ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្រូវការ​មណ្ឌលព្យាបាលជំងឺកុមារ​

អ្នកស្រី ត្រឹង រដ្ឋា និងកូនស្រីអាយុ ២ ឆ្នាំ អង្គុយនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
អ្នកស្រី ត្រឹង រដ្ឋា និងកូនស្រីអាយុ ២ ឆ្នាំ អង្គុយនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ដំណើរ​ស្វែងរក​ការ​ព្យាបាល​ជំងឺ​ដល់​កូន

​របស់​ស្ត្រីជា​ម្តាយពីបណ្តាខេត្ត​មកកាន់​រាជធានី​

ដោយ ស៊ឹម ចាន់សំណាង

ជារៀង​រាល់​ថ្ងៃ​ ស្ត្រី​កម្ពុជាដែល​ជា​ម្តាយរាប់រយនាក់​ បាន​ធ្វើដំណើរពីតំបន់​ជនបទដាច់ស្រយាលនិងតំបន់ទីប្រជុំជននៃ​ខេត្ត​ជិតឆ្ងាយ​ មក​កាន់មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​មណ្ឌលព្យាបាលជំងឺដ៏ជឿ​ទុកចិត្ត​សម្រាប់​ស្ត្រីដែលមានកូន​តូចៗ​ ដើម្បីស្វែងរកនិងទទួលបានការព្យាបាលជំងឺ​ដល់កូនៗ​របស់​ពួកគេ​។

ក្នុងទឹកមុខស្រងូត​ស្រងាត់​ អង្គុយចាំ​ចាប់លេខនាពេលព្រឹក​ព្រលឹម អ្នកស្រី ពិន ឃន់ អាយុ ៣៣ ឆ្នាំ ដែលធ្វើ​ដំណើរមកពីស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បានប្រាប់វីអូអេថា កូនរបស់អ្នកស្រីមានបញ្ហាពោះវៀនធ្លាក់ចូលបំពង់បង្ហូរ​នោម ដែលត្រូវការការវះកាត់។ អ្នកស្រីតែងតែនាំកូនស្រីមកព្យាបាលនៅមន្ទីរពេទ្យ​គន្ធបុប្ផា ​រាល់ពេលកូនឈឺ​។

អ្នកស្រីថ្លែងថា​៖ «[ពេទ្យ]មណ្ឌលដល់ពេលយើងបើកថ្នាំអីទៅលេប​ អត់សូវ​ត្រូវ​ តែពេលមកបើកនៅនេះ [មន្ទីរពេទ្យ​គន្ធបុបា្ផ] ឧស្សាហ៍ត្រូវ​ អ៊ីចឹងចេះតែ​យកមក​ហ្នឹងរហូតទៅ​»។

ជាកម្មកររោងចក្រម្នាក់នៅរាជធានី​ភ្នំពេញ ចំណូលរបស់អ្នកស្រី ពិន ឃន់ ពេល​ខ្លះអាចបានដល់ ២០០ ដុល្លារក្នុងមួយខែ ​ប្រសិនបើ​ជាអ្នកស្រីធ្វើការថែម​ម៉ោង​។ ប៉ុន្តែវាមិន​បានជួយសម្រាលដល់ជីវភាពរបស់​អ្នកស្រីឡើយ ​ពីព្រោះអ្នកស្រីត្រូវ​ចំណាយនៅ​ពេលដែលកូន​ឈឺ​ និងការចាយ​វាយផ្សេងៗ​។

អ្នកស្រីថ្លែង​ថា​៖ «ច៎ា វាអត់ទៀត​ទេបង ផ្នែករោងចក្រថ្ងៃ​ណាគេថែមម៉ោង​ ខែ​ណាអត់​គឺ​អត់ទៅ​ បានត្រឹម ២០០ [ដុល្លារ] ជាង ខែអត់បានត្រឹម ១២០ [ដុល្លារ] អី​។ វាខ្វះខាតរហូតដែរ វាមិនគ្រប់គ្រាន់កូនឈឺ​ យើងចាយថ្លៃផ្ទះ​ ថ្លៃ​ចាយស៊ីចុកទៀត​»។

