រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក អ្នកស្រី Janet Yellen អះអាងថា លទ្ធិប្រជាធិបតេយ្យដែលប្រេះស្រាំអាចមានឥទ្ធិពលបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច ដែលជាថ្លែងយោងដោយប្រយោលចំអកដល់លោក Donald Trump ។
អ្នកស្រី Yellen បានថ្លែងដូចនេះនៅថ្ងៃទី៣ ខែឧសភា នៅរដ្ឋ Arizona ដោយប្រើទិន្នន័យសេដ្ឋកិច្ចដើម្បីផ្តល់ជារូបភាពអំពីរបៀបដែលការមិនយកចិត្តទុកដាក់ចំពោះដំណើរការ និងស្ថាប័នប្រជាធិបតេយ្យរបស់អាមេរិកអាចបង្កឱ្យមានភាពជាប់គាំងសេដ្ឋកិច្ចអស់ជាច្រើនទសវត្សរ៍។
ដោយបានប្រកាន់ជំហរដ៏កម្រមួយអំពីឆាកនយោបាយ អ្នកស្រី Yellen មិននិយាយចំៗលើលោក Trump ដែលគេសន្មតជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋទេ នៅក្នុងសុន្ទរកថារបស់អ្នកស្រីនៅឯវេទិកា Sedona របស់វិទ្យាស្ថាន McCain ប៉ុន្តែអ្នកស្រីបានប្រាប់ពីសក្ដានុពលនៃផលប៉ះពាល់របស់អតីតប្រធានាធិបតីប្រសិនបើលោកចូលកាន់តំណែងនៅសេតវិមានឡើងវិញ។
សុន្ទរកថារបស់អ្នកស្រីទុកជាការព្រមានមួយសម្រាប់មេដឹកនាំធុរកិច្ច នានាដែលអាចមើលរំលងការមិនយកចិត្តទុកដាក់របស់លោក Trump ចំពោះបទដ្ឋានប្រជាធិបតេយ្យទំនើប ពីព្រោះពួកគេចូលចិត្តចក្ខុវិស័យរបស់អតីតប្រធានាធិបតីរូបនេះក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដោយការបន្ថយពន្ធ និងលុបចោលបទប្បញ្ញត្តិ។
អ្នកស្រី Yellen បានទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ «ហាក់មិនមែនដូចជាកន្លែងដែលត្រូវថ្លែងសម្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចទេ» ប៉ុន្តែអ្នកស្រីបានបន្ថែមថា «លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ក្នុងការកសាង និងទ្រទ្រង់សេដ្ឋកិច្ចដ៏រឹងមាំមួយ»។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ទឡ្ហីករណ៍ដែលធ្វើឡើងដោយពួកផ្តាច់ការ និងអ្នកការពាររបស់ពួកគេដែលថាការទម្លាក់ចោលលទ្ធិប្រជាធិបតេយ្យគឺជាដោះដូរដោយយុត្តិធម៌ ឬថែមទាំងចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចគឺជាការខុសឆ្គងយ៉ាងខ្លាំង» ។ អ្នកស្រីបានចង្អុលទៅការសិក្សាមួយដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យបង្កើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ប្រហែល២០% ក្នុងរយៈពេលវែង។
អ្នកស្រី Yellen បានលើកឡើងពីការបះបោរនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជាថ្ងៃដែលលទ្ធិប្រជាធិបតេយ្យបានរងការគំរាមកំហែងថា «ពួកកុប្បករដែលជំរុញដោយការកុហកបានវាយលុកវិមានសភាកាពីតូល»។ លោក Trump ដែលបានអះអាងដោយមិនពិតថា ការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានលួចពីលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតដើម្បីប្រែក្រឡាស់ការបោះឆ្នោត ក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌចំនួនបួនដែលលោកកំពុងប្រឈមមុខ។ លោកបដិសេធថាមិនបានប្រព្រឹត្តខុសទេ។
ហើយទោះបីជាអ្នកស្រី Yellen មិនបានលើកយកការអត្ថាធិប្បាយរបស់លោក Trump ក៏ដោយ គឺលោកបានបន្តធ្វើឱ្យខូចដល់ប្រពៃណីនៃការផ្ទេរអំណាចដោយសន្តិវិធីនៅពេលដែលលោកបានថ្លែងនៅថ្ងៃទី១ ខែឧសភា ដោយលោកបានបដិសេធមិនព្រមសន្យាថា នឹងទទួលយកលទ្ធផលឆ្នោតប្រធានាធិបតីនៅឆ្នាំនេះនៅក្នុងបទសម្ភាសន៍ជាមួយ កាសែត Milwaukee Journal-Sentinel ។
អ្នកស្រី Yellen ក៏បានលើកឡើងពីការគំរាមកំហែងជាសកលផ្សេងទៀតចំពោះលទ្ធិប្រជាធិបតេយ្យ ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Trump និងអ្នកដែលមានទំនាក់ទំនងជាមួយលោកនិយាយថា ពួកគេចង់ប្រមូលផ្តុំអំណាចរបស់រដ្ឋាភិបាលនៅក្នុងការិយាល័យពងក្រពើ(Oval Office) ឬសេតវិមាន រហូតដល់អាចឱ្យលោកបើកការស៊ើបអង្កេត ដាក់បណ្តឹង និងការពិន័យផ្សេងទៀតដល់បុគ្គលឬក្រុមហ៊ុនណាដែលហ៊ានរំលងលោក។ វិធីសាស្រ្តនោះអាចធ្វើឱ្យខូចដល់នីតិរដ្ឋ ដែលបានធ្វើឱ្យសេដ្ឋកិច្ចផ្អែកលើទីផ្សាររបស់អាមេរិកមានការរីកចម្រើន។
