ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសាថា ពាក់កណ្តាលនៃប្រទេសក្រីក្របំផុតចំនួន ៧៥ នៅក្នុងពិភពលោក មានគម្លាតប្រាក់ចំណូលធំជាងមុន ជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់បំផុតជាលើកដំបូងក្នុងសតវត្សរ៍នេះ នៅក្នុងការប្រែក្រឡះជាប្រវត្តិសាស្ត្រនៃការអភិវឌ្ឍ។ របាយការណ៍របស់ធនាគារពិភពលោកថា គម្លាតគ្នារវាងកំណើនប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងក្រុមប្រទេសក្រីក្របំផុតនិងក្រុមប្រទេសមានធនធានច្រើនបំផុតមានធំជាងមុនក្នុងពេល ៥ ឆ្នាំកន្លងទៅនេះ។
លោក Ayhan Kose អនុប្រធានក្រុមអ្នកសេដ្ឋកិច្ចធនាគារពិភពលោកនិងជាអ្នកនិពន្ធម្នាក់ក្នុងបណ្តាអ្នកនិពន្ធសេចក្តីរាយការណ៍នេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ជាលើកដំបូងហើយដែលយើងឃើញថា គ្មានការប្រសព្វគ្នាទេ។ ក្រុមប្រទេសក្រីក្ររឹតតែក្រជាងមុន»។
លោកបានថ្លែងថា៖« យើងឃើញមានការថយក្រោយខ្លាំងណាស់ ជាការប្រែក្រឡះមួយក្នុងពិភពលោក ... ព្រោះហេតុនេះហើយបានជាយើងប្រាប់ឲ្យដឹងពីសញ្ញាអាសន្ន»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រទេស ៧៥ ដែលមានសិទ្ធិទទួលជំនួយជាអំណោយនិងប្រាក់កម្ចីគ្មានការប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA ប្រថុយប្រថាននឹងការបាត់បង់ការអភិវឌ្ឍន៍រយៈពេល ១ ទសវត្សរ៍ ដោយមិនមានការកែប្រែគោលនយោបាយនិងជំនួយអន្តរជាតិជាដុំកំភួនទេ។
លោក Kose ថា ការលូតលាស់ក្នុងប្រទេស IDA ជាច្រើនបានចាប់ផ្តើមថមថយនៅមុនការរាតត្បាតនៃជំងឺកូវីដ១៩ តែវាមានតែ ៣,៤% ពីឆ្នាំ ២០២០ ដល់ ២០២៤ ដែលជាការលូតលាស់តិចបំផុតក្នុងពេលកន្លះទសវត្សរ៍ ចាប់តាំងពីដើមទសវត្សរ៍ ១៩៩០ មក។ ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ កំណើនអំពើហិង្សានិងសង្គ្រាមក៏នាំឱ្យមានផលប៉ះពាល់ខ្លាំងលើសេចក្តីសង្ឃឹមរបស់ប្រទេសទាំងនេះដែរ។
ជាងពាក់កណ្តាលនៃប្រទេស IDA ទាំងអស់ស្ថិតនៅក្នុងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ប្រទេស ១៤ ស្ថិតនៅអាស៊ីខាងកើត ហើយប្រទេស៨ស្ថិតនៅអាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីប។ ប្រទេស ៣១ មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗតិចជាង ១.៣១៥ ដុល្លារក្នុងមួយឆ្នាំ។ ប្រទេសទាំងនេះមានរួមសាធារណរដ្ឋកុងហ្គោ ប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសហៃទី។