អ្នកស្រី ពិន ឃន់ អាយុ ៣៣ ឆ្នាំ និងកូនស្រី កំពុងឈរតម្រង់ជួរចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានការព្យាបាលជំងឺដល់កូនស្រី ដែលត្រូវការការវះកាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កំពុងអង្គុយលើស្មៅជាមួយកូនស្រីដែលទើបចេញ​ពីមន្ទីរពេទ្យហើយរង់ចាំ​រ៉ឺម៉ក​កង់បីជូនត្រឡប់ទៅ​ផ្ទះ​វិញ​ អ្នកស្រី ឆេង លក្ខិណា ​ដែលមក​ពីស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ បាននិយាយជាមួយទឹកមុខព្រួយបារម្ភមកកាន់វីអូអេថា កូនរបស់​អ្នកស្រីមានជំងឺមួយ ​ដែលស្រដៀងទៅនឹងរោគស្រ្តី​។ អ្នកស្រីបាន​ធ្លាប់នាំ​កូនទៅព្យាបាលនៅមណ្ឌលសុខភាពក្នុង​ស្រុកភូមិនិងមន្ទីរពេទ្យឯកជនច្រើនកន្លែង​ ប៉ុន្តែអាការៈរបស់កូនស្រី ​វ័យ ៦ ឆ្នាំ ​នៅតែមិន​បានធូរ​ស្បើ​ឡើយ​។

អ្នកស្រីថ្លែង​ថា​៖ «និយាយ​ទៅ​ ប្រមែល​ប្រមូលលក់អស់គ្មានសល់យកកូន​មក​ពេទ្យ ហើយខ្ញុំ​ថា ​បើមកពេទ្យនេះអស់ទៀត​ ខ្ញុំដាក់​ដីលក់ទៀត​»។

ស្រ្តីវ័យ ៣៨ ឆ្នាំរូប​នេះ​ បានបន្តថា​ ខ្លួនមានជីវភាពក្រីក្រ​ ដោយសារប្តីរបស់​អ្នកស្រី​មាន​ពិការភាព​ដោយ​គ្រោះថ្នាក់ចរាចរណ៍​ ព្រម​ទាំង​មាន​កូនតូច​អាយុ២ឆ្នាំ​ក្នុង​បន្ទុក​ថែមទៀត​។ អ្នកស្រី​បាន​បញ្ជាក់​ថា ​មូលហេតុ​ដែល​អ្នកស្រី​សម្រេចចិត្ត​នាំ​កូនស្រី​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ពីព្រោះ​មន្ទីរពេទ្យ​មិន​គិត​ប្រាក់កម្រៃ​លើ​ការព្យាបាល​ជំងឺ​ពី​សំណាក់​ប្រជាជន​ដែល​មាន​ជីវភាព​ខ្វះខាត​។

អ្នកស្រី​ថា​៖ «ខ្ញុំ​សម្រេចចិត្ត​ ទី ១ ​មក​ពេទ្យ​ដូច​ថា ​យើង​អ្នក​អត់ៗ​ អ៊ីចឹង​នេះ​ពេទ្យ​យើង​អត់​អស់​លុយ​ ពេទ្យ​អត់​មាន​យក​លុយ​ អត់​មាន​យក​ថវិកា​ពី​យើង​ទេ​តែ​យើង​អស់​តែ​ធ្វើ​សាហុយ​មក​ ហើយ​និង​ការ​ហូបចុក​នៅក្រោយ​»។

