ស្រ្តី​អ្នក​វិទ្យាសាស្រ្ត​​ទទួល​​​កិត្តិយស​​​​ក្នុង​​​​ពិធី​​សម្ពោធ​នៅ​សាកលវិទ្យាល័យ

លោកស្រី​សាស្ត្រាចារ្យ ដូសូ​ មីរេលី​ ខាមេន (Dosso Mireille Carmen) ពី​ប្រទេស​កូតឌីវ័រ និង​លោកស្រី​​​បណ្ឌិត្យ អេតេហាល់ អេលដេមើដាស (Ebtehal El Demerdash) ពី​ប្រទេស​អេហ្ស៊ីប ទទួល​ពាន​រង្វាន់ Kwame Nkrumah Science Prize កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១១។

ស្ត្រី​អ្នក​វិទ្យាសាស្រ្តឆ្នើមៗ​ជាតិ​អាហ្វ្រិក​មួយ​ចំនួន​ ត្រូវ​បាន​ប្រគល់ពាន​រង្វាន់​ជូន​នៅ​ឯ​អង្គពិធី ដែល​ប្រារព្ធ​ឡើង​សម្រាប់ការ​បង្កើតសាកលវិទ្យាល័យ​ផាន​អាហ្វ្រិក (Pan African University) ថ្មី​មួយ។

ពាន​រង្វាន់​វិទ្យាសាស្រ្ត​ ក្វាមេ គ្រូមា (Kwame Nkrumah Science Awards) សម្រាប់ឆ្នាំ​២០១១​ បាន​ប្រគល់​ជូនស្រ្តី​ចំនួន​៧​រូប​ចំពោះសមិទ្ធិផល​យ៉ាង​លេចធ្លោនិង​ការ​ស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្តដ៏​មាន​តម្លៃ។ ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​នេះ​មាន​រាប់​បញ្ចូល​ទាំងមូលប្បទានបត្រ​ចំនួន​ ២ម៉ឺនដុល្លារ និង​មេដាយ​ប្រាក់​ផង​ដែរ។

លោកស្រី​ អេឌើរ៉េសា ប្រេថូរើស (Etheresia Pretorius) មក​ពីប្រទេសអាហ្រ្វិក​ខាងត្បូង​ (South Africa) ​បាន​ទទួល​ពាន​រង្វាន់​សម្រាប់ការ​ស្រាវជ្រាវ​មីក្រូស្កុប​អេឡិចត្រុង ​ទៅ​លើប្រតិកម្មក្នុងខ្លួនមនុស្ស។ លោកស្រី​ បាន​ចាត់​ទុក​មុខវិជ្ជា​មីក្រូស្កុប ថា​ជា​ប្រធាន​បទ​បើក​ចំហ​ ដោយ​សារ​តែ​វា​ជា​បច្ចេកទេស​មាន​ភាព​ចំណាស់​មួយ​ ដែល​ជា​រឿយៗ​ អ្នក​វិទ្យាសាស្រ្តទាំង​ឡាយ បានមើលរំលង​ ដោយ​បែរ​ទៅស្រាវជ្រាវ​អ្វីៗ​ផ្សេងទៀត ​ដែល​គួរ​ចាប់​អារម្មណ៍​ដើម្បីស៊ើប​អង្កេត។

លោកស្រី​ បានថ្លែង​ថា៖

«ខ្ញុំព្យាយាមប្រើ​បច្ចេកទេស​មីក្រូស្កុប​ដើម្បី​ស្វែង​រករបស់​អ្វី​ដែលថ្មី គឺរបស់​ដែលត្រូវ​បានប្រើ​ប្រាស់ជា​ឧបករណ៍​ត្រួត​ពិនិត្យ មាន​តម្លៃ​ថោក​ ដែលត្រូវ​សម្រាប់​ស្វែង​រក​ប្រភេទ​ជំងឺ​ មុន​ពេល​ដែល​ជំងឺ​នោះ​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ខ្លួន​មនុស្ស។»

លោកស្រី ប្រេថូរើស បាន​ប្រាប់​វីអូអេ​ថា​ លោកស្រី ​មាន​គម្រោង​ប្រើ​ប្រាក់រង្វាន់មួយ​ផ្នែក​ធំ​ ដើម្បីផ្តល់ឲ្យកុមារីកំព្រា​នៅឯ​ស្រុក​កំណើត​របស់​លោក​ស្រី ​នូវឱកាសស្វែង​រក​ការងារជាយថាហេតុ​ណា​មួយ ​ក្នុង​វិស័យវិទ្យាសាស្រ្ត​ដែរ។

