សម្រាប់​ឆ្នាំ២០២៤ រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​កំណែទម្រង់ គ្រាដែល​សេដ្ឋកិច្ច​និង​លម្ហ​សេរីភាព​នៅតែ​ជា​បញ្ហា​ប្រឈម

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់​ព្រែកជីកតេជោហ្វូណន នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ឆ្នាំ​២០២៤​ ជា​រយៈពេល​ដែល​រដ្ឋាភិបាល​ឈាមថ្មីរបស់​គណបក្ស​ប្រជាជនកម្ពុជា​បាន​និង​កំពុង​បំពេញ​ការងារ​ក្នុង​ស្មារតី​នៃ​ការ​កែទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច ​គ្រាដែល​ការ​រឹតត្បិត​សេរីភាព​នៅ​តែ​បន្ត​កើតមាន​ឡើងជាបន្តបន្ទាប់។ នេះ​ក៏​ជា​ឆ្នាំ​ដែល​គេ​ឃើញ​មាន​ព្រឹត្តិការណ៍សំខាន់​មួយចំនួនបាន​កើត​ឡើង​នៅ​កម្ពុជា ​ដូចជាការ​បើក​ការដ្ឋាន​ជីក​ព្រែក​ដ៏អធិកអធម ​កាលពីថ្ងៃទី​ ៥ ខែ​សីហា​ ឆ្នាំ​២០២៤ និង​ការ​ដកខ្លួន​ចេញ​ពីកិច្ចសហការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ ហៅ​កាត់​ថា​ CLV-DTA ដ៏​ចម្រូងចម្រាស។ នេះ​បើតាមការ​វាយតម្លៃ​និង​កត់​សម្គាល់​របស់​ក្រុមអ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍស្ថានការណ៍នៅក្នុង​ប្រទេសកម្ពុជា​។

រូបឯកសារ៖ ប្រទីបឈ្មោះ «ព្រែកជីក​ហ្វូណន​តេជោ» ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជាខេត្ត​កណ្តាល​ (ស៊ឹម ចាន់សំណាង/វីអូអេ)

ប្រធានវេទិកា​អនាគត​ លោក អ៊ូ វីរៈ សង្កេត​ឃើញថា​ ក្រោមការ​ដឹកនាំ​របស់​អ្នកជំនាន់​ថ្មី​នៃ​គណ​បក្ស​កាន់​អំណាចគឺ​គណបក្ស​ប្រជាជន​កម្ពុជា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជានៅឆ្នាំ ​២០២៤​ ​បាន​ងើប​ឡើងវិញ ក្រោយរងផល​ប៉ះ​ពាល់​នៃការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ១៩​។

លោកថ្លែង​ថា​៖ «កម្ពុជា​យើង ​២០២៤ ជា​ឆ្នាំ​ទី ១ ​ហើយ​ដែល​មានពេញ​ ជាឆ្នាំ​ទី ១ ​ ពេញ​មួយ​ឆ្នាំ​ដែល​មាន​នាយករដ្ឋមន្ត្រី​ថ្មី​និងមាន​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ថ្មី​ ហើយ​ ទន្ទឹម​គ្នា​ហ្នឹង​ដែរ​ ជា​ឆ្នាំ​ដែល​យើង​ចាប់​ផ្តើម​រើប​ឡើងវិញ​ទាំងសេដ្ឋកិច្ច ​ទាំងបញ្ហា​ផ្សេង​ៗ​ សង្គម​ សុខាភិបាល​ ពី​ភាពពិបាក​ធ្ងន់ធ្ងរ​នៃ​កូវីដ»។

