នៅមុនការទទួលមរណភាព លោកស្រី Zaha Hadid បានប្រាប់ពលរដ្ឋខ្មែរដែលកំពុងធ្វើការកសាងប្រទេសកម្ពុជាពីសោកនាដកម្មសង្គ្រាមថា លោកស្រីមានក្តីប្រាថ្នាផ្តល់ឲ្យរាជធានីភ្នំពេញនូវប្លង់មេស្ថាបត្យកម្មមួយ សម្រាប់ការរចនារាជធានីនេះឡើងវិញ។
ពុំមានមនុស្សច្រើននៅក្នុងប្រទេសកម្ពុជាបានដឹងពីក្តីប្រាថ្នាដ៏ស្ងាត់ស្ងៀមរបស់ស្ថាបត្យករដ៏ល្បីល្បាញរូបនេះ ចំពោះរាជធានីដ៏ចំណាស់របស់កម្ពុជានោះទេ។
សេចក្តីប្រាថ្នានៃការចូលរួមចំណែករបស់លោកស្រី សម្រាប់រចនាប្លង់មេឲ្យរាជធានីភ្នំពេញដែលមានទំហំ ៦៧៨គីឡូម៉ែត្រក្រឡា កើតមានឡើងនៅពេលក្រុមការងាររបស់លោកស្រីផ្តើមធ្វើការងារគូសប្លង់ស្ថាបត្យកម្មសម្រាប់កសាងវិទ្យាស្ថានមួយ ដែលនឹងផ្តល់ការអប់រំទាក់ទិនអំពើប្រល័យពូជសាសន៍ ជម្លោះ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ប្រាប់ VOA ថា លោកស្រី Zaha Hadid បានបង្ហាញមនោសញ្ចេតនាស្រឡាញ់រាជធានីភ្នំពេញយ៉ាងជ្រាលជ្រៅ ដោយលោកស្រីបានឲ្យដឹងពីគំនិតនិងចក្ខុវិស័យរបស់លោកស្រី ក្នុងការបង្កើតប្លង់មេជាក់លាក់មួយ សម្រាប់រៀបចំរាជធានីនេះឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ និងសម្រួលដល់ការរស់នៅរបស់ប្រជាជនប្រកបដោយផាសុខភាព។
លោកនិយាយថា៖ «គាត់គិតថា សំខាន់ទីក្រុងមួយត្រូវមាន master plan ឲ្យជាក់លាក់ ហើយដែលអាចធ្វើទៅបានជាជាងការស្រមើស្រម៉ៃ ជាជាងការដែលមិនមានប្លង់មេ ឬក៏ប្លង់មេតូចមិនគ្រប់គ្រាន់ ឬក៏ប្លង់មេធំ ដែលវាជាការស្រមើស្រម៉ៃ អញ្ចឹងគាត់ចង់ធ្វើប្លង់អីមួយដែលមានការជាក់ស្តែង ដែលអាចធ្វើបាន»។
លោកបានពន្យល់បន្ថែម ពីគំនិតរបស់លោកស្រី Zaha Hadid ថា លោកស្រីចង់យកចំណុចប្រសព្វទន្លេមេគង្គនិងទន្លេសាប មកធ្វើជាចំណុចតុល្យភាពសម្រាប់ការរចនារាជធានីភ្នំពេញ។ លោកថា ការកំណត់បែបនេះ ជាវិធីនៃការរក្សាទុកប្រវត្តិសាស្ត្រហើយបង្កើនការអភិវឌ្ឍនៅក្នុងរាជធានី។
លោកស្រី Zaha Hadid ដែលកាន់សញ្ជាតិអង់គ្លេសផងនោះ ពិតជាមានបំណងរៀបប្លង់ស្ថាបត្យកម្មសម្រាប់រចនារាជធានីភ្នំពេញឡើងវិញ ពីព្រោះលោកស្រីបានស្នើសុំការអនុញ្ញាតពីលោក ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា។
យោងទៅតាមលិខិតឆ្លើយតបទៅកាន់សំណើរបស់លោកស្រី Zaha Hadid ដែលធ្វើឡើងដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ និងផើ្ញជូនលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យលោកស្រីធ្វើរាល់កិច្ចការទាំងឡាយជាមួយសាលារាជធានីភ្នំពេញ។ លិខិតនេះត្រូវបានបញ្ជាក់ដោយ លោក រស់ សាលីន អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។
លោក ឆាំង យុ មានប្រសាសន៍ថា អ្នកស្រី Zaha Hadid ពុំបានស្វែងរកប្រាក់ចំណេញពីការគូសប្លង់មេជូនរាជធានីភ្នំពេញនោះឡើយ ហើយការសម្រេចចូលរួមចំណែកក្នុងការរចនារាជធានីភ្នំពេញឡើងវិញរបស់លោកស្រីនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តតែប៉ុណ្ណោះ។
