ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទពិសោធន៍​ជនភៀស​ខ្លួន​ខ្មែរ​នៅ​​អាមេរិក​ទសវត្សរ៍​៨០​និង​៩០

បទពិសោធន៍​ជនភៀស​ខ្លួន​ខ្មែរ​នៅ​​អាមេរិក​ទសវត្សរ៍​៨០​និង​៩០

យុវជនខ្មែរមួយក្រុមជុំគ្នានៅក្រោយអគារមួយ ខណៈស្ត្រីម្នាក់និងកុមារម្នាក់កំពុងអង្គុយកាត់ក្រណាត់ក្រមា នៅអគារគេហដ្ឋានក្នុងតំបន់ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
យុវជនខ្មែរមួយក្រុមជុំគ្នានៅក្រោយអគារមួយ ខណៈស្ត្រីម្នាក់និងកុមារម្នាក់កំពុងអង្គុយកាត់ក្រណាត់ក្រមា នៅអគារគេហដ្ឋានក្នុងតំបន់ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

​រូប​ថត​ជនភៀស​ខ្លួន​ខ្មែរ​នៅ​ក្រុង Chicago​ «ធ្វើ​ឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​មាន​ន័យ»


ដោយ ទែន សុខស្រីនិត

បទ​ពិសោធន៍​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្នុង​ការ​កសាង​ជីវិត​ថ្មី​និង​សម្រប​ខ្លួន​តាម​របៀប​របប​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ក្នុង​ចន្លោះ​ទសវត្សរ៍​ ១៩៨០ ​និង​ ១៩៩០ ​មិន​ត្រូវបាន​ចងក្រង​និង​ពណ៌នា​ឲ្យ​បាន​ស៊ីជម្រៅ​នៅ​ឡើយ​ទេ ​ជាពិសេស​បទ​ពិសោធន៍​របស់​ក្រុម​ប្រជាជន​ខ្មែរ​វ័យ​ក្មេង។

​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង​Glenwood» ​ឬ (Krousar: On the Corners of Argyle and Glenwood) ត្រូវបាន​រៀបរៀង​ឡើងដោយលោក Stuart Isett អ្នកថតរូបអាជីពជនជាតិអាមេរិកាំង លោក ស៊ីឡុង ឈុន (Silong Chhun) សិល្បៈករនិងសកម្មជនគាំពារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Tacoma រដ្ឋ Washington និងលោក ភីតធឺ ពិន (Peter Pin) អ្នកថតរូបអាជីពខ្មែរអាមេរិកាំង នៅទីក្រុងញូវយ៉ក កាលពីដើមឆ្នាំ ២០២១ នេះ​ ដោយ​អម​ជា​មួយ​រូបថត​ដ៏​កម្រងរបស់​គ្រួសារ​ខ្មែរ​មួួយ​ចំនួន​នៅ​តំបន់ ​Argyle និង​ Glenwood ​ក្នុង​ទីក្រុង​ Chicago​ ​រដ្ឋ​ Illinois។

សម្រាប់​ជនភៀស​ខ្លួន​ខ្លះ​សៀវភៅ​រូបថត​នេះ​ជួយ​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​បទ​ពិសោធន៍​របស់​ជនភៀស​ខ្លួន​ខ្មែរ​ដទៃ​ទៀត​ដែល​ពួកគេ​មិន​បាន​ដឹង​ពី​មុន។​រីឯជន​ភៀស​ខ្លួន​ខ្លះ​ទៀត​សៀវភៅ​រូបថត​នេះ​ធ្វើ​ឲ្យ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មាន​ន័យ។​

សៀវភៅ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង​ Glenwood» ​ត្រូវបាន​រៀបរៀង​ឡើង​ដោយ​អម​ជា​មួយ​រូបថត​ដ៏​កម្រងរបស់​គ្រួសារ​ខ្មែរ​មួួយ​ចំនួន​នៅ​តំបន់​ Argyle និង ​Glenwood ​ក្នុង​ទីក្រុង​ Chicago​ ​រដ្ឋ​ Illinois។
សៀវភៅ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង​ Glenwood» ​ត្រូវបាន​រៀបរៀង​ឡើង​ដោយ​អម​ជា​មួយ​រូបថត​ដ៏​កម្រងរបស់​គ្រួសារ​ខ្មែរ​មួួយ​ចំនួន​នៅ​តំបន់​ Argyle និង ​Glenwood ​ក្នុង​ទីក្រុង​ Chicago​ ​រដ្ឋ​ Illinois។

សៀវភៅដែល​មាន​ចំណង​ជើង​ថា​«គ្រួសារ៖ On the Corners of Argyle and Glenwood»​ នេះ​ឬ​ជា​ភាសាខ្មែរ​ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង ​Glenwood» មាន​រូបថត​សខ្មៅ​ជិត​ ២០ ​សន្លឹក។​

រូប​ថត​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​យុវជន​ខ្មែរស្លៀក​ពាក់​បែប​ Hip Hop​ ជួប​ជុំ​គ្នា​ជា​ក្រុម។ រូប​ខ្លះ​ទៀត​បង្ហាញ​ស្ត្រី​ជា​ម្តាយ​អង្គុយ​លើ​កន្ទេល​នៅ​លើ​វាលស្មៅ​មុខ​អគារ​លំនៅដ្ឋានជាមួយ​កូន​តូចៗ។​រូប​ខ្លះ​ទៀត​បង្ហាញ​ស្ត្រី​ចាស់ៗ​កោស​ខ្យល់​ឲ្យ​កូន​ចៅ​ហើយក៏​មាន​រូប​ថត​នៃ​ពិធី​មង្គលការ​បែប​ប្រពៃណី​ខ្មែរ​ក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត​ផងដែរ។​

