មាន​ក្តីបារម្ភ​​ទាក់ទង​នឹង​ការ​បោះឆ្នោត​ដោយសារ​ការចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ

មន្ត្រី​គ.ជ.ប.ជាន់ខ្ពស់​ពីឆ្វេងទៅស្តាំ៖ លោក​ កែវ ផល្លា មន្ត្រី​ផ្នែក​សម្របសម្រួល​ទំនាស់ និងលោក ទេព នីថា ​អគ្គលេខាធិការ។​

ក្រុមអ្នក​ឃ្លាំមើល​ប្រុងប្រៀប​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​មើល​អំពី​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​មុន​ពេលបោះឆ្នោត។​ លោក​សុខ ខេមរា​នៃវីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​រាយ​ការណ៍មក​ថា​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពីភាព​មិន​ប្រក្រតី​របស់​អ្នក​នយោបាយ ​និង​ក្រុម​អ្នកឃ្លាំ​មើល​ខ្លះ​ ក្រុមសង្គម​ស៊ីវិល​មួយ​ចំនួន​អះអាង​ថា ​ពួកគេ​នឹង​តាម​ដាន​ ហើយ​ត្រួត​ពិនិត្យ​ពីការ​ផ្តល់​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​នេះ។​

ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​តែគ្មាន​ឯកសារ​ទៅ​បោះ​ឆ្នោត​ ដោយ សារ​បាត់​អត្ត​សញ្ញាណ​បណ្ណ​ ឬ​ឯកសារ​នានា​ត្រូវខូច ​ឬត្រូវ​ភ្លើង​ឆេះ​ ជា​ដើម​នោះ ​នឹង​តម្រូវ​ឲ្យ​មាន​សាក្សី​ពីរនាក់​ ហើយ​យក​រូបថត​ពីរ​សន្លឹក​ទៅ​ធ្វើការ បញ្ជាក់​ពី​ប្រធាន​ឃុំ​សង្កាត់​មុន​ថ្ងៃ​១២​ ខែកក្កដា​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត។​ ទោះ​បី​ជាគ្មាន​តួលេខ​ផ្លូវការ​មែន​ តែតាម​ការ​បាន់​ប្រមាណ​ត្រួសៗ​ ហើយ​បូក​ទាំងការ ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​កន្លង​មក​ដោយ​ប្រធាន​ឃុំសង្កាត់​នៅ​ទូទាំង​ប្រទេស​ចំនួន​ជិត​កន្លះ​លាន​ផង​នោះ​ លិខិត​បញ្ជាក់​អត្ត​សញ្ញាណនេះ​អាច​ត្រូវ​គេ​ចេញ​ឲ្យ​ពលរដ្ឋ​ជាង​១លាន​នាក់​ហើយ។​ ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​អះ អាង​ថា​ ពួកគេ​នឹង​ត្រួត​ពិនិត្យ​មើល​ហើយ​និង​អង្កេត​បន្តដើម្បី​បញ្ជាក់​ថា​ មាន​ឬ​គ្មាន​ភាព​មិន​ប្រក្រតី។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រែល​ ​មាន​ចម្ងល់​ថា​ ហេតុអ្វី​បាន​ជា​មាន​អ្នក​បាត់​អត្ត​សញ្ញាណ​និង​បាត់​ឯកសារ​ឬ​ត្រូវ​ភ្លើង​ឆេះ​ច្រើន​ម៉្លេះ?​

លោក​និយាយ​ថា៖​ «ប៉ុន្តែ​អញ្ចឹង​ចាំមើល​យើង​ធ្វើ​សវនកម្ម​មើល​ ពេលគាត់​បិទ​ ឈប់​ចេញហ្នឹង​ នៅថ្ងៃ​ទី១២​ ខែ​កក្កដា។​ តើវា​យ៉ាងម៉េច​ការ​ចេញ​ហ្នឹង​ យើងនឹង​មើល​ដំណើរ​នៃ​បញ្ហា​រឿង​ហ្នឹង»។​

លោក​បាន​បន្ថែម​ថា ​តាម​ការ​បាន់​ប្រមាណ​របស់​លោក​បឋមៗ​មាន​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ប្រមាណ​ជាង​១លាន​ដែល​ត្រូវ​ចេញ​រួចហើយ។​

លោក​បញ្ជាក់​ថា៖​ «ការ​ចេញ​ហ្នឹង​គឺ​បញ្ហា​វាគ្រាន់​ថា​ គណ​បក្ស​នានា​គេ​អត់​ទុកចិត្ត​ទៅ​លើ​ការ​ចេញ​ហ្នឹង ​ព្រោះ​ការ​ចេញហ្នឹង​ចេញ​ដោយ​មេឃុំ ​ហើយ​មេឃុំ​ហ្នឹង​ភាគ​ច្រើន​ឥឡូវ​កំពុង​ធ្វើការ​ឲ្យ​គណបក្ស​ប្រជាជន​ហ្នឹង​ច្រើន​ កំពុង​ឃោសនា ​ហើយ​ចេញ​កាត​ហ្នឹង​ទៀត។​ គណបក្ស​នានា ​ក្រៅពី​គណបក្ស​ប្រជាជន​ហ្នឹង ​គេ​មិន​ទុក​ចិត្ត»។

លោក​បណ្ឌិត ​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិច ​បាន​អះអាង​ថា ​លោក​បាន​សង្កេត​មើល​ពីការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​បណ្ណ​នេះ​ដែរ​ តែ​មក​ទល់​ពេល​នេះ​ លោក​ពុំទាន់​មាន​ព័ត៌មាន​ឬ​របាយ​ការណ៍​អ្វីថ្មី​ទេ។​