លោកស្រី​ បាន​បញ្ជាក់​ថា៖

«យើង​មាន​កុមារី​កំព្រា​ជា​ច្រើន​ ហើយមាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីស្រុកកំណើត​របស់​ខ្ញុំ​ឡើយ ​គឺ​តំបន់​ព្រីតូរី (Pretoria) ផង​ដែរ ហើយខ្ញុំ​និង​ស្វាមីមាន​បំណងរួម​ចំណែក​ដល់​កុមារី​និង​ស្រ្តី​ទាំង​នោះ​ ដើម្បីបំផុស​គំនិត និងសិក្សាមុខវិជ្ជាណាមួយ​ តាមវិធីផ្សេងៗពី​គ្នា»។

អ្នក​ទទួល​ពាន​រង្វាន់​ដទៃ​ទៀត​ រួម​មាន​ លោកស្រី រ៉ូស ហ្គាណា ហ្វុមបាន លេឃី​ (Rose Gana Fomban Leke) មក​ពី​ប្រទេស​កាម៉េរូន (Cameroon) សម្រាប់​ការ​ស្រាវជ្រាវ​ប្រកប​ដោយ​ការ​ច្នៃប្រឌិត​របស់​លោកស្រី​ ស្តីពី​ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ចាញ់ ​និង​ការ​ចម្លង​ជំងឺ​បារ៉ាស៊ីត​ផ្សេងៗ​ទៀត​ ព្រម​ទាំង​ លោក​ស្រី អេតេហាល់ អេលដេមើដាស​ (Ebtehal El-Demerdash) មកពី​ប្រទេស​អេហ្ស៊ីប (Egypt) សម្រាប់​កិច្ចការ​ស្រាវជ្រាវ​ស្តីពី​ឱសថ​សម័យ​ទំនើប​ ដែល​ត្រូវ​បាន​ប្រើប្រាស់សម្រាប់​ការ​ព្យាបាល​ប្រភេទ​ជំងឺ​មហារីក​ ដែល​មាន​លក្ខណៈ​ស៊ាំជាមួយ​នឹង​ការ​ព្យាបាល​តាម​បែប​គីមី។

លោកស្រី ដូសូ​ មីរេលី​ ខាមេន (Dosso Mireille Carmen) មក​ពីប្រទេសកូឌីវ័រ (Ivory Coast)​ ​ត្រូវ​បាន​ជ្រើសរើស​(ឲ្យ​ទទួល​ពាន​រង្វាន់)​សម្រាប់​ការ​សិក្សា​ស្តីពី​ការតាម​ឃ្លាំ​មើលជំងឺ​ឆ្លង​រាតត្បាត​។ ចំណែក​ឯ​ លោកស្រី កាគូ​ យ៉ាវ រីតា (Kakou Yao Rita) ​ មក​ពី​កូឌីវ័រ​ដែរ ​បាន​ទទួល​ពាន​រង្វាន់​ដោយ​សារ​ការ​រួម​ចំណែក​របស់​លោកស្រី ​ក្នុង​ការ​ស្វែង​យល់​ពី​ម៉ៃក្រូស្កុប​ស្ប៉ិច​ទស្សន៍និងគ្រីស្តាល់ដោយ​ប្រើ​កាំ​ពន្លឺ។

លោកស្រី ម៉ូរីន កូអ៊ីតហ្ស៊ី (Maureen Coetzee) ​មក​ពី​អាហ្រ្វិក​ខាងត្បូង (South Africa) ​ដែលជា​អ្នក​សិក្សាខាងបាណកសាស្រ្ត​(សិក្សា​ពី​សត្វ​ល្អិត)ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ ត្រូវ​បានទទួល​ស្គាល់​ចំពោះស្នាដៃ​ស្រាវជ្រាវលើ​ជំងឺ​គ្រុនចាញ់​ មាន​ដូចជា​ ​ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត និងការ​បក​ស្រាយ​ពិស្តារ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ។ លោកស្រី ណឺមីន អេល សេមារី (Nermin El Semary) មកពី​ប្រទេស​អេហ្ស៊ីប​ ត្រូវ​បាន​តែង​តាំង (ឲ្យ​ទទួល​ពាន​រង្វាន់​ដែរ) សម្រាប់​ការ​ស៊ើប​អង្កេតរបស់​លោកស្រី​ទៅ​លើ​ទិដ្ឋភាព​ជីវសាស្ត្រ​បច្ចេកវិទ្យា​នៃ​ម៉ៃក្រូស្កុប​ថតរូប។

