៥ ឆ្នាំក្រោយការបោះឆ្នោតដ៏ប្រកៀកប្រកិតគ្នា ការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះហាក់ស្ងប់ស្ងាត់

រូបឯកសារ៖ ព្រះសង្ឃមួយអង្គបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

ភ្នំពេញ — គណបក្ស​នយោបាយ​ចំនួន​ ១៧ បាន​និង​កំពុង​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២ ​ខាង​មុខ​នេះ។ ​

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​នេះ ​មាន​ឃុំ​សង្កាត់​ចំនួន​ ១,៦៥២ នៅ​ទូទាំងរាជធានី​ខេត្ត។ បច្ចុប្បន្ន ឃុំ​សង្កាត់​ទាំង​ជាង​ ១,៦០០ ​នោះ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេឃុំ និង​ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ហើយ​គណបក្ស​កាន់​អំណាច​ប្រមូល​យក​អាសនៈ​របស់មេឃុំ​ចៅសង្កាត់គណបក្ស​ប្រឆាំង​មួយ​នេះទាំងអស់ ចំនួន ៤៨៩។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ផ្តល់​អំណាច​ដល់​ក្រុម​អ្នក​នយោបាយដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​ជា​ស្នូល​នៃ​គោលនយោបាយ​វិមជ្ឈការ​ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​។ ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​លើក​ដំបូង​ត្រូវបាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០០២ ដោយ​បាន​ដាក់​បញ្ចូល​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដូចជា​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និង​គណបក្ស​សម រង្ស៊ី ទៅ​ក្នុង​មុខ​តំណែង​ដឹកនាំ​ភូមិ​ឃុំ​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​នយោបាយ​សម័យ​ថ្មី ក្រោយ​របប​ខ្មែរ​ក្រហម។ ​

​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧​ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន​ ហ្វ៊ុនស៊ិនប៉ិច ខ្មែរ​រួបរួម​ជាតិ ខ្មែរ​ស្រឡាញ់​ជាតិ សញ្ជាតិ​កម្ពុជា យុវជន​កម្ពុជា ឆន្ទៈ​ខ្មែរ កែ​ទម្រង់​កម្ពុជា កម្ពុជា​និយម ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ខ្មែរ​តែ​មួយ សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ឯកភាព​ជាតិ​ខ្មែរ រស្មី​ខេមរា និង​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

សម្រាប់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (L.D.P.) ដែល​តែង​ឈ​រ​ឈ្មោះ​បោះឆ្នោត​ជាច្រើន​អាណត្តិ​មក​ហើយ​នោះ​ បាន​ប្រកាសមិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ ដោយបញ្ជាក់​ថា មាន​ការរឹតត្បិតខ្លាំង​ពី​សំណាក់​ គ.ជ.ប. ជាមួយ​នឹង​នីតិវិធី​ដែល​មិន​ចែក​ចាយ​ទម្រង់​លទ្ធផល​ឆ្នោត​បឋម​តាម​ការិយាល័យ (ទម្រង់១១០២) ​ទៅឱ្យ​ភ្នាក់​ងារ​គណបក្ស​នយោបាយ ហើយ​ថា​សំណើ​ខ្លួន​ទៅ​គ.ជ.ប.​ជុំវិញ​ការ​កំណត់​សុពលភាព​សន្លឹក​ឆ្នោត​បាន​ការ​ ​មិន​ត្រូវ​បាន​គ.ជ.ប.​ទទួល​កែ​ប្រែ​។

រូប​ឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជាកំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