រូបថត​ទាំង​អស់​នេះ​លាត​ត្រដាង​ពី​ជ្រុង​មួយ​នៃជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ខ្មែរ​មួយ​ចំនួន​ដែល​ទើប​តែ​មក​រស់​នៅ​ក្នុង​តំបន់​ Argyle ​និង​ Glenwood ​ក្នុង​ទីក្រុង Chicago​ រដ្ឋ Illinois នា​ដើម​ទសវត្សរ៍​១៩៩០។

ស្ត្រីខ្មែរជាម្តាយ អង្គុយលើកន្ទេលជាមួយកូនតូចៗ នៅមុខអគារផ្ទះជួលនៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
ស្ត្រីខ្មែរជាម្តាយ អង្គុយលើកន្ទេលជាមួយកូនតូចៗ នៅមុខអគារផ្ទះជួលនៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

ពិធីរៀបមង្គលការបែបប្រពៃណីខ្មែរត្រូវបានធ្វើឡើងនៅក្នុងអគារផ្ទះជួលមួយ នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
ពិធីរៀបមង្គលការបែបប្រពៃណីខ្មែរត្រូវបានធ្វើឡើងនៅក្នុងអគារផ្ទះជួលមួយ នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

ម្តាយរបស់ ជីណូ ឱបរឹត ជីណូ នៅលើរានហាលនៃអគារផ្ទះជួលរបស់ពួកគេ នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
ម្តាយរបស់ ជីណូ ឱបរឹត ជីណូ នៅលើរានហាលនៃអគារផ្ទះជួលរបស់ពួកគេ នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

រីគី (Ricky) កូនកំលោះ នៅថ្ងៃរៀបមង្គលការ ថតដោយលោក Stuart Isett នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
រីគី (Ricky) កូនកំលោះ នៅថ្ងៃរៀបមង្គលការ ថតដោយលោក Stuart Isett នៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

ម្តាយ និងមិត្តស្រីរបស់ រីគី កំពុងធ្វើម្ហូបនៅក្នុងចង្ក្រានបាយក្នុងផ្ទះជួលរបស់ពួកគេនៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
ម្តាយ និងមិត្តស្រីរបស់ រីគី កំពុងធ្វើម្ហូបនៅក្នុងចង្ក្រានបាយក្នុងផ្ទះជួលរបស់ពួកគេនៅតំបន់ Argyle និង Glenwood ជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។

សម្រាប់​អ្នក​ស្រី សិទ្ធា សាន ​វា​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​អ្នកស្រី​បាន​ឃើញ​រូបថត​ពី​អតីត​កាល​ទាំងអស់​នេះដែល​ថត​កាលពី​ជាង​ ៣០ ​ឆ្នាំ​មុន។​ អតីតកាល​នោះ​គឺ​សំដៅ​លើ​បទ​ពិសោធន៍​ឆ្លងកាត់​ការ​លំបាក​នានា​ ដើម្បី​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ​ក្នុង​ចន្លោះ​ទសវត្សរ៍​ ១៩៨០ ​និង​ ១៩៩០ ​ក្នុង​នាម​ជា​ជនភៀស​ខ្លួន​ខ្មែរ​ដែល​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។​

ខុស​គ្នា​ពី​គ្រួសារ​ខ្មែរ​នៅ​តំបន់ ​Argyle ​និង ​Glenwood ​ជីវិត​របស់​អ្នកស្រី​ សិទ្ធា សាន​ លើ​ទឹកដី​ថ្មី​នេះ​បាន​ចាប់ផ្តើម​ដោយ​មាន​ការ​ជួយ​ណែនាំ​និង​ផ្គត់ផ្គង់​ពី​គ្រួសារ​របស់​ឪពុក​មារ​របស់​អ្នកស្រី ​នៅ​ពេល​អ្នកស្រី​និង​សមាជិក​គ្រួសារ​ដែល​នៅ​រស់រាន​មាន​ជីវិត​ បាន​ចាក​ចេញ​ពី​ជំរំ​ជនភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ ហើយ​បាន​មក​ដល់​ទីក្រុង​ Long Beach​ រដ្ឋ California​ កាលពី​ឆ្នាំ​ ១៩៨១។ ​អ្នកស្រី សិទ្ធា​ មាន​អាយុ​ ១៤ ​ឆ្នាំ​នៅ​ពេល​អ្នកស្រី​បាន​មក​រស់នៅ​ជា​ជន​ភៀស​ខ្លួន​ នៅ​សហរដ្ឋ​អាមេរិក។

សម្រាប់​អ្នកស្រី សិទ្ធា ​ដែល​បច្ចុប្បន្ន​មានអាយុ​ ៥៤ ​ឆ្នាំ ​រូបថត​ទាំង​អស់​នេះ​ ជួយ​ឲ្យ​អ្នក​ស្រី​បាន​ដឹងថា​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ៗ​ បាន​ឆ្លង​កាត់​បទ​ពិសោធន៍ខុសៗ​គ្នា។​

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ដល់​ពេល​មើល​រូប​ថត​ហ្នឹង​ ហើយ​ត្រឡប់​ទៅ​រឿង​ខ្លួន​ឯង​វិញ​ ខ្ញុំ​ថា ​ខ្ញុំ​ពិបាក​ក៏​មិន​ពិបាក​ដល់​គ្នា​ដែល​នៅ​ក្នុង​រូបថត​នោះ​ដែរ»។​

រូប​ថត​ដែល​អ្នកស្រី សិទ្ធា សាន ​បាន​ឃើញ​ត្រូវ​បាន​រៀបរៀង​ជា​សៀវភៅ​ឈ្មោះ​ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង​ Glenwood»​ ដែល​ទើប​តែ​ត្រូវបាន​បោះ​ពុម្ព​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១។ ​រូបថត​ស​ខ្មៅ​ទាំង​អស់​នេះ​ត្រូវ​បាន​លោក​ Stuart Isett​ អ្នក​ថតរូប​អាជីព​ជនជាតិ​អាមេរិកាំង ​ផ្តិត​យក​ក្នុង​អំឡុង​ពេល​លោក​កំពុង​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​សិល្បៈថតរូប​នៅ​ទីក្រុង ​Chicago នា​ដើម​ទសវត្សរ៍​ ១៩៩០។ ​