នៅក្នុងសុន្ទរកថា អ្នកស្រី Yellen បានចង្អុលទៅប្រទេសចិនថា ជាឧទាហរណ៍គួរប្រយ័ត្នប្រយែងមួយ ហើយបានព្រមានថា ការរីកចម្រើននាពេលអនាគតរបស់ប្រទេសនេះគឺ «មិនមានភាពជាក់លាក់ពិតប្រាកដឡើយ» ។ អ្នកស្រីបាននិយាយថា អវត្តមាននៃសសរស្តម្ភប្រជាធិបតេយ្យមួយចំនួននឹង«បន្តបង្កបញ្ហាប្រឈម នៅពេលដែលប្រទេសចិនស្វែងរកការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចជឿនលឿន»។
សុន្ទរកថារបស់អ្នកស្រី Yellen កើតឡើងនៅពេលដែលមានការរំពឹងទុកថា ប្រសិនបើលោក Trump ចូលកាន់តំណែងនៅសេតវិមានឡើងវិញ លោកអាចនឹងដាក់សម្ពាធនយោបាយលើធនាគារកណ្តាលសហព័ន្ធដើម្បីបន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ដែលកំពុងនៅកម្រិតខ្ពស់បំផុតក្នុងពីរទសវត្សរ៍នេះគឺប្រហែល៥,៣% ។ ប្រធានធនាគារកណ្តាលលោក Jerome Powell នៅថ្ងៃទី១ ខែឧសភា បាននិយាយថា ការទទួលបានទំនុកចិត្តដើម្បីបន្ទាបអត្រាការប្រាក់ «នឹងចំណាយពេលយូរជាងការរំពឹងទុកពីមុន»។
អ្នកស្រី Yellen បានថ្លែងនៅក្នុងសុន្ទរកថាថា៖ «កាលពីខ្ញុំជាប្រធាននៃធនាគារកណ្តាល ខ្ញុំបានទទូចឱ្យមានឯករាជ្យភាព និងតម្លាភាពរបស់ធនាគារកណ្តាល ពីព្រោះខ្ញុំជឿថា វាមានសារៈសំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច។ ការស្រាវជ្រាវថ្មីៗគឺស្របនឹងជំនឿរបស់ខ្ញុំនោះគឺ វាបានបង្ហាញថា ឯករាជ្យភាពរបស់ធនាគារកណ្តាលកាន់តែច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថិរភាពតម្លៃកាន់តែច្រើន ដែលនេះរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង»។
អ្នកតំណាងម្នាក់មកពីយុទ្ធនាការឃោសនារបស់លោក Trump មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press ទេ។
សេដ្ឋវិទូ និងអ្នកសិក្សាឈានមុខគេផ្សេងទៀតជំទាស់នឹងការអះអាងរបស់ក្រុមអ្នកនយោបាយស្តាំនិយមលើភាពរឹងមាំនៃកំណើនសេដ្ឋកិច្ច និងសេរីភាព។
សេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែល លោក Joseph Stiglitz ដែលជាមិត្តរបស់អ្នកស្រី Yellen កាលពីខែមេសា បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា «ផ្លូវទៅកាន់សេរីភាព»។ លោក Stiglitz នៅក្នុងបទសម្ភាសន៍មួយបាននិយាយថា លោក Trump បានកេងចំណេញលើអសន្តិសុខសេដ្ឋកិច្ចរបស់ពលរដ្ឋបន្ទាប់ពីមានវិសមភាពជាច្រើនទសវត្សរ៍ និងការធ្លាក់ចុះនៃអ្នកដែលមានចំណូលមធ្យម។
លោក Stiglitz បាននិយាយថា៖ «ស្ថានភាពសេដ្ឋកិច្ចគឺជាអ្វីដែលបង្កើតវាលដ៏មានជីជាតិសម្រាប់ ការធ្វើប្រជាភិថុត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ប្រាក់ចំណូលរបស់ពួកគេកើនឡើងជាជាងធ្លាក់ចុះ ខ្ញុំមិនគិតថាពួកគេនឹងចាប់អារម្មណ៍នឹងលោកTrump នោះទេ»។
នៅក្នុងឯកសារមួយដែលបានចេញផ្សាយនៅពេលថ្មីៗនេះ អ្នកស្រី Vanessa Williamson អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយពន្ធ Urban-Brookings បាននិយាយថាអាជីវកម្មគួរតែយកចិត្តទុកដាក់បន្ថែមទៀតអំពីនីតិរដ្ឋ និងតម្លៃប្រជាធិបតេយ្យ។
អ្នកស្រីបានអះអាងថា ចាំបាច់ត្រូវមានសមាគមធុរកិច្ចដែលមិនប្រកាន់បក្សពួកខ្លាំងជាងមុន ហើយនាយកប្រតិបត្តិ និងនាយកនានាត្រូវដឹងឱ្យបានច្បាស់អំពីរបៀបដែលការផ្លាស់ប្តូរចេញពីលទ្ធិប្រជាធិបតេយ្យអាចប៉ះពាល់ដល់ចំណូលរបស់ពួកគេ។
អ្នកស្រីបាននិយាយថា៖ «មានភស្តុតាងដែលមិនអាចប្រកែកបាននៃការខាតបង់សេដ្ឋកិច្ចពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។ ការខាតបង់ទាំងនេះរួមមាន ការជាប់គាំង អស្ថិរភាពគោលនយោបាយ បក្ខពួកនិយម ការខ្សោះធនធានអ្នកចេះដឹង និងអំពើហិង្សា»៕
ប្រែសម្រួលដោយ លោក ម៉ែន គឹមសេង