លោក ​អ៊ូ វីរៈ ក៏​បាន​បង្ហាញ​ពីការ​រំពឹង​ខ្ពស់​ផងដែរ​ទៅលើ​ការ​កែទម្រង់​ ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បាននិង​កំពុងធ្វើ​នៅឆ្នាំ​ ២០២៤​។ ក៏ប៉ុន្តែ​លោក​បាន​កត់សម្គាល់ថា បញ្ហា​ជាតិ​និយម​ដែល​បាន​កើត​ឡើង​ជា​មួយ​ថៃ​ និង​វៀត​ណាម​ក្នុង​ឆ្នាំ​ ២០២៤ នេះ​ អាច​នឹង​បន្តទៅដល់​ឆ្នាំ​ ២០២៥។

លោក​ថ្លែងថា៖​ «ការរំពឹង​ទៅលើ​កំណែទម្រង់នេះ​នឹង​បន្ត​ឆ្នាំ ​២០២៤​ ប៉ុន្តែ​នឹង​បន្ត២០២៥ ហើយ​ខ្ញុំជឿជាក់​ថា ជារឿងមួយដែលនឹងនៅ​តែ​មានការ​តាន​តឹង​ផងដែរ។ ហើយរឿង​ដែល​តាន​តឹង​ជាង​នេះ​ទៅទៀត​ គឺ​រឿង​ជាតិ​និយមហ្នឹង​ គឺ​នឹង​មិន​អាចបញ្ចប់​ទេ​ ជាមួយ​នឹង​ជាតិ​និយម​ចិន​ ជាមួយ​ចិន​ក៏ដោយ​ ជាមួយនឹង​វៀតណាក៏ដោយ ជាមួយនឹង​ថៃ​ក៏ដោយ ជាមួយ​នឹង​ប្រទេស​ណាក៏ដោយ​ ក៏នឹងមិន​ចប់​ទេ ហើយ​ជាទូទៅ​ប្រទេស​មួយ​ណា ​ក៏គេច​ពីជាតិ​និយម​មិន​ផុត​ដែរ​»។ ​

ក្រៅពីបញ្ហា​ជាតិ​និយមនេះ លោក អ៊ូ វីរៈ​ បានកត់​សម្គាល់ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​ក្នុងនយោបាយ​កម្ពុជានៅ​ឆ្នាំ​ ២០២៤ នោះ​គឺ​ការ​ផ្លាស់ប្តូរ​រដ្ឋ​មន្ត្រី​ការ​បរទេស​ដែលជា​ផ្នែក​មួយ​នៃការ​សម្រប​ខ្លួន​របស់​កម្ពុជា​ទៅ​នឹង​ការប្រែប្រួល​របស់​នយោបាយ​អន្តរជាតិ ​ដែល​កំពុងផ្តោត​សំខាន់​លើ​ការ​ថែរក្សា​សន្តិសុខ បន្ថែម​លើ​បញ្ហា​សេដ្ឋកិច្ច។

លោក​ថ្លែងថា៖ «យើង​មិន​អាច​ផ្តាច់​ស្ថានភាព​សេដ្ឋកិច្ច​ចេញពី​ស្ថានភាព​នយោបាយអន្តរជាតិ​ទេ​ អ៊ីចឹង​គឺ​ជា​ការ​ដោះដូរ​មួយ​សំខាន់​បំផុត​ ហើយ​ឆ្លុះបញ្ចាំង​ថា​ គោលនយោបាយ​ការ​បរទេស​របស់​យើង​ហ្នឹង​មិនត្រូវ​នៅស្ថានភាព​ពិតប្រាកដ​ទេ​ពីដើមមក​ ហើយយើង​ក៏ដូរ​តាម​ជាក់​ស្តែង​ហ្នឹង​ទៅ​។ ហើយការ​ដូរ​នេះ​គឺជារឿង​មួយ​ ដូច​ខ្ញុំថាអ៊ីចឹង​ បើ​ចាំបាច់​ដូរ​ទៅ​ កុំ​ព្រួយ​បារម្ភ​ពីការ​ចោទ​ប្រកាន់​ ព្រោះ​អីចុង​បញ្ចប់​កម្ពុជា ​ប្រជាពលរដ្ឋ​ គេនឹង​សង្កេត​មើល​តែ​ពី​លទ្ធផល​ទេ»។

ការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រីការបរទេស​នេះ គឺ​ជា​ព្រឹត្តិការណ៍មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​សំខាន់​ៗដែល​បានកើត​ឡើងនៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នេះ។

ដោយឡែក​ សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ​ឯម សុវណ្ណារ៉ា​ សង្កេត​ឃើញថា​ ព្រឹត្តិការណ៍​សម្ពោធ​បើកការដ្ឋាន​ជីកព្រែកហ្វូណន​តេជោ​ គឺ​ជា​ចលនាជាតិ​និយម​មួយ​របស់​កម្ពុជា បើ​ទោះបីចលនា​នេះ​មាន​សន្ទុះខ្លាំង​តែ​មួយគ្រាក្តី។ លោក​ក៏​បាន​កត់​សម្គាល់​លើ​ព្រឹត្តិការណ៍​តវ៉ា​ទាម​ទារ​របស់​ពលរដ្ឋ​នៅខាងក្រៅ​ប្រទេស​ឲ្យកម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ CLV-DTA ​ដ៏​ចម្រូង​ចម្រាស​។ ​

លោក​ថ្លែង​ថា​៖ «ខ្ញុំលើក​ឧទាហរណ៍​រឿង​បញ្ហា​គណបក្ស​កាន់​អំណាច​ ព្រែក​ជីក​តេជោ​ហ្វូណន​ ហ្នឹង​ចលនា​ជាតិ​ដែរ​ ប៉ុន្តែធ្វើ​ទៅ​ហាក់​ដូច​ជាមិនមាន​សន្ទុះ​ ឬគេហៅថា​ ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​ នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដំបូង​ៗ​ ថ្ងៃ​ ៥ សីហា​អ៊ីចឹង។ យើង​ទូង​ស្គ​រតាម​វត្តអារ៉ាម​ តាម​សាលាអី​ច្រើន​ ថ្វីដ្បិត​តែ​គេថា​មិន​ឲ្យ​សិស្សសាលា​ចូល​ប្រលូក​ប្រលាន់​នឹង​នយោបាយ​ ក៏ប៉ុន្តែ​សិស្ស​សាលា​ចេញ​មក​ព្រោង​ព្រាត​»។

រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

លោក ​ឯម សុវណ្ណារ៉ា ថ្លែង​បន្ថែមថា​៖ «ដោយ​ឡែក​ ចលនាហ្នឹង​ក៏មាន​ចលនា​ខាង​បក្ស​ប្រឆាំង​គេធ្វើ​ឡើង​ ទាម​ទារ​ឲ្យ​មាន​នូវ​ការ​ដក​ចេញ​ CLV​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ហ្នឹង​ ហើយ​ចលនា​នេះ​នៅ​ក្រៅ​ប្រទេស​ ថ្វីដ្បិត​ក្នុង​ប្រទេស​អត់​មាន​ ប៉ុន្តែ​នៅក្រៅ​ប្រទេស​ឃើញមាន។ នៅក្នុង​ប្រទេស​ មាន​អ្នកលើកឡើង​តិចតួច​ទេ តែ​ក្រៅ​ប្រទេស​លើក​ឡើង​ច្រើន​កម្មករ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ នៅកូរ៉េ​ នៅ​ជប៉ុន​ ហើយ​និងលោក​ខាង​លិច​ នៅអឺរ៉ុប ... អ៊ីចឹង​ចលនា​ហ្នឹង​ វាមាន​ឥទ្ធិពល​មក​ដល់​ក្នុង​ស្រុក​»។

