ប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់ទៅក្រុងមូស្គូហើយនៅថ្ងៃចន្ទនេះ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយ:ពេល៣ថ្ងៃ ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ដោយមានសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិងសំណើសន្តិភាពរបស់ចិន ស្ថិតក្នុងរបៀបវារ:ផងដែរ។
កាលពីខែមុន ប្រទេសចិន បានលើកឡើងអំពីផែនការ១២ចំណុចរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះដែលរុស្ស៊ីបង្កឡើងកាលពីខែកុម្ភ:ឆ្នាំ២០២២។
នៅថ្ងៃចន្ទនេះ លោក Xi បានសរសេរអត្ថបទមួយនៅក្នុងកាសែត Rossiiskaya Gazeta ដែលជាកាសែតចេញផ្សាយប្រចាំថ្ងៃដោយរដ្ឋាភិបាលរុស្ស៊ីថាសំណើរបស់ចិន តំណាងឲ្យ«សាមគ្គីភាពច្រើនបំផុតតាមដែលអាចធ្វើបាននៃទស្សន:របស់សហគមន៍អន្តរជាតិ»។ នេះបើយោងតាមការបកប្រែជាភាសាអង់គ្លេសនៃអត្ថបទដែលផ្សព្វផ្សាយដោយស្ថានបេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ។
លោក Xi បាននិយាយថា«ឯកសារនេះ គឺជាកត្តាស្ថាបនា ក្នុងការធ្វើឲ្យមានលំនឹងក្នុងកាល:ទេស:នៃវិបត្តិនេះ ហើយជំរុញឲ្យមានដំណោះស្រាយនយោបាយ។ បញ្ហាស្មុគស្មាញ គ្មានដំណោះស្រាយសាមញ្ញទេ»។
តាមកាសែត People's Daily ដែលជាកាសែតរបស់គណមជ្ឈឹមបក្សកុម្មុយនីស្តចិន លោកពូទីនបាននិយាយនៅថ្ងៃចន្ទនេះថា «យើងសូមដឹងគុណចំពោះជំហកណ្តាលទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅអ៊ុយក្រែន ចំពោះការយល់ពីសាវតានិងបុព្វហេតុពិត»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានThe Associated Press ។
លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងស្វាគមន៍ឆន្ទ:របស់ចិន ក្នុងការដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនេះ»។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំងពីរ ជួបគ្នាមួយទល់មួយក្រៅផ្លូវការនៅថ្ងៃចន្ទនេះ ដោយជំនួបធំជាងនេះធ្វើនៅ ថ្ងៃអង្គារស្អែក។
ដំណើរទស្សនកិច្ចនៅមូស្គូរបស់លោក Xi គឺជាសញ្ញាថ្មីចុងក្រោយនៃមហិច្ឆតាការទូតដែលកាន់តែកើនឡើងរបស់មេដឹកនាំចិន ក្រោយពីការប្រកាសកាលពីសប្តាហ៍មុនអំពីកិច្ចព្រមព្រៀងដែលចិនជាអ្នកសម្របសម្រួល ដែលអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ី សាអូឌីត បង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់ពួកគេ ក្រោយពីមានភាពប្រទូស្តរាយអស់៧ឆ្នាំមក៕