ក្រុមសិទ្ធិមនុស្សត្រូវបានចោទថា បានព្យាយាមសូកប៉ាន់លោក អូប៊ើត ម្ផូហ្វូ (Obert Mpofu) រដ្ឋមន្ត្រីក្រសួងរ៉ែរបស់ប្រទេសហ្សីមបាវ៉េ។
លោកអូប៊ើត ផូហ្វូ បានអះអាងនៅក្នុងកាសែតសឺនដេម៉ែលសាន់ដេម៉េល(Sunday Mail) ដែលគាំទ្រគណបក្ស ZANU-PF នៅក្នុងទីក្រុងហារ៉ារី (Harare) ថា អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួនពីរគឺ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការភាពជាដៃគូរអាហ្វ្រិកកាណាដា Partnership Africa Canada បានព្យាយាម «សូកប៉ាន់» លោក នៅឯសន្និសីទស្តីពីលិខិតបញ្ជាក់ដំណើរការរបស់ឃឹមប៊ើលី (Kimberley Process Certification) នៅក្នុងទីក្រុងថែលឡាវីវ (Tel Aviv) ដើម្បី គាំទ្រការងាររបស់ពួកគេខាងផ្នែកហរិញ្ញវត្ថុ។ លិខិតបញ្ជាក់ដំណើរការរបស់ឃឹមប៊ើលី ជាដំណើរការចេញមកពីសេចក្ដីសំរេចរបស់អសប ដើម្បីបញ្ជាក់អំពីត្បូងពេជ្រមិនទាន់ឆ្នៃដែលបានមកពីប្រភពគ្មានការប្រយុទ្ធគ្នា។
លោក ផូហ្វូ ដែលជាសមាជិកកំពូលមួយរូបនៃគណបក្ស ZANU-PF របស់លោកប្រធានាធិបតី រ៉ូប៊ើត មូហ្កាបេ (Robert Mugabe) កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកដាក់បញ្ញាតិអន្ដរជាតិ ដែលជាដំណើរការរបស់ឃឹមប៊ើលី ដើម្បីឲ្យចេញលិខិតបញ្ជាក់អំពីឃ្លាំងត្បូងពេជ្ររបស់ខ្លួនសំរាប់ការនាំចេញ។
លោក ផូហ្វូ បានធ្វើការចោទប្រកាន់ពីរឿងសំណូកផ្តល់ឲ្យរូបលោក បន្ទាប់ពីការវិលត្រឡប់ទៅកាន់ប្រទេសហ្សីមបាវ៉េ មកពីសន្និសីទដំណើរការរបស់ឃឹមប៊ើលី នៅក្នុងទីក្រុងថែលឡាវីវ ដែលបានជាប់គាំង ទាក់ទងនឹងលិខិតបញ្ជាក់អំពីត្បូងពេជ្ររបស់ប្រទេសហ្សីមបាវ៉េ ដែលចេញមកពីតំបន់ម៉ារ៉ាង។
លោក អាឡាន ម៉ាទីន (Alan Martin) មកពីអង្គការភាពជាដៃគូរអាហ្វ្រិកកាណាដា (Partnership Africa Canada) បានបដិសេធនាថ្ងៃអាទិត្យនេះថា គ្មាន ការសូកប៉ាន់ណាមួយត្រូវបានធ្វើឡើងជូនលោកផូហ្វូនោះទេ។ លោក ម៉ាទីន មានប្រសាសន៍ថា ក្រុមសិទ្ធិពលរដ្ឋ ជំទាស់នឹងលិខិតបញ្ជាក់លើត្បូងពេជ្រ ចេញមកពីតំបន់ម៉ារ៉ាង ដោយសារតែពួកគេមិនបានគោរពតាមដំណើរការរបស់ឃឹមប៊ើលី ដែលព្យាយាមបញ្ឈប់ការលក់ អ្វីដែលគេហៅថា «ត្បូងពេជ្រប្រឡាក់ឈាម » នោះ។
លោកនិយាយថា លោក អាប៊ី ជីកាណេ (Abbey Chikane ) ជាជនជាតិអាហ្វ្រិកខាងត្បូង ហើយជាអ្នកត្រួតពិនិត្យមើលដំណើរការរបស់ឃឹមប៊ើលី បានត្រួសត្រាយផ្លូវសំរាប់ប្រទេសហ្សីមបាវ៉េក្នុងការនាំចេញត្បូងមិនទាន់ឆ្នៃមកពីតំបន់ម៉ារ៉ាង ហើយធ្វើមិនដឹងមិនឮចំពោះការរត់ពន្ធត្បូងពេជ្រមកពីប្រទេសហ្សីមបាវ៉េ។
ក្រុមសិទ្ធិមនុស្សទាំងឡាយ ដែលត្រួតពិនិត្យមើលត្បូងពេជ្រមកពីតំបន់ម៉ារ៉ាង និយាយថា ពួកគេមានការភ្ញាក់ផ្អើល នៅពេលដែលលោក ឆេម អ៊ីវិន ហ្សូហារ Chaim Even-Zohar ជាអ្នកវិភាគត្បូងពេជ្រជនជាតិអ៊ីស្រាអែលដ៏គួរឲ្យគោរព បានគាំទ្រកាលពីសប្តាហ៍មុន ចំពោះការប៉ុនប៉ង របស់ប្រទេសហ្សីមបាវ៉េ ចង់បានលិខិតបញ្ជាក់លើត្បូងពេជ្រ ដែលនឹងត្រូវបញ្ជាក់ដោយដំណើរការរបស់ឃឹមប៊ើលី។ លោក អ៊ីវិន ហ្សូហារ និយាយថា ប្រសិនបើត្បូងពេជ្ររបស់ប្រទេសហ្សីមបាវ៉េ មិនត្រូវបាននាំចេញដោយស្របច្បាប់ទេ ត្បូងពេជ្រទាំងនោះ នឹងត្រូវបានរត់ពន្ធចេញ ហើយនឹងធ្វើឲ្យខូចតម្លៃត្បូងពេជ្រនៅលើទីផ្សារអន្តរជាតិក្នុងអំឡុងពេលមានការធ្លាក់ចុះសេដ្ឋកិច្ចទូទាំងពិភពលោក។
លោកនិយាយថា ដំណើរការរបស់ឃឹមប៊ើលី មិនមែនជាអង្គការសិទ្ធិមនុស្សទេ ហើយដូចដែលលោកបានលើកឡើងគឺថា អាណត្តិនៃដំណើរការរបស់ឃឹមប៊ើលីនេះ ដែលសន្និដ្ឋានថា រដ្ឋាភិបាលមានអធិបតេយ្យភាព និងស្របច្បាប់ គឺ ដូចលោកនិយាយដែរថា ត្រឹមត្រូវហើយ។ លោកបានឲ្យដឹងទៀតថា ដំណើរការរបស់ឃឹមប៊ើលី មានតែយន្តការទប់ទល់ ដោះស្រាយជាមួយក្រុមឧទ្ទាមទាំងឡាយណាដែលប្រើត្បូងពេជ្រ ដើម្បីប្រឆាំង ឬបំផ្លាញរដ្ឋាភិបាលមានអធិបតេយ្យភាព។
លោកអ៊ីវិន ហ្សូហារ បាននិយាយថា ដំណើរការរបស់ឃឹមប៊ើលី គ្មានយន្តការទប់ទល់ដោះស្រាយជាមួយប្រទេសណាមួយដូចជាប្រទេសហ្សីមបាវ៉េ នេះទេ ដែលនោះជាអ្វីដែលហៅលោកថាជា «តួអង្គទុច្ចរិត» ខ្លួនឯង។
លោក ចូណាថាន អូផេនហេមើ (Jonathan Oppenheimer) ជានាយកប្រតិបតិ្តនៃក្រុមត្បូងពេជ្រ ដេបៀរ (De Beers) បាននិយាយកាលពីថ្ងៃអាទិត្យថា មានការ «ព្រួយបារម្ភ» អំពីរឿងជីករ៉ែត្បូងពេជ្រ ដែលកំពុងរុករកនៅក្នុងប្រទេសហ្សីមបាវ៉េ ប៉ុន្តែគ្មាន «ជម្លោះត្បូងពេជ្រប្រឡាក់ឈាម» នោះទេ ហើយមានរដ្ឋាភិបាលស្របច្បាប់មួយ ដែលមានស្រាប់ហើយ ក្នុងទីក្រុងហារ៉ារី។ លោកបានឲ្យដឹងទៀតថា អាស្រ័យហេតុនេះ ដំណើរការរបស់ឃឹមប៊ើលី ស្ថិតក្នុងជំហរមួយដ៏លំបាក។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អះអាងថា ការយាយីកំពុងបន្តកើតមាននៅក្នុងតំបន់ម៉ារ៉ាង ហើយថាអ្នករុករករ៉ែគ្មានវិជ្ជាជីវ: មួយចំនួនត្រូវបានបង្ខំឲ្យប្រគល់ត្បូងមិនទាន់ឆ្នៃ ដែលពួកគេរកបាន ទៅឲ្យសមាជិកនៃកងទ័ពរបស់លោកមូហ្កាបេ។ របាយការណ៍ថ្មីៗរបស់ខ្លួនបង្ហាញថា បន្ទាប់មកត្បូងទាំងអស់នោះ ត្រូវបានដាក់លក់នៅតាមទីផ្សារងងឹត។
ក្រុមសិទ្ធិពលរដ្ឋនិយាយថា អ្នករុករករ៉ែជាច្រើន ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខរបស់លោកមូហ្កាបេនៅកន្លែងរកត្បូងពេជ្រតំបន់ម៉ារ៉ាង៕
ប្រែសម្រួលដោយ លី សុខឃាង