បើតាម​លោក ​ឯម សុវណ្ណារ៉ា​ បញ្ហា​កោះគុតក៏បាន​កើន​កម្តៅខ្លាំងនៅក្នុង​នយោបាយ​ឆ្នាំ​ ២០២៤​ ដែល​នាំ​ឲ្យអ្នកនយោបាយ​មានក្តីបារម្ភ​នៅពេល​ខាងមុខ​ ជាពិសេសគណបក្ស​ប្រជាជន​កម្ពុជា ដែលបាន​ផ្ទេរ​អំណាច​ទៅអ្នកជំនាន់​ក្រោយ​របស់ខ្លួន​ដែលមិន​ទាន់អាច​ទាក់ទាញ​បាន​ជំនឿ​ពេញ​លេញ​ពីប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹងការ​ដោះ​ស្រាយ​បញ្ហា​បូរណភាព​ទឹកដីនេះ​។

លោក ​ឯម សុវណ្ណារ៉ា ថ្លែងថា​៖ «ចលនាកោះគុត​នេះ​ យើង​ឃើញ​ជា​រឿង​ក្តៅ​នៅ​ក្នុង​នយោបាយ​ ២០២៤ ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​បារម្ភ​នៅថ្ងៃ​អនាគត​ ជាពិសេស​គណបក្ស​កាន់​អំណាច​ដែលផ្ទេរ​ គេហៅ​ថា​ ផ្តល់​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយរបស់​ខ្លួន​ហ្នឹង​ហាក់​ដូច​ជា​នៅចន្លោះ​ប្រហោង​ រឿង​ជាតិ​និយម រឿង​បូរណភាព​ទឹក​ដី​ហ្នឹង​ហាក់​ដូច​ជា​មិន​ទាន់​កសាង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យបាន​ពេញលេញ​ទេបាទ»។

បញ្ហា​កោះ​គុត​បាន​ក្លាយ​ជាប្រធាន​បទដ៏ចម្រូង​ចម្រាស​មួយ​រវាង​ប្រទេស​កម្ពុជា ​និង​ថៃ​។​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃនិង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អតីតនាយករដ្ឋ​មន្ត្រីកម្ពុជា​លោក ហ៊ុន សែន បាន​អះអាង​ប្រាប់កាសែតថៃ​ថា ​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ​ផ្តាច់​មុខ ​ដោយ​គ្មាន​ប្រទេស​ណា​អាច​ទាមទារ​បាន​ឡើយ​។

រូបភាព​ថត​ពី​គេហទំព័រ​កាសែត The Nation ដែល​បាន​ចុះ​ផ្សាយ​ការអះអាង​របស់​លោក​ ថាក់ស៊ីន កាលពី​ថ្ងៃទី ១៣ ខែធ្នូ​ថា គ្មាន​ប្រទេស​ណា​ផ្សេង​អាច​ទាមទារ​កាន់កាប់​កោះ​គុត​របស់​ថៃ​បាន​ឡើយ។ (Web Screenshot/The Nation)

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​រក្សា​ភាព​ភាព​ស្ងៀម​ស្ងា​ត់ និង​មិន​ទាន់​បញ្ជាក់អ្វី​ជា​សាធារណៈ​នៅ​ឡើយ​ទេ ក្រោយលោក​ ថាក់​ស៊ីន ស៊ីណា​វ៉ាត់ បាន​អះ​អាងបែប​នេះ​។

គេក៏មិន​ទាន់​ដឹងថា បញ្ហារសើបមួយនេះ​នឹង​ដោះស្រាយយ៉ាង​ណាទៀត​នៅឆ្នាំ​ ២០២៥ ខាង​មុខនេះទេ បន្ទាប់​ពីលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​បក​ស្រាយ​នៅ​ក្នុងពិធីចែក​សញ្ញាបត្រ​មួយ​កាល​ពីចុង​ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤ ​ថា កម្ពុជា​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​នឹង​រឿង​កោះ​គុត​ ដោយ​ហេតុផល​ពីរសំខាន់​ៗ គឺ​ទី ១​ «​ភាព​ចាស់​ទុំ​ខាងនយោបាយ​»​ និង​ «ការ​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ​ និង​ប្រជាជនក្នុង​ការ​ការពារ​បូរណភាពទឹកដី​ និងអធិបតេយ្យ​ជាតិ​»។ នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូបនេះ​បាន​អះអាងថា​ រដ្ឋាភិបាលបន្ត​ចរចា​ដើម្បីបោះបង្គោល​ព្រំដែនទាំងក្នុងដែនគោក​ និង​ដែន​ទឹក​ជាមួយ​ប្រទេស​ថៃ​ដែល​បាន​ធ្វើ​តាំងពីឆ្នាំ​ ២០០៦ ​មក។