លោក​ឲ្យ​ដឹង​ថា៖​ «ពីមុន​មក​ការ​ផ្តល់​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់បម្រើ​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​គឺ​ចេញ​រហូត​ដល់​មុន​ថ្ងៃ​បោះឆ្នោត​ហ្នឹង​មួយ​ថ្ងៃ​ បាទ!​ ប៉ុន្តែ​ពេល​នេះ​គ.ជ.ប​.បាន​ធ្វើការ​កែ​ទម្រង់​ហើយ​ បាន​ន័យថា​ ចេញ​ត្រឹម​ថ្ងៃទី​១២​ខែ​កក្កដា​ទេ។​ ហើយ​ឯកសារ​ សំណុំ​បញ្ជី​ទាំង​ឡាយ​ទាក់ទង​នឹង​ការ​ធ្វើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​ឯង​គឺត្រូវ​ប្រមូល​ទៅ​ឲ្យ​គណៈ​កម្មាធិការ​ឃុំ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត។​
នេះ​ខ្ញុំ​គិត​ថា​ ជា​វិធានការ​មួយ​ដែល​ពង្រឹង​នូវ​ភាព​មិនប្រក្រតី​ទាំងឡាយ​ ដែល​ពី​មុន​មក​ធ្លាប់​មាន​បញ្ហា​ថា ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​ទម្រង់​១០១៨។​ អញ្ចឹង​មកទល់​ពេល​នេះ ​យើង​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ថា​ មាន​បញ្ហា​អី​កើត​ឡើង​ជុំវិញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់បម្រើឲ្យ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ»។​

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ខ្លះ​ធ្លាប់​បាន​អះអាង​ថា ​គេ​មាន​ក្តី​បារម្ភ​ខ្លាច​ថា​ ម្នាក់ មាន​ឈ្មោះ​ពីរ​ ឬ​បី​ដែល​អាច​បោះឆ្នោត​នៅ​ភ្នំពេញ​ផង​ និង​នៅតាម​ខេត្ត​ផង។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​ដែល​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​មាន​ចុង​សន្លឹក​អាច​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន​ចំពោះ​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​នោះ។​

លោក​ទេព នីថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​អះអាង​ថា​ ការចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដំណាក់​កាល​ទី២​នេះ​ គ.ជ.ប​.នឹង​បូក​សរុប​នៅថ្ងៃ​ទី​១២​ ខែ​កក្កដា​ខាងមុខ​ រួចហើយ​នឹង​អនុញ្ញាត​ឲ្យ​ពិនិត្យ​ដោយ​សេរី។​

លោក​និយាយថា៖​ «អញ្ចឹង​ហើយ​ការ​ដោះស្រាយ​របស់​គ.ជ.ប.​គឺ​អនុញ្ញាត​ឲ្យ​គណបក្ស ​ឬ​អ្នក​សង្កេត​ការណ៍​ពិនិត្យ​មើល​ អាច​អញ្ជើញ​ទៅ​ពិនិត្យ​មើល​គល់​បញ្ជី​ហ្នឹង​ នៅ​សាលា​សង្កាត់​ហ្នឹង​បាន។​ ហើយ​ឥឡូវនេះ​ នីតិវិធី​ក្រោយ​នេះ​គឺ​យើង​អនុញ្ញាត​ឲ្យ​បញ្ឈប់​ការ​ចេញ​ឯកសារ​ហ្នឹង​ត្រឹម​ថ្ងៃទី​១២​ខែ​កក្កដា​ ហើយ​បន្ទាប់​មក ​ឯកសារ​នេះ​ យើង​យកដាក់​នៅ​គណៈ​កម្មាធិការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ​ហើយ​បើ​គណបក្ស​នយោបាយ​ចង់​ពិនិត្យ​មើល​ឯកសារ​ យើង​ឲ្យ​ទៅ​ពិនិត្យ​ទាំងអស់»។​

លោក​ថ្លែង​ថា​ ការចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​នៅ​ពេល​ចុះឈ្មោះ​បោះឆ្នោត​ គឺ​មាន​ចំនួន​៤៨​ម៉ឺន​សន្លឹក។​ តែ​លោក​ពុំផ្តល់​ចំនួន​ថ្មីៗ ​សរុប​ចុងក្រោយ​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា​ គ.ជ.ប.​ពិបាក​នឹង​ឲ្យ​មាន​ការ​ថត​ចម្លង​ឯកសារ​របស់​ប្រជា​ពលរដ្ឋ​ ទាំង​នោះ​ ដោយ​លំបាក​ទាំង​បច្ចេក​ទេស​ ពិបាក​ទាំង​ផ្លូវច្បាប់ ​ព្រោះ​ឯកសារ​ បញ្ជាក់​អត្ត​សញ្ញាណ​របស់​ពលរដ្ឋ​ម្នាក់ៗ​ជា​រឿង​ផ្ទាល់​របស់​គាត់។​ ម្យ៉ាង​ទៀត​ ខ្លាច​បាត់​ឯកសារ​ដើម​ដែល​គ្មាន​អ្នក​ទទួល​ខុសត្រូវ​ផង​ដែរ។​

លោក​ទេព នីថា​បាន​អះអាង​ថា ​គឺ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ហើយ​បាត់​ឯកសារ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវការ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ។​

ពលរដ្ឋ​ខ្មែរ​៩​លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ឬ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​កំពុង​ត្រៀម​ឯកសារ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨​កក្កដា​ឆ្នាំ២០១៣ ​ដើម្បី​ជ្រើស​សមាជិក​សភា​ ហើយ​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី៕