សេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក បានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០១៦ បើគិតក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ ដោយសារការគំរាមកំហែងទៅលើអ្នកសារព័ត៌មាននិងការបង្កើនការបង្ក្រាបរបស់អាជ្ញាធរទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើយោងតាមរបាយការណ៍ស្ដីពីសេរីភាពសារព័ត៌មានប្រចាំឆ្នាំ២០១៧ របស់អង្គការ Freedom House ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។
របាយការណ៍ដែលមានចំណងជើងថា «ជើងមេឃដ៏ខ្មៅងងឹតនៃសេរីភាពសារព័ត៌មាន» ឬ Press Freedom's Dark Horizon របស់អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានរៀបរាប់ថា មេដឹកនាំនយោបាយនៅក្នុងប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផង បានវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យធំៗ ដោយប្រើប្រាស់វោហារសាស្ត្រគ្រោតគ្រាតគួរឲ្យភ្ញាក់ផ្អើល។
របាយការណ៍បន្ថែមថា ក្រុមអ្នកនយោបាយទាំងនេះ ក៏បានព្យាយាមធ្វើឲ្យប្រភពព័ត៌មានអព្យាក្រឹតឬបែបរិះគន់ មានលក្ខណៈមិនស្របច្បាប់ ហើយផ្លាស់ប្ដូរការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ដល់អ្នកនយោបាយទាំងនោះវិញ។
ចំណែកឯរដ្ឋាភិបាល និងបុគ្គលមានអំណាចនៅក្នុងប្រទេសអាស៊ីជាច្រើន ក៏បានប្រើប្រាស់ច្បាប់បរិហារកេរ្តិ៍ និងច្បាប់ព្រហ្មទណ្ឌពាក់ព័ន្ធដទៃទៀត ដើម្បីដាក់ទោសទៅលើការរិះគន់នានាតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។
តួយ៉ាង របាយការណ៍របស់អង្គការ Freedom House នេះ បានបញ្ជាក់ថា អាជ្ញាធរក្នុងប្រទេសកម្ពុជា បានបង្កើនការត្រួតពិនិត្យមើលសកម្មភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅមុនការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ ដោយប្រើពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងឥស្សរជនសំខាន់ៗ និងពលរដ្ឋធម្មតា ចំពោះអត្ថាធិប្បាយរបស់ពួកគេដែលត្រូវបានចាត់ទុកថា មានលក្ខណៈនយោបាយ។
អង្គការ Freedom House ក៏បានដាក់ប្រទេសកម្ពុជា ស្ថិតក្នុងក្រុមប្រទេសដែលត្រូវឃ្លាំមើល ដោយសាររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ មុនការបោះឆ្នោតដែលខិតចូលមកដល់នាពេលខាងមុខនេះ។
ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់លេខរៀងទី១៥២ ក្នុងចំណោមប្រទេស១៩៩ ដែលត្រូវបានចាត់ចំណាត់ថ្នាក់ផ្នែកសេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៧នេះ។ ចំណាត់ថ្នាក់លេខ១៥២នេះ មានន័យថា សារព័ត៌មានក្នុងប្រទេសកម្ពុជា មិនមានសេរីភាពនោះទេ។
កាលពីថ្ងៃពុធ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ Reporters Without Borders ក៏បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា ចំនួន៤ពិន្ទុផងដែរនៅក្នុងសន្ទស្សន៍ខាងសេរីភាពសារព័ត៌មាននេះ ពោលគឺទម្លាក់ពីលេខរៀងទី១២៨ក្នុងឆ្នាំ២០១៦ ដល់លេខរៀង១៣២ ក្នុងចំណោមប្រទេស១៨០ នៅឆ្នាំ២០១៧នេះ។
របាយការណ៍ស្ដីពីសេរីភាពសារព័ត៌មានប្រចាំឆ្នាំ២០១៧ របស់អង្គការ Freedom House បង្ហាញថា ពលរដ្ឋតែប្រមាណ១៣ភាគរយប៉ុណ្ណោះក្នុងចំណោមពលរដ្ឋទាំង៧ពាន់៤លាននាក់នៅទូទាំងពិភពលោក រស់នៅក្នុងប្រទេសដែលមានសេរីភាពសារព័ត៌មាន។ ប្រទេសដែលមានសេរីភាពខាងសារព័ត៌មានជាងគេនោះ ភាគច្រើនស្ថិតនៅទ្វីបអឺរ៉ុប រួមមានប្រទេសន័រវែស ហូឡង់ ស៊ុយអែតនិងដាណឺម៉ាកជាដើម៕