លោក ​Isett​ បាន​ប្រាប់​ VOA ​ថា​ លោក​បាន​ចំណាយ​ពេល​បីឆ្នាំ​ពី​ឆ្នាំ ​១៩៩១ ​ដល់​ឆ្នាំ​ ១៩៩៤ ​ជាមួយ​គ្រួសារ​ខ្មែរ​ជាពិសេស​ក្រុម​យុវជន​ខ្មែរវ័យ​ស្របាល​លោក​ ដែល​រស់​នៅ​ក្នុង​តំបន់​ Argyle ​និង​ Glenwood​ ភាគ​ខាង​ជើង​នៃ​ទីក្រុង ​Chicago​ ក្បែរ​កន្លែង​លោក​រស់នៅ​ដែរ​ ហើយ​ដែល​ជា​តំបន់​ក្រីក្រ​កំពុង​អភិវឌ្ឍ​នា​ពេល​នោះ។

ជិត​ ៣០ ​ឆ្នាំ​ក្រោយ​ពីលោក​បាន​ផ្តិត​យក​រូបថត​ដែល​បង្ហាញ​ទិដ្ឋភាព​ខ្លះៗ​ អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ជនភៀស​ខ្លួន​ខ្មែរ​នៅ​តំបន់​នោះ និង​ក្រោយ​ពី​លោក​បាន​ធ្វើ​ការងារ​ថត​រូប​នៅ​ជុំវិញ​ពិភពលោក ​និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ លោក ​Stuart Isett ​បាន​ជួប​បុរស​ខ្មែរ​អាមេរិកាំង​ពីរ​នាក់​គឺ​លោក ​ស៊ីឡុង ឈុន ​(Silong Chhun) ​និង​លោក ​ភីតធឺ ពិន ​(Peter Pin) ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​លើ​រូបថត​របស់​លោក​ពី​តំបន់ Argyle ​និង​ Glenwood។​

សៀវភៅ​រូបថត​ «គ្រួសារ»​ ជា​ស្នាដៃ​រួម​របស់​លោក ​Stuart Isett​ ដែល​ជាអ្នក​ផ្តិត​យក រូបថត​សន្លឹក​ទាំងនេះ​និង​លោក​ ភីតធឺ ពិន ដែល​ជា​អ្នក​រៀបរៀង​រូបថត​ក្នុង​សៀវភៅ ហើយ​នឹងលោក ​ស៊ីឡុង ឈុន​ ដែលសរសេរ​ខ្លឹមសារ​អត្ថបទ។ សៀវភៅ​រូបថត​ «គ្រួសារ» នេះ​ ចំនួន​ ១៥០​ ក្បាល ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​ក្រុមហ៊ុន Catfish Asia ​ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​នៅ​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ​ ហើយ​លក់​ដាច់​អស់។​

លោក ​Stuart Isett ​បាន​ប្រាប់​VOA​ ថា៖ «យើង​ដាក់​ចំណងជើង​សៀវភៅ​នេះ​ថា គ្រួសារ​ [ព្រោះ]​វា​ផ្តោត​លើ​ជីវិត​គ្រួសារ។​ ហើយ​វា​ក៏​ផ្តោត​លើ​បុរស​[ខ្មែរ]​ វ័យ​ក្មេង​ដែល​បាន​បង្កើត​គ្រួសារ​ដោយ​ខ្លួន​ឯង​ក្នុង​ន័យ​ខុស​គ្នា​ពី​គ្រួសារ​ខ្មែរ​[ពិតប្រាកដ]​របស់​ពួកគេ​ ពីព្រោះ​ថា ​ពួកគេ​បាន​មក​រស់នៅ​លើ​ទឹកដី​សហ​រដ្ឋ​អាមេរិក​ ហើយ​ពួក​គេ​បាន​បង្កើត​ក្រុម​ទាំងនេះ...​ខ្ញុំ​មិន​ចូល​ចិត្ត​ប្រើ​ពាក្យ​ពាល​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ហៅថា ក្រុម​ក្មេង​ទំនើង ​ចុះ»។

ក្នុងរូបថតនាឆ្នាំ ១៩៨០ នៅជំរំកាំពុតក្នុងខេត្តសាកែវ ប្រទេសថៃ អ្នកស្រី សិទ្ធា សាន (ស្តាំបង្អស់) ថតរូបជាមួយម្តាយនិងបងស្រី មួយឆ្នាំមុនពេលអ្នកស្រីនិងក្រុមគ្រួសារបានភៀសខ្លួនមករស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងរូបថតនាឆ្នាំ ១៩៨០ នៅជំរំកាំពុតក្នុងខេត្តសាកែវ ប្រទេសថៃ អ្នកស្រី សិទ្ធា សាន (ស្តាំបង្អស់) ថតរូបជាមួយម្តាយនិងបងស្រី មួយឆ្នាំមុនពេលអ្នកស្រីនិងក្រុមគ្រួសារបានភៀសខ្លួនមករស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

ក្នុងរូបថតនាឆ្នាំ ១៩៩១ អ្នកស្រី សិទ្ធា សាន បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីសាកលវិទ្យាល័យ Dominguez Hills រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងរូបថតនាឆ្នាំ ១៩៩១ អ្នកស្រី សិទ្ធា សាន បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីសាកលវិទ្យាល័យ Dominguez Hills រដ្ឋកាលីហ្វ័រញ៉ា។

