ប្រទេស​មហា​អំណាច​ពិភពលោក​ជួប​ប្រជុំ​គ្នា​ដើម្បី​ចរចា​អំពី​អន្តរកាល​នយោបាយ​នៅ​ប្រទេស​ស៊ីរី

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក John Kerry (រូប​កណ្តាល) រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី លោក Sergei Lavrov (រូប​ស្តាំ) និង​រដ្ឋ​មន្រ្តី​ការបរទេស​ផ្សេង​ទៀត​ចូលរួម​កិច្ចប្រជុំ​មួយ​អំពី​ប្រទេស​ស៊ីរី នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រទេស​មហា​អំណាច​នៅ​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រជុំ​គ្នា​នៅ​បុរី​ញូវយ៉ក​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចរចា​គ្នា​ជា​លើក​ទី​៣​ស្តី​ពី​សំណើ​ផ្លាស់​ប្តូរនយោបាយ​នៅ​ស៊ីរី។

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ប្រទេស​ដែល​ត្រូវ​បាន​អញ្ចើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ចរចា​នេះ​គឺ​ស្រដៀង​គ្នា​នឹង​ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ចរចា​លើក​មុនៗ​នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ដោយ​រួម​ទាំង​ប្រទេស​រុស្សី និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ប្រធានាធិបតី​ស៊ីរី លោក​ Bashar al-Assad ផងដែរ ។

ថ្លែង​នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​សម្តែង​មន្ទិល​សង្ស័យ​ថា​តើ​កិច្ច​ចរចា​គ្នា​ជា​លើក​ទី​៣​នេះ​នឹង​អាច​មាន​ការ​វិវត្ត​ទៅ​មុខ​ច្រើន ទាក់​ទង​នឹង​ការ​កំណត់​ទទួល​ស្គាល់​ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ដែរ​ឬ​អត់។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Kerry នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ៕