វិស័យកីឡាបាល់ទាត់ទាក់ទាញសន្ទុះចិត្តយុវជនកម្ពុជាកាន់តែច្រើនដំណាលគ្នា ដែលកម្ពុជាកាន់តែទទួលបានការគាំទ្រ ទទួលបានបទពិសោធន៍ ហើយនឹង បច្ចេកទេសពីមួយឆ្នាំទៅមួយឆ្នាំ ចេញពីការប្រកួតជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន។ នេះជាការអះអាងររបស់ លោក ម៉ៃ តុលា អគ្គលេខា ធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលបានថ្លែងប្រាប់កម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១៦។
លោកបានថ្លែងបន្តតាមការអះអាងរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជាថា ការចូលរួមក្នុងវិស័យកីឡាបាល់ទាត់គឺមានសារៈប្រយោជន៍ ច្រើនសម្រាប់ក្រុមយុវជនជាកីឡាករ និងនិស្សិត ដោយនាំឲ្យមានសុខភាព ភាពវ័យឆ្លាត ជួយដល់ការអប់រំបញ្ញាស្មារតី ការតស៊ូ មានវិន័យល្អ ធ្វើឲ្យទៅជាបុគ្គលគំរូដល់សង្គមហើយនឹងជួយសង្គមផ្សេងៗទៀត។
ថ្លែងលើកទឹកចិត្តដល់ក្រុមកីឡាករដែលត្រៀមប្រកួតក្នុងពេលកម្ពុជាធ្វើជាម្ចាស់ ផ្ទះកីឡា SEAGAMES ក្នុងចំណោម១០ ឬ១១ប្រទេសនៅក្នុងតំបន់អាស៊ាន និង ប្រទេសទីម័រខាងកើត នៅឆ្នាំ២០២៣នោះ លោក សៅ សុខា បានលើកទឹកចិត្ត ដល់កីឡាករជាច្រើន រួមទាំងការណែនាំឲ្យបន្តការសិក្សាដើម្បីក្លាយជាសិស្ស ពូកែនៅសាលារៀន និងពូកែផ្នែកកីឡាព្រមគ្នាសម្រាប់ការប្រកួតនៅឆ្នាំ២០២៣។ នេះជាការអះអាងរបស់លោក នៅឯមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី កាលពីពេលថ្មីៗនេះ។
បើតាមការអះអាងរបស់លោក ម៉ៃ តុលា បានថ្លែងថា វិស័យកីឡាបាល់ទាត់មានការជួយជ្រោមជ្រែងខ្លាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមហ៊ុនឯកជន។
លោកបានបន្ថែមដែរថា កម្ពុជាពេលនេះមានសមត្ថភាពអាចប្រកួតបានជាមួយ ប្រទេសជាច្រើន ដូចជាព្រុយណេ ឡាវ ហ្វីលីពីន ទីម័រខាងកើត និងភូមាជាដើម តែមានការទទួលស្គាល់ថាប្រទេសដែលខ្លាំងក្នុងតំបន់អាស៊ានពេលនេះគឺ ថៃ សិង្ហបូរី វៀតណាម និងម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោកអះអាងថា គម្លាតនៃបទពិសោធន៍ និងបច្ចេក ទេសប្រកួតចេះតែរួញតូចទៅៗ សម្រាប់កីឡាករកម្ពុជា ដោយសារកីឡាករខ្មែរបានកើនចំណះដឹង មិនខ្លាចចាញ់ដូចមុន ហើយនឹងកើនបច្ចេកទេសរាល់ការប្រកួតម្តងៗ ទោះជាមិនទាន់ទទួលពានរង្វាន់មេដាយមាសក្តី។
មានការប្រកួតកីឡាជាច្រើនប្រភេទ នៅពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ខាងមុខនេះ៕