យោ​បាយ​ធ្វើ​បាប​ឬ​សម្លាប់​ពួក​វា​តាម​រយៈ​ការ​ដាក់​អន្ទាក់​ឬ​បាញ់ប្រហារ​ជា​ដើម​ ដើម្បី​ការ​ពារ​ផល​ដំណាំ​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។

ជួន​កាល ​ដំរី​ព្រៃ​ខ្លះ​ក៏​បាន​តប​ត​នឹង​មនុស្ស​វិញ​ដោយ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ខ្លះ​រង​របួស​ឬ​ស្លាប់​បាត់​បង់​ជីវិត​ផង​ ប្រៀប​ដូច​ជា​មនុស្ស​និង​សត្វ​ឈ្លោះ​គ្នា​ដូច្នោះ​ដែរ។

ដើម្បី​ជួយ​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរី​ព្រៃ​នេះ​ លោក​ទុយ​ សេរី​វឌ្ឍនា​ ដែល​បច្ចុប្បន្ន​ជា​ ប្រធាន​កម្ម​វិធី​អភិ​រក្ស​ដំរី​កម្ពុជា​នៃ​អង្គការ​FFIបាន​បង្កើត​វិធី​សាស្រ្ត​សាមញ្ញៗ​មួយ​ចំនួន​សម្រាប់​ការ​ពារ​ផល​ដំណាំ​របស់​ប្រជា​កសិករ​ផងនិង​ដើម្បី​ការ​ពារ​សត្វ​ដំរី​ព្រៃ​អាស៊ី​ដែល​កំពុង​រង​ការ​គម្រាម​កំហែង​ទាំង​នេះ​ផង។

«យើង​មាន​ពិសោធន៍​ទៅ​លើ​ យើង​ហៅ​ថា​ Chilly​ robe​ (ខ្សែម្ទេស)​ហ្នឹង គឺ​ម្ទេស​លាយ​ជា​មួយ​ប្រេង​ម៉ាស៊ីន​ឬ​ខ្លាញ់​គោ​។ យើង​យក​ទៅ​លាប​លើ​ខ្សែ​ឬ​របង​ដែល​ដំរី​ឆ្លង​កាត់​ហ្នឹង​ ក្លិន​ដែល​ចេញ​ពី​ម្ទេស​ហ្នឹង​គឺ​ធ្វើ​ឱ្យ​ដំរី​គិត​សញ្ជឹង​ថា​ មាន​បញ្ហា​អី​នៅ​កន្លែង​ហ្នឹង​បាន​ជា​គេ​លាប​អាហ្នឹង​ ហើយ​វិល​ត្រឡប់​ចូល​ព្រៃ​វិញ។​ ហើយ​ យើង​មាន​វិធី​សាស្រ្ត​ជា​ច្រើន​ទៀត​ដូច​ជា​យើង​យក​អង្រឹង​ទៅ​ចង​នៅ​ជុំវិញ​ចម្ការ​ហើយ​យើង​ដាក់​ទឹក​អប់​ដើម្បី​បញ្ជោត​ដំរី​ថា ​មាន​មនុស្ស​ដេក​នៅ​ក្នុង​នេះ​ ហើយ​មាន​វិធី​សាស្រ្ត​ផ្សេង​ទៀត​ដូច​ជា​យើង​បង្កើត​ជា​សំឡេង​លាន់​ឮ​ខ្លាំង​ក្នុង​ការ​បង្អើល​សត្វ​ដំរី​ ដូច​ជា​ដុត​ថ្ម​ស្អុយ​ឬ​ដុត​កាំជ្រួច​តូចៗ​ហ្នឹង​ ពេល​ដែល​ដំរី​ចូល​មក​ជិត​ហ្នឹង»។

តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក​ វឌ្ឍនា​ ការ​កាប់​ឆ្ការ​ព្រៃ​រាន​យក​ដី​ធ្វើ​ស្រែ​ចម្ការ​ពី​សំណាក់​អ្នក​ភូមិ​ និង​ការ​អភិវឌ្ឍ​ទំបន់​វារី​អគ្គិសនី​និង​តំបន់​កសិឧស្សាហ​កម្ម​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​នីរតី​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​ដែន​ជម្រក​សត្វ​ដំរី​ព្រៃ​កាន់​តែ​រួម​តូច​ទៅៗ។​ ដូច្នេះ​ សត្វ​ដំរី​ព្រៃ​ទាំង​នេះ​តែង​ចេញ​មក​ស្វែង​រក​ចំណី​អាហារ​របស់​វា​ដូច​ជា​ចេក​ អំពៅ ​ពោត​និង​ស្រូវ​ជា​ដើម​ដែល​អ្នក​ភូមិ​បាន​ដាំ​នៅ​តាម​ស្រែ​ចម្ការ​របស់​ពួក​គេ។