«ដោយសារថា រដ្ឋាភិបាលយើងមិនមានថវិកាសម្រាប់ចំណាយ គឺគាត់ធ្វើដោយខ្លួនឯង ហើយអញ្ចឹង គឺក្នុងនៅក្នុងជំហរមួយ គាត់ថាចាំបានឲ្យសព្វគ្រប់នឹងដាក់ជូន ទោះបីនៅក្នុងលក្ខខណ្ឌណាមួយរដ្ឋាភិបាលមានដៃគូផ្សេង ឬក៏រដ្ឋាភិបាលដើរទៅផ្លូវណាមួយក៏ដោយ គាត់គិតថា មិនទាន់ហួសពេលពីព្រោះគម្រោងនេះធ្វើរហូតសម្រាប់ដល់ឆ្នាំ ២០៥០ អញ្ចឹងនៅក្នុងគំនិតរបស់គាត់ គឺច្នៃទីក្រុងនេះឲ្យវាល្អបំផុត ហើយជូនដល់រដ្ឋាភិបាលកម្ពុជា»។
មានដើមកំណើតនៅប្រទេសអ៊ីរ៉ាក់ លោកស្រី Zaha Hadid បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតស្ងប់ស្ញែងអំពីស្នាដៃដ៏វិចិត្ររបស់លោកស្រី នៅក្នុងការគូសប្លង់ស្ថាបត្យកម្មក្នុងទម្រង់កោងសម្រាប់ការកសាងអគារបែបទំនើប។ គម្រោងជួយគូសប្លង់មេស្ថាបត្យកម្មសម្រាប់រាជធានីភ្នំពេញរបស់លោកស្រី គឺស្ថិតនៅក្នុងគម្រោងជាច្រើនដែលក្រុមហ៊ុនលោកស្រី Zaha Hadid កំពុងធ្វើនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។
ក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects បានឲ្យដឹងថា ខ្លួនបានធ្វើការលើគម្រោងចំនួន៩៥០ គម្រោង នៅក្នុងប្រទេសចំនួន៤៤។ ស្នាដៃស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid ដែលមានភាពស្មុគស្មាញ បានលេចចេញជារូបរាងនៅក្នុងប្រទេសតូចធំនៅក្នុងពិភពលោក។
ស្នាដៃទាំងនោះ រួមមាន ស្ថានីយពន្លត់អគ្គីភ័យ Vitra Fire Station នៅប្រទេសអាល្លឺម៉ង់ មជ្ឈមណ្ឌលសិល្បៈសហសម័យនៅសហរដ្ឋអាមេរិក សារមន្ទីរសិល្បៈ Maxxi នៅប្រទេសអ៊ីតាលីមជ្ឈមណ្ឌលកីឡាហែលទឹកនៅប្រទេសអង់គ្លេស សាលសិល្បៈនៅប្រទេសចិន និងអគារមជ្ឈមណ្ឌលល្បីផ្សេងជាច្រើនទៀតនៅលើពិភពលោក។
កម្រងរូបភាពនៃស្នាដៃស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid
នៅប្រទេសកម្ពុជា លោកស្រី Zaha Hadid បានស្ម័គ្រចិត្តគូសប្លង់ស្ថាបត្យកម្មជូនដល់វិទ្យាស្ថានស្លឹករឹត ជាកន្លែងរក្សាទុកឯកសារនានាពាក់ព័ន្ធជាមួយនឹងរបបខ្មែរក្រហមសម្រាប់ការសិក្សាស្រាវជ្រាវ។
យោងតាមឯកសារនិយាយអំពីចក្ខុវិស័យរាជធានីភ្នំពេញឆ្នាំ ២០៥០ ក្រុមស្ថាបត្យករនៃក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects បានបញ្ជាក់ថា៖ «ជាមួយនឹងការជួយជ្រោមជ្រែងពីអ្នកជំនាញពិគ្រោះយោបល់របស់យើង យើងចាប់ផ្ដើមបង្កើតគោលគំនិតសម្រាប់ការបង្កើតថ្មីដែលអាចត្រូវការ និងការរៀបចំរចនាសម្ព័ន្ធថ្មី ចលនា ទិដ្ឋភាព និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ បន្ទាប់មក យើងអាចចាប់ផ្ដើម បង្កើតធាតុផ្សំនានា ដែលអាចធ្វើឲ្យចក្ខុវិស័យទៅថ្ងៃអនាគតលេចចេញជារូបរាង។ យើងមានបំណងអនុវត្តដំណើរការស្រដៀងគ្នានេះ សម្រាប់រាជធានីភ្នំពេញ»។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំថ្លែងថា ក្រុមការងាររបស់លោកស្រីបានចាប់ផ្តើមធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីឆ្នាំ២០១៤ នៅក្នុងកិច្ចការគូសប្លង់ស្ថាបត្យកម្មសម្រាប់កសាងវិទ្យាស្ថានស្លឹករឹត។ ចាប់ពីពេលនោះមក ក្រុមការងារលោកស្រី ក៏បានផ្ដើមធ្វើកិច្ចការលើប្លង់ស្ថាបត្យកម្ម បន្ថែមលើប្លង់ដែលសាលារាជធានីភ្នំពេញបានប្រើប្រាស់។
