ផ្លូវ​រថ​ភ្លើង​វែង​ជាង​គេ​លើ​ពិភព​លោក​ជា​ផ្នែក​មួយ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​វិថី​សូត្រ​របស់​ចិន

  • Henry Ridgwell

អតីត​ប្រធានាធិបតី​ស្រីលង្កា​ Mahinda Rajapaksa​ (ស្តាំ) ចាប់​រលាក់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ កូឡុំបូ​ ប្រទេសស្រីលង្កា​ កាលពីថ្ងៃទី​១៦ ខែ​កញ្ញា​ ឆ្នាំ២០១៤។ ចិន​កំពុង​ស្វែងរក​​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទនិង​ការគាំទ្រ​​លើ​ទស្សនវិស័យ​«វិថី​សូត្រ»​តាម​ផ្លូវ​សមុទ្រ​របស់​ខ្លួន ដែត​តភ្ជាប់​ប្រទេស​ចិន​ជាមួយ​និង​ទ្វីប​អឺរ៉ុប។

ផ្លូវ​រថភ្លើង​វែង​ជាង​គេ​ដែល​ភ្ជាប់​ទៅ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​បាន​ចាប់ផ្តើម​ដំណើរ​ការ​ បន្ទាប់​ពី​រថភ្លើង​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​ផលិតផល​ពី​ប្រទេស​ចិន​ បាន​មក​ដល់​ទីក្រុង​ម៉ាឌ្រីដ (Madrid)​ប្រទេស​អេស៉្បាញ​ កាល​ពី​ខែមុន។ ផ្លូវ​រថ​ភ្លើង​នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា«វិថី​សូត្រ​សតវត្សរ៍ទី២១» និង​ជា​ការ​វិនិយោគ​ជា​ប្រវត្តិសាស្រ្ត​ថ្មី​បំផុត​របស់​ចិន​ ដែល​មាន​គោលដៅ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​វិថី​ជំនួញ​ចាស់​រវាង​អាស៊ី​បូព៌ា​និង​អឺរ៉ុប។ សហគមន៍​អឺរ៉ុប​ គឺ​ជា​ដៃគូ​ជំនួញ​ធំ​ជាង​គេ​របស់​ចិន​ ហើយ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ត្រូវ​បាន​ទទួលស្វាគមន៍​នៅអឺរ៉ុប​ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ​ក្បាល​ម៉ាស៊ីន​រថភ្លើងដើរ​ដោយ​ប្រេង​ម៉ាស៊ូត​បាន​ចាក​ចេញ​ពី​ទីក្រុងYiwu ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​ចិន​ ដែល​ទីក្រុង​នោះ​ត្រូវ​បាន​ស្គាល់​ថា​ ជា​ទីផ្សារ​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​។

រថភ្លើង​ដែល​មាន​៤០ទូ​ បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​មាន​ចម្ងាយ​១ម៉ឺន​៣ពាន់​គីឡូម៉ែត្រ​ និង​បាន​មក​ដល់​ទីក្រុង​ម៉ាឌ្រីដ​ រាជធានី​ប្រទេស​អេស៉្បាញ​នៅ​រយៈពេល​បី​សប្តាហ៍​ក្រោយ​មក ដែល​នេះ​គឺទាន់​ពេល​បុណ្យ​ណូអែល ​ដោយ​ប្រើ​ពេល​វេលាត្រឹម​តែ​ពាក់​កណ្តាល​នៃ​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់។ រថភ្លើង​នោះ​គ្រោង​នឹង​ត្រលប់​ពី​ប្រទេស​អេស៉្បាញ​វិញ​ដោយ​មាន​ផ្ទុក​ស្រា​ និង​ ផលិតផល​ផ្សេង​ៗ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ខែ​កុម្ភៈខាង​មុខ។ លោក​ Jonathan Fenby អ្នក​និពន្ធ​សៀវ​ភៅ​«តើ​ចិន​នឹង​គ្រប់គ្រង​នៅ​ក្នុងសតវត្សរ៍ទី២១​ឬ?»​ បាន​និយាយ​ថា​ ចិន​ចង់​លើកកម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម។