រាល់គណបក្ស​ដែលបាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះឆ្នោត ​មិន​មាន​បេក្ខជន​ឈរ​ជាមេឃុំ​ចៅសង្កាត់​នៅ​គ្រប់ឃុំ​សង្កាត់​ទាំង​អស់​នោះ​ទេ​ លើក​លែង​តែគណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយគត់​ ដែល​មាន​បេក្ខជន​នៅ​គ្រប់​ទូ​ទាំង​ឃុំ​សង្កាត់​ទាំង​អស់។ បេក្ខជន​របស់គណបក្ស​ទាំង ​១៧ មាន​ចំនួន​សរុប ៥,៥០៨ ​នាក់។ ក្នុង​នោះ​គណបក្ស​ប្រជាជន​ដាក់​បេក្ខជន​ចំនួន​ ១,៦៥២​ នាក់ ចំណែក​គណបក្ស​ភ្លើងទៀន ដាក់​បេក្ខជន​ចំនួន​ ១,៦២៣ នាក់ ស្ទើរតែ​គ្រប់​ឃុំសង្កាត់​ លើកលែង​តែ​ឃុំ​ចំនួន ៣។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃ​ទី ​៥ ខែ​មិថុនា ឆ្នាំ​ ២០២២ ចាប់​ពី​ម៉ោង ​៧ ព្រឹក ដល់​ម៉ោង​៣​រសៀល។ ​ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នេះ​បាន ពលរដ្ឋត្រូវ​តែមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរ។ ​ ប្រសិន​បើ​មិនមាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរទេ នោះទាំងពលរដ្ឋ និង​ព្រះ​សង្ឃ ​ត្រូវ​ទៅ​ស្នើសុំ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នៅ​តាម​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់​នៅ។

លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ថ្លែង​ថា៖ «ត្រូវ​ស្នើ​សុំឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យការ​បោះឆ្នោត​ ហើយថេរវេលា​នៃ​ការ​ស្នើ​សុំគឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៥ ខែ​ឧសភា ​រហូត​ទៅដល់​ថ្ងៃ​៣ ខែ​មិថុនា។ អ៊ីចឹង​ថ្ងៃ​បោះឆ្នោត​មិន​អាច​ស្នើ​សុំបាន​ទេ អ៊ី​ចឹង​ក៏​មិនអាច​បោះឆ្នោត ​មាន​ន័យ​ថា ​ក៏​មិនអាច​បោះឆ្នោត​បាន​ដែរ​»។

រហូត​មក​ដល់​ពេល​នេះ ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតសរុប​ចំនួន ៩,២០៥,៦៨១​ នាក់។ ​អ្នក​សង្កេតការណ៍​មក​ពី​អង្គការជាតិ​ចំនួន​ជាង​ ៤ ​ម៉ឺននាក់ តែ​មិនមាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ និង​តំណាង​ស្ថានទូត​នោះ​ទេ។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក ហង្ស ពុទ្ធា។

ទោះជា​មាន​គណបក្ស​នយោបាយ​ចម្រុះ​ដល់​ទៅ ១៧ ចូលរួម​ប្រជែង​យក​តំណែង​ដឹកនាំ​ឃុំសង្កាត់ ខណៈ​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក៏​មាន​ច្រើន​ក្តី ក៏​បរិយាកាស​នយោបាយជុំវិញ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិនេះ​ ត្រូវបាន​គេ​យល់​ថា មាន​សភាព​ខុស​គ្នា​ខ្លាំង​ទៅនឹង​ ៥ឆ្នាំ​មុន ដោយសារពេលនោះ​មានលទ្ធផល​បោះឆ្នោត​ដ៏​ប្រកៀកប្រកិត​គ្នា​មួយ​រវាង​គណបក្ស​កាន់អំណាច ​និង​គណបក្ស​ប្រឆាំង។ ​

លោក ​កន ​សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល​ ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើកឡើងថា ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ ​មិន​មាន​ភាព​ល្អ​ប្រសើរ​ដូច​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៤ កាល​ពីឆ្នាំ ២០១៧​ នោះ​ទេ។​

លោកថា ការ​បោះឆ្នោត​អាណត្តិនេះ មានការ​បង្កើត​ច្បាប់ដើម្បី​រឹតត្បិត​ការ​ចូលរួម​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​ពាក់ព័ន្ធនឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ចាប់​ខ្លួន​និង​ធ្វើទុក​បុកម្នេញ​លើ​សកម្មជន​គណបក្ស​នយោបាយ​ប្រឆាំង ការ​បន្តអនុញ្ញាត​ឲ្យ​មន្រ្តី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ហាញ​ការ​គាំទ្រ​គណបក្ស​នយោបាយ​ជាដើម។​