ដោយឡែក​ សម្រាប់​ស្ថានភាព​នយោ​បាយ​ឆ្នាំ ​២០២៤ លោក​ ស៊ឹង សែន​ករុណា អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​និង​បច្ចុប្បន្ន​ជាប្រធាន​អង្គការ​ប្រជាធិប​តេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី ​បាន​វាយតម្លៃថា សិទ្ធិនយោបាយបាន​រងការរឹត​ត្បឹត​ជាងឆ្នាំ​ ២០២៣ ​ព្រោះ​ពលរដ្ឋនិង​អ្នកនយោបាយក្នុង​ប្រទេស​មិនហ៊ាន​បញ្ចេញ​មតិ​អំពី​បញ្ហាសង្គម ​ដោយសារពួកគេ​ភ័យខ្លាច។ បន្ថែម​លើ​នេះ ​អ្នករិះគន់​រដ្ឋាភិបាល​ខ្លះត្រូវភៀសខ្លួន​ទៅក្រៅ​ប្រទេស​ រីឯអ្នក​ខ្លះទៀត​រង​ការ​គំរាមកំហែងចាប់ខ្លួន ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​តាមផ្លូវ​តុលាការ​ជាដើម។

លោក ស៊ឹង សែន​ករុណា ថ្លែង​ថា ៖​«ជា​សរុប​រួម​ទៅ ​គឺ​ស្ថាន​ភាព​នយោ​បាយ ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ហើយ​សេដ្ឋ​កិច្ច ​រឿង​សន្តិសុខ​សង្គម រឿង​ហ្គេម​អនឡាញ ​រឿង​គ្រឿង​ញៀន រឿង​បញ្ហា​វិ​បត្តិ​ជាច្រើន កំពុង​តែ​ញាំញី​នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​សារ​តែការ​ដឹក​នាំ​ហ្នឹង​មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ហ្នឹងឯង»។

ចំណែកឯទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក​ រ៉ុង ឈុន បានវាយតម្លៃ​ថា ​ស្ថានភាព​នយោបាយ​នៅកម្ពុជា មិនទាន់​ការ​ប្រែប្រួល​ច្រើននៅឡើង​នៅឆ្នាំ​ ២០២៤ ក្រោមហេតុផល​នៃ​ការ​បន្ត​គាប​សង្កត់​លើ​ក្រុម​អ្នករិះគន់​ និង​អ្នកនយោបាយ​ជំទាស់។

លោក រ៉ុង ឈុន ​ថ្លែង​ថា​៖ «ក្នុងនាម​គណបក្ស​កម្លាំងជាតិ​ យើងអត់​ចង់​ឃើញ​រូបភាព​ឆ្នាំ​ចាស់​ បន្ត​មក​ឆ្នាំ​ថ្មីទេ។ យើង​ចង់​ឃើញ​អ្វីដែល​ថ្មី​ ហើយ​ជាពិសេស​លើស​ហ្នឹង​ ចង់​ឃើញ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​ ហើយ​និង​ត្រូវ​ដោះ​លែង​អ្នកជាប់​ឃុំ​មនសិកា​ទាំង​អស់​ ដូច​ជា​ករណី​លោក ​កឹម សុខា​ លោក ​ថាច់​ សេដ្ឋា​ លោក​ ស៊ុន ចន្ធី​ ក៏ដូច​ជា​លោក ​កាក់​ កុម្ភា កញ្ញា សេង ធារី ​ក្តី​ ក៏ដូច​ជាយុវជន​មាតា​ធម្មជាតិ​ក្តី​ យើង​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យគាត់​ដើម្បី​យើង​សា្តរ​មុខ​ស្តារ​មាត់​ នៅក្នុង​ឆ្នាំ​ថ្មី​ទទួល​យក​ គឺថា​ការ​គាំទ្រ​ពីមតិ​ជាតិ​និង​អន្តរជាតិ​ ជាពិសេស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA និង​ GSP»។

