ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កក​មូលនិធិ​ដែល​ត្រូវ​ផ្តល់​ឲ្យ​មីយ៉ាន់ម៉ា​ដើម្បី​កុំ​ឱ្យ​ធ្លាក់​ដល់​ដៃ​រដ្ឋាភិបាល​យោធា

ក្រុមអ្នកតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ាធ្វើបាតុកម្មនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី — អ្នក​វិភាគ និង​អ្នក​ជំនាញ​និយាយ​ថា ​ចំណាត់ការ​របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក្នុង​ការ​បង្កក​មូលនិធិ​ដែល​ត្រូវ​ផ្តល់​ទៅ​មីយ៉ាន់ម៉ា ​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​អាច​ធ្វើ​ឱ្យ​សហគមន៍ងាយ​រងគ្រោះ​ជាច្រើន​ កាន់​តែ​ជួប​ការ​លំបាក​ជាង​មុន​ ទោះ​បី​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ស្វែងរក​វិធី​ដើម្បី​បន្ត​ដំណើរការ​គម្រោង​មួយ​ចំនួន​ ដោយ​មិន​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល​ក្តី។

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ​ថា ខ្លួន​កំពុង​បង្កក​ប្រាក់​ដែល​ត្រូវ​ផ្តល់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា «ខណៈ​កំពុងតាមដាន​និង​វាយតម្លៃ​លើ​ស្ថានភាព​យ៉ាង​ដិតដល់»។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក៏​មាន​ចំណាត់ការ​ដូច​គ្នា​នេះ​ដែរ ដោយ​កាលពី​ថ្ងៃទី ១០ ខែមីនា បាន​ផ្អាក​កិច្ចសន្យា និង​មូលនិធិ​ថ្មី​ទៅ​ឱ្យ​គម្រោង​វិស័យ​សាធារណៈ​ ដែល​កំពុង​មាន​ដំណើរការ​ស្រាប់។​

ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​រួម​គ្នា​ផ្អាក​ទឹកប្រាក់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ ដែល​ត្រូវ​ផ្ទេរ​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​ចៀសវាង​ការ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​ ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ជាង ៤០០ នាក់​ នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ចាប់​តាំង​ពី​ដណ្តើម​អំណាច​នៅ​ថ្ងៃទី ១ ខែកុម្ភៈ​មក។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សកម្មជន​ក្នុង​ស្រុក។

តម្លៃ​នៃ​ការ​ខាតបង់

លោក Bryan Tse អ្នក​វិភាគ​ប្រចាំ​នៃក្រុមហ៊ុន Economist Intelligence Unit និងជា​អតីត​អ្នក​ប្រឹក្សា​យោបល់​ជំនាញ​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​និយាយ​ថា​ ការ​បាត់បង់​មាន​ជា​មធ្យម​ពី ៥០០ លាន​ ទៅ ៦០០ លាន​ដុល្លារ​ ដែល​ធនាគារ​ទាំង​ពីរ​ត្រូវ​ផ្តល់​ទៅ​ឱ្យ​មីយ៉ាន់ម៉ា​ជារៀងរាល់​ឆ្នាំ​តែ​មួយ​មុខនោះ​ នឹង​មិន​ប៉ះពាល់​ដល់​ទំហំ​សេដ្ឋកិច្ច​ ៧៦ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ​នោះ​ទេ។

លោក​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី មូលនិធិ​ដែល​ផ្តល់​ដ​ល់​ការងារ​ភាគច្រើន​នឹង​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សហគមន៍ រាប់​ចាប់​ពី​កម្មវិធី​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​ភាគ​ខាង​ត្បូង ប៉ះពាល់​ដល់​កម្មវិធី​កាត់​បន្ថយ​គ្រឿង​ញៀន​នៅ​ភាគ​ខាង​ជើង និង​គម្រោង​កសិដ្ឋាន​ភូមិ​នៅ​ទូទាំង​ប្រទេស។

លោក Tse បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប្រសិនបើ​គម្រោង​ទាំង​នេះ​ត្រូវ​បាន​ផ្អាក​ក្នុង​រយៈពេល​យូរ នោះ​នឹង​មាន​ផលប៉ះពាល់​ដល់​សុខមាលភាព​របស់​ប្រជាជន ហើយ​វា​មិន​មែន​ជា​ផលប៉ះពាល់​ដែល​មើល​ឃើញ​ជា​តួលេខ ​ក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក​នោះ​ទេ។

