សម្តេចសង្ឃដាឡៃឡាម៉ា (Dalai Lama) បានសង្ឃដីកាមួយទៅកាន់ពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍កន្លងទៅនេះស្តីពីសន្តិភាពពិភពលោក។ សាររបស់ព្រះអង្គមានលក្ខណៈសាមញ្ញបំផុត គឺថា ដើម្បីទទួលបានសន្តិភាពក្នុងពិភពលោក យើងត្រូវតែមានសន្តិភាពនៅក្នុងខ្លួនយើងជាមុនសិន។
សារយ៉ាងសាមញ្ញានេះរបស់សម្តេចដាឡៃឡាម៉ា បានទាក់ទាញមនុស្សក្មេងចាស់ប្រុសស្រីរាប់ម៉ឺននាក់ មកពីគ្រប់មជ្ឈដ្ឋាន ជំនឿសាសនា និងទីកន្លែង មកកាន់វិមានកាពីតូល (វិមានសភា) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សម្តេចដាឡៃឡាម៉ាសង្ឃដីកាថា មនុស្សយើងកើតមកមានលក្ខណៈដូចគ្នាទាំងអស់ ទាំងផ្លូវកាយផ្លូវចិត្ត តែដល់ធំឡើងស្រាប់តែខុសគ្នា។
«បន្ទាប់មកម្នាក់ៗនាំគ្នាចង់សប្បាយក្នុងជីវិត ចង់បានជោគជ័យក្នុងឆាកជីវិត ដូច្នេះគឺយើងដូចគ្នាបេះបិត។ យើងម្នាក់ៗមានសិទ្ធិនេះដូចៗគ្នាពីកំណើត។ ប៉ុន្តែបញ្ហាគឺ ជួនកាលយើងមិនយកចិត្តទុកដាក់ចំពោះអ្វីដែលនៅក្នុងបេះដូងយើង។ យើងនាំគ្នាស្វែងរកភាពសប្បាយ ពីខាងក្រៅមកវិញ។ នេះជាកំហុសមួយ»។
កុមារី Tsering Yangzom ដែលមកពីទីក្រុង Annadale រដ្ឋ Virginia។ នាងថ្លែងថា មនុស្សគ្រប់រូបមិនថាមានជំនឿសាសនាអ្វីក៏ដោយ នឹងអាចទទួលផលប្រយោជន៍ពីសុន្ទរកថារបស់សម្តេចឡាឡៃឡាម៉ានៅថ្ងៃនេះដែរ។
«ជាការណ៍សំខាន់ណាស់ដែលសាធារណជនបានដឹងនិងបានឮផ្ទាល់ ដើម្បីឲ្យគេយល់ថាតើយើងអាចទទួលបានសន្តិភាពក្នុងពិភពលោកដោយវិធីណា ហើយថាហេតុអ្វីបានជាយើងគួរមានសន្តិភាពក្នុងពិភពលោក»។
លោក Tsering Dorgee រស់នៅទីក្រុងបុស្តុន (Boston) រដ្ឋម៉ាស្សាឈូស៊ែត (Massachusetts)។ លោកបើករថយន្ត៩ម៉ោងដើម្បីមកស្តាប់សម្តេចដាឡៃឡាម៉ា។
«យើងរាល់គ្នាគួរព្យាយាមធ្វើជាមនុស្សល្អ។ យើងគ្រប់គ្នាអាចធ្វើបាន។ យើងគួរព្យាយាមជួយគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នាមានគុណភាពនេះក្នុងខ្លួនយើង។ យើងទាំងអស់គ្នាមានគ្រាប់ពូជក្នុងខ្លួនគ្រប់គ្នា។ យើងត្រូវតែបណ្តុះបណ្តាលឲ្យវាលូតលាស់ឡើង»។