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ស្រដៀង​គ្នានេះ​ដែរ សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន បានវាយតម្លៃថា ​ឆ្នាំ​ ២០២៤ ​សេរីភាព​នយោបាយ​រងការ​រឹតត្បិតខ្លាំង​ជាង​ឆ្នាំមុនៗ ដោយ​ទាំង​ប្រជាពល​រដ្ឋ សកម្មជនប​រិស្ថាននិង​អ្នក​នយោបាយ​ក្នុងស្រុក​ រង​ការយាយី​និ​ងរងការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​តុលាការ​ដោយ​ទារ​សំណង​ច្រើន​ខ្លាំង ខណៈដែល​អ្នក​រិះគន់​រដ្ឋាភិបាលមួយ​ចំនួន​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ។ បន្ថែម​លើ​នេះ ក៏មាន​ក្រុម​អ្នករិះគន់​រដ្ឋាភិបាលផ្សេងទៀតត្រូវបាន​ចាប់ខ្លួន​ពីប្រទេសថៃ​និង​ម៉ាឡេស៊ី ដើម្បីបញ្ជូនមក​ផ្តន្ទាទោសដាក់ពន្ធនាគារក្នុង​ប្រទេស​កម្ពុជាផងដែរ។ ​លោក អ៊ូ ច័ន្ទរ័ត្ន ក៏​លើក​ឡើង​ថា គណ​បក្សនយោបាយក្រៅរដ្ឋាភិបាល​ក៏ទ្រុឌ​ទ្រោម​ខ្លាំង​ផង​ដែរ ពាក់ព័ន្ធ​ការ​ជំរុញ​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុងប្រទេស។ ​

លោក​ប្រាប់​វីអូអេ​ថា៖ «​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ហាក់​ដូចជា​ប្រឹង​ប្រែង​ក្នុង​ការ​ការពារ​លទ្ធិ​ភាព​ក្នុង​ដំណើរ​ការ​ជំរុញ​លទ្ធិ​ប្រជាធិប​តេយ្យ​ហ្នឹង ​ដោយ​ដុន​ដាប​ទ្រុឌ​ទ្រោម​ខ្លាំង ​មិន​ដូច​កាល​ពី​អាណត្តិ​មុន​ៗ​ទេ ​ធ្ងន់ធ្ងរ​ច្រើន​មែន​ទែន ​ដោយ​សារ​យើង​ត្រូវ​បាន​វាយ​បំបាក់​ម្តង​ហើយ​ម្តង​ទៀត​។ ​ម្លោះ​ហើយ​ការ​គាំទ្រ​ក៏​ពិបាក​ ហើយ​ដំណើរ​ការ​ក្នុង​ការ​ប្រកួត​ប្រជែង​ក៏​មាន​បញ្ហា​ច្រើន​»​។

ជាការ​ឆ្លើយតប​នឹង​ការ​រឹតត្បិត​សិទ្ធិនយោបាយ​ក្នុងប្រទេស​កម្ពុជា​នាឆ្នាំ​ ២០២៤​ ​ សភា​សហភាពអឺ​រ៉ុប​បាន​គំរាម​ដាក់ទណ្ឌកម្ម​បន្ថែម​លើរដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ទណ្ឌកម្ម​លើបុគ្គល​ដែលបាន​រួម​ចំណែក​ធ្វើ​ឲ្យស្ថានភាព​សិទ្ធិមនុ​ស្ស​នៅកម្ពុជា​បន្តធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

