តារា​ចម្រៀង​បទ​មិន​ចម្លង​គេ​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា​រស់​ឡើង​វិញ

លោក​ វណ្ណ ចេស្តា លោក អួង សូរិយា លោក ម៉ម ពេជ្ជរិទ្ធ និង​សិល្បករ​ប្រាំពីរ​នាក់​ផ្សេងទៀត ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹក​នាំ​អន្តរជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ International Visitor Leadership Program ​ដែល​ឧបត្ថម្ភ​គាំ​ទ្រដោយ

តារា​ចម្រៀង​បទ Original ឬ​បទ​មិន​ចម្លង​គេ​មួយ​ចំនួន មាន​សុទិដ្ឋិនិយម​ថា​ ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា​ នឹង​អាច​រស់​​ឡើង​វិញ​ ដោយ​សារ​តែ​អ្នកចម្រៀង​ខ្មែរ ​ក៏​មាន​លទ្ធភាព​បង្កើត​ភាព​ច្នៃ​ប្រឌិត​​ក្នុង​​ការ​តែង​និពន្ធ​បទ​ចម្រៀង​ដែរ។

វ៉ាស៊ីនតោន — លោក​ វណ្ណ ចេស្ដា ទន្ទឹង​ចង់​បាន​ភាព​កក់​ក្ដៅ​ពី​ឪពុក​របស់​លោក ដែល​បាន​ចាក​ចោលគ្រួសារ តាំង​ពី​លោក​ចេស្ដា​នៅ​តូច​ម្លេះ​។ យ៉ាង​ណា​ក៏​ដោយ​ ជា​ជាង​ការ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​ទុក្ខ ដោយ​សារ​តែ​ការ​ចាក​ចេញ​របស់​ឪពុក​លោក លោក​ចេស្ដា​ បាន​កែ​ប្រែ​ការ​ឈឺ​ចាប់​នេះ​ ​ទៅ​ជា​ភាព​ច្នៃ​ប្រឌិត​សម្រាប់​អាជីព​ចម្រៀង និង​ការ​តែ​និពន្ធ​ទៅវិញ។

លោក​ ចេស្តា មាន​អាយុ ២៣ គឺ​ជា​តារា​ចម្រៀង​បទ​មិន​ចម្លង​គេ ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ពី​ការ​និពន្ធ​ និង​ច្រៀង​បទចម្រៀង​ដែលមាន​ចំណង​ជើង​ថា «លោកប៉ា» កាល​ពី​ចុង​ឆ្នាំ​ ២០១៤ ដើម្បី​បង្ហាញ​ការ​នឹក​រលឹក​ទៅ​កាន់​ឪពុក​ដែល​បែក​គ្នា និង​ដង្ហោយ​ហៅ​ឲ្យ​ឪពុក​របស់​លោក​វិល​ត្រឡប់​វិញ។

លោក ចេស្ដា​ បាន​និយាយ​ថា៖

«បាទ​ បទចម្រៀង​នេះ​គឺ​មាន​អត្ថន័យ​ចង់​បញ្ជាក់​ពី​អារម្មណ៍​នឹក​រលឹក​របស់​យើង​ទៅ​កាន់​ឪពុក​ជា​ទី​ស្រឡាញ់​ដែល​បាន​ចាក​ចេញ​ទៅ​តាំង​ពី​យើង​នៅក្មេង។ គាត់​អត់​បាន​ផ្ដល់​ភាព​កក់​ក្តៅ​ឲ្យ។ ហើយ​ទាម​ទារ​រក​ភាព​កក់​ក្ដៅ​ចំពោះ​ឪពុក​បាទ ដែល​ចង់​មាន​ភាព​កក់​ក្ដៅ​ពី​ឪពុក​នឹង​មក​កាន់​កូន»។

លោក វណ្ណ ចេស្ដា អ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងមិនចម្លងគេ នៅទីស្នាក់ការ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