ប្រទេសមួយក្នុងចំណោមប្រទេស IDA បីក្រីក្រនៅពេលនេះជាងមុនការរាតត្បាតជំងឺកូវីដ។ ក្រុមប្រទេស IDA មាន ៩២% នៃប្រជារាស្ត្រពិភពលោកដែលមានអាហារមិនគ្រប់គ្រាន់និងគ្មានជីវជាតិ។
ហើយទោះជាប្រទេសទាំងនេះមានប្រជារាស្ត្រវ័យក្មេង ដែលជាប្រយោជន៍ខាងប្រជាសាស្ត្រនៅពេលមួយដែលប្រជារាស្ត្រកំពុងមានអាយុច្រើនសឹងតែនៅគ្រប់កន្លែងទាំងអស់ ទោះជាមានប្រភពធនធានធម្មជាតិច្រើននិងមានសក្តានុពលប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យច្រើនក៏ដោយ ក៏ម្ចាស់ឥណទានឯកជននិងរដ្ឋាភិបាលបានដកខ្លួនថយពីពួកគេដែរ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Jay Shambaugh បានលើកឡើងអំពីកង្វល់ស្តីពីស្ថានភាពអាក្រក់ជាងមុនកាលពីសប្តាហ៍ទី ២ នៃខែមេសា ដោយលោកបានព្រមានប្រទេសចិននិងម្ចាស់ឥណទានផ្លូវការឯទៀតៗ កុំឱ្យបន្ថយប្រាក់កម្ចីដល់ក្រុមប្រទេសមានប្រាក់ចំណូលទាប នៅពេលមូលនិធិរូបិយវត្ថុអន្តរជាតិឬធនាគារអភិវឌ្ឍន៍ពហុភាគីបង្កើនការបញ្ចូលប្រាក់កាសទៅក្នុងប្រទេសទាំងនេះ។
លោកបាននិយាយថា ប្រទេសជិត ៤០ មានកំណើនបំណុលសាធារណៈក្រៅប្រទេសនៅឆ្នាំ ២០២៣។
លោក Kose បានពោលថា គេត្រូវការឱ្យមានគោលនយោបាយប្រកបដោយមហិច្ឆតាដើម្បីពន្លឿនការវិនិយោគ រួមមានការប្រឹងប្រែងក្នុងប្រទេសសម្រាប់ពង្រឹងគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុនិងគោលនយោបាយហិរញ្ញវត្ថុ និងកំណែទម្រង់ប្រព័ន្ធដើម្បីកែលម្អវិស័យសិក្សាអប់រំនិងបង្កើនប្រាក់ចំណូលក្នុងប្រទេស។
លោក Kose បាននិយាយថា ការគាំទ្រខាងហិរញ្ញវត្ថុពីសហគមន៍សាកលក៏មានសារៈសំខាន់ដែរដើម្បីធ្វើឱ្យមានការជឿនលឿននិងបន្ថយការប្រថុយប្រថាននៃភាពនៅទ្រឹងយ៉ាងយូរ ដោយលោកបានកត់សម្គាល់ថា ធនាគារពិភពលោកសង្ឃឹមថានឹងបង្កើនមូលនិធិឱ្យ IDA ត្រឹមខែធ្នូ។
របាយការណ៍នេះបានចែងថា ការសម្របសម្រួលអន្តរជាតិខ្លាំងជាងមុនអំពីការប្រែប្រួលអាកាសធាតុ ការចាត់ចែងបំណុលជាថ្មីនិងវិធានការគាំទ្រពាណិជ្ជកម្មឆ្លងកាត់ព្រំដែនមានសារៈសំខាន់។
លោក Indermit Gill ប្រធានក្រុមអ្នកសេដ្ឋកិច្ចនៃធនាគារពិភពលោក បានកត់សម្គាល់ថាប្រ ទេសចិន ឥណ្ឌានិងប្រទេសកូរ៉េខាងត្បូង ដែលនៅពេលនេះជាប្រទេសមានសេដ្ឋកិច្ចធំ ក៏ធ្លាប់ស្ថិតក្នុងចំណោមបណ្តាប្រទេសក្រីក្របំផុតក្នុងពិភពលោក តែប្រទេសទាំងនេះអាចដោះស្រាយបញ្ហាក្រីក្រនិងដំឡើងស្តង់ដារជីវភាពរស់នៅបាន។
លោកបានថ្លែងថា៖ «ពិភពលោកមិនអាចបែរខ្នងដាក់ក្រុមប្រទេសដែលមានសិទ្ធិទទួលជំនួយជាអំណោយនិងប្រាក់កម្ចីគ្មានការប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិបានទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