លោក ឆ័យ ការណូ ដឹងច្បាស់ថាលោកចង់ក្លាយជាស្ថាបត្យករតាំងពីពេលដែលលោកនៅរៀនថ្នាក់ទី១០ម្ល៉េះ ដោយសារលោកមានការជំរុញទឹកចិត្តពីសាច់ញាតិរបស់លោកផ្ទាល់ ដែលជាវិស្វករនិងស្ថាបត្យករដ៏ល្បីល្បាញដូចជាលោក វណ្ណ ម៉ូលីវណ្ណ ជាដើម។
ក្រោយពីចាប់យកការសិក្សាជំនាញស្ថាបត្យកម្មនេះនៅក្នុងប្រទេសកម្ពុជា និងក្រោយមកបានបញ្ចប់ការសិក្សាជំនាញនេះថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ ឈៀង ម៉ៃនៅប្រទេសថៃទៀតនោះ ទីបំផុតលោក ក៏បានក្លាយជាស្ថាបត្យករម្នាក់ ដូចក្តីសុបិនរបស់លោក។
ដោយបានក្លាយជាសាស្ត្រាចារ្យខាងស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងនោះ លោក ឆ័យ ការណូ វ័យ៣៨ឆ្នាំ បានគូសប្លង់អគារជាច្រើនដូចជារមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ សាលារៀន ផ្ទះនិងវិមានផ្សេងទៀតជាដើម។
បច្ចុប្បន្ន ក្រៅពីការបង្រៀន លោកក៏កំពុងគូសប្លង់សម្រាប់សាលាភាសាអន្តរជាតិWestern Interntional និងសណ្ឋាគារមួយនៅខេត្តព្រះសីហនុផងដែរ។
លោក ឆ័យ ការណូ បានប្រាប់ VOA ថា ក្រៅពីស្នាដៃរបស់ស្ថាបត្យករជើងចាស់ដូចជាលោកវណ្ណ ម៉ូលីវណ្ណជាដើម លោក ក៏ទទួលការជំរុញទឹកចិត្តតាមរយៈការងាររបស់ស្ថាបត្យករដ៏អស្ចារ្យផ្សេងៗទៀតដូចជាលោកស្រី Zaha Hadid ផងដែរ នៅពេលដែលលោកមានឱកាសបានធ្វើការជាមួយក្រុមការងាររបស់លោកស្រី។
លោកស្រី Zaha Hadidដែលបានលាចាកលោកទៅហើយកាលពីពេលថ្មីៗនេះ គឺស្ថាបត្យករដ៏ល្បីល្បាញ ដែលបានឈ្នះពានរង្វាន់Pritzker Architecture Prize ។ ស្ថាបត្យករស្ត្រីដែលមានសញ្ជាតិអង់គ្លេស ដើមកំណើតអ៊ីរ៉ាក់រូបនេះ បានរចនាប្លង់វិទ្យាស្ថានស្លឹករឹត ដែលជាមជ្ឈមណ្ឌលមួយសម្រាប់ការសិក្សាពីអំពើប្រល័យពូជសាសន៍និងជាការចងចាំ អំពើឃោរឃៅដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម ដែលជាគំនិតផ្តួតផ្តើមនិងដឹកនាំដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបច្ចុប្បន្ននេះ។
លោក ឆ័យ ការណូ ដែលបានដើរតួជាអ្នកសម្របសម្រួលរវាងក្រុមការងារលោកស្រី Zaha Hadid និងនិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរបស់លោកនោះ បាននិយាយថានិស្សិតរបស់លោកប្រមាណ៥០នាក់ បានទទួលឱកាសដ៏កម្រមួយដើម្បីរៀនសូត្រពីស្នាដៃស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid នៅពេលដែលក្រុមការងាររបស់លោកស្រី បាននិងកំពុងធ្វើការលើប្លង់អាគារវិទ្យាស្ថានស្លឹករឹតនោះ។
«ខ្ញុំគិតថាវាជាឱកាសល្អសម្រាប់មហាវិទ្យាល័យក្នុងការរចនាប្លង់អគារដ៏សំខាន់មួយដែលតំណាងឲ្យមនុស្សជាតិទាំងមូលហើយនិងតំណាងឲ្យប្រវត្តិសាស្ត្រហើយខ្ញុំគិតថាមជ្ឈមណ្ឌលស្លឹករឹតគឺជាមជ្ឈមណ្ឌលមួយបើសិនជាបានសង់ហើយធ្វើឲ្យទីក្រុងភ្នំពេញឬក៏ជាតិខ្មែរទាំងមូលមានមោទនភាពដោយភាពអស្ចារ្យនៃការរចនានិងសំណង់អគារនោះហើយធ្វើអោយសង្គមខ្មែរទាំងមូលចាប់យល់ដឹងអំពីតម្លៃនៃការរចនាប្លង់»។
