អង្គការ​សិទ្ធិ​មនុស្ស​៖ កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន

  • ​Reuters

រូប​ឯកសារ៖ នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ (ស៊ុយ ហ៊ាមខេមរា/VOA)

ទី​ភ្នាក់ងារ​ Reuters មិន​អាច​បើក​គេហទំព័រ​នៃ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ វិទ្យុ VOA ភាសា​ខ្មែរ ​និង​គេហទំព័រ​វិទ្យុ​​សំឡេង​ប្រជាធិបតេយ្យ​ VOD បាន​ទេ ​កាល​ពី​ថ្ងៃ​សុក្រ។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ​បាន​បិទ​គេហទំព័រ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មានឯករាជ្យ​មួយ​ចំនួន រួម​ទាំងគេហទំព័រ VOA ផង​ដែរ គឺនៅ​ត្រឹមពីរ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការ​បោះឆ្នោត​ជាតិថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​គេ​រំពឹង​ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្ទើរ​តែ​មិន​មាន​គូប្រជែង​សោះ​នឹង​ការ​កាន់អំណាច​រយៈ​ពេល​៣៣​ឆ្នាំ​របស់​លោក។ នេះ​បើ​យោង​តាមការ​អះអាង​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

ទី​ភា្នក់ងារ​ Reuters មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យរបស់​កម្ពុជា​បាន​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​លោក ហ៊ុន សែន​ នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ។

កាល​ពី​ដើម​ឆ្នាំ​នេះ សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស The Phnom Penh Post ត្រូវ​បាន​ទិញ​ដោយ​ជនជាតិ​ម៉ាឡេស៊ី​ដែល​ក្រុមហ៊ុន​កិច្ចការ​សាធារណៈ​របស់​លោក​បាន​ធ្វើ​ការ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ទិញ​នេះ​ត្រូវ​បាន​អ្នក​រិះគន់ចាត់​ទុក​ថា ​ជា​«មហន្តរាយ»​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​មុន​ការបោះឆ្នោត។​

ការ​បិទ​នេះ​កើត​មាន ​នៅក្រោយ​ពី​មានការ​បិទ​សារព័ត៌មាន​ភាសា​អង់គ្លេស​មួយ​ទៀត​គឺ​សារព័ត៌មាន The Cambodia Daily នៅ​ក្រោយ​ពី​សារព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ពន្ធ​រាប់​លាន​ដុល្លារសហរដ្ឋ​អាមេរិក​ ដែល​ជំពាក់​រដ្ឋាភិបាល​ឬ​ត្រូវ​បិទ​ទ្វារ។ ស្ថានីយ​វិទ្យុក្នុង​ស្រុកប្រមាណ​៣០​ត្រូវ​បានបិទ​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី Naly Pilorge នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​យប់​ថ្ងៃ​សុក្រ​ ថា៖

«អស់​រយៈ​ជា​ច្រើន​ម៉ោង​ មាន​ការ​បញ្ជាក់​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​មួយ​ចំនួន និង​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន បាន​ធ្វើសកម្មភាព​បិទ​គេហទំព័រ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាននិង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន រួម​ទាំង​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ព្រម​ទាំង​គេហទំព័រ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​មួយ​ចំនួន​ទៀតផង​ដែរ»។

​អ្នកស្រី បន្ថែម​ថា «នេះ​ជា​ការ​បិទ​គេហទំព័រ​ដំបូង​បំផុត​ក្រោយ​ពី​មាន​ការ​ចេញ​ប្រកាស​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ចុង​ខែ​ឧសភា​ឆ្នាំ​២០១៨» ដោយ​អ្នកស្រី​យោង​ទៅ​រក​បទបញ្ជា​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពីខែ​ឧសភា ដើម្បី​រាំងខ្ទប់​ឬ​បិទ​គេហទំព័រ​និង​ទំព័រ​បណ្តាញ​សង្គម​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹមសារ​អាច​ចាត់​ទុក​ថា​ ជា​ការ​ញុះញង់ ឬ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។ ​

ទី​ភ្នាក់ងារ​ Reuters មិន​អាច​បើក​គេហទំព័រ​នៃ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ វិទ្យុ VOA ភាសា​ខ្មែរ ​និង​គេហទំព័រ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ​ VOD បាន​ទេ ​កាល​ពី​ថ្ងៃ​សុក្រ។

លោក គិត ម៉េង នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mobitel ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ត្រូវ Reuters ទាក់ទង​តាម​ទូរស័ព្ទ។

ក្រុមហ៊ុន​ទូរស័ព្ទ​ផ្សេង​ទៀតរួម​ទាំង​ក្រុមហ៊ុន Metfone និង Cooltel មិន​អាច​ទាក់ទង​បាន​ទេ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ។

អ្នក​ស្រី​ Naly Pilorge បន្ថែម​ទៀត​ថា «យើង​មាន​ការ​ខឹង​សម្បារ​ដែល​ក្រុមហ៊ុន​ឯកជន​បាន​រាំង​ខ្ទប់​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន ប៉ុន្តែ​តម្រូវ​ឲ្យ​យើងបង់​សេវា​ពេញ​ថ្លៃ។ វា​ជា​ការ​មិន​ល្អ ទាំង​ចំពោះ​អាជីវកម្ម​និង​ចំពោះ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី ២៩ ខែ​កក្កដា នេះ ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​សហប្រជាជាតិ​និង​បស្ចិមប្រទេសថាមិន​មាន​ភាព​ត្រឹមត្រូវ​ នៅ​ក្រោយ​ពេល​តុលាការ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ បាន​រំលាយ​គណបក្ស​ប្រឆាំង​ចម្បង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បានរៀប​ចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល។ មេដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​បទក្បត់​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចាញ់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ដោយ​ចំនួន​តិចតួច​ប៉ុណ្ណោះ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​មេដឹកនាំ​ភាគ​ច្រើន​របស់​គណបក្ស​ប្រឆាំង​នេះ​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ធ្វើឲ្យ​ក្នុង​ការ​បោះឆ្នោត​នេះ មិន​មាន​គូប្រកួត​ខ្លាំង​ពិត​ប្រាកដ​សម្រាប់​គណបក្ស​លោក​ ហ៊ុន សែន។

អ្នក​គាំទ្រ​លោក​ ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​យ៉ាង​អធិកអធម។

ក្នុង​ចំណោម​គណបក្សតូចៗ​ទាំង​១៩ ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ មិន​មាន​គណបក្ស​ណា​មួយ​បាន​រិះគន់​ខ្លាំង​ក្លា​ចំពោះ​លោក​ ហ៊ុន សែន ឬ​ គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ គណបក្ស​តូចៗបាន​ទទួល​សំឡេង​ឆ្នោត​ជា​សរុបតិច​ជាង​៧ភាគរយ​កាល​ពី​ឆ្នាំ​២០១៣៕