«ខាងក្រុមការងាររបស់លោកស្រី Za នេះ បានធ្វើការជាមួយក្រសួងដែនដី នគររូបនីយកម្ម ជាមួយនឹងសាលារាជធានីភ្នំពេញ ហើយនិងធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡាដែរ និងការផ្សារភ្ជាប់ជាមួយ data ថ្មី ក៏បានរៀបចំជាមួយនិងដែរ ប៉ុន្តែវឌ្ឍនភាពការងារយ៉ាងណានោះ គឺយើងមិនទាន់លម្អិតនៅឡើយទេ»។
លោកបានទទួលស្គាល់ថា ក្រុមការងាររបស់អ្នកស្រី Zaha Hadid មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចបង្កើតឡើងនូវប្លង់មេថ្មីមួយ សម្រាប់ជួយរចនារាជធានីភ្នំពេញឡើងវិញ។
យ៉ាងណាក៏ដោយ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រាប់ VOA នៅកាលពីសៅរ៍សប្តាហ៍មុននេះថា ក្រុមការងាររបស់លោកស្រី Zaha Hadid ពុំទាន់បានមកធ្វើការជាមួយក្រុមមន្ត្រីនៃសាលារាជធានីភ្នំពេញនោះទេ។
លោកបានបញ្ជាក់ថា មានការជជែកពិភាក្សារវាងក្រុមការងាររបស់លោកស្រី Zaha Hadid និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អំពីកិច្ចការនគររូបនីយកម្មនៃរាជធានីភ្នំពេញ ក៏ប៉ុន្តែក្រុមការងារជាក់លាក់មួយមិនទាន់ត្រូវបានបង្កើតឡើងនោះទេ។
«តាមពិតទៅគាត់គ្រាន់តែមានគម្រោងរបស់គាត់ហ្នឹង ចង់សិក្សាអំពី ជួយការងារនៅក្នុងនគររូបនីយកម្មទីក្រុង ដូចធ្វើជា គេហៅថា អ្នកសិក្សាជួយក្នុងការរៀបចំ Master Plan របស់យើង ន័យប៉ុណ្ណឹង ការជជែកគ្នាកន្លងមកបានប៉ុណ្ណឹង»។
នៅពេល VOA សួរលោកថា តើក្រុមការងារនេះអាចនឹងជួយសម្រួលដល់ការរៀបចំប្លង់មេសម្រាប់សាលារាជធានីភ្នំពេញប្រើប្រាស់បានដែរឬទេ លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា ក្រុមការងារនោះពិតជាមានសមត្ថភាព។ ក៏ប៉ុន្តែ លោកមិនប្រាកដថា មន្ត្រីសាលារាជធានីភ្នំពេញអាចនឹង សហការជាមួយក្រុមការងាររបស់លោកស្រី Zaha Hadid បន្តទៀតឬយ៉ាងណានោះឡើយ។
រាជធានីភ្នំពេញ ស្ថិតនៅក្នុងតំបន់ខាងត្បូង-កណ្តាលនៃប្រទេសកម្ពុជា និងនៅចំណុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ រហូតមកដល់ពេលនេះមានប្រជាជនប្រមាណជិត៣លាននាក់កំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងទៅតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញ។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោត ដែលជាស្ថាប័នសង្គមស៊ីវិល តាមដានការអភិវឌ្ឍរាជធានី និងការពារសិទ្ធិលំនៅឋានរបស់ពលរដ្ឋខ្មែរ បានប្រាប់ VOA ថា ការអនុវត្តប្លង់មេចាស់របស់រដ្ឋាភិបាលបានធ្វើឲ្យអ្នករស់នៅរាជធានីភ្នំពេញជាច្រើនរងនូវក្តីទុក្ខសោក ដោយការអភិវឌ្ឍថ្មីៗ។
លោកថា ការរៀបចំប្លង់ស្ថាបត្យកម្មថ្មីដែលជាប្លង់មេ សម្រាប់រៀបចំរាជធានីភ្នំពេញឡើងវិញនេះ គឺជាធាតុសំខាន់ដែលអាចកាត់បន្ថយការប្រឈម ហានិភ័យ និងផលប៉ះពាល់ដែលអាចបង្កឡើងដោយការអនុវត្តគម្រោងសាងសង់នានា។
«អញ្ចឹងខ្ញុំគាំទ្រ គាំទ្រឲ្យមានការរៀបចំប្លង់ឡើងវិញ ឲ្យបានល្អ ព្រោះថាកន្លងមកនេះ ឃើញថា មានផលប៉ះពាល់មែនទែន កន្លែងខ្លះក៏ធ្វើអគារខ្ពស់ កន្លែងខ្លះក៏ទាប កន្លែងខ្លះចាក់ដីខ្ពស់ កន្លែងខ្លះក៏លេចទឹក ហើយមានសភាពស្មុគស្មាញណាស់ ទីក្រុងភ្នំពេញរាល់ថ្ងៃនេះបាទ»។
ការអភិវឌ្ឍទីក្រុងរណបទំនើបមួយនៅតំបន់បឹងកក់ដោយក្រុមហ៊ុន Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឈានទៅដល់ការលុបបឹងប្រវត្តិសាស្ត្រមួយ ដែលមានការជាប់ទាក់ទងនឹងដើមកំណើតនិងអត្តសញ្ញាណរបស់រាជធានីភ្នំពេញ។
ការលុបបឹងប្រវត្តិសាស្ត្រនេះ បានតម្រូវឱ្យប្រជាជនក្នុងសហគមន៍ក្រីក្រ ប្រមាណ៤ពាន់គ្រួសារ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅជាមួយនឹងការផ្ដល់សំណងដែលរងការរិះគន់ថាមិនសមរម្យ។
លោក អ៊ី សារ៉ុម អ្នកការពារសិទ្ធិលំនៅឋានឲ្យដឹងបន្ថែមថា ដើម្បីបញ្ចៀសវិបត្តិលំនៅឋាននេះ និងវិបត្តិសង្គមផ្សេងទៀត រាជធានីភ្នំពេញចាំបាច់ត្រូវបង្កើតឲ្យមានប្លង់មេថ្មីមួយ ដែលមានការចូលរួមជាសាធារណៈ បើទោះជាមានក្រុមការងារណាមួយមកផ្ដល់ជាជំនួយក៏ដោយ។
លោកថា ការបង្កើតប្លង់មេដែលមានការចូលរួមផ្ដល់យោបល់ពីមហាជន នឹងមានតម្លាភាព ហើយអាចកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចដល់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ លោកស្រី Zaha Hadid នឹងពុំអាចដឹងឮបានទៀតឡើយអំពីបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ ដែលកំពុងឃើញល្បឿនដ៏លឿននៃការសាងសង់អគារខ្ពស់ៗ ពីព្រោះតែលោកស្រីបានទទួលមរណភាពទៅហើយ។
ប៉ុន្តែលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបញ្ជាក់ថា ក្រុមការងារលោកស្រី Zaha Hadid នឹងបន្តការងារជួយរៀបចំប្លង់មេឲ្យសាលារាជធានីភ្នំពេញប្រើប្រាស់ បើទោះណាជាកិច្ចការងារនោះនឹងអាចមិនបានល្អដូចកាលលោកស្រីនៅមានជីវិតក្តី។
លោកនិយាយថា កម្ពុជាបានបាត់បង់នូវមិត្តដ៏ល្អ និងកម្ររកបានម្នាក់។
«យើងបានបាត់បង់មិត្តដ៏ល្អម្នាក់ ពីព្រោះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលគាត់ធ្វើឡើងពីបេះដូង។ ធ្វើពីបេះដូង ហើយមិនដែលសម្លឹងទៅមើលផលប្រយោជន៍ ឬកម្រៃក្នុងការងាររបស់គាត់ ដូចជាវិទ្យាស្ថានស្លឹករឹតដែរ គាត់ធ្វើចេញពីបេះដូងរបស់គាត់។ គាត់ស្រឡាញ់ គាត់មានកាតព្វកិច្ចចំពោះមនុស្សជាតិ។ ដោយសារប្រទេសយើងឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយប្រទេសអ៊ីរ៉ាក់ដែលជាស្រុកកំណើតរបស់គាត់ ក៏ឆ្លងកាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរ។ អញ្ចឹងយើងបានបាត់បង់មិត្តភ័ក្ដិ ដ៏កម្រមួយនៅក្នុងពិភពលោក»។
លោក ឆាំង យុ ឲ្យដឹងបន្ថែមថា ភាពមមាញឹកក្នុងជីវិតជាសាបត្យកររបស់លោកស្រី Zaha Hadid ក៏បានធ្វើឲ្យលោកស្រីខកខានមិនបានជាន់ទឹកដីកម្ពុជា តាំងពីឆ្នាំ ២០១៤ រហូតមកដល់ការទទួលមរណភាពរបស់លោកស្រី។
លោស្រី Zaha Hadid បានទទួលមរណភាពក្នុងវ័យ ៦៥ ឆ្នាំដោយជំងឺគាំងបេះដូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