លោក​ចេស្ដា ​បាន​បន្ថែម​ថា៖ «ហើយ​យើង​ច្រណែនទៅ​នឹង​គ្រួសារ​ដទៃ​ដែល​មាន​សុភមង្គល​ជួប​ជុំ​គ្រួសារ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ក្មេង​ដូច​ជា​ខ្ញុំ ក៏​ដូច​ជា​ក្មេង​មួយ​ចំនួន​ទៀត​ដែល​គាត់​អត់​មាន​ឪពុក ឬ​ក៏​ម្ដាយ មាន​តែ​ម្ខាង​ដូច​ថា គាត់​មាន​តែ​ឪពុក អ្នកខ្លះ​គាត់​មាន​តែ​ម្ដាយ​ទេ​ដូច​ជា​ខ្ញុំ​ គឺ​ខ្ញុំ​មាន​តែ​ម្ដាយ​ទេ។ គឺ​វា​ចង់​បញ្ជាក់​ពី​អារម្មណ៍​នឹក​រលឹក​ ត្រូវ​ការ​ភាព​កក់​ក្ដៅ​ពី​ឪពុក ហើយ​ចង់​ឲ្យ​គាត់​វិល​ត្រឡប់​មក​វិញ»។

​ក្រោយ​ពេល​ដែល​បទ​ «លោក​ប៉ា» ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​តាម​បណ្ដាញ​សង្គម និងតាម​បណ្ដាញ Youtube លោក​ចេស្ដា បាន​ជួប​ផ្ទាល់​ជា​មួយ​ឪពុក​របស់​លោក​ម្ដង។ អ្នក​ទាំង​ពីរ​មិន​បាន​ជជែក​គ្នា​ពី​ប្រធាន​បទ​ស៊ី​ជម្រៅរវាង​ឪពុក និង​កូន​ឡើយ ក្រៅ​ពី​ការ​ជជែក​ពី​ការ​ងារ និង​គម្រោង​ទៅ​ថ្ងៃ​អនាគត។

យ៉ាង​ណា​ក៏​ដោយ​ទោះបី​ជា​បទ «លោក​ប៉ា» មិន​អាច​ឲ្យ​ឪពុក​កូន​មួយ​គូ​នេះ ជួប​ជុំ​គ្នា​វិញក៏​ដោយ ប្រជាប្រិយ​ភាព​នៃ​ចម្រៀង​មួយ​បទ​នេះ បាន​ជួយ​លោក​ចេស្ដា​ ឲ្យ​រក​ប្រាក់​ចំណូល​បាន​ប្រសើរ​ជាង​មុន។

លោក​ចេស្ដា​ បាន​ឲ្យ​ដឹង​ថា៖ «តាំងពី​ខ្ញុំ​បាទ​ផ្លាស់​ប្ដូរ​ពី​បុគ្គលិក​រត់តុ មក​ចូល​ក្នុង​សិល្បៈ​ដែល​ជា​អ្នក​ចម្រៀង​ គឺ​ថា​បាន​ជួយ​បន្ធូរ​ជីវភាព​ ក៏​ដូច​ជា​ជួយ​ផ្គត់​ផ្គង់​ទៅ​ដល់​គ្រួសារ និង​ជីវភាព​របស់​ខ្ញុំ​សព្វ​ថ្ងៃ បាន​ធូរ​ស្រាល​ច្រើន​ខ្លាំង ច្រើន​ខ្លាំង​មែន​ទែន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក៏​ដូចជា ដូច​ថា​មាន​កម្លាំង​ចិត្ត​ផលិត​បទ​ចម្រៀង​បន្ត​ទៅ​ទៀត និង​ស្រឡាញ់​វិស័យ​នេះ​ឲ្យ​កាន់​តែ​ច្រើន»។

លោក អួង សូរិយា អាយុ ៣១ ឆ្នាំ ជា​អ្នក​ចម្រៀង និង​អ្នកនិពន្ធ​ចម្រៀង​មិន​ចម្លង​ពី​គេ​មួយ​រូប​ទៀត ក៏​បាន​បង្កើតភាព​ច្នៃ​ប្រឌិត​ចេញ​ពី​ការ​ឈឺ​ចាប់​ដោយ​សារ​បែក​បាក់​ស្នេហា។ បទ​ចម្រៀង​ដែល​ទទួល​បាន​ប្រជា​ប្រិយភាព​បំផុត​របស់​លោក សូរិយា​ គឺ​បទ «នឹក​អូន​បាន​ត្រឹម​ស្រមៃ» ដែល​ទទួល​បាន​ការ​ទស្សនា​ជាង ៥លាន​ដង​ក្នុង​បណ្ដាញ YouTube។

