អ្នកវិភាគ៖ ការ​ចូលរួម​របស់​យុវជន​អាច​ជួយ​រក្សា​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា

រូបឯកសារ៖ អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ចីរ​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យ​​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤​ខែមិថុនា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា យុវជន​ដែល​ជា​សកម្មជន​ និងក្រុម​អ្នក​បោះ​ឆ្នោត​យុវជន​ដ៏​ធំ អាច​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​នយោបាយ​ក៏​បាន​ព្រមាន​ថា ការ​ប្រជែង​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ធ្វើ​ឲ្យ​យុវជន​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក ស ម៉ូរី ដែល​ជា​សហ​ស្ថាបនិក​និង​ជា​អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​និយាយ​ថា៖

«យុវជន​ដែល​មាន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ចំនួន ៦៥ភាគរយ​នៃ​ប្រជាជន​សរុប។ ពួកគេ​ដើរ​តួនាទី​យ៉ាង​សំខាន់ ពួកគេ​ជា​ភ្នាក់ងារ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ពី​មុន និង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា»។

លោក ម៉ូរី បាន​ពន្យល់​ថា ខណៈ​ពេល​ដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​យូរ​អង្វែង មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ ក្នុង​ការ​កម្ចាត់​គូ​ប្រជែង​នយោបាយ​ទាំងអស់​ (ដូច​ដែល​ពួកគេ​កំពុង​ធ្វើ​មុន​ការ​បោះឆ្នោត​ទូទៅ​ថ្ងៃ​ទី២៩ ខែកក្កដា​នេះ) ពួកគេ​នៅ​បារម្ភ​អំពី​ចលនា​អំណាច​ប្រជាពលរដ្ឋ។ ពួកគេ​ព្រួយ​បារម្ភ​ដោយសារ​តែ​កង្វះ​យន្តការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព លើ​យុវជន​ដែល​មិន​សុខ​ចិត្ត ហើយ​ចង់​បាន​ការ​ផ្លាស់​ប្តូរ។

នៅ​ក្នុង​កិច្ចពិភាក្សា​ក្រុម​អ្នក​ជំនាញ​មួយ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក ម៉ូរី មាន​ប្រសាសន៍​ថា៖

«ឥឡូវ​នេះ​សូម្បី​តែ (បន្ទាប់ពី) ពួកគេ​បាន​រំលាយ​គណបក្ស​ប្រឆាំង ក៏​ពួកគេ​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​ដក​យក​ប្រជាជន​ចេញ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង»។

លោក ស ម៉ូរី គឺជាសហស្ថាបនិក​និង​ជា​អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ យុវជន​ដែល​ជា​សកម្មជន​ជាច្រើន​នាក់​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ដោយ​ប្រជាប្រិយភាព​ដែល​កាន់​តែ​កើន​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មិន​តែ​ប៉ុណ្ណោះ ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​បណ្ដាញ​សង្គម និង​សង្គម​ស៊ីវិល​ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​សកម្មជន​លើក​កម្ពស់​បុព្វហេតុ​សង្គម​របស់​ពួកគេ។

អ្នកនាង Courtney Weatherby ដែល​ជា​អ្នក​វិភាគ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson បាន​និយាយ​ថា ក្រុម​យុវជន​មិន​ទាន់​ចេះរៀបចំ​ការ​ចូល​រួម​នយោបាយ​បាន​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ដើម្បី​លើក​កម្ពស់​និង​ពង្រឹង​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ យុវជន​ចាំ​បាច់​ត្រូវ​ការ​ការ​បណ្ដុះ​បណ្ដាល​និង​ការ​គាំទ្រ​បន្ថែម​ទៀត។

អ្នក​នាង Weatherby មាន​ប្រសាសន៍​ថា៖

«រឿង​មួយ​ដែល​យើង​បាន​ឃើញ​តាម​រយៈ​អង្គការ​យុវជន​ជា​ច្រើន ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ការ​រំភើប​ជា​ច្រើន​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​សមត្ថភាព​រៀបចំ​និង​ការ​យល់​ដឹង​ពី​របៀប​បញ្ចេញ​ការ​ព្រួយ​បារម្ភ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ជា​អ្វី​មួយ​ដែល​យុវជន​នៅ​ទូទាំង​ពិភព​លោក មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ជា​រឿយៗ​ជួប​ប្រទះ​ភាព​លំបាក»។