លោក កន សាវាង្ស បន្ថែម​ថា បើតាមការ​សង្កេត​របស់​លោក ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​ ២០១៧ មក លោក​នៅ​តែឃើញ​ប្រជាពលរដ្ឋ​ហាក់​មិន​អស់​ចិត្ត​នឹង​ការ​បាត់បង់​គណបក្សដែល​ពួកគេគាំទ្រ។

លោក កន សាវាង្ស បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ គឺជាការ​បាត់​បង់​មួយ​យ៉ាងធំ​សម្រាប់​អ្នក​ដែល​គាំទ្រគណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រជិត​ពាក់​កណ្តាល​ប្រទេស​ និង​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​យ៉ាងច្រើន។​

«ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កន្លង​មក វា​ជា​មេរៀន​មួយស​ម្រាប់​ប្រទេស​ជាតិ​យើង ដែល​បង្ហាញ​ពី​ភាព​បែក​បាក់​មួយ​យ៉ាង​ធំ​ទៅលើ​ផ្នែក​នយោបាយ ហើយ​ដែល​ធ្វើ​ឱ្យ​ទាំង​អ្នក​គាំទ្រ​ក៏​ដោយ អ្នក​នយោបាយ​ផ្សេងៗ​ក៏ដោយ គាត់​ថា​ គាត់​នឹក​ស្មាន​មិន​ដល់​នឹង​ការបាត់បង់​នេះ រហូត​ដល់​សហគមន៍​អន្តរជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍ ឬ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យវិញ ឲ្យ​មាន​ការប្រកួត​ប្រជែង​របស់​គណបក្ស​សង្គ្រោះជាតិ​កាល​ឆ្នាំ​២០១៨​ រហូត​ឱ្យ​មាន​ការ​សម្រប​សម្រួលផ្នែក​នយោបាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទៀត»។

លោក ចាន់ ថា អ្នក​រត់​ Pass App នៅ​រាជធានី​ភ្នំពេញ ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅរាជធានី​ភ្នំពេញ ​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២២(កាន់ វិច្ឆិកា/វីអូអេ)

លោក ​អៀ សៀង អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅរាជធានី​ភ្នំពេញ ​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២២(កាន់ វិច្ឆិកា/វីអូអេ)

ប្រជាពលរដ្ឋមួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ពួកគេ ​លើ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​នេះ ថា​មាន​ភាព​ខុស​គ្នាពី​អាណត្តិ​មុន។​

លោក ចាន់ ថា អ្នក​រត់​ Pass App នៅ​រាជធានី​ភ្នំពេញ ប្រាប់ VOA ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន​មាន​គណបក្ស​ប្រឆាំង​ចូលរួម ធ្វើ​ឲ្យ​មាន​ភាព​អ៊ូអរ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោតអាណត្តិ​នេះ​ហាក់​មានភាព​ស្ងប់ស្ងាត់។

បុរស​វ័យ​ ៦១ ​ឆ្នាំ​រូបនេះ​បញ្ជាក់ថា៖ «អាណត្តិមុន​មនុស្ស​ហ៊ឹកហ៊ាក់ ចង់​និយាយ​ថា​ហ៊ឹកហ៊ាក់ ម្នាក់ៗ​សប្បាយ​ចិត្ត។ ដល់​អាណត្តិ​នេះ​ឃើញដូចធម្មតាៗ​ ចង់​និយាយ​ថា​ធម្មតាអ៊ីចឹង​ យើង​មិន​ដឹង​រឿង​នយោបាយ​យ៉ាងម៉េច យើង​ប្រជាជន​យើង​មិនអាច​ដឹង​បាន​ទេ គ្រាន់​តែ​យើង​ឃើញស្ងាត់​យើង​ប្រាប់​ថា​ស្ងាត់ អត់មាន​ហ៊ឹកហ៊ាក់​ដូច​មុន»។

ចំណែក​លោក ​អៀ សៀង អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ លើកឡើ​ងថា លោក​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​នោះ​ទេ ដោយ​លោក​ថា លោក​រវល់​ប្រកប​របរ​ដើម្បី​ចិញ្ចឹម​ជីវិត។​