ចាប់​ពី​ឆ្នាំ​២០០៣​មក​សត្វ​ដំរី​ព្រៃ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​សេស​សល់​ពី​៤០០​ទៅ​៥០០​ក្បាល​ក្នុង​ប្រទេស​កម្ពុជា​នេះ​ បាន​បំផ្លាញ​ផល​ដំណាំ​អស់ជា​ច្រើន​និង​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ​រាប់​រយ​ខ្នង​ ហើយ​និង​បាន​ធ្វើ​ឱ្យ​ស្លាប់​និង​របួស​អ្នក​ភូមិ​យ៉ាង​តិច​៧​ករណី​នៅ​ក្នុង​តំបន់​ព្រៃ​នៃ​ខេត្ត​កោះកុង​ ខេត្ត​ព្រះ​សីហនុ ​កំពង់​ស្ពឺ​ ពោធិសាត់​និង​ខេត្ត​មណ្ឌល​គីរី​ជា​ដើម។

ហើយ​គេ​ជឿ​ថា ដំរី​ព្រៃ​រាប់​រយ​ក្បាល​ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រយៈ​ពេល​បី​ទស​វត្ស​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​កំហឹង​របស់​អ្នក​ភូមិ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ពី​សំណាក់​ដំរី​ព្រៃ​ទាំង​នោះ​ នេះ​បើ​យោង​តាម​លោក​ទុយ​ សេរី​វឌ្ឍនា។

ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​រវាង​មនុស្ស​និង​សត្វ​ដំរី​នេះ​ លោក​ទុយ​ សេរី​វឌ្ឍនា​ក៏​បាន​ណែ​នាំ​វិធី​សាស្រ្ត​មួយ​ចំនួន​ទៀត​ដល់​ប្រជា​កសិករ​បន្ថែម​ពី​លើ​វិធី​សាស្រ្ត​ខាង​លើ​ ដូច​ជា​រាយ​ខ្សែ​អគ្គិ​សនី​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សត្វ​ដំរី​ ព័ទ្ធ​ជុំវិញ​ចម្ការ​ដំណាំ​របស់​កសិករ​ ដើម្បី​ការ​ពារ​កុំ​ឱ្យ​ដំរី​ចូល​ ហើយ​បង្កើត​ក្រុម​យាម​នៅ​ពេល​យប់​ដើម្បី​ការ​ពារ​ចម្ការ​របស់​ពួក​គេ​ពី​ការ​ចូល​បំផ្លិច​បំផ្លាញ​ដោយ​សត្វ​ដំរី​ព្រៃ​ទាំង​នោះ។

វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មនុស្ស​និង​សត្វ​ដំរី​ព្រៃ​នេះ​គឺ​ជា​វិធី​សំយោគ​នៃ​វិធី​ដែល​មនុស្ស​ជំនាន់​មុន​បាន​ប្រើ​ដូច​ជា​ការ​ដុត​អាច​ដ៏​ដំរី​លាយ​ជា​មួយ​ម្ចេស​នៅ​តាម​ព្រំ​ប្រទល់​ចម្ការ​ឬ​នៅ​តាម​ផ្លូវ​ដែល​សត្វ​ដំរី​តែង​ចេញ​ចូល​ ដើម្បី​ឱ្យ​មាន​ផ្សែង​ឈ្លក់​ពួក​វា​ជា​ដើម។

ប៉ុន្តែ​ ជា​យុទ្ធ​សាស្រ្ត​ លោក​វឌ្ឍនា​បាន​ណែនាំ​ថា​ គេ​មិន​ត្រូវ​ប្រើ​វិធី​ទាំង​នេះ​ដដែល​នោះ​ទេ។

«យើង​ត្រូវ​តែ​មាន​វិធី​សាស្រ្ត​ច្រើន​បូក​បញ្ជូល​គ្នា​ ហើយ​យើង​ត្រូវ​តែ​ឆ្លាស់​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ហ្នឹង​ ដូច​ថា ក្នុង​មួយ​អាទិត្យ​ យើង​ប្រើ​ប្រាស់​វិធី​សាស្រ្ត​នេះ​ ហើយ​អាទិត្យ​ក្រោយ​យើង​ប្រើ​ប្រាស់​វិធី​សាស្រ្ត​នោះ​ដើម្បី​បង្វែង​ដាន​សត្វ​ដំរី​កុំ​ឱ្យ​ដំរី​វា​ដឹង​ទាន់»។