អ្នក​នាង Weatherby បន្ត​ថា៖

‍«សកម្មភាព​ផ្ដល់​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​នានា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ផ្តល់​ឲ្យ​យុវជន​ដែល​ចាប់​អារម្មណ៍​ក្នុង​សកម្មភាព​នយោបាយ​នូវ​ជំនាញ​ដែល​អាច​ឲ្យ​ពួកគេ​ចូល​រួម​ស្ថាបនា​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​និង​តួអង្គ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត‍»។

អ្នកនាង Courtney Weatherby គឺជាអ្នកស្រាវជ្រាវប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌល Stimson រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

​គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​គ្រប់​គ្រង​ការ​បោះឆ្នោត​របស់​យុវជន

ក៏​ប៉ុន្តែ នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​អំពាវនាវ​នយោបាយ​ណា​មួយ​ដែល​ទាញ​យក​ប្រជាប្រិយ​ភាព​ពី​យុវជន​បោះឆ្នោត ឬ​យុទ្ធនាការ​យុវជន​ណា​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ត្រលប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស នឹង​ត្រូវ​បង្ក្រាប​ភ្លាមៗ​ដោយ​គណបក្ស​កាន់​អំណាច ដែល​រឹងមាំ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​ជា​ច្រើន​ទសវត្សរ៍ ដោយ​ប្រើ​កម្លាំង​និង​ការ​បំភិត​បំភ័យ​លើ​គណបក្ស​ប្រឆាំង ​គ្រប់គ្រង​លើ​គ្រប់​ផ្នែក​នៃ​រាជរដ្ឋាភិបាល និង​ដោយ​លើក​ស្ទួយ​យន្តការ​គ្រប់គ្រង​សង្គម​គ្រប់​ជ្រុងជ្រោយ ដែល​ធានា​ឲ្យ​បានសម្លេង​ឆ្នោត​ភាគ​ច្រើន​នៅ​កម្រិត​ភូមិ​និង​សង្កាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុទ្ធវិធី​គ្រប់គ្រង​អ្នក​បោះ​ឆ្នោត​ទាំងនេះ ហាក់​ដូចជា​មាន​ភាព​អន់​ថយ​ក្នុង​អំឡុង​ពេល​ការ​បោះឆ្នោត​ឆ្នាំ២០១៣ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ប្រកិត​នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត។

បើ​យោង​តាម​អ្នក​សង្កេតការណ៍​ជា​ច្រើន​នាក់ ការ​ចូលរួម​របស់​យុវជន​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អាសនៈ​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រដ្ឋសភា​ពី ៩០អាសនៈ ចុះ​ទៅ ៦៨អាសនៈ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ យុវជន​បោះឆ្នោតដែល​មាន​អាយុ​ចន្លោះ​ពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ តំណាង​ឱ្យ ៣៦ភាគរយ ឬ ចំនួន ៣លាន៥សែន​នាក់​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប ​៩លាន​៥សែននាក់​ក្នុងឆ្នាំ២០១២។ ហើយ​១លាន​៥​សែន​នាក់​ក្នុង​ចំណោម​យុវជន​បោះឆ្នោត​៣លាន​៥សែន​នេះ ជា​អ្នក​បោះឆ្នោត​លើក​ដំបូង។​

សិស្សនិស្សិតនាំគ្នាចុះឈ្មោះនៅក្នុងយុទ្ធនាការមួយរៀបចំឡើងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ការបោះឆ្នោតឆ្នាំ២០១៣ នាំឲ្យអ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា គណបក្សប្រឆាំងដែលមានសាមគ្គីភាព និងប្រជាប្រិយភាព គឺជាគូប្រជែងដ៏ខ្លាំងមួយ។ ហើយយុទ្ធសាស្ត្រផ្ដោតទៅលើអ្នកបោះឆ្នោតវ័យចាស់ៗ និងសហគមន៍តាមភូមិឃុំនានា របស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បានជោគជ័យ លែងមានប្រសិទ្ធភាព នៅពេលដែលអ្នកបោះឆ្នោតកាន់តែសម្បូរទៅដោយក្មេងៗ មានចំណេះដឹងខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទទំនើបយ៉ាងស្ទាត់ជំនាញ។

