ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នៅ​បន្ត​ហាម​ការសុំ​កូនចិញ្ចឹម​ពី​កម្ពុជា


នេះ​ជា​ក្មេង​ស្រី​ខ្មែរ​កំព្រា​ម្នាក់​ ហើយ​នាង​មាន​ផ្ទុក​មេរោគអេដស៍​។​
នេះ​ជា​ក្មេង​ស្រី​ខ្មែរ​កំព្រា​ម្នាក់​ ហើយ​នាង​មាន​ផ្ទុក​មេរោគអេដស៍​។​

ប្រទេស​កម្ពុជា​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះថា​នឹង​អនុវត្ត​ច្បាប់​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស​ចាប់ពី​ថ្ងៃទី១ ​ខែ​មេសា​ខាងមុខ​នេះ​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មិនទាន់​បាន​កំណត់​ថ្ងៃខែ​ដើម្បី​បន្ត​ឡើងវិញ​នូវ​ការសុំ​កូន​ចិញ្ចឹម​ពីប្រទេស​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ច្បាប់​នេះ​មាន​គោលដៅ​ទប់ស្កាត់​ការជួញដូរ​មនុស្ស​និង​ការរត់ពន្ធ​កុមារ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​ស៊ូសាន​ ហ្សាកុប​ (Susan Jacobs) ​ទីប្រឹក្សា​ពិសេស​សម្រាប់​បញ្ហា​កុមារ​បាន​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី១៧​ដល់​ថ្ងៃទី១៨​ខែ​មិនា​នេះ​ដើម្បី​ចូលរួម​ប្រជុំ​ស្វែងរក​ការណ៍​ពិត​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស។

លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​តំណាង​អង្គទូត​នានា​ដើម្បី​ពិភាក្សា​ការអនុវត្ត​ប្រកាស​និង​កម្រិត​នៃ​ការគោរព​តាមអនុសញ្ញា​ក្រុងឡាអេ​ស្តីពី​ការសុំ​កូនចិញ្ចឹម។

លោក​កុយ គួង​ អនុរដ្ឋ​លេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងថា​លោក​ឡុង​ វិសាលោ​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ជម្រាប​លោកស្រី ស៊ូសាន ហ្សាកុប​អំពី​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី​ការស្មុំកូន​អន្តរប្រទេស​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី១ ​ខែ​មេសា​ខាងមុខនេះ។

ច្បាប់​ស្មុំកូន​អន្តរប្រទេស​នេះ​បាន​បញ្ជាក់ថា​ប្រទេស​ជា​ភាគី​អនុសញ្ញា​ក្រុងឡាអេ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការសុំកូន​ចិញ្ចឹម​ជាមួយ​ក្រសួង​សង្គមកិច្ច​ហើយ​ប្រទេស​មិនមែន​ជាភាគី​អនុសញ្ញា​ក្រុងឡាអេ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា។

ច្បាប់​នេះ​បាន​ចែងថា​អ្នកសុំកូន​ជាប្តី​ប្រពន្ធ​ត្រូវមាន​អាយុ​យ៉ាងតិច​៣០ឆ្នាំ​និង​យ៉ាងច្រើន​បំផុត​៤៥ឆ្នាំ​ហើយ​កុមារ​ដែល​ត្រូវ​សុំយក​ទៅ​ចិញ្ចឹម​ត្រូវមាន​អាយុ​ក្រោ​មប្រាំបីឆ្នាំ។ ប៉ុន្តែ​ការសុំកូន​ចិញ្ចឹម​ដោយ​សាច់ញាតិក្មេង​នោះ​អាច​មាន​អាយុ​ក្រោម​១៨ឆ្នាំ។

ច្បាប់នេះ​បាន​បញ្ជាក់ថា​អ្នកសុំ​កូន​ចិញ្ចឹម​ត្រូវជា​មនុស្ស​មិនធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ឬ​កំពុង​ត្រូវបាន​ប្តឹង​អំពី​កំហុស​ទាក់ទង​នឹង​កិរិយា​មារយាទ​ ឬ ​ការប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​ឬ​មជ្ឈិម​ណាមួយ​នៅក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ឬ​ប្រទេស​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឬ​ប្រទេស​ដែលខ្លួន​ស្នាក់នៅ​ចុង​ក្រោយ។

ច្បាប់​ស្មុំកូន​អន្តរប្រទេស​នេះ​បាន​បន្ត​ថា​អ្នកសុំកូន​ចិញ្ចឹម​ត្រូវតែ​ជាអ្នកមាន​សមត្ថភាព​ផ្តល់​ការថែរក្សា​សមស្រប​និង​ការគាំទ្រ​ចាំបាច់​ដល់​កូនសុំ​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សុំបាន​លុះត្រាតែ​ពួកគេ​គ្មាន​កូន​ឬ​មាន​កូន​តែម្នាក់​នៅក្នុង​បន្ទុក។ អ្នក​សុំកូន​អាចសុំ​បានតែ​ម្នាក់​ប៉ុណ្ណោះ​លើកលែង​តែ​កុមារ​ដែល​មាន​បងប្អូន​បង្កើត​អាច​អនុញ្ញាត​ឱ្យ​សុំ​ច្រើន​នាក់​បាន។

លោក​កុយ គួង ​បាន​បញ្ជាក់ថា​ជនបរទេស​ដែល​ប្រទេស​របស់​ខ្លួន​បានចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​និង​មាន​ទីភ្នាក់ងារ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ជន​នោះ​ត្រូវតែ​ដាក់ពាក្យ​សុំ​កូនចិញ្ចឹម​តាមរយៈ​ទីភ្នាក់ងារ​បស់​ប្រទេស​ខ្លួន។

«យើង​ទប់ស្កាត់​សំខាន់​ការជួញដូរ​មនុស្ស​និង​ការរត់ពន្ធ​ក្មេង​ហើយ​យើងធ្វើ​យ៉ាងណា​ឱ្យក្មេង​ដែល​ទៅរស់នៅ​ម្តាយចិញ្ចឹម​នៅ​បរទេស​ នោះ​មាន​ជីវភាព​រស់នៅ​សមរម្យ ​ពិតជា​បាន​រស់នៅ​ក្នុង​លក្ខណៈ​ថ្លៃថ្នូរ​និង​មាន​សុភមង្គល​ពិតប្រាកដ»។

លោកស្រី​ឯក​អគ្គរដ្ឋទូត​ស៊ូសាន ហ្សាកុប ​បានបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃសុក្រ​នេះ​ថា​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​នឹង​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅពេល​ដែល​ប្រទេស​កម្ពុជា​បង្កើត​ប្រព័ន្ធ​សុខុមាលភាព​កុមារ​ហើយនឹ​ងធ្វើការ​ពិនិត្យ​យ៉ាងហ្មត់ចត់​លើ​បទបញ្ញត្តិ​សម្រាប់​អនុវត្ត​ទាក់ទង​នឹង​ច្បាប់​ថ្មី​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស​នៅ​ពេល​បទបញ្ញាត្តិ​ទាំងនេះ​ចេញ។

លោកស្រី​ឯកអគ្គ​រដ្ឋទូត​បាន​ថ្លែង​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ជោគជ័យ​សម្រេច​បាន​កន្លង​មក​ក្នុងការ​បង្កើន​ការការពារ​ដល់​កុមារ​ងាយ​រងគ្រោះ។

រដ្ឋសភាកម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ការសុំ​កូន​ចិញ្ចឹម​ដែល​មា​ន៥៨មាត្រា​នៅចុង​ឆ្នាំ២០០៩៕

XS
SM
MD
LG