មតេ្តយ្យសិក្សានិងសាលាបឋមសិក្សាទាំងឯកជននិងរដ្ឋទូទាំងប្រទេសកម្ពុជាបានបិទទ្វារ ចាប់ពីថ្ងៃពុធទី១៨ ខែកក្កដា ដោយមុនកាលកំណត់មូលហេតុ ដោយសារមានការភ័យខ្លាចអំពីការឆ្លង រីករាលដាលនៃជំងឺដែលបង្កឡើងដោយមេរោគ EV 71។
ការបិទទ្វារនេះដោយអនុវត្តតាមបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡាធ្វើឡើងនៅ មុន ២សប្តាហ៍នៃការចាប់ផ្តើមមហាវិស្សមកាលមកដល់ដែលជាការឈប់សម្រាកជាផ្លូវការរបស់សិស្សានុសិស្ស។
លោក ម៉ក់ វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ដើម្បី ជួយទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺបង្កឡើងដោយមេរោគ Enterovirus 71 ( EV 71 )
ក្រសួងសម្រេចឲ្យមានការផ្អាកមុនកាលកំណត់នៃវិស្សមកាលមកដល់។
«វាមានការព្រួយបារម្ភពីឪពុកម្តាយ អាណាព្យាបាល យើងយល់ថា កង្វល់របស់គាត់ គួរតែយកមកគិតដែរហើយគឺជារឿងដែលទប់ស្តាត់ការរីករាលដាលនៃជំងឺនេះទេ។ បញ្ហានេះវា ឆ្លងរាលដាលទៅលើក្មេងៗ ដទៃទៀតយើងយល់ថាគួរតែយកមកគិតគូរដើម្បីជៀសវាងកុំឲ្យវាមានបញ្ហាធំដុំ អញ្ចឹងបានជាយើងឲ្យឈប់ផ្អាកសាលាឯកជន ក៏យើងសុំឲ្យឈប់ដែរ»។
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលកើតចំពោះទារក និងកុមារ។ រោគ សញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្តើមឡើងដោយមានក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងអំឡុងពេល ១ទៅ ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវៈយវៈភេទ។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានឲ្យដឹងថារយៈពេលជាង ៦ខែដើមឆ្នាំនេះ រកឃើញអ្នកជំងឺសរុបចំនួន៧៨ករណីក្នុងនោះយ៉ាងហោចណាស់៥៤នាក់បានស្លាប់។ ដែលភាគច្រើននៃអ្នកជំងឺមានអាយុតិចជាង៣ឆ្នាំ ហើយមានជំងឺរ៉ាំរ៉ៃ និងកង្វះអាហារូបត្ថម្ភ។
ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺនេះអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរដែលមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម សន្លឹម ទន់អវៈយវៈ និងប្រកាច់។ ហើយឪពុកម្តាយត្រូវស្វែងរកការព្យាបាលជាបន្ទាន់ នៅពេលគាត់ឃើញរោគសញ្ញាទាំងអស់នេះនៅលើកូនរបស់ពួកគាត់។
មេរោគ EV71បានកំពុងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលមានកូនតូចៗ ព្រួយ បារម្ភជាខ្លាំងចំពោះជំងឺនេះរហូតដល់មានប្រជាពលរដ្ឋខ្លះនៅពេលនេះមិនអនុញ្ញាតឲ្យកូន ចេញក្រៅផ្ទះនោះទេដូចជា មិនឲ្យកូនទៅរៀន ទៅកន្លែងកំសាន្តនានា ឬលេងជាមួយក្មេង ដទៃទៀតក្រៅពីសមាជិកនៅក្នុងផ្ទះ។
លោក ប៉ែន ចំរើន ជាប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញដែលមានកូនចំនួនពីរនាក់គឺមាន អាយុ៣ឆ្នាំម្នាក់ និង៦ឆ្នាំម្នាក់ បានគ្រាំទ្រចំពោះការសម្រេចរបស់ក្រសួងអប់រំដោយលោកបានឲ្យដឹងថាសុខភាពគឺជារឿងសំខាន់ហើយការឈប់សម្រាកមួយរយៈនេះវាមិនបង្កឲ្យប៉ះពាល់អ្វី ខ្លាំងក្លាដល់ការសិក្សានោះទេ ។
«សូម្បីតែសាលាមិនឱ្យផ្អាកក៏យើងត្រូវសុំសាលាដែរ។ពីព្រោះកាលណារាតត្បាតទៅវាអត់មានអីការពារ អត់មានអីព្យាបាល អញ្ចឹងយើងគួរការពារវាតាមរយៈ ការផ្អាកនេះដើម្បី កុំឱ្យវារាតត្បាតខ្លាំង»។
លោក ខ្លូត កើន ជានាយកសាលាឯកជនញូតុនធីឡាយនៃសាខាព្រះយុគន្ធបានឲ្យដឹងថា សាលារបស់លោកគ្រប់សាខាទាំងអស់នឹងត្រូវឈប់សម្រាកចាប់ពីថ្ងៃទី១៨ ទៅដល់ថ្ងៃទី៣១ ខែកក្កដាសម្រាប់ថ្នាក់មតេ្តយ្យ និងបឋមសិក្សា។
«ខ្ញុំគិតថាបញ្ហាដែរគេឲ្យឈប់នេះ វាជាការទប់ស្តាត់មួយល្អដែរ។ ល្អសម្រាប់ក្មេងៗ ដែលគាត់អាចនៅផ្ទះ ឬនៅកន្លែងដែលគាត់នៅនោះ គឺវាអាចប្រសើរសម្រាប់គាត់ក្នុងការជៀសវាងជំងឺនេះដែរ»។
លោក លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មិនធ្វើ អត្ថាធិប្បាយទៅលើបទបញ្ជារបស់ក្រសួងអប់រំនោះទេ។
លោកបានឲ្យដឹងបន្តថាស្ថានភាពជំងឺ EV71នៅពេលនេះស្ថិតក្រោមការតាមដាន និង ប្រមូលទិន្ន័យទូទាំងប្រទេសនៅឡើយ៕