ទោះយ៉ាងណា​ លោក​បង្ហាញ​ការ​យល់​ឃើញ​លើ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ​ថា៖ «មានគណបក្ស​តូចៗហ្នឹង មើល​ទៅអត់​មាន​សង្ឃឹម​ទេ គ្រាន់តែ​ឈរ​ឈ្មោះឱ្យតែបោះៗ ឱ្យតែ​គម្រប់ៗ​ទៅ។ អ្នក​ដឹកនាំ នៅអ្នក​ដឹកនាំ​ដដែល»។​

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិនេះ ខុសពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន ដោយសារ​មិនមាន​គណបក្ស​ប្រឆាំងដ៏​ធំ​ គឺ​គណបក្ស​សង្រ្គោះជាតិ​ដែល​ជា​គណបក្ស​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាងគណបក្ស​សម រង្ស៊ី​របស់លោក សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្សរបស់លោក កឹម សុខា។

គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​តុលាការកំពូល​រំលាយ​កាល​ពី​ថ្ងៃ​ទី​ ១៦​ ​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ពោល​គឺ​ ៥ ខែ​ក្រោយការ​បោះ​ឆ្នោតឃុំ​សង្កាត់​អាណត្តិ​ទី​៤ រួច ដែល​គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​កាន់កាប់​អាសនៈ​ឃុំសង្កាត់​ស្ទើរ​តែ​ពាក់កណ្តាល​នៃ​ចំនួន​ភូមិឃុំ​សរុប។ នៅពេលនោះ គណបក្ស​សង្គ្រោះជាតិត្រូវ​បាន​គេមើល​ឃើញ​ថា​ជាគូ​ប្រកួត​ប្រជែង​ ដែល​គំរាម​កំហែងដល់​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។​

លោកបណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិ​ទី​ ៥ ​នេះ នៅ​តែមានការ​គំរាម​កំហែង និង​ការ​ដាក់​គំនាប​ផ្សេងៗ​នៅ​តាមមូល​ដ្ឋាន។ ចំណែក​សមាសភាពរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត នៅតែមាន​សមាសភាព​ភាគច្រើន​មក​ពី​គណបក្ស​កាន់​អំណាច​ដដែល។​

លោក​បណ្ឌិត មាស នី បន្ថែមថា បើតាមការ​សង្កេត​របស់​លោក ​ប្រជាពលរដ្ឋហាក់​មិន​សូវ​ចាប់​អារម្មណ៍នឹង​ការ​បោះឆ្នោត​អាណត្តិ​នេះ​ប៉ុន្មាននោះ​ទេ ដោយ​សារមិនមាន​គណបក្ស​នយោបាយដែល​ជា​គូ​ប្រជែងរបស់គណបក្ស​កាន់​អំណាច។​

«ឆ្នាំ​២០២១ ២០១៣ និង​២០១៧ យើង​ឃើញថាគូ​ប្រកួតវា​មាន​សភាព​ប្រហាក់​ប្រហែលគ្នា គឺ​ពេលនោះ​គឺ​ពលរដ្ឋហាក់ដូចជានាំគ្នា​សម្រុក​ទៅបោះឆ្នោតទាំងគ្រប់​គណបក្ស​ទាំងអស់ មាន​ដើរ​ជួយ​ជញ្ជូនគ្នា​ទៀត។ ប៉ុន្តែ​ក្រោយពីមានការ​រំលាយ [គណបក្ស] ​សង្គ្រោះជាតិ​មក ហើយ​យើង​ឃើញ​ថា​គណបក្ស​នយោបាយនៅ​ស្រុក​ខ្មែរ​ហ្នឹងគឺបាន​បាត់បង់នូវ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ហើយ គឺ​មានតែគណបក្សកាន់​អំណាច​មួយ​ដែល​ត្រូវ​កាន់កាប់អំណាច​តែម្នាក់ឯង ដល់​អ៊ីចឹង​ទៅវា​ហាក់​ដូចជាធ្វើ​ឲ្យពលរដ្ឋហ្នឹង​ហាក់ដូចជា​មិនសូវស្ទុះស្ទានៅ​ក្នុងការ​បបួលគ្នា​ទៅបោះឆ្នោត​ប៉ុន្មានទេ»។