«ធ្វើ​ឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មាន​ន័យ»​

ខុសពីអ្នកស្រី សិទ្ធា សាន លោក ស៊ីឡុង ឈុនមានអាយុជិត២ឆ្នាំប៉ុណ្ណោះពេលលោកនិងគ្រួសារត្រូវបានរដ្ឋាភិបាលអាមេរិកផ្តល់សិទ្ធិជាជនភៀសខ្លួនចាកចេញពីជំរំខាវអ៊ីដាងប្រទេសថៃឲ្យមករស់នៅក្នុងតំបន់កំពុងអភិវឌ្ឍមួយ ដែលពោរពេញដោយភាពក្រីក្រនៅទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោននៅឆ្នាំ ១៩៨១។

សម្រាប់​លោក ស៊ីឡុង ​ រូបថត​នៅ​ក្នុង​សៀវភៅ​រូបថត​ «គ្រួសារ» ​នេះ ​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ​ដែល​លោក​បាន​ឆ្លង​កាត់​ពេល​ធំដឹង​ក្តី​ នៅ​ទីក្រុង​ Tacoma។​ លោក​ ស៊ីឡុង ​និយាយ​ថា​ លោក​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ទាំង​ជីវភាព​រស់​នៅ​ខ្វះខាត​ ឪពុកម្តាយ​រវល់​ធ្វើការងារ​គ្មាន​ពេល​វេលា​សម្រាប់​រូប​លោក​ និង​ទាំង​ការ​រស់​នៅ​ក្នុង​សហគមន៍​ដែល​ពោរពេញ​ ដោយ​ឧក្រិដ្ឋកម្ម​និង​ក្រុម​ក្មេង​ទំនើង។​

លោក​ស៊ីឡុង ​បាន​ប្រាប់ ​VOA ​ថា​ បញ្ហា​ប្រឈម​ទាំងអស់​នេះ​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​បាក់​ទឹកចិត្ត​ ពេល​លោក​នៅ​ក្មេង ​ហើយ​មិត្តភ័ក្តិ​របស់​លោក​បាន​ក្លាយ​ជា​សហគមន៍​មួយ ដែល​ផ្តល់ «តម្លៃ​និង​ការ​ទទួល​ស្គាល់» ដល់​រូបលោក។​ សម្រាប់​លោក ស៊ីឡុង រូបថត​សខ្មៅ​របស់​យុវជន​ខ្មែរ​ជុំគ្នា​ នៅតាម​ដងផ្លូវ​នៅ​តំបន់ Argyle និង Glenwood ថត​ដោយ​លោក Stuart Isett ពិតជា​ឆ្លុះ​បញ្ចាំង​ពី​បទពិសោធន៍​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​និង​មិត្តភក្តិ​លោក​តែ​ម្តង។​

លោក ស៊ីឡុង ឈុន បានថ្លែងថា៖ «នៅពេលខ្ញុំបានឃើញរូបថតទាំងនោះជាលើកដំបូង ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ពីព្រោះរូបថតរបស់គាត់ គឺជាការឆ្លុះបញ្ចាំងអំពីជីវិតរបស់មិត្តភក្តិខ្ញុំនិងខ្ញុំ ពេលយើងធំដឹងក្តី។ យើងបានធំដឹងក្តីឡើងក្នុងសង្គមដូចគ្នានេះ ហើយយើងបានបង្កើតមិត្តភាព និងទំនុកចិត្តឲ្យគ្នាទៅវិញទៅមក។ ហើយមិត្តភក្តិខ្ញុំប្រៀបដូចជាគ្រួសារទី ២ របស់ខ្ញុំ។ យើងបានទទួលស្គាល់និងឲ្យតម្លៃគ្នា»។

ខុស​គ្នា​ពីបទ​ពិសោធន៍​របស់​អ្នកស្រី សិទ្ធា សាន ​ដែល​មិនធ្លាប់​ឃើញ​យុវជន​ខ្មែរ​ស្លៀកពាក់​បែប ​Hip Hop ​ជុំ​គ្នា​ជក់​បារី ​ឬ​រាំ​សប្បាយ​តាម​ក្បាច់​រាំ​បរទេស​ ដូចរូបថត​ក្នុង​សៀវភៅ​«គ្រួសារ» លោក ស៊ីឡុង ឈុន​ ដែល​បច្ចុប្បន្ន​អាយុ​ ៤២ ​ឆ្នាំ ​យល់​ថា ​រូបថត​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​រឿង​រ៉ាវ​ជីវិត​របស់​លោក​មាន​ន័យ​ ក្នុង​នាម​ជា​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់​ដែលបាន​ធំដឹង​ក្តី​នៅ​លើ​ទឹកដី​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក ដោយ​«ប្រឈម​នឹង​បញ្ហា​អត្ត​សញ្ញាណ ​និង​ការ​សម្រប​ខ្លួន​រស់​នៅ​ក្នុង​សង្គម​អាមេរិក»។​

លោក​ ស៊ីឡុង​ បាន​រៀបរាប់​ប្រាប់​ VOA ​ថា៖ «ខ្លឹមសារ​ដែល​រៀបរៀង​ឡើង​ ដើម្បី​ផ្តល់​បរិបទ​ដល់​រូបថត​ទាំង​នោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​បទ​ពិសោធន៍​របស់​ពួក​យើង ​[ជា​ជនភៀស​ខ្លួន​វ័យ​ក្មេង]​មាន​ន័យ។​ ដូច​ថា​ យើង​បាន​មក​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ហើយ​យើង​ត្រូវ​បាន​គេ​ហៅ​ថា​ជន​ភៀស​ខ្លួន ​ជា​ជន​អន្តោប្រវេសន៍​ និង​ជា​សហគមន៍​ដែល​កសាង​ជីវិត​ថ្មី​ ដោយ​បាតដៃ​ទទេ​ ហើយ​យើង​ត្រូវ​ព្យាយាម​រក​មធ្យោបាយ​រស់​នៅលើ​ទឹកដី​នេះ»។​




អ្នក​ស្រី ខេមរី ឃឿន (ស្តាំ​បង្អស់) កាល​ពី​នៅ​កុមារី។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)
អ្នក​ស្រី ខេមរី ឃឿន (ស្តាំ​បង្អស់) កាល​ពី​នៅ​កុមារី។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)




អ្នកស្រី ខេមរី ឃឿន (Khemarey Khoeun) ធ្លាប់បានរស់នៅក្បែរជាយក្រុង Chicago ជិតតំបន់ Argyle និង Glenwood ក្នុងរដ្ឋ Illinois។ អ្នកស្រី និងឪពុកម្តាយនិងបងប្អូនបានភៀសខ្លួនចេញពីជំរំសាកែវក្នុងប្រទេសថៃ នៅឆ្នាំ ១៩៨១ មករស់នៅតំបន់ជាយក្រុង Chicago ក្រោយពីគ្រួសាររបស់អ្នកស្រីបានរួចរស់រានមានជីវិតពីរបបខ្មែរក្រហម។

អ្នកស្រី​ ខេមរី ​អាយុ ​៤០​ឆ្នាំ​ បាន​ប្រាប់​ VOA ​ថា​រូបថត​ក្នុង​សៀវភៅ​ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង ​Glenwood» ​បាន​រំឭក​អ្នកស្រី​ពី​មូលហេតុ​មួយ​ដែល​ឪពុក​ម្តាយ​របស់​អ្នកស្រី​សម្រេច​ផ្លាស់​ទី​កន្លែង​រស់​នៅ​ចេញ​ពី​ជាយក្រុង​ Chicago​ ទៅ​តំបន់ ​Cicero ​រដ្ឋ​ Illinois ​នៅ​ដើម​ទសវត្សរ៍ ​១៩៩០​ កាល​ពី​ពេល​អ្នកស្រី​មាន​អាយុ​ ៥ ​ឆ្នាំ។ ​

អ្នកស្រី​ថ្លែង​ថា៖​«ខ្ញុំ​ចាំ​ថា ​ក្នុង​អំឡុង​ពេល​នោះ ​យើង​[គ្រួសារ​ខ្មែរ]​ធ្លាប់​ទៅ​ជួបជុំ​គ្នា​កម្សាន្ត​នៅ​មាត់​សមុទ្រ​ក្បែរ​ឆ្នេរ​ Foster​ និង​ឆ្នេរ​ Montrose ​ហើយ​ក្រោយ​មក ស្ថាន​ភាព​កាន់តែ​ពិបាក​ដែល​បណ្តាល​ឲ្យ​គ្រួសារ​ខ្មែរ​ជាច្រើន ​មិន​ទៅ​ជុំគ្នាកម្សាន្ត​នៅ​ទី​នោះ ព្រោះ​មាន​ក្រុម​ទំនើង​នៅ​ទីនោះ​ច្រើន។ យើង​មាន​អារម្មណ៍​ថា ទីនោះ​មិន​មាន​សុវត្ថិភាព​ទៀត​ទេ»។

តាម​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​នេះ​អ្នកស្រី ខេមរី ឃឿន ​បាន​លើក​ឡើង​ថា ​អ្នក​ស្រី​អាច​យល់​ពី​មូលហេតុ​និង​ភាព​ចាំបាច់​នៃ​ការ​បង្កើត​ជា​ក្រុម​ក្មេង​ទំនើង​របស់​យុវជន​ខ្មែរ​ខ្លះ​ ដែល​ជា​ជនភៀស​ខ្លួន​ ដូច​ក្នុង​រូបថត​ដែល​ត្រូវ​បាន​ផ្តិត​យក​ដោយ​លោក ​Stuart Isett។​

អ្នកស្រី​បាន​ថ្លែង​ថា៖​«មាន​ប្រវត្តិ​...​ប្រវត្តិ​ដែល​ឪពុក​ម្តាយ​មិន​មាន​ពេល​វេលា​[សម្រាប់​កូន]​ ដោយ​ពួក​គាត់​រវល់​ធ្វើ​ការងារ​ ហើយ​ក្មេងៗ​នៅ​តែ​ឯង​ ត្រូវ​រៀន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។​ ហើយ​ពួកគេ​បាន​ធំ​ដឹងក្តី​ឡើង​ក្នុង​បរិយាកាស ​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ សង្គ្រាម ​ជំងឺ​បាក់​ស្បាត និងស្លុត។ ​ដូច្នេះ​វា​ងាយ​ដែល​ក្មេង​[ជន​ភៀស​ខ្លួន​ខ្មែរ]​ខ្លះ​ ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​ក្នុង​ក្រុម​ក្មេង​ទំនើង ​ដែល​បាន​ក្លាយ​ជា​ខ្សែ​ជីវិត​មួយ​សម្រាប់​ពួកគេ​ទាំង​នោះ»។



ក្នុងរូបថតនាអំឡុងទសវត្សរ៍ ១៩៨០ លោក ស៊ីឡុង ឈុន មានអាយុប្រមាណ ២ឆ្នាំ នៅពេលឪពុកម្តាយនិងរូបលោក ត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនខ្មែរដោយរដ្ឋាភិបាលអាមេរិក ដើម្បីមករស់នៅក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថតដោយលោក ស៊ីឡុង ឈុន)
ក្នុងរូបថតនាអំឡុងទសវត្សរ៍ ១៩៨០ លោក ស៊ីឡុង ឈុន មានអាយុប្រមាណ ២ឆ្នាំ នៅពេលឪពុកម្តាយនិងរូបលោក ត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនខ្មែរដោយរដ្ឋាភិបាលអាមេរិក ដើម្បីមករស់នៅក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថតដោយលោក ស៊ីឡុង ឈុន)
ក្នុងរូបថតនាអំឡុងឆ្នាំ ១៩៨១ លោក ស៊ីឡុង ឈុន មានអាយុប្រមាណ ២ឆ្នាំ នៅពេលឪពុកម្តាយនិងរូបលោក ត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនខ្មែរដោយរដ្ឋាភិបាលអាមេរិក ដើម្បីមករស់នៅក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្នុងរូបថតនាអំឡុងឆ្នាំ ១៩៨១ លោក ស៊ីឡុង ឈុន មានអាយុប្រមាណ ២ឆ្នាំ នៅពេលឪពុកម្តាយនិងរូបលោក ត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនខ្មែរដោយរដ្ឋាភិបាលអាមេរិក ដើម្បីមករស់នៅក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។