អ្នកស្រី ឆេង លក្ខិណា ស្ត្រីជាម្តាយ បានឱ្យដឹងថា អ្នកស្រីកំពុងបារម្ភពីស្ថានភាពជំងឺរបស់កូនស្រី មុនពេលអ្នកស្រីបានសម្រេចនាំកូនមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កូនស្រីអាយុ ៦ ឆ្នាំរបស់អ្នកស្រី ឆេង លក្ខិណា អង្គុយលេងទូរសព្ទ ខណៈរង់ចាំរ៉ឺម៉កកង់បីនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
កូនស្រីអាយុ ៦ ឆ្នាំរបស់អ្នកស្រី ឆេង លក្ខិណា អង្គុយលេងទូរសព្ទ ខណៈរង់ចាំរ៉ឺម៉កកង់បីនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នកស្រី ឆេង លក្ខិណា អាយុ ៣៨ បង្ហាញកញ្ចប់ថ្នាំពីរថង់ ដែលគ្រូពេទ្យបានផ្តល់ឱ្យកូនស្រីរបស់អ្នកស្រី បន្ទាប់ពីនាងទទួលបានការពិគ្រោះជំងឺពីគ្រូពេទ្យប្រចាំមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កូនស្រីអាយុ ៦ ឆ្នាំរបស់អ្នកស្រី ឆេង លក្ខិណា អង្គុយក្បែរម្តាយរង់ចាំរ៉ឺម៉កកង់បីនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
កូនស្រីអាយុ ៦ ឆ្នាំរបស់អ្នកស្រី ឆេង លក្ខិណា អង្គុយក្បែរម្តាយរង់ចាំរ៉ឺម៉កកង់បីនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ស្រ្តី​ជា​ម្តាយ​ជាច្រើន​នាក់​ ដូចជា​អ្នកស្រី ឆេង លក្ខិណា បាន​ធ្វើដំណើរ​ពី​ស្រុក​កំណើត​តាំង​ពី​ព្រលប់​ ហើយ​ស្ត្រី​ជា​ម្តាយ​ខ្លះ​ទៀត​ត្រូវ​ឡើង​មក​ជួល​កន្លែង​ស្នាក់នៅ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លេខ​ចូល​ពិនិត្យ​សុខភាព​របស់​កូន​ពួកគេ​។ ពួកគេ​ត្រូវ​ចំណាយ​ថ្លៃ​សោហ៊ុយ​ធ្វើដំណើរ​ កន្លែង​ស្នាក់នៅ​ និង​ចំណីអាហារ​។ ទោះជាយ៉ាងណាក្តី​ ស្ត្រី​ទាំងនេះ​យល់ថា​ ការ​ចំណាយ​ទាំងនេះ​ចាំបាច់​ ដើម្បី​ឱ្យ​កូនតូចៗ​របស់​ពួកគេ​ដែល​មាន​ជំងឺ ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ មានគុណភាព និង​ជឿទុកចិត្តបាន។

ចំណែក​ឯអ្នកស្រី ត្រឹង រដ្ឋា​ មក​ពី​ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងតែ​អង្គុយ​ជាមួយ​កូនស្រី​ ក្រោយ​ចេញ​ពី​ទទួល​ថ្នាំ​នៅ​ក្នុង​មន្ទីរពេទ្យ ​បាន​លើកឡើងថា អ្នកស្រី​បាន​នាំ​កូនស្រី​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាំងតែ​ពី​នាង​កើតមក​ ដោយសារ​តែ​អាការៈ​របស់​កូន​អ្នកស្រី​ធ្ងន់ធ្ងរ​ពេក​ ទើប​ខាង​មណ្ឌល​សុខភាព​ក្នុង​ស្រុក​សម្រេច​ឱ្យ​អ្នកស្រី​នាំ​កូន​មក​ទីនេះ​។

អ្នកស្រី​ថា​៖ «តាំង​ពី​កើតមក​ គឺ​យក​មក​ហ្នឹង​ម្ម៉ង់ ពេទ្យ​គេ​ឱ្យ​ឡើង​យក​មក​ពេទ្យ​ធំ​ម្ម៉ង់​ វា​ធ្ងន់​ដល់​ពោះវៀន​បត់​ចូល​ក្នុង​ផ្ចិត​។ ហ្នឹងហើយ​គេ​អត់​មាន​លទ្ធភាព​មើល​គេ​ដេញ​យើង​ឱ្យ​មក​ពេទ្យធំ​»។

ស្រ្តីជាម្តាយ​រូបនេះ​ក៏​បន្ត​ថា អ្នកស្រី​ចំណាយ​ថវិកា​សម្រាប់​តែ​ម្ហូបអាហារ​បរិភោគ​ប៉ុណ្ណោះ​ ចំណែក​ឯ​ថ្លៃ​ព្យាបាល​ និង​ថ្នាំ ​គឺ​មិនមាន​ការ​បង់ប្រាក់​នោះ​ឡើយ​។

