មេដឹកនាំ​សហជីព​ថា ​កម្មករ​គួរ​ធ្វើតាម​បទបញ្ជា​រដ្ឋាភិបាល​មិនឲ្យ​ធ្វើ​ដំណើរ

រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

នៅក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ចេញ​បទ​បញ្ជា​មួយ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ សម្រាប់​ពលរដ្ឋ​និង​កម្មករ ​នៅមុន​ពេល​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ ដែលត្រូវ​ប្រកាស​លុបចោល​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុសកូរ៉ូណា ​ឬ​កូវីដ​១៩​នោះ​ មេដឹក​នាំសហជីព​មួយ​រូប គឺ​លោក ​អាត់ ធន់​ ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​VOA​ ថា ​វាជារឿង​លំបាក​ទាំង​សង​ខាង​ គឺ​សម្រាប់​រដ្ឋាភិបាល​និង​កម្មករ។

​លោក​ អាត់ ធន់ បាន​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​សម្រួល​អារម្មណ៍ ​ហើយ​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ ដោយសារ​រដ្ឋាភិបាល​ជាអ្នក​គ្រប់គ្រង​ព័ត៌មាន ​អំពី​គ្រោះថ្នាក់​នៃ​កូវីដ ១៩​ និង​ដឹងពី​ហានិភ័យ​នៃការ​រីករាលដាល។​

លោកបាន​បន្ថែមថា​ ទោះ​ជា​កម្មករ​ចង់ទៅ​ស្រុក​កំណើត ​ក៏មិន​អាច​ទៅបាន​ដែរ​ ដោយសារ​តែ​អាជ្ញាធរបានបិទ​ផ្លូវ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ ចាប់ពី​ម៉ោង ១២​ពាក់​កណ្តាល​យប់ ថ្ងៃ​ទី៩​ ខែ​មេសា​នេះ។ លោក​កត់​សម្គាល់​ថា​ ការជូន​ដំណឹង​ដល់​កម្មករ​ជារឿង​យឺតយ៉ាវ​បន្តិច ​ដោយសារ​កម្មករ​បានរៀប​ចំឥវ៉ាន់​ និង​បាន​ណាត់​ជួប​ក្រុមគ្រួសារ​មិត្តភក្តិ​រួចហើយ​នោះ។

លោក ​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​សន្តិភាព​ បាន​ថ្លែងថា ​រឿងនេះ​គឺរដ្ឋាភិបាល​ជាអ្នក​មាន​ព័ត៌មាន​ ដែល​ត្រូវ​សម្រេច ​តែលោក​ចង់ឃើញ​មានការ​ពន្យល់​បន្ថែ​ម ពីវិធានការ​និង​គ្រោះថ្នាក់ ​ដែល​កើត​ចេញ​ពីការ​ជួបជុំគ្នា​ពីការ​ឆ្លង​វីរុស​កូរ៉ណា​ជាដើម ​ជាជាង​ការនិយាយ​តែពី​តួលេខ​ឆ្លង​ និង​ជាសះ​ស្បើយ។​ លោក​បញ្ជាក់ថា ​ពលរដ្ឋ​មួយ​ចំនួន​ហាក់​ដូចជា ​មិនខ្វល់ខ្វាយ​ពីគ្រោះ​ថ្នាក់​នោះទេ។​

បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដាក់​កំហិត​មិនឲ្យធ្វើ​ដំណើរ​ពីខេត្ត​មួយ​ទៅមួយ​ ឬស្រុក​មួយទៅ​មួយ​នេះ​កើត​ឡើង​ ក្រោយ​ពេល​ដែលមាន​ការ​តវ៉ា​កម្មករ​ខ្លះ​ជាមួយ​នឹង​ថៅកែ​ ដើម្បី​សុំឈប់​សម្រាក​ ទៅ​លេង​ស្រុក​កំណើត​ ​ដែលនឹង​ត្រូវ​ផុត​កំណត់​នៅពាក់​កណ្តាល ​យប់​ថ្ងៃ​ទី១៦ ​ខែ​មេសា៕