អ្នកដែលចូលរួមនៅក្នុងគម្រោងនេះបាននិយាយថា គម្រោងនេះនៅតែដំណើរការទៅមុខបើទោះបីជាការស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវចំពោះការសាងសង់អគារដ៏អស្ចារ្យដែលមានភាពកោងនិងគូសប្លង់ដោយលោកស្រី Zaha Hadidមានការលំបាកយ៉ាងណាក៏ដោយ។
លោក ការណូ បានបង្ហាញសេចក្ដីសង្ឃឹមថា បើទោះជាលោកស្រី Zaha Hadid បានស្លាប់បាត់ទៅហើយ ហើយបើទោះបីជាលោកស្រីមិនដែលបានមកប្រទេសកម្ពុជាក៏ដោយ ក៏ស្ថាបត្យកម្មរបស់លោកស្រី នៅតែមានឥទ្ធិពលវិជ្ជមានមកលើប្រទេសកម្ពុជាដែរ។
«លោកស្រី Zaha Hadid គាត់ជាអ្នកនាំផ្លូវអញ្ចឹងខ្ញុំគិតថាប្រសិនបើគម្រោងនេះសាងសង់បានសម្រេចអនាគតនឹងមានស្ថាបត្យករល្បីៗមកតទៅទៀតពីព្រោះនៅក្នុងសង្គមខ្មែរខ្ញុំគិតថាគាត់អាចមានលទ្ធភាពក្នុងការអញ្ជើញស្ថាបត្យករល្បីៗឲ្យមកបន្តបន្ទាប់ទៀតបាទ៎»។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថាទស្សនវិស័យស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid នឹងស្ថិតនៅប្រទេសកម្ពុជាដោយសារតែស្ថាបត្យករវ័យក្មេង នឹងរៀនពីលោកស្រីនិងរចនាបថដ៏អស្ចារ្យរបស់លោកស្រីហើយសម្របទៅតាមរចនាបថនោះ។
«គាត់នៅតែនៅជាមួយយើង គំនិតទស្សនរបស់គាត់នៅជាមួយយើង។ពីព្រោះគាត់ខ្លាំងដោយសារគាត់មានទស្សនវិស័យមួយលេចធ្លោជាងគេ។ការរចនាគឺគាត់មានដូចជាCurvគាត់ធ្វើគឺថាភាពកោងរបស់អគារមួយហ្នឹងគឺអត់មានអ្នកណាធ្វើដូចគាត់ទេនៅលើពិភពលោក»។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាហើយថែមទាំងជាសាស្ត្រាចារ្យជំនាញស្ថាបត្យកម្ម បាននិយាយថាស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid អាចមានឥទ្ធិពលដល់ស្ថាបត្យករក្នុងប្រទេសកម្ពុជា។
«ស្ថាបត្យករយកគំនិតយកទ្រឹស្ដីយកគោលការណ៍ដែលគេរៀនចេះមកពីស្ថាបត្យករម្នាក់ៗដែលមានដូចទស្សនស្ថាបត្យកម្មរៀងៗខ្លួនហ្នឹងយកទៅប្រើប្រាស់តាមស្ថាបត្យកម្មខ្លួនដែរ។មានន័យថាស្ថាបត្យករក្មេងៗរៀនសូត្រហើយក៏ត្រូវបង្កើតនូវពុទ្ធិចំណេះដឹងរបស់ខ្លួនដើម្បីបង្កើតនូវសំណង់មួយឬក៏ស្ថាបត្យកម្មមួយយោងទៅតាមស្ថានភាពយោងទៅតាមប្រធានបទយោងទៅតាមទស្សនៈស្ថាបត្យកម្មដែលគេបង្កើតហ្នឹង»។
បើទោះជាយ៉ាងណាក៏ដោយ លោក ឆ័យ ការណូ មានប្រសាសន៍ថាលោកមិនច្បាស់ទេថាការចូលរួមរយៈពេលខ្លីរបស់លោកស្រី Zaha Hadid ជាមួយប្រទេសកម្ពុជាអាចមានឥទ្ធិពលកម្រិតណាលើស្ថាបត្យកររបស់ប្រទេសកម្ពុជាដូចជានិស្សិតរបស់លោកនោះទេ។
ប៉ុន្តែលោកបានបន្ថែមថាយ៉ាងហោចណាស់ស្ថាបត្យកម្មរបស់លោកស្រីអាចជួយលើកតម្កើងការយល់ដឹងពីសារសំខាន់នៃការងារស្ថាបត្យកម្មនេះ៕