ពីទសវត្សរ៍ ១៩៧០ ដល់ទសវត្សរ៍ ១៩៩០ ប្រជាជនខ្មែរប្រមាណ១ម៉ឺននាក់បានចាប់ផ្តើមកសាងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក ក្រោមគម្រោងជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។ ក៏ប៉ុន្តែពួកគេភាគច្រើនត្រូវបានដាក់ឲ្យរស់នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ដែលភាគច្រើនពោរពេញដោយភាពក្រីក្រ ដូចដែលរូបថតរបស់លោក Stuart Isett បង្ហាញអំពីគ្រួសារខ្មែរនៅជាយក្រុង Chicago នេះ។ នេះបើយោងតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ Eric Tang ដែលជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីសហគមន៍អាមេរិកាំងដើមកំណើតអាស៊ីប្រចាំសាកលវិទ្យាល័យ Texas ក្នុងទីក្រុង Austin។

លោក​បាន​ប្រាប់​ VOA​ ថា៖ «ដូចគ្នា​នឹង​ជន​ភៀស​ខ្លួន​ខ្មែរ​ជាច្រើន​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​ដែរ ​អ្នក​ដែល​បាន​មក​រស់នៅ​ក្នុង​ទីក្រុង ​Chicago​ បាន​មក​ដល់​ទី​នេះ​ដោយ​គ្មាន​ជំនាញ​ដែល​ទីផ្សារ​ការងារត្រូវ​ការនោះ​ទេ។​ ពួកគេ​ជា​ច្រើនជា​កសិករ។ ​ដូច្នេះ ពេល​ពួកគេ​មក​ដល់​ទីនេះ​ ការ​ស្វែង​រក​ការងារ​ធ្វើ​ពិតជា​ពិបាក​ខ្លាំង​ណាស់ ​សម្រាប់​ពួក​គេ។​ ហើយ​ជា​លទ្ធផល ​ពួកគេ​ជា​ច្រើន​នាក់​បាន​ពឹង​ផ្អែក​លើ​ជំនួយ​របស់​រដ្ឋ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់​នៅ​ រហូត​ដល់​ច្រើន​ជំនាន់​ឯណោះ»។​

គិតត្រឹម​ឆ្នាំ​ ២០២០ ​ចំនួន​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​សហ​រដ្ឋ​អាមេរិក​បាន​កើន​ដល់​ជិត ៣​សែន ​៤ម៉ឺន​នាក់ ​ដោយ​រាប់​បញ្ចូល​ទាំង​ប្រជាជន​ខ្មែរ​ដែល​ធ្វើ​អន្តោប្រវេសន៍​មក​សហរដ្ឋ​អាមេរិក​ និង​ក្មេងៗ​ជំនាន់​ក្រោយ​របស់​គ្រួសារ​ជនភៀស​ខ្លួន​ខ្មែរ​ នា​ទសវត្សរ៍​ ១៩៧០ ទសវត្សរ៍​ ១៩៨០​ និង​ទសវត្សរ៍​ ១៩៩០។​ ក៏​ប៉ុន្តែ​ ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​នៅតែ​មានកម្រិត​ទាប​ បើ​ធៀប​នឹង​ក្រុម​ជនជាតិ​ផ្សេងៗ​ទៀត​ ដោយ​ ១៣​ភាគរយ​ នៃ​ចំនួន​ប្រជាជន​ខ្មែរ​សរុបកំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។​ នេះ​បើ​យោង​តាម​ស្ថិតិ​ជំរឿន​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០២០។


ក្នុងរូបថតនាអំឡុងទសវត្សរ៍ ១៩៨០ លោក ស៊ីឡុង ឈុន កាលពីក្មេងចំណាយពេលជាមួយគ្រួសារនៅក្នុងសួនដាំដំណាំមួយកន្លែងនៅតំបន់ទីប្រជុំជនក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន។
ក្នុងរូបថតនាអំឡុងទសវត្សរ៍ ១៩៨០ លោក ស៊ីឡុង ឈុន កាលពីក្មេងចំណាយពេលជាមួយគ្រួសារនៅក្នុងសួនដាំដំណាំមួយកន្លែងនៅតំបន់ទីប្រជុំជនក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន។

ក្មេងស្រីម្នាក់កំពុងងូតទឹកឲ្យប្អូន នៅក្នុងបន្ទប់ទឹកនៃសំណង់អគារផ្ទះជួលរបស់ពួកគេនៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
ក្មេងស្រីម្នាក់កំពុងងូតទឹកឲ្យប្អូន នៅក្នុងបន្ទប់ទឹកនៃសំណង់អគារផ្ទះជួលរបស់ពួកគេនៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។