លោក​ Fenby និយាយ​ថា៖​ «អ្វីៗ​ទាំងអស់​នេះ​កំពុង​តែ​វិវត្ត​ ​ហើយ​ខ្ញុំ​គិត​ថា​ វា​នឹង​បន្ត​អភិវឌ្ឍទៅ​មុខ​ថែម​ទៀត។ ឥឡូវ​នេះ ​មាន​ការ​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើង​ពី​ទីក្រុង​ Chongqing ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​ឆ្លង​កាត់​ប្រទេស​រុស្ស៊ី​ ហើយ​ផ្លូវ​រថភ្លើង​នោះ​បាន​បញ្ចប់​នៅ​ចំណត​ចុង​ក្រោយ​នៅទីក្រុង​ Duisberg ប្រទេស​អាល្លឺម៉ង់។

ឥឡូវ​នេះ​ ផ្លូវ​រថភ្លើង​ដឹក​ទំនិញ​ជា​ច្រើន​ បាន​ធ្វើដំណើរភ្ជាប់​ពី​អាល្លឺម៉ង់ទៅចិន​ប្រាំ​ដង​ក្នុង​មួយ​សប្តាហ៍ ​ដោយ​ដឹក​ជញ្ជូន​សម្ភារៈ​ផ្សេងៗ​ ដែល​មាន​ចាប់​តាំង​ពី​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក​ BMW ​រហូត​ដល់​ទៅ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន Hewlett Packard។​ លោក​ Fenby​ បាន​បន្ថែម​ថា​ ទីក្រុង​ប៊ែកឡាំង​ (Berlin)​កំពុង​ឈាន​មុខ​ក្នុង​វិស័យ​នេះ។

«ប្រទេស​ទាំង​អស់​នៅ​សហគមន៍​អឺរ៉ុប​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សារ​ភាព​ជោគ​ជ័យ​របស់​អាល្លឺម៉ង់ ទាំង​នៅ​លើ​ការ​នាំ​ចេញ​ទៅចិន​ និង​ការ​បង្កើត​ក្រុមហ៊ុន​សហការ​ជំនួញទ្រង់ទ្រាយ​ធំ។​ ក្រុម​ហ៊ុន​ទាំង​នោះ​មានដូចជា​ ក្រុម​ហ៊ុន​ Siemens ​ក្រុមហ៊ុន​ផលិត​យានជំនិះ​ និង​ក្រុម​ហ៊ុន​សារធាតុ​គីមី​ផ្សេងៗ។»

ប្រទេស​ចិន​កំពុង​តែ​បោះទុន​វិនិយោគ​យ៉ាងខ្លាំង​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​អឺរ៉ុប។ ​នាយក​រដ្ឋ​មន្រ្តីចិន​លោក​ Li Keqiang ​បាន​ចូល​រួម​ពិធី​សម្ពោធ​ស្ពានកសាង​ដោយ​ចិនឆ្លង​កាត់​ទន្លេ​ Danube ​នៃ​ប្រទេស​ស៊ែប៊ីកាល​ពី​ខែ​មុន ដែល​បាន​ចំណាយ​ថវិកា​អស់​១៦៧លាន​ដុល្លារ​ ។ សម​ភាគី​របស់​ខ្លួន​គឺ​លោក​ Aleksandar Vucic បាន​សាទរ​ការ​វិនិយោគ​នោះ។

លោក Vucic បាន​ថ្លែង​ថា​៖ «នេះ​ជា​ការ​បង្ហាញ​ភាព​ប៉ិនប្រសព្វ​ដំបូង​របស់​ក្រុម​វិស្វករចិន​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​វត្ថុ​តាង​នៃ​និរន្តភាពមិត្តភាព​រវាង​ប្រជាជនចិន​និង​ប្រជាជន​ស៊ែប៊ី។ យើង​នឹង​ទទួល​បាន​គម្រោង​បែប​នេះ​ជា​ច្រើន​ទៀត​ពី​សម្ព័ន្ធមិត្ត​ចិន​របស់​យើង​។ នឹង​មាន​ស្ពាន​ និង​វិថី​ថ្មីៗ​ឆ្ពោះ​ទៅ​កាន់​អនាគត​»។

គម្រោង​ទាំង​នោះ​ រួម​មាន​ការស្ថាបនាផ្លូវ​រថភ្លើងល្បឿន​លឿន​ក្នុង​ថវិកា​១,៩ពាន់លាន​ដុល្លារ ដោយ​ភ្ជាប់​ទីក្រុង​បេលហ្គ្រេដ (Belgrade) ប្រទេស​ស៊ែប៊ី ទៅ​ទីក្រុង​ ប៊ុយដាប៉ែស​ (Budapest)​ប្រទស​ហុងគ្រី។

រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​លោក​ Wang Yi ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការធ្វើ​វិនិយោគទុន​ដ៏​ធំ​មហិមា​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ថ្មី​ឆ្ពោះ​ទៅ​កាន់​ទំនាក់​ទំនង​សាកល​។

លោក​ Yi បាន​បន្ត​ថា៖​ «គិត​ត្រឹម​ចុង​ឆ្នាំ​២០១៤​ ប្រទេស​ចិន​បាន​បង្កើត​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​និង​សហប្រ​តិបត្តិការ​ជាង​៧០​ ជាមួយ​ប្រទេស​និង​តំបន់សំខាន់​ៗ​ទូទាំង​សាកល​លោក។ នេះ​មានន័យ​ថា ប្រទេស​ចិន​កំពុង​តែ​ដើរ​លើ​ផ្លូវ​ថ្មី ​គឺ​ការ​កសាង​ភាព​ជាដៃគូ​ជាជាងការបង្កើត​ជា​ភាព​ជា​សម្ព័ន្ធមិត្ត​។

ក្រុមសម្តែងរាំដែលបង្ហាញ​ពី«​ក្តី​ស្រម៉ៃ​នៃ​វិថី​សូត្រ»​របស់​ចិន​បាន​កំពុង​ធ្វើការ​សម្តែង​ទូទាំង​អាស៊ី​ភាគ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ​ដើម្បី​បង្ហាញ​ផ្នែក​សំខាន់​ៗ​នៃ​ចក្ខុវិស័យ​របស់​ចិន​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​ផ្លូវ​ជំនួញ​ចាស់ៗ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្តល់ទឹកប្រាក់​៤០​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

លោក​ Jonathan Fenby និយាយ​ថា​ ការ​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​ទុន​ក្រៅ​ប្រទេស​គឺ​ស្ថិត​ក្នុង​គោល​បំណង​ពង្រឹង​វត្តមាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​លើ​ឆាក​អន្តរជាតិ ក៏ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ជំរុញ​មួយ​ផ្នែក​ផង​ដែរ​ ដោយសារ​ការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ប្រទេស​ចិន។

លោក​បាន​និយាយថា៖ «​រចនាសម្ព័ន្ធ​អន់ថយ​នៅ​មាន​ច្រើននៅ​ឡើយក្នុង​ប្រទេស​ចិន បើ​ពិចារណា​លើ​អ្វីៗ​ទាំងអស់ចាប់​តាំង​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រហូត​ដល់​បរិស្ថាន។ ឥឡូវ​នេះ​ យើង​ស្ថិត​នៅ​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំគិត​ថា ថ្នាក់​ដឹក​នាំ​ចិន​បច្ចុប្បន្ន​ទទួល​ស្គាល់​រួច​ហើយ​ថា កំណើន​សេដ្ឋកិច្ច​នឹង​មាន​ភាព​យឺតយ៉ាវ​ជាង​មុន។ ក៏ប៉ុន្តែ​ក៏មាន​ការ​យល់​ដឹង​ច្រើន​ដែរ​នៅ​ប្រទេស​ចិន​ ពី​តម្រូវការ​នៅ​ក្នុង​ការ​ គ្រប់​គ្រង​និង​ដោះស្រាយ​បញ្ហា​ធំៗ​ទាំង​អស់​នេះ»។

នៅ​ស្រប​ពេល​ដែលតំបន់​អឺរ៉ុប​ប្រឈម​នឹង​ភាព​ជាប់​ឆ្គឹង​ផ្នែក​សេដ្ឋកិច្ច​ ការ​វិនិយោគទុន​របស់​ចិន​ ត្រូវ​បាន​ស្វាគមន៍​ ហើយក្រុម​អ្នក​វិភាគ​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​ព្រួយបារម្ភ​របស់​អឺរ៉ុប​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​ចិន​ ​ជា​រឿង​លែង​សូវ​សំខាន់​ជាង​គេ​ត​ទៅ​ទៀត​ហើយ៕

ប្រែសម្រួល​ដោយ​ នៀម ឆេង