លោក​ សូរិយា​ បាន​ឲ្យ​ដឹង​ថា៖
«បទ​នឹក​អូន​បាន​ត្រឹម​ស្រមៃ​នេះ ​គឺ​និពន្ធ​ឡើង Based ទៅលើ​យើង​ហៅ​ថា​ True Story គឺ​រឿង​ពិត​របស់​ខ្ញុំ។ ដំណើរ​សាច់​រឿង​គឺ​នៅ​ឆ្នាំ​ ២០១៤ នៅ​ពេល​ដែលខ្ញុំ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រដ្ឋ​ Oregon កំពុង​តែ​ធ្វើ​ការ​សិក្សា​ហ្នឹង គឺ​ខ្ញុំ​បាន​បែក​ពី​សង្សារ​របស់​ខ្ញុំ។ បន្ទាប់​មក​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​បទ​ហ្នឹង ដោយ​ប្រើ​ប្រាស់ អារម្មណ៍​ក៏​ដូច​ជា​មនោសញ្ចេតនាដែល​យើង​ធ្លាប់​មាន​ជា​មួយ​នឹង​គាត់ ហើយ​តាម​ពិត​ពេល​ខ្ញុំ​សរសេរ​ហ្នឹង​ វា​លក្ខណៈ​ថា​ទឹក​ចិត្ត​របស់​យើង​នៅ​ស្រលាញ់​គាត់ ទោះ​បី​យើង​ដឹង​ថា​គាត់​ទៅ​ចាប់​ផ្ដើម​ជាមួយ​អ្នក​ផ្សេង​ក៏ដោយ»។

លោក អួង សូរិយា អ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងមិនចម្លងគេ នៅទីស្នាក់ការ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។ (សឿន វឌ្ឍនា/VOA)

ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពី​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក​សូរិយា​ ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ផ្ដោត​លើ​ការ​ផលិត​ចម្រៀង​ឯក​រាជ្យ ដោយ​ខ្លួន​ឯង​ដោយ​សារ​តែ​លោក​ទើប​តែ​បាន​លាលែង​តំណែង​ជា​ប្រធាន​ផ្នែក​តន្ត្រី​ពី​អង្គការ The Sound Initiative។ លោក​ សូរិយា​ គ្រោង​នឹង​ចេញអាល់ប៊ុម​ថ្មី​មួយ រៀប​រាប់​ពី​ខ្សែ​ជីវិត​របស់​លោក​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

​វិស័យ​តន្ត្រី​នៅ​កម្ពុជា ពឹង​ផ្អែកយ៉ាង​ខ្លាំង​ទៅលើ​ការចម្លងពី​បរទេស ក៏​ដូច​ជា​ចម្លង​ទំនុក​ច្រៀងពី​បទ​ខ្មែរ​ជំនាន់​ដើម​ ចន្លោះ​ទសវត្ស ១៩៦០ និង​ ១៩៧០។ ប៉ុន្តែ​លោក​សូរិយា ​មាន​សុទិដ្ឋិនិយម​ថា​រលក​នៃ​ការ​ផលិត​ និង​គាំ​ទ្រ​បទ​ចម្រៀង​មិន​ចម្លង​ពី​គេ ពី​សំណាក់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ នឹង​អាច​ធ្វើ​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា​ រស់​រាន​មាន​ជីវិតឡើង​វិញ​បាន។ លោក​សូរិយា​ បញ្ជាក់​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ លោក​នឹង​មិន​ផលិត និង​ច្រៀង​បទ​ចម្លង​ពី​គេជា​ដាច់​ខាត។

លោក រៀម សុភិរម្យ (ឆ្វេង) និងលោក (ម៉ម ពេជ្ជរិទ្ធ) សមាជិកពីររូបរបស់ក្រុមតូច នៅមុខទីស្នាក់ការ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)

លោក​ ម៉ម​ ពេជ្ជរិទ្ធ​ អាយុ ១៩ ឆ្នាំ​ជា​តារា​ចម្រៀង​បទ​មិន​ចម្លង​គេ​ម្នាក់ទៀត ដែល​ទើប​តែចេញ​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្មីមួយ​ ដែល​មាន​ចំណង​ជើង​ថា​ «ឆ្ងាយ» រៀប​រាប់​ពី​ការ​រស់​នៅ​ឆ្ងាយ​គ្នា​រវាង​គូស្នេហ៍​និស្សិត​វ័យ​ក្មេង​មួយ​គូ។

