ពាក្យ «ទ្វីបអាហ្វ្រិកកំពុងងើបឡើង» ហាក់ដូចជាប្រឈមនឹងឧបសគ្គមួយ ដោយធនាគារពិភពលោកធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចនៅក្នុងទ្វីបនេះនឹងធ្លាក់ចុះមកត្រឹម ៣,៧ ភាគរយ នាឆ្នាំនេះ។
អនុប្រធានធនាគារពិភពលោកសម្រាប់ទ្វីបអាហ្រ្វិក លោក Makhtar Diop បាននិយាយថា កត្តាបង្កចម្បងគឺមានច្បាស់ណាស់ ហើយនោះគឺការធ្លាក់ចុះតម្លៃទំនិញនៅលើពិភពលោក ដែលបានបង្កការប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចទ្វីបអាហ្វ្រិក ដែលភាគច្រើននៃសេដ្ឋកិច្ចនេះពឹងផ្អែកទៅលើការនាំចេញវត្ថុធាតុដើម។ លោកបាននិយាយថា៖
«ស្ថានភាពខាងក្រៅនាពេលបច្ចុប្បន្នកំពុងតែមានការផ្លាស់ប្តូរ។ យើងមានការធ្លាក់ចុះមួយភាគធំនៃសេដ្ឋកិច្ចនៅអាហ្វ្រិក និងនៅលើពិភពលោក។ ប៉ុន្តែយើងក៏កំពុងតែប្រឈមនឹងការធ្លាក់ចុះតម្លៃទំនិញយ៉ាងខ្លាំងក្លាផងដែរ។ នេះបានបង្កជាបញ្ហាប្រឈមមួយចំនួនសម្រាប់បណ្តាប្រទេសផ្សេងៗនៅអាហ្វ្រិក»។
លោកក៏បានធ្វើការកត់សម្គាល់ពីកត្តាដទៃទៀតផងដែរ ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចចិន ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិ និងបញ្ហាញាំញីនៅតាមបណ្តាប្រទេសនៅអាហ្វ្រិកជាមួយនឹងការផ្គត់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់។
ប៉ុន្តែលោក Martyn Davies នាយកគ្រប់គ្រងទីផ្សារដែលកំពុងងើបឡើង និងទីផ្សារទ្វីបអាហ្វ្រិកនៅក្រុមហ៊ុនប្រឹក្សា Deloitte Frontier Advisory និយាយថា អត្រាធ្លាក់ចុះនោះបានកើតឡើងលើបណ្តាប្រទេសដែលមានសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំ ហើយសម្បូរទៅដោយធនធានដូចជា ប្រទេសនីហ្សេរីយ៉ា អង់ហ្គោឡា និងអាហ្វ្រិកខាងត្បូង។ បណ្តាប្រទេសនៅភាគខាងកើតអាហ្រ្វិកដែលមិនមានធនធានប្រេង ឧស្ម័ន ឬរ៉ែច្រើន កំពុងតែមានសេដ្ឋកិច្ចប្រសើរទេ។
ធនាគារពិភពលោកបានធ្វើការទទួលស្គាល់នៅក្នុងរបាយការណ៍របស់ខ្លួន ដោយចង្អុលបង្ហាញពីបណ្តាប្រទេសនានា ដែលមិនត្រូវបានស្គាល់ថាជាប្រទេសសម្បូរទៅដោយធនធាន ដូចជា ប្រទេសអេត្យូពី (Ethiopia) ប្រទេសកូតឌីវ័រ (Ivory Coast) ប្រទេសម៉ូសំប៊ិក ( Mozambique) ប្រទេសរវ៉ាន់ដា (Rwanda) និងប្រទេសតង់សានី (Tanzania) ត្រូវបានរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយនៅក្នុងឆ្នាំខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Davies បានធ្វើការកត់សម្គាល់ថា រាល់ប្រទេសនានាគួរតែអនុវត្តគោលនយោបាយ ដែលលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាពនៅក្នុងរយៈពេលវែង។ លោកបាននិយាយថា មធ្យោបាយមួយនៅក្នុងការធ្វើដូចនេះ គឺត្រូវធ្វើឯកជនូបនីយកម្ម (ការលក់ទ្រព្យសម្បត្តិរដ្ឋទៅឲ្យឯកជន) ទៅលើសហគ្រាសរដ្ឋដែលកំពុងតែមានបញ្ហា។ នេះជារឿងមួយដែលពិបាកទទួលយកណាស់ប្រសិនបើនិយាយពាក់ព័ន្ធនឹងនយោបាយ។
លោកនិយាយថា៖ «នេះត្រូវការការក្រើនរំលឹកមួយ ដែលថាបណ្តាប្រទេសនានានៅក្នុងតំបន់របស់យើង ដែលស្ថិតនៅក្នុងចំណោមតំបន់ដទៃទៀត ជាពិសេសតំបន់អាមេរិកឡាទីន បានងប់ងល់ទៅនឹងកំណើនដែលត្រូវបានជំរុញដោយតម្លៃទំនិញកើនហួស។ ឥឡូវនេះយើងត្រូវងាកចេញពីស្ថានភាពដូចនេះ គឺមិនគួរងប់ងល់ពេកទេ»។
អ្នកសេដ្ឋកិច្ចបានធ្វើការព្យាករណ៍ថា តម្លៃប្រេងនឹងបន្តនៅទាប សម្រាប់ពេលមួយរយៈខាងមុខ។មានន័យថា ការធ្លាក់ចុះនេះអាចអំណោយផលបែបបិទបាំងមួយ ខណៈដែលបណ្តាប្រទេសនានានៅអាហ្រ្វិកត្រូវស្វែងរកគន្លឹះដើម្បីងាកចេញពីការដែលតែងនិយាយពីដើមមកថា ត្រឹមតែជាអ្នកផ្គត់ផ្គង់ធនធានធម្មជាតិនៅលើពិភពលោក ហើយងើបរើឡើងដោយខ្លួនឯងផ្ទាល់៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា