អ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថាកងទ័ពរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែននៅពេលយប់ដោយប្រើកាំជ្រួចមីស៊ីលនាំផ្លូវ៣គ្រាប់និងដ្រូនប្រភេទ Shahed៤ គ្រឿង។
កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ពីការបំផ្លាញដ្រូនទាំង៤គ្រឿង ដោយការបាញ់ទាក់ស្កាត់ដែលធ្វើឡើងនៅតំបន់ Khmelnytskyi, Zhytomyr, Kirovohradនិង Cherkasy។
លោកAndriy Raykovychអភិបាលតំបន់ Kirovohradបាននិយាយថាមានការឆេះដ៏តូចមួយដោយសារការវាយប្រហារនេះ ក៏ប៉ុន្តែបានរាយការណ៍ថាមិនមានមនុស្សរងរបួសទេ។
កងទ័ពអាកាសបាននិយាយថាកាំជ្រួចមីស៊ីលបានដៅការវាយប្រហារតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ មិនមានសេចក្តីរាយការណ៍ភ្លាមៗពីការខូចខាតទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyកាលពីថ្ងៃអង្គារម្សិលមិញបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយឱ្យក្លាយជាច្បាប់ដែលបញ្ចុះអាយុបម្រើយោធាពី២៧ឆ្នាំទៅ២៥ឆ្នាំ។
សេចក្តីព្រាងច្បាប់នោះបង្កើនចំនួនជនស៊ីវិលក្នុងកងទ័ពអ៊ុយក្រែនដែលអាចធ្វើការប្រយុទ្ធ ជាអ្វីដែលយោធាបានសុំឱ្យរដ្ឋាភិបាលធ្វើជាច្រើនខែមកហើយ។
សេចក្តីព្រាងច្បាប់នោះកើតមានឡើងនៅពេលដែលអ៊ុយក្រែនដោះស្រាយការបាត់ បង់យោធានៅក្នុងរយៈពេលជាង២ឆ្នាំមកនេះក្រោយពីការឈ្លានពានដោយរុស្ស៊ី។
លោកZelenskyy បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ជិតមួយឆ្នាំ បន្ទាប់ពីសេចក្តីព្រាងច្បាប់នោះត្រូវបានអនុម័តដោយសភាអ៊ុយក្រែនមក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិង Reuters