សភា​សហភាពអឺ​រ៉ុប​ក៏​បាន​អំពាវ​នាវ​ឲ្យ​គណៈ​កម្មការ ​និង​រដ្ឋសមាជិក​គិត​គូរ​ឡើងវិញលើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ​ឬ Everything But Arms ហៅ​កាត់​ថា EBA ​ដោយ​ផ្អែក​លើការ​មិន​សហ​ការរបស់​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ក្នុង​ការ​ដោះ​ស្រាយនិង​ទប់​ស្កាត់​ការ​រំលោភ​សិទ្ធិមនុស្ស​ ក៏ដូច​ជាការ​បញ្ជូន​សារ​ច្បាស់​លាស់មួយថា​៖ «ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល ​គឺ​ជា​លក្ខ​ខណ្ឌ​កំណត់​ទុកជា​មុន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ ពាណិ​ជ្ជកម្ម​ និង​ការវិនិយោគ​»។

ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្ស​កាន់​អំណាច​លោក សុខ​ ឥសាន​ ថ្លែង​ថា​ កម្ពុជាកំពុងរំកិល​ខ្លួន​ចាក​ចេញ​ពី​ក្រុមប្រទេស​អភិវឌ្ឍ​តិចតួច​ ដែល​ធ្វើ​ឲ្យ​ការ​ទទួលបានឬមិន​បានឋានៈ​អនុគ្រោះពន្ធ​ផ្សេង​ៗ​គឺ​ជារឿង​ធម្មតា​សម្រាប់​កម្ពុជា។

លោក​ថ្លែង​ថា​៖ «អង្គការ​សហប្រជាជាតិ​ទើប​វាយតម្លៃ​ថា កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ទៀត​ គឺ​ចេញ​ផុតពី​ប្រទេស​ក្រីក្រ​ហើយ​។ វាទៅ​ដល់​គេហៅ​ថា ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នា​ឆ្នាំខាង​មុខ​ៗ​ហ្នឹង​ហើយ។​ ហេតុ​ដូច្នេះ​ EBA ​ឬ GSP ចង់​ឲ្យ ​មិន​ឲ្យ​ អាហ្នឹង​ជារឿង​ធម្មតា​របស់​កម្ពុជា​ទៅហើយ។ អាហ្នឹង​ វា​ឆ្លុះ​បញ្ជាក់​ ឥឡូវ​ខ្ញុំ​ពិនិត្យ​ប្រទេស​ ១០ ​ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​ហ្នឹង​ មាន​ចំណូល​ត្រឹមតែ ​៤០០​[ដុល្លារ]ទេ​ ក្នុង​មួយ​ឆ្នាំ​ ៤០០ដុល្លារ​។ ឥឡូវ​កម្ពុជា​ឡើង​ទៅ​ដល់​ ៣០០០​[ដុល្លារ]​ជាង​ទៅ​ហើយ​»។

លោក សុខ​ ឥសាន ​បាន​ឲ្យដឹង​ទៀតថា​ នៅឆ្នាំ ​២០២៤ នេះ​ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ហើយ​ក៏មាន​ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែងផងដែរ។ ជាងនេះ​ទៀត​ អាកាស​យានដ្ឋានអន្តរជាតិខ្នាត​ធំ​មួយ​នៅ​ខេត្ត​កណ្តាល​នឹង​ចាប់ដំណើរការ​នៅដើម​ឆ្នាំ​ ២០២៥ ដើម្បី​បម្រើដល់​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពីបរទេសមក​កាន់​កម្ពុជា។ ជាមួយនឹង​ការ​រីកចម្រើន​នេះ លោក​បាន​ចោទសួរ​អំពីការ​វាយតម្លៃ​របស់​អ្នកវិភាគ​មួយចំនួន​ដែល​បន្ត​រិះគន់​ថា ពលរដ្ឋ​កម្ពុជា​នៅបន្ត​ស្ថិត​ក្នុង​ស្ថាន​ភាពក្រីក្រ ខណៈ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​បាន​កើនឡើង​។