អ្នកស្រី​ថា​៖ «គេ​ជួយ​ដូចថា​អស់​ថ្នាំ​គេ​អត់​គិតលុយ​ អស់តែ​យើង​ហូបចុក​អ៊ីចឹង​ទៅណា​ ចំណាយ​អស់​ ១០ ២០ ម៉ឺន ដែល​យើង​ហូបចុក​ទម្រាំ​តែ​យើង​មើល​កូន​យើង​ជា​ទៅវិញ​អ៊ីចឹង​ទៅ​ណា​»។

ដៃ​ម្ខាងកំពុងពរ​ចៅប្រុស​ដែល​ទើប​តែ​ចេញ​ពីពិនិត្យ​ជំងឺ​ដោយកាន់ថង់ថ្នាំ​មួយកញ្ចប់ក្នុងដៃម្ខាងទៀត​ អ្នកស្រី គឹម សន ដែល​បាន​ខំ​ធ្វើដំណើរ​ពី​ព្រលឹម​ពី​ស្រុកព្រះសេ្តច ខេត្តព្រៃវែង បាន​ប្រាប់​វីអូអេថា អ្នកស្រី​ធ្លាប់​តែ​យក​ចៅ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​ស្រុកភូមិ​។ ហើយ​នេះ​ជា​លើកទី ១ ដែល​អ្នកស្រី​យក​ចៅ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដោយ​ហេតុ​មាន​គេ​ប្រាប់​ថា​មក​ព្យាបាល​នៅទីនេះ​ ជំងឺ​នឹង​ឆាប់​ជា​សះស្បើយ​។

អ្នកស្រី​ថា​៖ «គេ​ឱ្យ​មក​ពេទ្យ​គន្ធបុប្ផា​ គេ​ថា​ពូកែ​ស័កិ្តសិទ្ធិ​ ឱ្យ​តែ​ក្មេង​មួយៗ​មក​តាំងតែ​ពី​ជា​ហើយ​ ឥឡូវ​បាន​ខំ​មក​តាំងពី​ម៉ោង ៤ ម៉ោង ៣ ឡើង​ឌុប​ចៅ​មក​»​។​

របាយការណ៍​របស់​សូចនាករ​ស្នូល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ ​២០២១-២០២២ បាន​បង្ហាញ​ថា អត្រា​មរណភាព​របស់​ទារក​ និង​កុមារ​កម្ពុជា​មាន​ការ​ថយចុះ​គួរ​ឱ្យ​កត់សម្គាល់​ ក៏ប៉ុន្តែ​គេ​នៅ​តែ​មើល​ឃើញ​ថា ​កង្វះ​មន្ទីរពេទ្យ​ព្យាបាល ​គឺនៅ​តែ​មាន​តាម​តំបន់ជនបទ​។

អ្នកស្រី គឹម សន កំពុងបំបៅទឹកដោះគោឆៅដល់ចៅប្រុស បន្ទាប់ពីទទួលបានការពិគ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
អ្នកស្រី គឹម សន កំពុងបំបៅទឹកដោះគោឆៅដល់ចៅប្រុស បន្ទាប់ពីទទួលបានការពិគ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នកស្រី ត្រឹង រដ្ឋា កាន់ដៃកូនស្រី ខណៈអង្គុយនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
អ្នកស្រី ត្រឹង រដ្ឋា កាន់ដៃកូនស្រី ខណៈអង្គុយនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នកស្រី ត្រឹង រដ្ឋា បានធ្វើដំណើរពីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីនាំកូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ដោយសារអ្នកស្រីទុកចិត្តគុណភាពព្យាបាលជំងឺនៅទីនេះ។ (ទែន សុខស្រីនិត/វីអូអេ)

ដបទឹកដោះគោពីរដបនៅក្នុងកាបូបដែលអ្នកស្រី ត្រឹង រដ្ឋា បានរៀបចំសម្រាប់កូនស្រីអាយុ ២ ឆ្នាំរបស់អ្នកស្រី នៅពេលអ្នកស្រីនាំកូនមកទទួលការពិគ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

