មេដឹកនាំនានានៅលើពិភពលោកបានមានប្រតិកម្មចំពោះការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យដែលថាលោកនឹងបញ្ចប់ការឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីពីរប្រជែងជាមួយនឹងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ នេះ និងបានគាំទ្រអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតី។ អ្នកខ្លះហៅការប្រកាសនេះថាជាការសម្រេចចិត្តបែបរដ្ឋបុរស។
ក្រសួងការបរទេសអាមេរិកបានបដិសេធមិនបញ្ចេញមតិលើការសន្ទនាការទូតលក្ខណៈឯកជនរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីរបស់លោកទាក់ទិននឹងការសម្រេចចិត្តរបស់លោក Biden នេះ។
លោក Blinken បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា លោកបានធ្វើការឱ្យលោក Biden ក្នុងពេល ២២ ឆ្នាំកន្លងមក ហើយនឹងបន្តកសាងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកជាមួយលោក Biden នៅក្នុងរយៈពេល ៦ ខែខាងមុខនេះទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «អរគុណសម្រាប់ការដឹកនាំនិងការបំពេញការងារជាបន្តរបស់អ្នក, លោកប្រធានាធិបតី Biden។ សម្ពន្ធភាពរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិកគឺខ្លាំងជាងពេលណាៗទាំងអស់ទាក់ទិននឹងការប្តេជ្ញាចំពោះគុណតម្លៃប្រជាធិបតេយ្យ សន្តិសុខអន្តរជាតិ វិបុលភាពសេដ្ឋកិច្ច និងសកម្មភាពផ្នែកអាកាសធាតុសម្រាប់ជំនាន់នេះនិងជំនាន់អនាគត»។
រីឯនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer វិញបានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា លោកគោរពការសម្រេចចិត្តរបស់លោក Biden និងទន្ទឹងរង់ចាំធ្វើការជាមួយលោក Biden នៅក្នុងរយៈពេលសេសសល់នៃអាណត្តិរបស់លោក Biden។
លោកសរសេរដូច្នេះថា៖ «ដូចដែលលោក [Biden] បានធ្វើក្នុងអាជីពដ៏អស្ចារ្យរបស់លោកកន្លងមក ខ្ញុំដឹងថា លោកសម្រេចចិត្តដូចនេះផ្អែកលើអ្វីដែលលោកជឿថាល្អបំផុតសម្រាប់ប្រជាជនអាមេរិកាំង»។
ចំណែកឯនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau វិញបានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «ខ្ញុំបានស្គាល់លោកប្រធានាធិបតី Biden អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកជាបុរសដ៏អស្ចារ្យ ហើយអ្វីៗដែលលោកធ្វើគឺធ្វើឡើងដោយក្ដីស្រឡាញ់របស់លោកចំពោះសហរដ្ឋអាមេរិក។ ក្នុងនាមជាប្រធានាធិបតី [អាមេរិក] លោកគឺជាដៃគូរបស់កាណាដានិងជាមិត្តភក្តិដ៏ពិតប្រាកដ»។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X និងបានសរសើរលោក Biden ថា «បានសម្រេចសមិទ្ធផលជាច្រើនសម្រាប់ប្រទេសរបស់លោក ទ្វីបអឺរ៉ុប និងពិភពលោក»។
លោកបានបន្ថែមថា៖ «ដោយសារលោក [Biden] កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅសងខាងមហាសមុទ្រអាត្លង់ទិកគឺជិតស្និទ្ធ អង្គការអូតង់គឺខ្លាំង ហើយសហរដ្ឋអាមេរិកគឺជាដៃគូដ៏ល្អនិងគួរឱ្យទុកចិត្តសម្រាប់យើង។ ការសម្រេចចិត្តរបស់លោកក្នុងការមិនឈរឈ្មោះម្ដងទៀតសមនឹងទទួលបានការទទួលស្គាល់»។
សម្រាប់ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog វិញ លោកបានសម្ដែងការដឹងគុណចំពោះលោក Biden សម្រាប់ «ការគាំទ្រមិនងាករេ» របស់លោកចំពោះប្រជាជនអ៊ីស្រាអែលក្នុងអាជីពរាប់ទសវត្សរ៍កន្លងមករបស់លោក។
លោក Herzog បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបង្អស់ដែលធ្វើទស្សនកិច្ចមកកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលសង្គ្រាម ក្នុងនាមជាអ្នកទទួលបានមេដាយកិត្តិយសប្រធានាធិបតីអ៊ីស្រាអែល និងក្នុងនាមជាសម្ពន្ធមិត្តដ៏ពិតប្រាកដរបស់ប្រជាជនជ្វីហ្វ លោកគឺជានិមិត្តរូបនៃទំនាក់ទំនងមិនអាចបំបែកបានរវាងប្រជាជននៃប្រទេសទាំងពីរ»។
នៅឯប្រទេសរុស្ស៊ីវិញ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍វិវត្តនានាបន្ទាប់ពីលោក Biden បានសម្រេចបញ្ចប់ការឈរឈ្មោះនៅអាណត្តិទីពីររបស់លោក។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា៖ «ការបោះឆ្នោត [ប្រធានាធិបតីអាមេរិក] នឹងចូលមកដល់នៅពេល ៤ ខែខាងមុខទៀតឯណោះ ដែលនេះគឺជាពេលវេលាដ៏យូរមួយដែលមានរឿងជាច្រើនអាចផ្លាស់ប្ដូរ។ យើងត្រូវអត់ធ្មត់និងតាមដានមើលព្រឹត្តិការណ៍នេះដោយយកចិត្តទុកដាក់។ អាទិភាពសម្រាប់យើងគឺប្រតិបត្តិការយោធាពិសេស»។ ប្រតិបត្តិការយោធាពិសេសនេះគឺជាអ្វីដែលលោក Peskov ចង់សំដៅលើសង្គ្រាមនៅក្នុងប្រទសអ៊ុយក្រែន។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy វិញបានហៅការសម្រេចចិត្តរបស់លោក Biden ថាជាការសម្រេចចិត្តដ៏ «ពិបាកប៉ុន្តែរឹងមាំ»។
នៅក្នុងសារដ៏វែងមួយលើបណ្ដាញសង្គមអនឡាញ X លោក Zelenskyy បានសរសេរថា៖ «យើងនឹងតែងតែដឹងគុណចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Biden។ លោកបានគាំទ្រប្រទេសរបស់យើងក្នុងអំឡុងស្ថានការណ៍ដ៏ព្រឺព្រួចបំផុតនៅក្នុងប្រវត្តិសាស្ត្រ បានជួយយើងរារាំង [ប្រធានាធិបតីរុស្ស៊ី] លោក [Vladimir] Putin កុំឱ្យគ្រប់គ្រងប្រទេសយើង និងបានបន្តគាំទ្រយើងក្នុងអំឡុងពេលសង្គ្រាមដ៏អាក្រក់នេះ។ ស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែននិងនៅទូទាំងទ្វីបអឺរ៉ុបគឺនៅតែអាក្រក់ ហើយយើងសង្ឃឹមថាភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លាជាបន្តរបស់សហរដ្ឋអាមេរិកនឹងរារាំងបិសាចរុស្ស៊ីមិនឱ្យទទួលបានជោគជ័យឬក៏ធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីមិនទទួលបានជោគជ័យ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។