គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​អនុម័ត​សម្បត្តិ​វប្បធម៌​ពិភព​លោក​៨​កន្លែង

  • ​គង់ ​សុឋានរិទ្ធ

លោកឧបនាយក​រដ្ឋមន្ត្រីសុខ អាន​ និង​មន្ត្រី​​អង្គការ​យូណេស្កូ ធ្វើជា​អធិបតី​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បេតិ​កភ័ណ្ឌ​ពិភពលោក។​

គណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិភពលោក​ទើបតែ​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​បញ្ចូល​ឧទ្យាន​ធម្មជាតិ​និង​ទីតាំង​វប្បធម៌​ចំនួន​ប្រាំបី​កន្លែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។​ នេះ​បើ​យោង​តាម​មន្ត្រី​អ្នក​នាំពាក្យ​នៃ​កិច្ច​ប្រជុំ។​

សម្បត្តិ​វប្បធម៌​ពិភព​លោក​ទាំង​៨​កន្លែង​នោះ​មាន​ឧទ្យាន​ជាតិ​ តាហ្ស៊ីគីស្ថាន​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​និង​មាន​ទំហំ​២,៥​លាន​ហិច​តា​ ភ្នំអេតណា ​(Mount​ Etna​ )​ នៅ​ប្រទេស​អ៊ីតាលី​ ដែល​ជា​ភ្នំ​ខ្ពស់​ជាងគេ​នៃ​តំបន់​ម៉េធីទែរ៉ាណេ​ រមណីយដ្ឋាន​ទំហំ​ជាង​៧១​ម៉ឺន​ហិចតា​នៅ​ប្រទេស​ម៉ិកស៊ីកូ​ឈ្មោះ​ El​ Pinacate​ និង​ Gran​ Desierto​ de​ Altar​ Biosphere​ រមណី​ដ្ឋាន​ស្ស៊ីងចាង​ទាន​ស្សាន ​Xinjiang​ Tianshan​ នៅ​ប្រទេស​ចិន​ តំបន់​ Namib​ Sand​ Sea​ នៅ​ប្រទេស​ណា​មីបី​ តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ Kenya-Lewa​ នៃ​ប្រទេស​កេនយ៉ា​ ប្រសាទ​បុរាណ​មួយ​នៅ​ឥណ្ឌា​ និង​ព្រះ​វិហារ​សាសនា​នៅ​តំបន់​រួម​រវាង​ប្រទេស​ប៉ូឡូញ​និង​អ៊ុយក្រែន។​

​លោក​ឯក​ ថា​ អ្នកនាំពាក្យ​មួយ​រូប​នៃ​កិច្ច​ប្រជុំ​ពេញអង្គ​របស់​គណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា​ សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ដែល​ទើប​នឹង​បញ្ចប់​ទៅ​កាលពី​ថ្ងៃសុក្រ។​

​លោក​និយាយ​ថា៖ «តាំងពី​ព្រឹក​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ យើង​បាន​សម្រេច​បញ្ចូល​នៅ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ភិ​ភព​លោក​មាន​ចំនួន​ប្រាំបី។​ នៅ​ក្នុង​ចំនួន​ប្រាំបី​នេះ​គឺ​យើង​ចែក​ចេញ​ជា​ពីរ៖ ​ទី​មួយ​គឺ​ផ្នែក​ធម្មជាតិ​ និង​ទី​ពីរ​ផ្នែក​វប្បធម៌»។​

សូម​បញ្ជាក់​ថា​ មាន​សំណើ​ចំនួន​៣១​សុំ​ដាក់​រមណី​ដ្ឋាន​ធម្មជាតិ​និង​ទីតាំង​វប្បធម៌​ជាស​ម្បតិ្តបេតិ​កភណ្ឌ​ពិភពលោក​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​រយៈពេល​១២​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​នេះ។​ សំណើ​ទាំងនេះ​ធ្វើ​ឡើង​ដោយ​ប្រទេស​ចំនួន​៣០។​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ​ ដែល​ជា​ថ្ងៃ​ដែល​គណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ចាប់ផ្តើម​ពិភាក្សា​លើ​សំណើ​ដែល​ទទួល​បាន​ ប្រទេស​មួយ​ចំនួន​បាន​ដក​សំណើ​របស់​ខ្លួន​ទៅ​វិញ​ នៅ​ក្នុង​នោះ​ក៏​មាន​ប្រទេស​វៀតណាម​ផង​ដែរ។​

មន្ត្រី​ផ្លូវការ​របស់​អង្គការ​យូណេស្កូ​ធ្លាប់​បានប៉ាន់​ស្មាន​ថា ​រមណី​ដ្ឋាន​និង​តំបន់​បុរាណ​ចំនួន​ប្រមាណ​ជា​១៥​អាច​នឹង​ត្រូវ​ទទួល​ស្គាល់​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ក្នុង​កិច្ចប្រជុំ​នេះ៕​