នាង Dana Muntean ជានិស្សិតមកពីប្រទេសម៉ុលដាវី (Moldavia)។ នាងកំពុងសិក្សានៅមហាវិទ្យាល័យ Bart នៅរដ្ឋញូវយ៉ក។ នាងថ្លែងថា នាងរំភើបយ៉ាងខ្លាំងដែលមានឱកាសមកស្តាប់និងឃើញមុខសម្តេចដាឡៃឡាម៉ាផ្ទាល់ជាលើកទីមួយ។
«នេះជាឱកាសយ៉ាងប្រសើរមួយសម្រាប់រូបខ្ញុំ ពីព្រោះនៅម៉ុលដាវី យើងគ្មានឱកាសបែបនេះទេ។ មិត្តភក្តិខ្ញុំច្រណែននឹងខ្ញុំខ្លាំងណាស់ ដែលដឹងថាខ្ញុំមកទីនេះ។ ខ្ញុំចង់ដឹងថា តើយើងអាចស្វែងរកសន្តិភាពក្នុងពិភពលោកតាមវិធីណានិងធ្វើដូចម្តេចដើម្បីឲ្យនៅឋិតថេរ»។
នាង Tatiana Pushcashu ជានិស្សិតមកពីម៉ុលដាវីដែរ។ នាងTatiana កំពុងសិក្សានៅសាកលវិទ្យាល័យ Ohio នៅទីក្រុង Athens រដ្ឋ Ohio។ នាងថ្លែងថានាងចូលចិត្តអ្វីៗទាំងអស់ដែលសម្តេចដាឡៃឡាម៉ាមានសង្ឈដីកា។
«ខ្ញុំពេញចិត្តទ្រឹស្តីរបស់ព្រះពុទ្ធទាក់ទងនិងការរស់នៅ។ ខ្ញុំធ្លាប់បានចូលរួមនៅក្នុងសមាធិនៅរដ្ឋ Ohio។ ខ្ញុំខកខានមិនបានទៅចូលរួមនៅពេលដែលសម្តេចដាឡៃឡាម៉ានិមន្តទៅកាន់រដ្ឋ Ohio។ ដូច្នេះនេះជាឱកាសរបស់ខ្ញុំ ដើម្បីមកឃើញមុខរបស់ព្រះអង្គនៅទីនេះ»។
លោក Montie Martin មកពីទីក្រុង Alexandria រដ្ឋ Virginia។ លោកថាបើមានឱកាស លោកនឹងសួរសម្តេចដាឡៃឡាម៉ានូវសំណួរមួយ។
«តើសន្តិភាពមានសារៈសំខាន់ជាងយុត្តិធម៌ដែរ? ហើយតើយើងអាចមានសន្តិភាពដោយគ្មានយុត្តិធម៌បានដែរ? តាមយោបល់ខ្ញុំ នេះជាឱកាសយ៉ាងប្រពៃមួយដើម្បីសួរព្រះអង្គនូវសំណួរនេះដែលខ្ញុំសង្ឃឹមថានឹងអាចទទួលបាននូវចម្លើយមួយពីព្រះអង្គ»។
លោកស្រី Margo Star Kernan អាយុ៨៣ឆ្នាំ ជាអតីតអ្នកថតភាពយន្តនិងជាសាស្ត្រាចារ្យបង្រៀនប្រវត្តិសាស្ត្រនៃខ្សែភាពយន្ត។ លោកស្រីថ្លែងថា លោកស្រីមកទីនេះពីព្រោះលោកស្រីផ្តល់តម្លៃទៅលើកិច្ចការទាំងឡាយដែលសម្តេចដាឡៃឡាម៉ាបំពេញសម្រាប់សន្តិភាព។
«យើងទាំងអស់គ្នាជាបងប្អូនតែមួយ។ បើយើងចាត់ទុកគ្នាជាបងប្អូនបែបនេះ យើងនឹងមានសន្តិភាព។ ខ្ញុំមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាទេ ក៏ប៉ុន្តែខ្ញុំផ្តល់តម្លៃលើការបង្រៀនរបស់ព្រះពុទ្ធសាសនា»។
សង្ឃដីកាស្តីពីសន្តិភាពពិភពលោកនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់សម្តេចដាឡៃឡាម៉ាមកកាន់រដ្ឋធានីវ៉ាស៊ីនតោនចំនួន១០ថ្ងៃ គឺពីថ្ងៃ៦ដល់ថ្ងៃ១៦កក្កដា៕