ជាង១៤ភាគរយនៃប្រជាពលរដ្ឋហ្សីមបាវេ ដែលមានអាយុពី១៥ទៅ៤៩ឆ្នាំ ឆ្លងមេរោគនេះ។ នេះគឺជាអត្រាឆ្លងខ្ពស់ជាងគេបំផុតលំដាប់ទីប្រាំនៅលើពិភពលោក។
ប្រែសម្រួលដោយ ឌី ខាំបូលី
ក្រុមយុវជននៅប្រទេស ហ្សីមបាវេ (Zimbabwe) បានប្រាប់ក្រុមមន្រ្តីរដ្ឋាភិបាលរបស់ពួកគេថា ប្រទេសនេះអាចសម្រេចគោលដៅឆ្នាំ២០១៥របស់ខ្លួនស្តីអំពីអត្រាឆ្លងមេរោគអេជអាយវី (HIV) ក្នុងកម្រិតសូន្យបាន លុះត្រាតែពួកគេចូលរួមចំណែកក្នុងការបង្កើតគោលនយោបាយនោះដែរ។ សេបាស្ទៀន អ៊ឹមហូហ្វុ (Sebastian Mhofu) រាយការពីទីក្រុង ហារ៉ារី (Harare) ស្តីអំពីយុទ្ធសាស្រ្តថ្មីជាយថាហេតុនៅក្នុងប្រទេសមួយ ដែលមានអត្រាមេរោគអេជអាយវីនិងជំងឺអេដស៍ ខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។
ក្រុមយុវជនហ្សីមបាវេ បានទះដៃអបអរសាទ បន្ទាប់ពីបានប្រគល់ជូនការទាមទាររបស់ពួកគេ ទៅកាន់រដ្ឋាភិបាល នៅសប្តាហ៍នេះ នៅឯកិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តពិសេសមួយ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងមេរោគអេជអាយវីនិងជំងឺអេដស៍។
តំណាងយុវជនប្រហែលជា១០០នាក់ បានចូលរួមការប្រជុំនេះ ហើយបានអះអាងថា ការចូលរួមរបស់ពួកគេគឺជាគន្លឹះ។
យឺកៃ ម៉ុតាហ្សូ (Yeukai Mutazo) ដែលមានអាយុ២៣ឆ្នាំ មកពីបណ្តាញយុវជនស្តីអំពីសុខភាពបន្តពូជ អេជអាយវី និងអេដស៍ (Young People’s Network on Sexual Reproductive Health HIV/AIDS) ដែលបានរៀបចំកិច្ចប្រជុំនេះ។
«ខ្ញុំត្រូវតែគាំទ្រឲ្យមានការផ្លាស់ប្តូរក្នុងនាមជាយុវជនមួយរូប។ ទោះបីជាវាជាស្ថានភាពបន្ទាន់ថ្នាក់ជាតិក៏ដោយ បញ្ហាមេរោគអេជអាយវីនេះ ដែលយើងកំពុងតែនិយាយថា អ្វីៗគ្រប់យ៉ាងដើម្បីយុវជន។ ប្រសិនបើគ្មានយុវជនទេ វាជាប្រឆាំងនឹងយុវជន»។
យុវជន ម៉ុតាហ្សូ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងរស់នៅជាមួយមេរោគអេជអាយវី នៅហ្សីមបាវេ គឺជាក្រុមយុវជន។ ជាង១៤ភាគរយនៃប្រជាពលរដ្ឋហ្សីមបាវេ ដែលមានអាយុពី១៥ទៅ៤៩ឆ្នាំ ឆ្លងមេរោគនេះ។ នេះគឺជាអត្រាឆ្លងខ្ពស់ជាងគេបំផុតលំដាប់ទីប្រាំនៅលើពិភពលោក។