លោក​ពេជ្ជរិទ្ធ​ បាន​ឲ្យ​ដឹង​ថា ពេល​វេលា​ដែល​លោក​ធ្វើ​ការ​តែង​និពន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​នៅ​ពេល​ដែល​លោក​បាន​សម្រាក​គ្រប់​គ្រាន់ ហើយ​លោក​បង្កើត​ភាព​ច្នៃ​ប្រឌិត​ក្នុ​ងការ​តែង​និពន្ធ​នេះ​ឡើង​ តាម​រយៈ​ការ​អង្កេត​មើល រឿង​រ៉ាវ​របស់​អ្នក​ដទៃ រួច​ព្យាយាម​ដាក់​ចិត្ត​លោក​ទៅ​ក្នុង​ចិត្ត​អ្នក​ទាំង​នោះ។

លោក​បាន​និយាយ​ថា៖

«ពេល​ខ្លះ​មិន​មែន​ចាំ​បាច់​តែ​យើង Experience ផ្ទាល់​ទេ។ បង​យើង មិត្តភក្តិ ឬ​ក៏​ក្រុម​គ្រួសារ​យើង យើង​ដូច​ថា ​យើង​ដោត​អារម្មណ៍​ទៅ​ជា​មួយ​សាច់​រឿង​គាត់​ទៅ។ ចង់​និយាយ​ថា យើង​កុំ​ទប់​ខ្លួន​ឯង ពេល​ខ្លះ​បើ​យើង​ជា​សិល្បៈករ​អញ្ចឹង​ យើង​បណ្ដោយ​ទៅ​តាម​អារម្មណ៍​គាត់​ខ្លះ​ទៅ​ណាស់។ យើង​ចូល​ទៅ​ក្នុង​ព្រលឹង​របស់​គាត់​ទៅ។ អូ And then យើង​ ​Got WOW គាត់​មាន​អារម្មណ៏​ថា​អញ្ចឹង»។

លោក​ពេជ្ជរិទ្ធ ​គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ របស់ក្រុមតូច ឬ ​SmallWorld SmallBand។ ក្រុម​នេះ​ទទួល​បាន​ប្រជាប្រិយភាព ដោយ​សារ​ការ​ផលិត​ចម្រៀង​ប្លែក​ពី​គេ​ ដោយ​បាន​បញ្ចូល​ភ្លេង​ប្រពៃ​ណី ​ជា​មួយ​ភ្លេង​សម័យ ឬ​តាម​រយៈ​ចម្រៀង​បុណ្យ​ភូមិ។

​បទ «ឆ្ងាយ​» របស់​លោក​ត្រូវ​បាន​គេ​ទស្សនា​ជាង​ប្រាំបួន​លាន​ដងនៅ​បណ្ដាញ ​YouTube។

​ទោះ​បី​ជា​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​តូច​ ក៏​ដូច​ជាលោក​ពេជ្ជរិទ្ធ​ កំពុង​លេច​ធ្លោ​ក្នុង​ការ​ច្រៀង​ចម្រៀង​មិន​ចម្លង​ពី​គេ​ លោក​ពេជ្ជរិទ្ធ​ មិន​ទាន់​គិត​ថា ការ​ចៀង​នេះ​ជា​អាជីព​ពេញ​លេញ​មួយ​សម្រាប់​លោក​នោះ​ទេ​។ លោក​ថា លោក​ត្រូវ​ការ​សិក្សា​បន្ថែម​ ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ក្នុង​វិស័យ​តន្ត្រី​នេះ។

ដោយ​ផ្អែក​លើ​គំនិត​ច្នៃ​ប្រឌិត និង​សក្ដានុពល​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា លោក​ វណ្ណ ចេស្តា លោក អួង សូរិយា លោក ម៉ម ពេជ្ជរិទ្ធ និង​សិល្បករ​ប្រាំពីរ​នាក់​ផ្សេងទៀត ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹក​នាំ​អន្តរជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ International Visitor Leadership Program ​ដែល​ឧបត្ថម្ភ​គាំ​ទ្រដោយ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។​ កម្ម​វិធី​នេះ​ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា ដល់​ថ្ងៃ​ទី ០៨​ ឧសភា ឆ្នាំ ២០១៩៕

ទស្សនានិងស្តាប់បទចម្រៀង Original ឬបទមិន​ចម្លងគេដោយលោក វណ្ណ ចេស្តា លោក អួង សូរិយា និងលោក ម៉ម ពេជ្ជរិទ្ធ ខាងក្រោមនេះ៖

បទ «លោកប៉ា‍» ដោយលោក វណ្ណ ចេស្តា

បទ «នឹកអូនបានត្រឹមស្រមៃ‍» ដោយលោក អួង សូរិយា

បទ «ឆ្ងាយ‍» ដោយលោក ម៉ម ពេជ្ជវិទ្ធ