ដោយ​មើល​ឃើញ​ថា​ ជម្លោះ​រវាង​ដំរី​ព្រៃ​និង​ប្រជា​ជន​កើត​ឡើង​ជា​ពិសេស​ដោយ​សារ​ដំណាំ​ដែល​ប្រជា​កសិករ​បាន​ជ្រើស​រើស​នោះ​ លោក​ វឌ្ឍនា​បាន​ណែនាំ​វិធី​សាស្រ្ត​មួយ​ទៀត​ដែល​ជា​ជម្រើស​គឺ​ការ​ប្តូរ​មុខដំណាំ​ទៅ​រក​ប្រភេទ​ដំណាំ​ណា​ដែល​សត្វ​ដំរី​មិន​ចូល​ចិត្ត​វិញ ដូច​ជា​ត្រសក់​ ត្រាវ ​ឬ​ម្ទេស​ជា​ដើម។

«ដំបូង​មាន​ការ​ពិបាក​ដែរ​ ដូច​ថា ​មាន​ការ​ថ្លឹង​ថ្លែង​ពី​ប្រជា​ជន ​ព្រោះ​អី​គាត់​ថា​ គាត់​ធ្លាប់​ដាំ​ចេក​ ដាំ​អំពៅ ​ដំណាំ​ដែល​គាត់​ធ្លាប់​ដាំ​ពី​មុន​មក​ហ្នឹង​ គាត់​ដឹង​ពី​របៀប​ដាំ​ដុះ​ហ្នឹង​ ហើយ​ងាយ​ស្រួល​ក្នុង​ការ​រក​ទី​ផ្សារ​ទៀត​ ប៉ុន្តែ​ចំពោះ​ដំណាំ​ថ្មី​ដែល​យើង​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ធ្វើ​ហ្នឹង​ គាត់​មាន​ការ​ស្ទាក់​ស្ទើរ​ចំពោះ​ទី​ផ្សារ​ ហើយ​ថា ​តើ​វា​បាន​ផល​ដែរ ​ឬ​អត់​ ហើយ​ថា ​តើ​ដំរី​វា​នឹង​មក​បំផ្លាញ​ត​ទៅ​ទៀត​ទេ​ បើ​គាត់​ផ្លាស់​ប្តូរ​មុខ​ដំណាំ​ហ្នឹង។​ ជា​លទ្ធ​ផល​ គាត់​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​គាត់​ទទួល​បាន​ប្រាក់​កម្រ​ៃនិង​ផល​ដំណាំ​គួរ​ជា​ទី​ពេញ​ចិត្ត​ដែរ»។

វិធី​ដ៏​ងាយៗ​ខាង​លើ​ត្រូវ​បាន​យក​មក​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ​ ហើយ​រាប់​ចាប់​ពី​ពេល​នោះ​ ពុំ​មាន​របាយ​ការណ៍​អំពី​ការ​សម្លាប់​សត្វ​ដំរី​ដោយ​សារ​ការ​បំផ្លាញ​ដំណាំ​ត​ទៅ​ទៀត​ឡើយ។

នៅ​ឆ្នាំ​២០០៨ ​លោក​ទុយ​ សេរី​វឌ្ឍនា​ក៏​បាន​ផ្តួច​ផ្តើម​ឱ្យ​បង្កើត​សាលា​រៀន​បួន​កន្លែង​នៅ​តាម​បណ្តា​សហ​គមន៍​ដាច់​ស្រយាល​ដើម្បី​បញ្ជ្រាប​សារ​អំពី​សារៈ​សំខាន់​នៃ​ការ​ការ​ពារ​និង​អភិ​រក្ស​សត្វ​ដំរី​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ពេល​នោះ​លោក​ក៏​ត្រូវ​បាន​អ្នក​ភូមិ​ឱ្យ​ងារ​ថា ​ជា​វីរ​បុរស​ដំរី​ឬ "ពូដំរី” ​ហើយ​ ឈ្មោះ​របស់​លោក​ក៏​ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខ​ជន​សម្រាប់​ការ​ប្រកួត​ប្រជែង​ដណ្តើម​ជ័យ​លាភី​រង្វាន់​ការ​ពារ​បរិស្ថាន​ពិភព​លោក​មួយ។