នៅកម្ពុជា ​អត្រា​មរណភាព​ទារក​បាន​ថយចុះ​ពី​ ១៨ ​នាក់​នៅ​ឆ្នាំ​ ២០១៤ មក​នៅ ៨​ នាក់ ក្នុងចំណោម​ទារក​កើត​រស់ ​១.០០០​ នាក់​នៅ​ឆ្នាំ​ ២០២១-២០២២ ខណៈ​អត្រា​មរណភាព​កុមារ អាយុ​ក្រោម ​១ ​ឆ្នាំ បាន​ថយចុះ​ពី​ ២៨ ​នាក់ នៅ​ឆ្នាំ​ ២០១៤ មក​នៅ​ ១២​ នាក់ ក្នុង​ចំណោម​ទារក​កើត​រស់ ១.០០០ ​នាក់​នៅ​ឆ្នាំ​ ២០២១-២០២២​។ ណែកឯ អត្រា​មរណភាព​កុមារ អាយុ​ក្រោម ៥​ ឆ្នាំ បាន​ថយចុះ​ពី​ ៣៥ ​នាក់ នៅ​ឆ្នាំ​ ២០១៤ មក​នៅ​ ១៦ ​នាក់ ក្នុងចំណោម​ទារក​កើត​រស់​ ១.០០០​ នាក់ នៅ​ឆ្នាំ​ ២០២១-២០២២​។

របាយការណ៍​គម្រោងរបស់​អង្គការ​យូនីហេស្វ​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ថា ករណី​ស្លាប់​របស់​ទារករបស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បន្តកើត​មាន​នៅ​កម្ពុជា «អាច​ដោយសារ​តែ​គ្រួសារ​មាន​ការ​លំបាក​ក្នុងការ​ធ្វើ​ដំណើរទៅ​មណ្ឌល​សុខភាព ជាពិសេស​នៅ​តំបន់​ជនបទ និង​តំបន់​ដាច់​ស្រយាល​ ឬដោយសារ​តែ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​បុគ្គលិក​ជំនាញ ឬ​ដោយសារ​គុណភាព​នៃ​ការ​ផ្តល់​សេវា​នៅមាន​កម្រិត​ទាប»។

កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​សុខាភិបាល​លើកទី ៤០ ដោយ​បង្គាប់ឲ្យ​ពង្រាយ​ក្រុម​គ្រូពេទ្យ​ជំនាញ​បន្ថែម​ទៀត​ នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ទី​ប្រជុំ​ជន​ដាច់​ស្រយាល​ ដើម្បី​បំពេញ​តម្រូវការខ្វះខាត​ និង​ពង្រឹង​វិស័យ​ឡើង​វិញ។

សម្រាប់ស្ត្រី​ជា​ម្តាយ​និង​ជីដូន ​ដែល​វីអូអេខ្មែរ​បាន​សម្ភាសន៍​ ក្តី​សង្ឃឹម​របស់​ពួកគេនា​ពេល​អនាគត​ គឺការ​ទទួលបាន​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដោយ​មិន​យក​ប្រាក់កម្រៃ​ និង​មាន​ការ​ថែទាំ​ដិតដល់​ល្អ​ ដូច​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​តាម​ស្រុកភូមិ​របស់​ពួកគេ​ ពីព្រោះ​វា​នឹង​ជួយ​សម្រាល​បន្ទុក​ថវិកា​បាន​មួយកម្រិត​ដល់​ក្រុមគ្រួសារ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ ដូចជា អ្នកស្រី ពិន ឃន់។

​អ្នកស្រីថ្លែង​ថា៖ «វា​មិន​សូវ​ចុះ​លុយ​ដូច​ពេទ្យ​ឯកជន​អ៊ីចឹង​ យើង​អត់​អាស្រ័យ​ស៊ីចាយ​ យើង​សល់​ខ្លះ​។ មាន​អ៊ីចឹង​រឹតតែ​ល្អ​ កុំ​ឱ្យ​យើង​ពិបាក​ឡើង​ចុះ​ពី​ខេត្ត​មក​ភ្នំពេញ​»៕

រូបភាពដោយ ទែន សុខស្រីនិត

អ្នកស្រី គឹម សន បីចៅប្រុស ខណៈអង្គុយនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
អ្នកស្រី គឹម សន បីចៅប្រុស ខណៈអង្គុយនៅក្រៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

បរិវេណនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់សេវាព្យាបាលជំងឺដល់កុមារកម្ពុជាដោយមិនយកប្រាក់កម្រៃ នៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
បរិវេណនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់សេវាព្យាបាលជំងឺដល់កុមារកម្ពុជាដោយមិនយកប្រាក់កម្រៃ នៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

XS
SM
MD
LG