លោក​បាន​បន្ត​ថា៖ «ប្រសិនបើ​អ្នក​ជា​ផ្នែក​នៃ​សហគមន៍​នោះ អ្នក​នឹង​រង​ផលប៉ះពាល់​ដោយ​ផ្ទាល់។ ដូច្នេះ នៅ​ទី​បញ្ចប់ មិន​មែន​សេដ្ឋកិច្ច​ជា​រួម​ទេ ប៉ុន្តែ​ប្រជាជន ជា​ពិសេស​ប្រជាជនដែល​ងាយ​រងគ្រោះ​គឺជា​អ្នក​រងគ្រោះ​ខ្លាំង​បំផុត»។

រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នាតវ៉ានៅមុខធនាគារជាតិមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។

លោក Tse បាន​បន្ថែម​ថា​ ជាទូទៅ​គម្រោង​របស់​ពួកគេ​ជា​ប្រភេទ​គម្រោង​ដែល​នាំ​មុខ​ដោយ​វិស័យ​ឯកជន​ ព្រោះ​រដ្ឋ​មិន​ចាប់​អារម្មណ៍​នឹង​គម្រោង​ទាំង​នេះ​ទេ។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប្រជាជន​ទាំង​នោះ​មិន​មែន​ជា​អ្នក​បង្កើត​ចំណូល​ច្រើន​សម្រាប់​អាជីវកម្ម​ឯកជន​ទេ ឬ​មិន​មាន​តម្លៃ​សម្រាប់​រដ្ឋាភិបាលគិតគូរឮ​ទេ ដូច្នេះ​ហើយ​បាន​ជា​អង្គការ​អភិវឌ្ឍន៍​នានា​ជួយ​ដល់​វិស័យ​ទាំង​នេះ»។

ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​របស់​ធនាគារ​ទាំង​ពីរ​បាន​ពង្រីក​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ ដោយ​រាប់​ចាប់​ពី​គម្រោង​ធ្វើ​ផ្លូវ​ធំៗ រហូត​ដល់​បណ្តាញ​អគ្គិសនី។

ធនាគារ​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​បង្កក​នោះ​ទេ។

ធនាគារ​ពិភពលោក​មិន​ធ្វើ​ការ​បកស្រាយ​អ្វី​នោះ​ទេ និង​បាន​ស្នើ​ឱ្យ​ VOA ទៅ​មើល​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ​របស់​ខ្លួន ដែល​មិន​បាន​ផ្តល់​តួលេខ និង​ព័ត៌មាន​លម្អិតអ្វី​ផ្សេង​នោះ​ទេ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​មិន​បាន​ផ្តល់​តួលេខ​ឱ្យ​ VOA ដែរ។

យោង​តាម​គេហទំព័រ​របស់​ខ្លួន ធនាគារ​ពិភពលោក​មាន​គម្រោង​ដែល​កំពុង​ដំណើរការ​ចំនួន ២៤ នៅ​មីយ៉ាន់ម៉ា ដែល​មាន​ទឹក​ប្រាក់សរុបស្មើ​នឹង ​២,៧៣ ពាន់​លាន​ដុល្លារ និង​គម្រោង​ចំនួន ១៣ ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​ការ​រៀប​ផែនការ ដែល​មាន​ទឹកប្រាក់​ចំនួន ១,៦៨ ពាន់​លាន​ដុល្លារ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា ខ្លួន​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់​ចំនួន ៣,៥៧ ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​មីយ៉ាន់ម៉ា​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​ចុង​ឆ្នាំ ២០១៩ ដោយ​មាន​គម្រោង​កំពុង​ដំណើរការ ឬ​ដែល​ត្រូវ​បាន​អនុម័ត​ចំនួន​ ៩៩ គិត​ត្រឹម​ខែកុម្ភៈ និង​មាន​គម្រោង​ចំនួន ១០ ផ្សេង​ទៀត ​កំពុង​ស្ថិត​ក្នុង​ការ​រៀប​ផែនការ។