ទី​បំផុត​ ការ​ចួល​រួម​របស់​លោក​ទុយ​ សេរី​វឌ្ឍនា​នៅ​ក្នុង​ការ​អភិ​រក្ស​សត្វ​ដំរី​អាស៊ី​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ជ័យ​លាភី​រង្វាន់​ផ្នែក​បរិស្ថាន​ឆ្នាំ​២០១០​ ប្រចាំ​ទ្វីប​អាស៊ី​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​អាមេរិក​ពី​អង្គការ​ការ​ពារ​បរិស្ថាន​អន្តរ​ជាតិ​ Goldman ​Environmental​ Prize​នៅ​សហ​រដ្ឋ​អាមេរិក។ ​លោក​វឌ្ឍនា​នឹង​ទទួល​រង្វាន់​នៅ​ថ្ងៃ​ទី​១៩​ ខែ​មេសា​នេះ​ នៅ​ទី​ក្រុង​ San ​Francisco​ ហើយ​ លោក​ក៏​នឹង​ត្រូវ​គេ​ទទួល​ជា​កិត្តិ​យស​នៅ​ក្នុង​ពិធី​មួយ​ផ្សេង​ទៀត​នៅ​ឯ​សារ​មន្ទីរ​ជាតិ​នៃ​ប្រវត្តិ​សាស្រ្ត​ធម្ម​ជាតិ (Smithsonian's ​National​ Museum​ of​ Natural​ History)​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​២១​ ខែ​មេសា​នេះ​ផង​ដែរ។

រង្វាន់​ជ័យ​លាភី​ដែល​លោក​ទុយ​សេរី​វឌ្ឍនា​ទទួល​បាន​នេះ​គឺ​ដោយ​សារ​លោក​មិន​មែន​ត្រឹម​តែ​អភិ​រក្ស​ដំរី​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​អភិ​រក្ស​ដំរី​ដែល​រង​ការ​គម្រាម​កំហែង​នៅ​អាស៊ី​តែ​ម្តង។

លោក​ ទុយ ​សេរី​វឌ្ឍនា​ បច្ចុប្បន្ន​មាន​អាយុ​៤០​ឆ្នាំ។​ មាន​ដើម​កំណើត​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ លោក​ទុយ ​សេរី​វឌ្ឍនា​ដែល​ជា​ឪពុក​នៃ​កូន​២​នាក់​នោះ​ ចូល​ចិត្ត​សត្វ​ដំរី​ តាំង​ពី​វ័យ​ក្មេង​មក។​ លោក​បាន​សិក្សា​អំពី​ជីវ​សាស្រ្ត​របស់​សត្វ​ដំរី​និង​ទទួល​ការ​បណ្តុះ​បណ្តាល​អំពី​វិធី​សាស្រ្ត​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​កិនយ៉ា ​វៀតណាម​ ឥណ្ឌូ​នេស៊ី​និង​ចិន​ជា​ដើម។

លោក​វឌ្ឍនា​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ ផ្នែក​រុក្ខា​ប្រមាញ់​ នៅ​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​១៩៩៥។​ ក្នុង​ឆ្នាំ​១៩៩៦​លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​នាយក​ដ្ឋាន​រុក្ខា​ប្រមាញ់​នៃ​ក្រសួង​កសិកម្ម​កម្ពុជា​ ហើយ​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​បរិស្ថាន​វិញ​នៅ​ឆ្នាំ​២០០២​ មុន​ពេល​ដែល​ចូល​រួម​នៅ​ក្នុង​ក្រុម​អភិ​រក្ស​ដំរី​កម្ពុជា​ជា​មួយ​អង្គការ​FFI​ នៅ​ឆ្នាំ​២០០៣។

វិធី​សាស្រ្ត​ដ៏​សាមញ្ញ​ចំណាយ​ប្រាក់​តិច​ តែ​មាន​ប្រសិទ្ធិ​ភាព​របស់​លោក​ សេរី​វឌ្ឍនា​ក្នុង​ការ​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​នេះ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​សហ​គមន៍​ជិត​ខាង​និង​ត្រូវ​បាន​ពិចារណា​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរី​ ដូច​ជា​នៅ​ប្រទេស​វៀតណាម​និង​ឥណ្ឌូនេស៊ី​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG