ប្រជាជនស៊ីមបាវ៉េរាប់ពាន់នាក់ ដែលបានផ្លាស់ទីលំនៅដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៣នោះ នៅមិនទាន់វិញត្រឡប់ទៅការរស់នៅប្រក្រតីរបស់គេវិញទេ។ គណៈកម្មការសិទ្ធិមនុស្សនៃប្រទេសនេះ សារភាពថា ស្ថានភាពនៃការផ្លាស់លំនៅនេះគឺមិនល្អទេ ប៉ុន្តែបានបន្តថា រដ្ឋាភិបាលស៊ីមបាវ៉េគ្មានថវិកាក្នុងការផ្គត់ផ្គង់ប្រជាជនទាំងនេះទេ។
នេះជាប្រជាជនដែលបានផ្លាស់ជម្រក នៅជំរុំបណ្តោះអាសន្ន Chingwizi ដែលស្ថិតនៅទិសត្បូងនៃក្រុងហារ៉ារ៉េ (Harare) ចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ។ ពួកគេ ត្រូវបានគេបង្ខំឲ្យជម្លៀសភូមិពួកគេ នៅពេលដែលទំនប់ទឹកនៅក្បែរនោះបានបាក់ និងបានបំផ្លិចបំផ្លាញទីលំនៅរបស់ពួកគេនៅខែកុម្ភៈ ឆ្នាំ២០១៣។
ក្រោយពីបានធ្វើទស្សនកិច្ចនៅជំរុំកាលពីខែសីហា ឆ្នាំ២០១៤ គណៈកម្មការសិទ្ធិមនុស្សនៃប្រទេសស៊ីមបាវ៉េ បានចោទសួរទៅរដ្ឋាភិបាលអំពីស្ថានភាពរស់នៅនៅទីនោះ។ គណៈកម្មការបាននិយាយថា ប្រជាជនទាំងនេះគួរតែផ្លាស់ទីលំនៅទៅកាន់ទីកន្លែងដែលពួកគេអាចរស់នៅដោយសមរម្យ។ ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការផ្លាស់ប្តូរមានតិចណាស់ចាប់តាំងពីការផ្លាស់ប្តូរទីលំនៅនោះមក។
«យើងឈរនៅលើជំហរនៃការណែនាំរបស់ពួកយើង៖ ដំណោះស្រាយល្អបំផុតសម្រាប់ប្រជាជនទាំងនេះ គឺផ្លាស់ទីលំនៅទៅកន្លែងផ្សេង។ នេះជាបញ្ហាជាតិ។ ទោះបីជានៅទីនេះ យើងគ្មានធនធានគ្រប់គ្រាន់ដើម្បីបំពេញនូវកាតព្វកិច្ចរបស់ពួកយើងដ៏ដោយ ប៉ុន្តែដើម្បីបំពេញកាតព្វកិច្ចទៅតាមសិទ្ធិសង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលត្រូវតែបែបនេះ ដើម្បីមានវឌ្ឍនភាព ឲ្យស្របតាមរដ្ឋធម្មនុញ្ញ។ នៅពេលដែលពួកគេនិយាយពីវឌ្ឍនភាព ពួកគេសំដៅដល់ធនធានដែលមានស្រាប់។ រដ្ឋាភិបាលនៅតែមានបំណងផ្លាស់ទីលំនៅឲ្យប្រជាជនទាំងនេះ។ ពួកគេកំពុងតែស្វែងរកធនធានចាំបាច់ដើម្បីធ្វើការទាំងនោះ»។