បើតាម​លោក​បណ្ឌិត មាស នី ការ​បន្ត​ឲ្យ​នយោបាយ​កម្ពុជា​ស្ថិត​ក្នុងស្ថាន​ភាពរឹតត្បិត និង​គ្មាន​គូ​ប្រជែង​នយោបាយ​បែបនេះ នឹង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​កាន់តែ​រិះគន់ ហើយ​គុណភាព​នៃ​ប្រព័ន្ធ​គោលនយោបាយ​វិមជ្ឈការ​នៅតែ​មាន​កម្រិត គ្រា​ដែល​ថ្នាក់ដឹកនាំ​ឃុំសង្កាត់ នៅតែ​បន្ត​ក្តោបក្តាប់​ដោយ​គណបក្ស​កាន់អំណាច។ ​

លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ ឬ​មជ្ឈដ្ឋាន​ណាមួយ លោក ហង្ស ពុទ្ធា ​ដែល​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លើកឡើងថា គណៈ​កម្មា​ធិការជាតិ​រៀបចំការ​បោះឆ្នោត អនុវត្ត​ទៅ​តាម​ច្បាប់ក្នុងការ​រៀប​ចំ​ការបោះឆ្នោត​ដោយ​ធានា​ថា​ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅប្រកប​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។​

«ការ​ព្រួយបារម្ភ ឬ​ក៏​ការ​លើកឡើង​វាគ្រាន់តែជាការ​បញ្ចេញ​មតិ ហើយ​ក៏​មិនមែន​ជា​ការ​ជាក់​ស្តែង​នោះដែរ​។ ហើយ​យើង​នឹង​ពិនិត្យ​ទៅលើ​លទ្ធផល​នៃ​ការ​ចូលរួមរបស់​ប្រជាពលរដ្ឋ ហើយ​និង​ភ្នាក់ងារជាអ្នកសង្កេតការណ៍ ឬក៏​គណបក្ស​នយោបាយ​បន្ថែម​ទៀត។​ ពិសេសអ្វីៗ ទាំងអស់​គ្នា​នឹង​ឃើញ​នៅ​ថ្ងៃ​បោះឆ្នោត»។

ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិ​មុន​ ពោល​គឺ​អាណត្តិ​ទី​ ៤ ដែល​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ២០១៧ មានគណបក្ស​នយោ​បាយចំនួន​ ១២ បាន​ចូល​រួម​ប្រកួត​ប្រជែង ដោយ​ក្នុងនោះ​មាន​គណបក្ស​ធំៗពីរ បាន​ដាក់​បេក្ខជន​គ្រប់​ឃុំ​សង្កាត់ គឺគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,៥៤០,០៥៦ សំឡេង ​ស្មើនឹង ​៥០.៧៦ ​ភាគរយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត ចំនួន ៣,០៥៦,៨២៤​ សំឡេង​ ស្មើនឹង​៤៣.៨៣ភាគរយ។ បើ​គិតជា​អាសនៈគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​ ១,១៥៦) គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន៤៨៩)។​

ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស​នា​ពេល​នោះ បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។ ការណ៍​នេះ​ក៏​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​មិនមាន​អ្នក​សង្កេត​ការណ៍អន្តរជាតិសម្រាប់​ការ​បោះឆ្នោត ចាប់​តាំង​ពីការ​បោះឆ្នោតថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​មក​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក្តី ក្រោយ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ គេ​ឃើញ​គណបក្សនយោបាយ​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​ស្ថាបនិកជា​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​បង្កើត​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា។ ចំណែក​គណបក្ស​ភ្លើង​ទៀនដែល​បង្កើត​ឡើង​ដោយ​លោក​ សម រង្ស៊ី ក៏​ចាប់​ផ្តើម​មាន​សកម្មភាព​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​បច្ចុប្បន្ន​របស់​លោក សុន ឆ័យ អ្នក​នយោបាយ​ជើងចាស់​មួយ​រូប។ គណបក្ស​នយោបាយ​មួយ​នេះ ត្រូវបាន​អ្នក​វិភាគ​នយោបាយ​ជាច្រើន ចាត់​ទុក​ថា​ជា​គណបក្ស​ប្រឆាំង​មួយ ​ដែលអាច​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​គួរសម បើ​ធៀប​នឹង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត៕