អ្នកស្រី ខេមរី ឃឿន គឺជាប្រធានក្រុមប្រឹក្សានៃសារមន្ទីរខ្មែរនិងអនុស្សរណដ្ឋានវាលពិឃាដ ប្រចាំសហរដ្ឋអាមេរិក (National Heritage Museum and Killing Fields Memorial)។ រីឯលោក ស៊ីឡុង ឈុន គឺជាស្ថាបនិកគម្រោងផ្តួចផ្តើម «បដិវត្តន៍ក្រមាក្រហម» ឬ Red Scarf Revolution ដើម្បីបញ្ជ្រាបការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនខ្មែរអាមេរិកាំងជំនាន់ក្រោយ និងជាអ្នកតស៊ូមតិនិងការពារសិទ្ធិរបស់ប្រជាជនខ្មែរ ដែលប្រឈមនឹងការបញ្ជូនទៅប្រទេសកម្ពុជា ដោយសារពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់កាលពីអតីតកាល។

ក្តី​សង្ឃឹម​របស់​ពួក​គេ​ គឺ​ដើម្បី​អប់រំ​យុវជន​ជំនាន់​ក្រោយ ​និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដោយ​ទទួល​ស្គាល់​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​របស់​ឪពុកម្តាយ​និង​ជីដូន​ជីតា​របស់​ពួកគេ​ ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ​និង​ឧបសគ្គ​នានា​នៅ​ពេល​កសាង​ជីវិត​ថ្មី​លើ​ទឹកដី​ថ្មី​ ហើយ​ជា​ពិសេស​ផ្តល់​តម្លៃ​ដល់​ភាព​ជម្នះ​ឧបសគ្គ​របស់​ជនភៀស​ខ្លួន​ខ្មែរ​ជំនាន់​មុន។

អ្នកស្រី​ ខេមរី ឃឿន បាន​ថ្លែង​ថា៖​ «មាន​ក្រុម​យុវជន​ជំនាន់​ក្រោយ​ដែល​បាន​កើត​និង​ធំ​ដឹង​ក្តី​នៅ​សហ​រដ្ឋ​អាមេរិក ​ដែល​មិន​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​នោះ​ ហើយ​មិន​បាន​ផ្សារ​ភ្ជាប់​ពួកគេ​ទៅ​នឹង​បទ​ពិសោធន៍​របស់​ជនភៀស​ខ្លួន​ខ្មែរ​ថ្មីៗ​ ដោយ​សារ​តែ​ពួកគេ​បាន​មក​ដល់​ទីនេះ ​ក្នុង​នាម​ជា​អ្នក​ជំនាន់​ដំបូង​គេ​បង្អស់»។​

លោក ស៊ីឡុង ឈុន (Silong Chhun) គឺជាសិល្បៈករក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងផ្នែករចនាបថរូបភាព សិល្បៈថតរូប ការផលិតតន្ត្រីនិងការផលិតវីដេអូ។ លោក ស៊ីឡុង ក៏ជាអ្នកតស៊ូមតិនិងគាំពារសិទ្ធិរបស់ប្រជាជនខ្មែរក្នុងសហគមន៍ ដែលប្រឈមនឹងការបញ្ជូនទៅប្រទេសកម្ពុជា។
លោក ស៊ីឡុង ឈុន (Silong Chhun) គឺជាសិល្បៈករក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងផ្នែករចនាបថរូបភាព សិល្បៈថតរូប ការផលិតតន្ត្រីនិងការផលិតវីដេអូ។ លោក ស៊ីឡុង ក៏ជាអ្នកតស៊ូមតិនិងគាំពារសិទ្ធិរបស់ប្រជាជនខ្មែរក្នុងសហគមន៍ ដែលប្រឈមនឹងការបញ្ជូនទៅប្រទេសកម្ពុជា។

ផ្សារភ្ជាប់ពីមួយជំនាន់ដល់មួយជំនាន់និងរីករាយនឹងជីវិត



ខុសពីក្រុមជនភៀសខ្លួនជនជាតិផ្សេងៗទៀត ដែលត្រូវបានផ្តល់សិទ្ធិរស់នៅដោយរដ្ឋាភិបាលអាមេរិកក្រោម​វិសោធន​កម្ម​ច្បាប់​ជន​ភៀស​ខ្លួន​ឆ្នាំ ​១៩៨០​ នា​អំឡុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​Jimmy Carter ​ជន​ភៀស​ខ្លួន​ខ្មែរ​បាន​មក​រស់នៅ​លើ​ទឹកដី​សហ​រដ្ឋ​អាមេរិក ​ដោយ​នាំ​មក​ជាមួយ​នូវ​ភាព​តក់ស្លុត​ ដែល​ពួកគេ​បាន​ឆ្លង​កាត់​ពី​ការ​ធ្វើ​ទារុណកម្ម​ការ​បង្ខំ​ធ្វើការ​បាក់​កម្លាំង​ ភាព​អត់ឃ្លាន​ ការ​បែក​បាក់​គ្រួសារ​ និង​បាត់បង់​សមាជិក​គ្រួសារ ​ដោយសារ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

ហើយ​ភាព​តក់ស្លុត​ទាំង​នេះ​គឺជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​ពលរដ្ឋ ​ដែល​ងាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​ជំងឺ​រាំរ៉ៃ​ប្រចាំ​កាយ ​ដូចជា​លើស​ឈាម​ជាដើម។​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ​សុខាភិបាល ​ដែល​ចេញផ្សាយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ​២០១៦។​

ដូច្នេះ​បទ​ពិសោធន៍​ទាំងអស់​នេះ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​ធ្លាប់​ប្រឈម​នឹង​ភាព​តក់​ស្លុត​ពី​ការ​បាត់បង់​គ្រួសារ​ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយមក​ប្រឈម​នឹង​បញ្ហា​ជីវភាព​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​គឺ​ «ពិតជា​លំបាក​ខ្លាំង»​ ហើយ​ខុស​ពី​ក្រុម​ជន​ភៀស​ខ្លួន​មក​ពី​តំបន់​ផ្សេង​ទៀត។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​ Eric Tang​ នៃ​សាកល​វិទ្យាល័យ​ Texas ​ក្នុងទីក្រុង​ Austin។​