ការ​ផ្តល់​មូលនិធិ​តាមជម្រើស​ផ្សេង

អ្នកស្រី Moe Thuzar អ្នក​វិភាគ​មីយ៉ាន់ម៉ា​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អាស៊ីអាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា ធនាគារ​នឹង​ព្យាយាម​រក្សា​គម្រោង​ទាំង​នេះ​ឱ្យ​ដំណើរការ តាម​រយៈវិធី​នានា​ដែល​ពួកគេ​អាច​ជៀស​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​យោធា​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​តាមដាន​គម្រោង​ដែល​កំពុង​ដំណើការ​ដើម្បី​ធានា​ឱ្យ​បាន​ថា គម្រោង​ទាំង​នោះ​គោរព​តាម​គោលការណ៍​របស់​ធនាគារ ខណៈ​សេចក្តី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បើក​លទ្ធភាព​ក្នុង​ការ​បន្ត​កម្មវិធី​វិស័យ​ឯកជន។

អ្នកស្រី Moe Thuzar បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ពួកគេ​មិន​ផ្អាក​គម្រោង​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​របស់​សហគមន៍​ប្រជាជន​មូលដ្ឋាន និង​ប្រជាជន​នៅ​ទូទាំង​ប្រទេស​នោះ​ទេ នៅ​ក្នុងគ្រាដ៏​លំបាក​នេះ ហើយ​កន្លែង​ដែល​អាច​ផ្តល់​ជំនួយ​ដោយ​ផ្ទាល់​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់ [ធ្វើ​ការ​ជាមួយ] ស្ថាប័ន​ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ដូច​សព្វ​ថ្ងៃ​នេះ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​ជា​គោលការណ៍ «មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់» ដែល​មាន​ន័យ​ថា មិន​ត្រូវ​អនុញ្ញាត​ឱ្យ​សកម្មភាព​ណា​មួយ​របស់​ធនាគារ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នេះ [មាន] ផល​អវិជ្ជមាន ឬ​មិន​ល្អ​ដល់​ប្រជាជន​ឡើយ»។

លោក Jared Bissinger អ្នក​សេដ្ឋកិច្ច​ផ្នែក​អភិវឌ្ឍន៍​ដែល​បាន​ផ្តល់​ប្រឹក្សា​ឱ្យ​ធនាគារ​ពិភពលោក អង្គការ​សហប្រជាជាតិ និង​អង្គការ​ផ្សេងៗ​ទៀត​នៅ​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ខណៈ​ប្រាក់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ​ភាគ​ច្រើន​ធ្លាក់​ទៅ​ស្ថាប័ន​រដ្ឋាភិបាល ឬ​យ៉ាង​ហោច​ណាស់​ឆ្លង​កាត់​ស្ថាប័ន​រដ្ឋាភិបាល​នោះ គម្រោង​ភាគច្រើន​របស់​ពួកគេ​ច្បាស់​ជា​ត្រូវ​ផ្អាក។

គម្រោង​ថែទាំ​សុខាភិបាល​អាច​នឹង​សក្តិសម​សម្រាប់​ភាព​ជា​ដៃគូ​ជាមួយ​នឹង​គ្លីនិក​ឯកជន និង​អង្គការ​សប្បុរសធម៌​ឯករាជ្យ​ដែល​អាច​ជួយ​រក្សា​គម្រោង​នេះ​បន្ត​ទៅ​មុខ ប៉ុន្តែ​គម្រោង​ផ្សេង​ទៀត​មិន​អាច​នោះ​ទេ។​

រូបឯកសារ៖ កសិករមីយ៉ាន់ម៉ាកំពុងមើលថែដំណាំស្រូវនៅជាយក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១។

លោក Bissinger បាន​និយាយ​ក្នុង​ន័យ​ដើម​ថា: «សម្រាប់​អ្វី​ដែល​ពួកគេ​ធ្វើ​ភាគច្រើន ច្បាស់​ណាស់​នឹង​មាន​ការ​លំបាក​ខ្លាំង បើ​អាច​ធ្វើ​ទៅ​បាន។ អ្នក​មិន​អាច​ធ្វើ​ការ​លើ​បណ្តាញ​អគ្គិសនី​ជាតិ​ដោយ​មិន​មាន​រដ្ឋាភិបាល​នោះ​ទេ។ វា​មិន​អាច​ទៅ​រួច​នោះ​ទេ»។

