មេដឹកនាំបណ្ដាប្រទេសនានានៅលើពិភពលោក និងបុគ្គលនយោបាយសំខាន់ៗដទៃទៀត បានផ្ញើសារអបអរសាទរដល់លោក Emmanuel Macron ប្រធានាធិបតីបារាំងថ្មីដែលទើបនឹងជាប់ឆ្នោត សម្រាប់ជ័យជម្នះរបស់លោកលើលោកស្រី Marine Le Pen។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសរសេរនៅលើប្រព័ន្ធ Twitter ថា៖ «អបអរសាទរចំពោះលោក Emmanuel Macron ចំពោះជ័យជម្នះដ៏ធំធេងរបស់លោកក្នុងការក្លាយជាប្រធានាធិបតីបារាំងនាអាណត្តិបន្ទាប់។ ខ្ញុំរីករាយ និងរង់ចាំធ្វើការជាមួយលោក!»។
លោក Trump មិនបានគាំទ្របេក្ខជនណាមួយជាសាធារណៈនៅមុនការបោះឆ្នោតប្រធានាធិបតីបារាំងនោះទេ ប៉ុន្តែ មានពាក្យលេចឭថា ជាទូទៅ លោកគាំទ្រទស្សនៈរបស់លោកស្រី Marine Le Pen។
អតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី Hillary Clinton មេដឹកនាំការពារសិទ្ធិពលរដ្ឋអាមេរិកាំង លោក Jesse Jackson និងអភិបាលក្រុង New York លោក Bill de Blasio ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀត បានអបអរសាទរលោក Macron និងពលរដ្ឋបារាំង សម្រាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីលើកនេះ។
ចំណែកឯលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បាននិយាយថា៖ «ជ័យជម្នះរបស់លោក Macron គឺជាជ័យជម្នះសម្រាប់ទ្វីបអឺរ៉ុបដ៏ខ្លាំងក្លា និងរួបរួមមួយ និងជាជ័យជម្នះសម្រាប់មិត្តភាពរវាងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់»។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker បានសរសេរនៅលើប្រព័ន្ធ Twitter ថា៖ «សហភាពអឺរ៉ុបមានសេចក្ដីរំភើប ដែលពលរដ្ឋបារាំងបានជ្រើសរើសអនាគតមួយសម្រាប់ទ្វីបអឺរ៉ុប»។
ក្រៅពីនេះ មេដឹកនាំសំខាន់ៗដទៃទៀតនៅលើពិភពលោក ដូចជាមេដឹកនាំជប៉ុន ចិន កាណាដា អូស្ត្រាលី ជាដើម ក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Macron ផងដែរ៕