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​អ្វី​ដែល​បាន​កើត​ឡើង​[នៅ​ពេល​ជនភៀស​ខ្លួន​ខ្មែរ​មក​ដល់]»​ នោះ ​គឺ​ថា ពួកគេ​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ភ្លាមៗ​ នៅ​សហ​រដ្ឋ​អាមេរិក​ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​របស់​ជនភៀស​ខ្លួន​ខ្មែរ​លំបាក​ខ្លាំង​ប្លែក​ពីគេ ​ហើយជា​ពិសេស​ជន​ភៀស​ខ្លួន​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍»។​

ដោយ​ទទួល​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​និង​ការ​តស៊ូ​ជម្នះ​ការ​លំបាក​របស់​ឪពុក​ម្តាយ​និង​ជីដូន​ជីតា​របស់​ពួកគេ​ នៅ​លើ​ទឹកដី​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក​ ទាំង​អ្នកស្រី សិទ្ធា សាន អ្នកស្រី ខេមរី ឃឿន ​និង​លោក ស៊ីឡុង ឈុន​ កំពុង​ចូលរួម​សកម្មភាព​ក្នុងសហគមន៍​ខ្មែរ​អាមេរិកាំង ​ដែល​កំពុង​រីក​លូតលាស់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ក្នុង​នាម​ជា​មេដឹកនាំ​ក្នុង​សហគមន៍។​

ក្រៅ​ពី​បម្រើ​ការងារ​ពេញម៉ោង​ក្នុង​វិស័យ​ឯកជន​ សព្វថ្ងៃ​នេះ​ អ្នកស្រី សិទ្ធា សាន គឺជា​ស្ថាបនិក​ម្នាក់​និង​ជា​ប្រធាន​អង្គការ​ក្រុង​ខ្មែរ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែល​ជា​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក។​




បុរសខ្មែរវ័យចំណាស់បីនាក់ជួបជុំគ្នារាំសប្បាយនៅក្នុងអគារផ្ទះជួលមួយ នៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។
បុរសខ្មែរវ័យចំណាស់បីនាក់ជួបជុំគ្នារាំសប្បាយនៅក្នុងអគារផ្ទះជួលមួយ នៅតំបន់ Argyle និង Glenwood ថតដោយលោក Stuart Isett នៅជាយក្រុង Chicago រដ្ឋ Illinois កាលពីដើមទសវត្សរ៍ ១៩៩០។


លោក ស៊ីឡុង ឈុន បានថ្លែងថា៖ «យើងប្រឈមនឹងបញ្ហានិងឧបសគ្គជាច្រើន ហើយយើងនៅតែប្រឈមនឹងបញ្ហាទាំងនោះដដែល។ ប៉ុន្តែយើងមានស្មារតីជម្នះខ្លាំង។ យើងគឺជាក្រុមពលរដ្ឋដែលបានកសាងជីវិតពីបាតដៃទទេហើយ ៤០ ឆ្នាំក្រោយមក យើងបានសម្រេចកិច្ចការល្អៗច្រើនណាស់»។

ហើយ​ស្មារតី​ជម្នះការ​លំបាក​ទាំង​នោះ​ទំនង​ជា​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ទិដ្ឋភាព​ជួបជុំ​គ្នា​រាំ​ច្រៀង​ ដោយ​ក្រុម​គ្រួសារ​ជនភៀស​ខ្លួន​ខ្មែរនៅ​ក្នុង​រូបថត​ខ្លះ​ ដែល​ត្រូវបាន​ផ្តិត​យក​ដោយ​លោក​ Stuart Isett​ នៅ​ក្នុង​សៀវភៅ​រួបថត​ «គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង ​Glenwood»។​

លោក​ ស៊ីឡុង ឈុន ថ្លែង​ថា៖​ «នៅ​ក្នុង​រូបថត​ដែល​បង្ហាញ​ការ​ជួបជុំ​គ្នា​រាំ​សប្បាយ ទាំង​មនុស្ស​ចាស់​ក្មេង ខ្ញុំ​គិត​ថា នេះ​ជា​ទម្លាប់​របស់​ពួកគេ [ជា​ខ្មែរ]​ តាំង​ពី​ពេល​ពួកគេ​នៅ​ប្រទេស​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​រួមគ្នា​ជា​សហគមន៍ ហើយ​វប្បធម៌​តាម​ភូមិ​គឺថា ពួកគេសប្បាយ​រីករាយ​ជុំ​គ្នា។ បើ​ទោះបីជា​មាន​ការ​លំបាក និង​ឧបសគ្គ​យ៉ាង​ណា យើង​ត្រូវតែ​រក​វិធី​ស្វែងរក​ពន្លឺ​នៃ​ក្តី​សង្ឃឹម ដើម្បី​ដើរ​ទៅ​មុខ​»៕

អំពីលោក Stuart Isett

លោក​ Stuart Isett ​អ្នក​ថតរូប​អាជីព​ជនជាតិ​អាមេរិកាំង បាន​ផ្តិត​យករូបថតរបស់ក្រុមគ្រួសារខ្មែរដែលជនភៀសខ្លួនដែលរស់នៅតំបន់ Argyle និង Glenwood នៅជាយក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ​ក្នុង​អំឡុង​ពេល​លោក​កំពុង​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​សិល្បៈថតរូប នាទសវត្សរ៍ ១៩៩០។

លោក Stuart Isett បានចាប់អារម្មណ៍លើប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាំងពីពេលលោកមានអាយុ ១៣ ឆ្នាំ នៅពេលលោកនិងក្រុមគ្រួសារបានរស់នៅចក្រភពអង់គ្លេស នាទសវត្សរ៍ ១៩៧០។ រយៈពេលជាង ១៥មកនេះ លោកបានចំណាយពេលថតរូបនិងធ្វើការនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា។

XS
SM
MD
LG