អ្នកស្រី Moe Thuzar បាន​និយាយ​ថា ការ​ធ្វើ​កូដកម្ម​នៅ​ធនាគារ​ក្នុង​ស្រុក ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​បះបោរ​ស៊ីវិល​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា នឹង​ធ្វើ​ឱ្យ​កាន់​តែ​លំបាក​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ណា​ម្នាក់​នៅ​មីយ៉ាន់ម៉ា ឬ​ទៅ​រដ្ឋាភិបាល ឬ​អ្នក​ផ្សេង។

អ្នកស្រី​បាន​និយាយ​ថា អង្គការ​សប្បុរសធម៌​ក្នុង​ស្រុក​ក៏​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​កាន់​តែ​ខ្លាំង​ពី​អាជ្ញាធរ​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​បរទេស​ផងដែរ​។ ការណ៍​នេះ​ធ្វើ​ឱ្យ​សកម្មភាព​ណា​មួយ​ដែល​មាន​សញ្ញា​ប្រឆាំង​នឹង​របប​យោធា​ថ្មី​ ទោះ​ជា​តិចតួច​ក៏​ដោយ​ ក៏​ប្រឈម​នឹង​ហានិភ័យ​ដែរ។

នៅ​ដើម​ខែមីនា រដ្ឋាភិបាល​យោធា​បាន​ចាប់​ខ្លួន​បុគ្គលិក​ក្នុងស្រុក​ម្នាក់​របស់​មូលនិធិ​សង្គម​បើក​ទូលាយ Open Society Foundation ដែល​ជា​អង្គការ​លើក​កម្ពស់​សុខមាលភាព​និង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​អះអាង​ថា អង្គការ​នេះ​បំពាន​បទប្បញ្ញត្តិ​ស្តីពី​ការ​ផ្ទេរ​មូលនិធិ ដែល​ជា​ការ​ចោទប្រកាន់​មួយ​ដែល​អង្គការ​នេះ​បាន​បដិសេធ។

ការ​ពិបាក​សម្រេច​ចិត្ត​របស់​ម្ចាស់​ជំនួយ

រដ្ឋប្រហារ​ក៏​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​គម្រោង​របស់​ម្ចាស់​ជំនួយ​នានា ​ក្នុង​ការ​ជួយ​មីយ៉ាន់ម៉ា​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​រាលដាល​នៅ​ក្នុង​ប្រទេស​ខ្លាំង​ជាង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ។

ទាំង​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​កិច្ចប្រឹងប្រែង​នេះ​នៅ​មុន​រដ្ឋប្រហារ។

លោក Bissinger បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «វា​ជា​ស្ថានភាព​ពិបាក​ដោះស្រាយ។ ធនាគារ​ពិភពលោក​មិន​អាច​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​យោធា​និង​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ដោយ​ស្ងាត់ៗនោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា ការ​មិន​ធ្វើ​ដូច​នោះ វា​នឹង​ប៉ះពាល់​ដល់​ផែនការ​ក្នុង​ការ​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ដូច្នេះ វា​ពិត​ជា​ធ្វើ​ឱ្យ​អង្គការ​នានា ដូចជា​ធនាគារ​ពិភពលោក​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ»។

យោធា​មីយ៉ាន់ម៉ា​បាន​អះអាង​ថា ខ្លួន​ឡើង​កាន់​អំណាច​ដោយសារ​តែ​រដ្ឋាភិបាល​ស៊ីវិល​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ចំពោះ​ការ​ចោទប្រកាន់​របស់​យោធា​ពី​ការ​ក្លែងបន្លំ​ នៅ​ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ប្រទេស​កាលពី​ឆ្នាំ​មុន ដែល​ពេល​នោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi ម្ចាស់​ពានរង្វាន់​ណូបែល បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី។ អ្នក​តាមដាន​ការ​បោះឆ្នោត​ជាតិ និង​អន្តរជាតិ​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​នឹង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​បាន​និយាយ​ថា លទ្ធផល​ជា​រួម​ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន។

អង្គការ​សហប្រជាជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា ប៉ូលិស និង​ទាហាន​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ និង​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ក្នុង​ការ​ព្យាយាម​ដែល​មិន​បាន​សម្រេច​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​និង​កូដកម្ម​ស្ទើរ​តែ​រាល់​ថ្ងៃ។

ជា​ការ​ឆ្លើយតប សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ផ្សេង​ទៀត​បាន​ដាក់​ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​កំពូលៗ និង​អត្ថប្រយោជន៍​អាជីវកម្ម​មួយ​ចំនួន​របស់​ពួកគេ៕