អ្នកចូលរួមនៅក្នុងកិច្ចប្រជុំមួយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេស ឥណ្ឌូនេស៊ីកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលនៅអាស៊ីដឹកនាំពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ។ លោក Brian Padden អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេរាយការណ៍ពីទីក្រុងហ្សាកាតាថា ពួកគេនិយាយថា ការអនុវត្តនេះនឹងតម្រូវឲ្យមានការតំឡើងពន្ធដានិងចំណាយជាច្រើនថែមទៀតលើកម្មវិធីគាំទ្រអាហារូបត្ថម្ភជាមូលដ្ឋាន ការថែរក្សាសុខភាព និង ការសិក្សាអប់រំ។
នៅក្នុងឆ្នាំ២០០០ ប្រទេស ១៩២ បានយល់ព្រមគាំទ្រគោលដៅអភិវឌ្ឍសហវត្សរ៍របស់អង្គការសហប្រជាជាតិដើម្បីលុបបំបាត់ភាពក្រីក្រយ៉ាងខ្លាំង និងកាត់បន្ថយអត្រាស្លាប់របស់កុមារឲ្យបាននៅដើមឆ្នាំ២០១៥។
ចាប់តាំងពីឆ្នាំនោះមក មានប្រទេសអាស៊ីជាច្រើនមានការកើនឡើងនូវសេដ្ឋកិច្ចទ្វេដងដែលបានជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់។
ក៏ប៉ុន្តែ លោក Rajat Nag ជាប្រធានដឹកនាំកិច្ចការទូទៅនៃធនាគារអភិវឌ្ឍអាស៊ីដែលបានចូលរួមក្នុងក្រុមអ្នកសេដ្ឋវិទូ និងមេដឹកនាំនានា នៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហ្សាកាតា បានមានប្រសាសន៍ថា រដ្ឋាភិបាលនានាត្រូវធ្វើការងារបន្ថែមទៀតដើម្បីសម្រេចគោលដៅអភិវឌ្ឍសហវត្សរ៍។
លោក Nag មានប្រសាសន៍ថា ទោះជាមានការកើនឡើងនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅមានប្រជាពលរដ្ឋ៩០០លាននាក់ដែលរកប្រាក់ចំណូលបានតែ ១ដុល្លារ២៥សេន ក្នុងមួយថ្ងៃ និង ៤៥០លាននាក់ខ្វះទឹកស្អាតប្រើប្រាស់ ហើយនិង មានក្មេងជាង១០០លាននាក់នៅតែស្លាប់ពេលកើតជារៀងរាល់ឆ្នាំ។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលនានានៅប្រទេសអាស៊ីត្រូវតែធ្វើកិច្ចការងារបន្ថែមទៀត ក្នុងការផ្តល់ជំនួយដល់កម្មវិធីអាហារូបឧបត្ថម្ភមូលដ្ឋានផ្សេងៗ ផ្តល់ការថែរក្សាសុខភាព និងការសិក្សាអប់រំ។ លោក Nag មានប្រសាសន៍ថា ការ ចំណាយទៅលើកម្មវិធីទាំងនេះមានន័យថា នឹងត្រូវបង្កើនពន្ធផ្សេងៗជាច្រើន។
«នៅប្រទេសអាស៊ី ពន្ធផ្សេងៗជាមធ្យមដែលបានប្រមូលបើគិតជាភាគរយនៃផលិតផលសារុបក្នុងស្រុកគឺទំនងជានៅក្រោម១០ភាគរយប៉ុណ្ណោះ។ នៅប្រទេសអភិវឌ្ឍវិញគឺមានយ៉ាងតិច២០ភាគរយ។ ដូច្នេះមានចំនួនធនធានជាសាធារណៈជាច្រើនដែលអាចប្រមួលបាន។ មិនគ្រាន់តែយើងអាចបង្កើនអត្រាពន្ធដាប៉ុណ្ណោះទេ តែគឺបង្កើនពន្ធជាមូលដ្ឋាន ដើម្បីជំរុញការប្រមូលពន្ធ»។
លោកអនុប្រធានាធិបតីឥណ្ឌូនេស៊ី Boediono មានប្រសាសន៍ថា ខណៈពេលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកាត់បន្ថយភាពក្រីក្រដែលបានធ្វើឡើងនៅក្នុងប្រទេសរបស់លោក លោកទទួលស្គាល់ថា កម្មវិធីជាច្រើន និងការបង្កើនពន្ធដាត្រូវតែអនុវត្តដើម្បីដោះស្រាយបញ្ហានេះ។
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស។