លោកស្រី Janet Yellen ប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Federal Reserve) បានថ្លែងថា វិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨ បានធ្វើឲ្យពលរដ្ឋអាមេរិកាំង៩លាននាក់បាត់បង់ការងារធ្វើ និងបានធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ លោកស្រីបាននិយាយថា កំណែទម្រង់បទបញ្ញត្តិហិរញ្ញវត្ថុធ្វើឡើងក្នុងគោលបំណងធ្វើឲ្យអត្រាបរាជ័យរបស់ស្ថាប័នធំៗស្ថិតក្នុងកម្រិតទាបនៅពេលអនាគត និងដើម្បីផ្តល់វិធីដ៏ល្អត្រឹមត្រូវមួយដើម្បីដោះស្រាយបំណុលរបស់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗដែលបានបរាជ័យ ដោយមិនមានការជួយពីរដ្ឋាភិបាល។
លោកស្រីបាននិយាយថា ក្រុមហ៊ុនហិរញ្ញវត្ថុ ជាពិសេសក្រុមហ៊ុនធំៗដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលប្រសិនបើពួកគេបរាជ័យនោះ នៅពេលនេះក្រុមហ៊ុនទាំងនោះត្រូវដាក់ទុនបម្រុងច្រើនជាងមុន។ ការធ្វើបែបនេះ ប្រសិនបើឥណទានណាមួយមានបញ្ហា ក្រុមហ៊ុននេះទំនងនឹងមិនត្រូវលក់ទ្រព្យសកម្មផ្សេងទៀតប្រញាប់ប្រញាលដើម្បីទប់ទល់នឹងការខាតបង់នោះទេ។ ការដាក់តម្កល់ប្រាក់បម្រុងទាបជំរុញឲ្យមានការធ្លាក់ចុះ នៅពេលដែលក្រុមហ៊ុនដែលងាយដួលរលំជាច្រើនជួបបញ្ហាភ្លាមៗ នោះក្រុមហ៊ុនទាំងនោះនឹងព្យាយាមលក់ទ្រព្យសម្បត្តិរបស់ខ្លួន ហើយគ្មានអ្នកចង់ទិញនោះទេ។
លោកស្រី Yellen ទទួលស្គាល់ថា បទបញ្ញត្តិតឹងតែងហួសហេតុនេះ អាចប៉ះពាល់ដល់ដំណើរការឥណទាន និងបង្កភាពប្រថុយប្រថានដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែលោកស្រីនិយាយថា ការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថា បទបញ្ញត្តិនាពេលបច្ចុប្បន្ននេះប៉ះពាល់ដល់ដំណើរការផ្តល់ប្រាក់កម្ចី ខណៈដែលការសិក្សាស្រាវជ្រាវផ្សេងទៀតបង្ហាញថា បទបញ្ញត្តិបែបនេះជួយដល់សេដ្ឋកិច្ចទៅវិញ។
នៅក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំនៃក្រុមមន្ត្រីមកពីជុំវិញពិភពលោកកាលពីខែសីហាកន្លងទៅនៅក្នុងរមណីយដ្ឋានមួយក្នុងរដ្ឋ Wyoming លោកស្រីបាននិយាយថា ក្រុមមន្ត្រីសហព័ន្ធកំពុងពិនិត្យមើលវិធីធ្វើឲ្យបទបញ្ញត្តិទាំងនេះមានភាពងាយស្រួលសម្រាប់ធនាគារតូចៗដែលមិនបង្កបញ្ហាដល់សេដ្ឋកិច្ចជាតិ ប្រសិនបើធនាគារទាំងនោះបរាជ័យ។ ធនាគារតូចៗតវ៉ាថា តម្លៃនៃការអនុវត្តបទបញ្ញត្តិស្មុគស្មាញទាំងនោះធ្វើឲ្យមានការពិបាកក្នុងការផ្តល់ប្រាក់កម្ចី។ ធនាគារតូចៗមានសារៈសំខាន់ណាស់ ដោយសារតែពួកគេជារឿយៗគឺជាប្រភពដើមទុនសម្រាប់ក្រុមហ៊ុនតូចៗ ហើយក្រុមហ៊ុនតូចៗដែលកំពុងលូតលាស់ទាំងនោះ គឺជាប្រភពនៃការងារថ្មីៗភាគច្រើន។
សុន្ទរកថារបស់លោកស្រី Yellen ដែលត្រូវបានគេតាមដានយ៉ាងជិតដិតនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមសេដ្ឋវិទូនៅក្នុងរមណីយដ្ឋានមួយនៅក្នុងក្រុង Jackson Hole រដ្ឋ Wyoming ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីគណបក្សសាធារណរដ្ឋ និងអ្នកផ្សេងទៀតថា បទបញ្ញត្តិតឹងតែងនេះកំពុងប៉ះពាល់ដល់ដំណើរការឥណទាន និងកំណើនសេដ្ឋកិច្ច។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវឲ្យនិរាករណ៍ផ្នែកសំខាន់មួយនៃបទបញ្ញត្តិនេះដែលមានឈ្មោះថា «Dodd-Frank» ដែលឈ្មោះនេះត្រូវបានគេដាក់ដោយយកតាមឈ្មោះក្រុមអ្នកតាក់តែងច្បាប់នេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