ដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ
អ្នកស្រី សុទ្ធី ហៃដ្ឋ៖ ពីជនភៀសខ្លួន រហូតក្លាយជាបញ្ញវន្ត និងជាតំណាងកម្ពុជាក្នុងពិភពការទូតអាមេរិក
កំណត់និពន្ធ៖ ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់អ្នកស្រី សុទ្ធី ហៃដ្ឋ ដែលមានឈ្មោះដើម កែន មនោសុទ្ធី ថាជាភរិយារបស់លោក William A. Heidt ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨។ ប៉ុន្តែប្រិយមិត្តខ្លះប្រហែលជាមិនបានដឹងលម្អិតអំពីដំណើរជីវិតរបស់អ្នកស្រី សុទ្ធី មុននឹងក្លាយជាភរិយារបស់មន្ត្រីការទូតកំពូលអាមេរិករូបនេះនោះទេ។ តាមពិត ជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ពោរពេញដោយការតស៊ូជាច្រើន ស្រដៀងគ្នានឹងជីវិតរបស់ពលរដ្ឋខ្មែរជាច្រើននាក់ ដែលទើបតែរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែរ។
អ្នកស្រី សុទ្ធី បានឆ្លងកាត់បទពិសោធន៍ជាច្រើន រាប់តាំងពីការបាត់បង់ឪពុកម្តាយ បងប្អូន ផ្ទះសម្បែង និងសាច់ញាតិនៅក្នុងរបបខ្មែរក្រហម រហូតបានមករស់នៅជាជនភៀសខ្លួន នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ដោយឆ្លងកាត់ភាពក្រីក្រ រហូតបានទទួលការអប់រំខ្ពង់ខ្ពស់នៅសាលាល្បីល្បាញលំដាប់កំពូលមួយនៅអាមេរិកនេះ។
VOA មានឱកាសសម្ភាសអ្នកស្រី សុទ្ធី ដោយផ្ទាល់ ហើយបានផលិតជាកំណត់ត្រាជីវប្រវត្តិផ្ទាល់មាត់ជាភាគអំពីដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ក្នុងនាមអ្នកស្រីជាជនរងគ្រោះម្នាក់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាអតីតជនភៀសខ្លួនខ្មែរមករស់នៅសហរដ្ឋអាមេរិក ជាស្ត្រីខ្មែរម្នាក់ដែលតស៊ូដើម្បីការអប់រំ និងជាស្ត្រីខ្មែរម្នាក់ដែលតំណាងឲ្យកម្ពុជានៅក្នុងពិភពការទូតអាមេរិក និងការទូតសកលលោក។ អ្នកស្រីបានប្រាប់ VOA ថា អ្វីៗដែលអ្នកស្រីសម្រេចបានក្នុងជីវិត គឺកើតចេញពី «ការបេ្តជ្ញាចិត្ត និងតស៊ូ» របស់អ្នកស្រី។
សព្វថ្ងៃនេះ អ្នកស្រី សុទ្ធី និងលោក William A. Heidt បានត្រឡប់មករស់នៅសហរដ្ឋអាមេរិកវិញហើយ ហើយលោក William A. Heidt កំពុងតែបម្រើការនៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បន្ទាប់ពីអ្នកទាំងពីរបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
បទសម្ភាសន៍បែបកំណត់ត្រាជីវប្រវត្តិផ្ទាល់មាត់អំពីដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ដែលមាន៥ភាគ និងអមដោយកម្រងរូបភាពនេះ ត្រូវបានចងក្រងឡើងដោយអ្នកនាង ហុង ចិន្តា និងអ្នកនាង ទែន សុខស្រីនិត អ្នកយកព័ត៌មានរបស់ VOA។ បទសម្ភាសន៍ទាំងស្រុងនេះត្រូវបានធ្វើឡើងអស់រយៈពេលជាង៦ម៉ោង នៅឯគេហដ្ឋានរបស់អ្នកស្រី សុទ្ធី នៅក្រុង Arlington រដ្ឋ Virginia ដែលស្ថិតនៅជាយរដ្ឋធានី វ៉ាស៊ីនតោន នារដូវរងា ដើមឆ្នាំ ២០១៩។ នៅក្នុងបទសម្ភាសន៍នេះ យើងខ្ញុំបានហៅអ្នកស្រី សុទ្ធី ហៃដ្ឋ ថា មនោសុទ្ធី ទៅតាមសំណូមពររបស់អ្នកស្រីផ្ទាល់។
តាមរយៈកំណត់ត្រាជីវប្រវត្តិផ្ទាល់មាត់នេះ អ្នកស្រី សុទ្ធី សង្ឃឹមថា បទពិសោធន៍ជីវិតរបស់អ្នកស្រីអាចផ្តល់ជាក្តីសង្ឃឹម និងការលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយឲ្យមានសុទិដ្ឋិនិយមក្នុងជីវិត ហើយខិតខំតស៊ូ និងអត់ធ្មត់ កុំរាថយ បើទោះបីជាជីវិតជួបឧបសគ្គយ៉ាងណាក្តី៕
សូមចុចស្តាប់សេចក្តីផ្តើមនៃបទសម្ភាសន៍ជាភាគស្តីពីដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖
ភាគទី១៖ អតីតកាលកក់ក្តៅនិងឈឺចាប់