លោក សុខ​ ឥសាន ថ្លែង​ថា​៖ «ហើយ​មិន​ដឹង​ថា ការ​វាយតម្លៃ​របស់​អ្នកវិភាគ​ហ្នឹង​ថា​ នៅ​តែ​ក្រីក្រ​ទៀត​យ៉ាង​ម៉េច​។ អាហ្នឹង​គេមើល​អី​អាហ្នឹង​ គេមើល​អ្នកដែល​អូស​រទេះ​ ដឹកអេត​ចាយ​ ឬមួយ​ក៏អ្នកដើរ​សុំទាន​ ឬមួយក៏គេមើល​អី​។ អាហ្នឹង​ក៏ខ្ញុំមិនដឹង​ដែរ​ ក៏ប៉ុន្តែ​ខ្ញុំមើល​ទៅ​ឃើញ​ថា​ វា​មិនមែន​ដូច​អ្នកវិភាគ​ខ្លះ​ដែល​មិន​វិភាគ​គ្រប់​ចំណុច​ទេ​ យក​តែ​អាចំណុច​អវិជ្ជមាន​យក​មក​និយាយ​ ហើយ​គាត់​បន្ទាប​បន្ថោក​ជាតិ​ខ្មែរ​គ្នា​ឯង»។

បើ​មើល​ទៅលើ​គោលនយោបាយការបរទេស​ នៅ​ចុងឆ្នាំ ២០២៤ នេះ​ កម្ពុជា​បានអនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​សហរដ្ឋអាមេរិក​ចូលមកដែនទឹករបស់​ខ្លួនវិញ​ ក្រោយ​ខក​ខាន​អស់​រយៈពេល ៨ ឆ្នាំ។

នាវាចម្បាំងសហរដ្ឋអាមេរិក ​USS SAVANNAH បាន​ចូល​ចត​ក្នុង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដែល​អ្នកវិភាគ​ខ្លះយល់​ថា ​ជា​ការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​ទំនាក់​ទំនង​កងទ័ព​ជើង​ទឹកអាមេរិក​និង​កម្ពុជា ហើយ​ការ​ប្រែប្រួលចុងក្រោយ​នេះបាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ខិត​ខំសម្រប​ខ្លួន​នឹង​ការ​ប្រកួត​ប្រជែង​ដែល​កាន់​តែតានតឹង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

រូបឯកសារ៖ នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

រូបឯកសារ៖ នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​កន្លងមក​ថា​ ការ​វិល​ត្រឡប់​មកវិញ​នៃ​នាវាចម្បាំង​សហរដ្ឋអាមេរិក USS Savannah បង្ហាញ​អំពី​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក និង​ជានិមិត្ត​រូបនៃ​កិច្ច​ខិត​ខំប្រឹងប្រែង​មួយ ដើម្បី​ពង្រឹង​ទំនាក់​ទំនងទ្វេភាគី បន្ទាប់​ពីទំនាក់​ទំនង​មានភាព​រកាំ​រកូស​អស់​ជា​ច្រើន​ឆ្នាំ។

លោក អ៊ា សុផល ​បាន​ឲ្យដឹងទៀតថា ​ការវិវឌ្ឍចុងក្រោយនៃ​ទំនាក់ទំនង​កម្ពុជានិង​សហរដ្ឋអាមេរិក គឺជាផ្នែក​មួយ​នៃ​ការ​ព្យាយាមរបស់​កម្ពុជា ដើម្បី​បង្ហាញ​កាន់​តែច្បាស់​នូវ​មធ្យោបាយ​នៃការអនុវត្ត​គោល​នយោបាយ​ការ​បរទេស ដែលមានតុល្យភាព​ជាង​មុន​៕