លោក​ Zelensky បញ្ជាក់​ពី​ហានិភ័យ​នៃ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន​ដែល​រុស្ស៊ី​កាន់កាប់​នៅ​ចំ​​ខួប​មហន្តរាយ​​នៃ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl

រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy ចូលរួម​សន្និសីទសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​កៀវattends a news conference in Kyiv

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelensky បាន​ព្រមាននៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការដណ្តើម​គ្រប់គ្រងលើ​រោងចក្រ​អគ្គីសនី​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយដោយរុស្ស៊ីបាន​គំរាមកំហែងពី​មហន្តរាយ​នៃវិទ្យុសកម្ម​ខណៈ​ដែល​អ៊ុយក្រែន​កត់​សម្គាល់ខួប​នៃ​គ្រោះ​មហន្តរាយ​រោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបាន​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៦។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP ។

កងយោធា​រុស្ស៊ី​បាន​ដណ្តើម​គ្រប់គ្រង​រោងចក្រ​អគ្គីសនីនុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគខាងត្បូងប្រទេស​អ៊ុយក្រែនក្នុង​ថ្ងៃ​ដំបូង​ៗ​នៃ​ការចូល​ឈ្លានពាន​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២២។

ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពីការ​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​សុវត្ថិ ភាព​នៅ​ទីតាំង​រោងចក្រ​នេះ​ ដែល​ជា​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​មួយ ក្នុង​ទ្វីប​អឺរ៉ុប។

លោក Zelensky បាន​និយាយលើ​បណ្តាញ​សង្គម​ថា​«អស់​រយៈពេល៧៨៥ថ្ងៃ​ហើយ ​ដែល​ក្រុម​ភេរវករ​រុស្ស៊ី​បានកាន់កាប់​រោងចក្រ Zaporizhzhia នេះ​ធ្វើ​ជា​ចំណាប់​ខ្មាំង»។

លោក​បន្ថែម​ទៀត​ថា​ «វា​ជា​ការទទួល​ខុសត្រូវរបស់​ពិភពលោក​ទាំង​មូលក្នុង​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ ដើម្បី​ធានា​ថារោងចក្រ​នេះត្រូវបាន​រំដោះ​និង​ប្រគល់ឱ្យ​អ៊ុយក្រែន​គ្រប់ គ្រង​ទាំង​ស្រុង​ឡើង​វិញ​ ក៏​ដូច​ជា​ទីតាំង​នុយក្លេអ៊ែរ​ទាំង​អស់​របស់​អ៊ុយក្រែន​ត្រូវ​មាន​ការការពារពី​ការវាយប្រហារ​របស់​រុស្ស៊ី​ផង​ដែរ»។

លោក​និយាយទៀត​ថា​ «នេះ​ជា​ផ្លូវ​តែ​មួយ​គត់ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​មហន្តរាយ​បែក ធ្លាយ​វិទ្យុសកម្មថ្មី​មួយ​ ​ដែល​រុស្ស៊ីជា​អ្នក​គ្រប់គ្រង​នៅ​ទី​នោះ​តែង​តែ​ធ្វើ​ការ​គំរាមកំហែង​ជា​ប្រចាំ»៕