ដោយ​មិន​បណ្ដោយ​តាម​ព្រេង​វាសនា​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បង្ក្រាប​ក្រុមប្រឆាំង​ពេញ​ទំហឹង​កាល​ពី​ឆ្នាំ​មុន។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​គឺ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួនដាក់​ក្នុង​ពន្ធនាគារ​។ អាជ្ញាធរ​រាជរដ្ឋាភិបាល បិទ​និង​រឹត​បន្តឹង​សារព័ត៌មាន​ឯករាជ្យ និង​វាយ​ប្រហារសង្គម​ស៊ីវិល។ មិន​តែ​ប៉ុណ្ណោះ ការ​គ្រប់​គ្រង និង​ការ​ត្រួត​ពិនិត្យ​លើ​បណ្ដាញ​អ៊ីនធើណិត បាន​កើន​ឡើង​ហើយ​នាំឲ្យ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​មួយ​ចំនួន​ដែល​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធើណិត​ផ្សេងៗ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ព្យាយាម​ប្រមូល​ប្រជាប្រិយភាព​ជាមួយ​សិស្ស និង​កម្លាំង​ពលកម្ម​ក្នុង​ទីក្រុង ដោយ​ដាក់​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ និង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា

ការ​ស៊ើប​អង្កេត​របស់​ VOA រក​ឃើញ​ថា ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​យុទ្ធនាការ​ថ្មី​មួយ ដើម្បី​ធានា​ឲ្យ​បាន​ភាព​ស្មោះ​ត្រង់​របស់​សមាជិក​បក្ស​និង​គ្រួសារ​របស់​ពួកគេ​ប្រមាណ ៥លាន​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ជ្រើសរើស​សមាជិក​បក្ស​ថ្មីៗ ពិសេស​យុវជន ដើម្បី​គាំទ្រ​គណបក្ស។

Your browser doesn’t support HTML5

Interview: Mory Sar Says Cambodian Youths Are Voices of Change

ចូលរួម​កាន់​តែ​ខ្លាំង ហានិភ័យ​កាន់​តែ​ខ្លាំង

លោក ម៉ូរី និយាយ​ទៀត​ថា យុវជន​កម្ពុជា​គួរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ពួកគេ​គួរ​តែ​យល់​ដឹង​ឲ្យ​បាន​ច្រើន​ពី​បញ្ហា​នយោបាយ ដែល​មាន​សារៈសំខាន់​ចំពោះ​ពួកគេ។ អ្នក​ខ្លះ​ក៏​អាច​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​តាម​មូលដ្ឋាន​នានា ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ។

យ៉ាង​ណា​មិញ លោក ម៉ូរី ព្រមាន​ថា នៅ​ក្នុង​បរិយាកាស​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ​នេះ សកម្មភាព​នយោបាយ​របស់​យុវជន​ដែល​កំពុង​កើន​ឡើង​នេះ គួរ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះ​ពី​ការ​ឆ្លើយ​តប​ដោយ​ការ​គាប់​សង្កត់​ពី​អាជ្ញាធរ។

លោក ម៉ូរី ថ្លែង​បញ្ជាក់​បាន​ប្រាប់ VOA បន្ទាប់​ពី​កិច្ចពិភាក្សា​នេះ​ថា៖

«ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ‍ ពួកគេ​មិន​អាច​ធ្វើ​យុទ្ធនាការ​សាធារណៈ​ទៀត​ទេ។ យុវជន​ត្រូវ​ការ​ស្វែង​រក​ជម្រើស​ដទៃ​ទៀត ដើម្បី​ចូល​រួម​នយោបាយ​ឲ្យ​មាន​ប្រសិទ្ធភាព»៕