ប៉ុន្តែកម្មវិធីគាំពារសង្គមរបស់ប្រទេសស៊ីមបាវ៉េបានបរាជ័យ។ រដ្ឋាភិបាលរបស់ លោកប្រធានាធិបតី Robert Mugabe កំពុងតែស្វែងរកថវិកា ហើយរដ្ឋាភិបាលនេះបានពឹងផ្អែកលើអង្គការអន្តរជាតិ និងរដ្ឋាភិបាលលោកខាងលិចជាជំនួយមនុស្សធម៌។ រដ្ឋាភិបាលប្រទេសជប៉ុនបានផ្តល់ថវិកា១លានដុល្លារទៅអង្គការ UNICEF ដើម្បី កាត់បន្ថយហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជំងឺរាគរួស និងការរំលោភបំពានផ្លូវភេទក្នុងចំណោមកុមារ និងស្រ្តីក្នុងជំរុំ Chingwizi។
អ្នកស្នាក់នៅជំរុំម្នាក់ អ្នកស្រី Stellah Manharwe និយាយថា ស្ថានភាពមានភាពប្រសើរឡើងហើយ ប៉ុន្តែនៅតែមានបញ្ហាច្រើនទៀតដែលត្រូវតែដោះស្រាយ។
អ្នកស្រីនិយាយថា ការរស់នៅមានសភាពល្អជាងមុន ជាពិសេសសម្រាប់ស្រ្តី និងកុមារ។ ប៉ុន្តែអ្នកស្រីបន្ថែមថា កុមារខ្លះនៅតែត្រូវបានរារាំងពីការទៅសាលាដោយសារតែចម្ងាយផ្លូវដូចជាការធ្វើដំណើរថ្មើរជើងក្នុងចម្ងាយ១៥គីឡូម៉ែត្រ។ អ្នកស្រីបន្តទៀតថា ជំងឺដែលបង្កឡើងដោយទឹក ដូចជាជំងឺរាគបានថយចុះគួរឲ្យកត់សម្គាល់ ហើយអ្នកស្នាក់នៅជំរុំមានការដឹងគុណចំពោះប្រទេសជប៉ុន និងអង្គការ UNICEF។ Tawanda Zimhunga ដែលមន្រ្តីការពារសិទ្ធិកុមារប្រចាំខេត្ត Masvingo និយាយថា ស្ថានភាពនៅក្នុងជំរុំនៅតែអាក្រក់សម្រាប់ស្ត្រី និងកុមារ។
«ជាទូទៅ ការរំលោភបំពានផ្លូវភេទទៅលើកុមារ និងការរៀបការនៅវ័យក្មេងមានការកើនឡើង ហើយបញ្ហាមិនអើពើចំពោះអំពើហិង្សាលើកុមារក៏កើនឡើងនៅក្នុងសហគមន៍ទាំងនេះ។ ករណីខ្លះនៃអាពាហ៍ពិពាហ៍ក្នុងវ័យក្មេងកើតឡើងដោយសារភាពក្រីក្រ ហើយកុមារខ្លះបោះបង់ការសិក្សានៅអាយុ១៥ និង១៦ឆ្នាំ ដោយមានជនឆ្លៀតឱកាសខ្លះនិយាយថា ក្មេងទាំងនេះគ្មានអ្វីធ្វើទៀតទេ ដូចនេះឲ្យពួកគេរៀបការទៅ»។
លោក Mugwadi ត្រូវបានចាត់តាំងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ដោយលោកប្រធានាធិបតី Mugabe នៅឆ្នាំ២០១៣។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដើម្បីធានាថាប្រជាជនស៊ីមបាវ៉េគ្រប់រូបនឹងទទួលបានសិទ្ធិដែលចែងក្នុងរដ្ឋធម្មនុញ្ញ រួមទាំងសិទ្ធិទទួលបានលំនៅសមរម្យ ការថែទាំសុខភាព និងការប្រើប្រាស់ទឹកស្អាត។
ប៉ុន្តែ២ឆ្នាំក្រោយពីមានទឹកជំនន់ Tokwe Murkosi អ្នកភូមិដែលស្នាក់នៅជំរុំ Chingwizi មិនបានទទួលបានសិទ្ធិទាំងនេះទេ ហើយក៏គ្មានសញ្ញាថាពេលណាទើបពួកគេអាចទទួលបានដែរ៕
ប្រែសម្រួលដោយ វិញ សុជាតា