កាលពីឆ្នាំ១៩៩៩ ប្រទេសហ្សីមបាវេ បានក្លាយទៅជាប្រទេសដំបូងបំផុតនៅក្នុងទ្វីបអាហ្រ្វិក ដែលបានដាក់ចេញនូវពន្ធលើប្រាក់ខែចំនួន៣ភាគរយ ដើម្បីប្រមូលថវិការសម្រាប់ការព្យាបាលជំងឺអេដស៍និងកម្មវិធីទប់ស្កាត់ទាំងឡាយ។ ប៉ុន្តែ ក្រុមសកម្មជនបានត្អូញត្អែរថា ថវិការនោះមិនត្រូវបានផ្តល់ឱ្យកន្លែងដែលគួរត្រូវបានផ្តល់ឱ្យនោះទេ។ អ្នកជំងឺជាច្រើន នៅតែមិនទាន់អាចទទួលបានថ្នាំ ដែលចាំបាច់ដើម្បីពន្យាជីវិតដោយសារមេរោគនេះនៅឡើយ។
ក្រុមសកម្មជនគិតថា ពួកគេអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ លោកស្រី ម៉ាដេលីន ឌូប៊ី (Madeline Dube) នៃក្រុមប្រឹក្សាជាតិ ហ្សីមបាវេសម្រាប់ជំងឺអេដស៍ (Zimbabwe’s National AIDS Council) ថ្លែងថា លោកស្រីបានឮការអំពាវនាវរបស់ពួកគេឳ្យចាត់វិធានការ ហើយនឹងបញ្ចូលពួកគេនៅក្នុងក្រុមប្រឹក្សានេះផង ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ប្រទេស ដែលគ្មានការឆ្លងមេរោគអេជអាយវីថ្មីៗទៀត នៅក្នុងរយៈពេលតែបីឆ្នាំប៉ុណ្ណោះ។
«យើងបានសម្រេចថា ក្នុងនាមជាក្រុមប្រឹក្សាជាតិសម្រាប់ជំងឺអេដស៍ យើងគួរតែមានតំណាងនៅក្នុងអង្គការនេះ គឺអ្នកដែលសម្របសម្រួលការងាររបស់ក្រុមយុវជន ទាក់ទងនឹងបញ្ហាមេរោគអេជអាយវីនិងជំងឺអេដស៍។ ឥឡូវនេះ យើងមានបណ្តាញយុវជនស្តីអំពីសុខភាពបន្តពូជ អេជអាយវី និងអេដស៍»។
យុវជន ម៉ុតាហ្សូ និយាយថា ការអប់រំដ៏ប្រសើរជាងមុន នៅតាមសាលារៀនសាធារណៈ គឺជាផ្នែកមួយនៃរបៀបវារៈរបស់បណ្តាញយុវជន។
«អ្វីដែលយើងចង់បង្កើតឱ្យមានជាសម្លេង គឺជាបញ្ហានៃការអប់រំអំពីបញ្ហាផ្លូវភេទដ៏គ្រប់ជ្រុងជ្រោយ ដែលគួរត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលានៅប្រទេស ហ្សីមបាវេ។ ដូច្នេះ អ្វីដែលយើងត្រូវការនោះគឺថា ប្រជាពលរដ្ឋគួរដឹងអំពីសិទ្ធិផ្លូវភេទនិងការបន្តពូជរបស់ពួកគេ ព្រមទាំងសុខភាពរបស់ពួកគេផងដែរ។ ដូច្នេះ នៅពេលដែលពួកគេទទួលបានការបង្រៀននៅតាមសាលា ពួកគេនឹងមានការប្រយ័ត្នប្រយែង នៅពេលពួកគេធំពេញវ័យ។ ពួកគេនឹងត្រូវបានផ្តល់សិទ្ធិអំណាច ហើយនឹងដឹងថាតើត្រូវថែរក្សាសុខភាពរបស់ពួកគេយ៉ាងដូចម្តេច»។
តាទៀណា ស៊ូមីលីណា (Tatiana Shoumilina) ដែលដឹកនាំកម្មវិធីអេដស៍របស់អង្គការសហប្រជាជាតិនៅហ្សីមបាវេ យល់ស្របថា ការអប់រំយុវជនគឺមានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
ក្រុមយុវជនក៏ត្រូវការតំណាងបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាជាតិស្តីពីជំងឺអេដស៍ ដែលជាអង្គភាពអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល៕