សម្រាប់ភាគទី១ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ប្រិយមិត្តនឹងបានស្តាប់ដំណើរជីវិតរបស់អ្នកស្រីកាលពីវ័យកុមារ រស់នៅក្នុងគ្រួសារដ៏កក់ក្តៅមួយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដំណើររត់ភៀសខ្លួនរបស់អ្នកស្រី និងបងស្រីឈ្មោះ កែន ច័ន្ទផល្គុណ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម មកកាន់ទឹកដីសហរដ្ឋអាមេរិក ដោយទទួលបានការចិញ្ចឹមបីបាច់ពីឪពុកមាឈ្មោះ កែន ឃន និងភរិយារបស់លោកឈ្មោះ ម្លិះ សារ៉ាត់។ សូមស្តាប់ភាគទី ១ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖
ភាគទី២៖ ជីវិតតស៊ូលើទឹកដីថ្មី
សម្រាប់ភាគទី២ នៃដំណើរជីវិតរបស់លោកស្រី សុទ្ធី ហៃដ្ឋ ប្រិយមិត្តនឹងបានស្តាប់ពីបទពិសោធន៍របស់អ្នកស្រី និងបងស្រី ពេលមកដល់ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៥ និងការតស៊ូរៀនសូត្ររបស់អ្នកស្រី ទាំងមិនចេះភាសាអង់គ្លេសស្ទាត់ រហូតដល់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ Cornell ដែលជាសាលាល្បីល្បាញលំដាប់កំពូលមួយនៅសហរដ្ឋអាមេរិក។ សូមស្តាប់ភាគទី ២ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖
ភាគទី៣៖ ផែនដីវិលដល់កន្លែងចាស់
សម្រាប់ភាគទី៣ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ប្រិយមិត្តនឹងបានស្តាប់អំពីដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញជាលើកដំបូង បន្ទាប់ពីបានរត់ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកអស់រយៈពេល១០ឆ្នាំ។ នៅឆ្នាំ ១៩៩៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Cornell អ្នកស្រី សុទ្ធី បានទទួលឱកាសការងារដ៏កម្រមួយនៅរាជធានីភ្នំពេញ ខណៈពេលដែលប្រទេសមួយនេះទើបតែងើបពីសង្គ្រាមស៊ីវិល និងកំពុងស្ថាបនាប្រទេសជាតិឡើងវិញ។ អ្នកស្រី សុទ្ធី បានបម្រើការជាអ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈឲ្យសណ្ឋាគារ InterContinental Phnom Penh ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ ១៩៩៨។ សូមស្តាប់ភាគទី ៣ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖
ភាគទី៤៖ «ភ្នំពេញស្នេហាខ្ញុំ»
សម្រាប់ភាគទី៤ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ប្រិយមិត្តនឹងបានស្តាប់អំពីការជួបគ្នាលើកដំបូងរបស់អ្នកស្រី សុទ្ធី ជាមួយលោក William A. Heidt នៅរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ១៩៩៧ ក្នុងប្រទេសកម្ពុជា។ ការជួបគ្នាលើកដំបូងរបស់អ្នកទាំងពីរបានក្លាយជាចំណងស្នេហាដ៏ផ្អែមល្ហែមមួយ រហូតដល់អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅឆ្នាំ ១៩៩៩ ហើយបានកសាងជីវិតគ្រួសារជាមួយគ្នា រហូតដល់បានកូនប្រុសម្នាក់ឈ្មោះ Allen Soriya Heidt។ សូមស្តាប់ភាគទី ៤ នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖
ភាគទី៥៖ លាសិនហើយកម្ពុជា
សម្រាប់ភាគទី ៥ ដែលជាភាគបញ្ចប់នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ប្រិយមិត្តនឹងបានស្តាប់ពីបេសកកម្មការទូតរបស់អ្នកស្រី និងលោក William A. Heidt នៅប្រទេសកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ និងមិត្តភាពរបស់អ្នកទាំងពីរជាមួយប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាទាំងមូល។ សូមស្តាប់ភាគទី ៥ ដែលជាភាគបញ្ចប់នៃដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាងក្រោមនេះ៖