ពាន​រង្វាន់​ត្រូវ​បាន​ប្រគល់​ជូន​នៅឯពិធី​មួយ ដែល​បង្កើត​បាន​ជាសាកលវិទ្យាល័យ​ផាន​អាហ្វ្រិក​ (Pan African University) ​ថ្មី ​ដែល​មាន​៥​ទីតាំង ​ដោយទីតាំងនីមួយៗ​មាន​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ផ្សេងៗ​គ្នា។

មហាវិទ្យាល័យ​មួយ ដែលប្រើសម្រាប់វិទ្យាសាស្រ្ត​អវកាស ​មាន​ទីតាំង​នៅ​អាហ្វ្រិក​ខាងត្បូង​។​ ​មហាវិទ្យាល័យសិក្សា​ពី​វិទ្យាសាស្រ្ត​ទឹក​និង​ឋាមពល​ មាន​ទី​តាំង​នៅប្រទេស​អាល់ហ្សេរី (Algeria)។ ហើយ ស្ថាប័នមួយ​សម្រាប់​ការសិក្សា​ពី​វិទ្យាសាស្រ្តមូលដ្ឋាន បច្ចេកវិទ្យា​ និងការ​ច្នៃ​ប្រឌិត ត្រូវស្ថិតនៅ​ឯសាកលវិទ្យាល័យ ចូម៉ូ កេនយ៉ាតា​ (Jomo Kenyatta University)​ក្នុង​ប្រទេស​កេនយ៉ា​ (Kenya)។

សាកលវិទ្យាល័យ​ អ៊ីបាដាន​ (University of Ibadan) នៅ​ប្រទេស​នីហ្សេរីយ៉ា (Nigeria) នឹង​ក្លាយ​ជា​ទីតាំង​សម្រាប់​មហាវិទ្យាល័យ ​ដែល​សិក្សា​ពីជីវិតនិង​វិទ្យាសាស្ត្រផែនដី ហើយសាកល​វិទ្យាល័យ យ៉ាអូនដេ (University of Yaounde) នៅ​ប្រទេសកាមេរូន (Cameroon)​ នឹង​ក្លាយជា​ទីតាំង​សម្រាប់ការ​សិក្សា​ពី​អភិបាលកិច្ច​ មនុស្សសាស្រ្ត និង​វិទ្យាសាស្រ្ត​សង្គម។

សហភាពអឺរ៉ុប (European Union) កំពុង​តែ​ផ្តល់មូលនិធិ​យ៉ាងច្រើន​ ដល់គម្រោង​សាកល​វិទ្យាល័យ​ផានអាហ្វ្រិក​ (Pan African University)។ លោក ​ហារី ដេបេគ័រ (Harry Debaker) អ្នក​ការ​ទូត​សហភាពអឺរ៉ុប បាន​មាន​ប្រសាសន៍​ថា​ គំនិតនេះគឺ​ចង់លើក​កម្ពស់បរិយាកាសដូច​នៅទ្វីប​អឺរ៉ុប​ដែរ ​ដែល​សាកលវិទ្យាល័យ​អាហ្វ្រិកទាំងនេះ​ នឹង​អាច​ទាក់ទាញនិស្សិត​មកពីគ្រប់ទ្វីប​ទាំង​អស់។

លោក ហារី បាន​ថ្លែង​ថា៖

«ខ្ញុំ​សង្ឃឹមយ៉ាងមុតមាំ​ថា​ នៅក្នុង​សុន្ទរកថា​នាពេលអនាគត​ ​ខ្ញុំ​អាច​បញ្ចប់សេចក្តីដោយ​និយាយ​ថា​«នៅ​ទូទាំង​ទ្វីបអាហ្វ្រិក ​មាន​និស្សិត​រាប់​លាន​នាក់​ កំពុង​សិក្សា​ក្នុង​ប្រទេស​ដែល​មិនមែនជាប្រទេស​ផ្ទាល់​របស់​ពួក​គេ​ និង​ប្រើប្រាស់​ភាសា​ ដែល​មិន​មែន​ភាសាកំណើតរបស់​ពួក​គេ​ឡើយ។»

អ្នក​តំណាងម្នាក់​ជាតិអេហ្ស៊ីប​ នៅក្នុងពិធីសម្ពោធ​សាកលវិទ្យាល័យនោះ​ មាន​កត់សម្គាល់ថា ​បណ្តា​ប្រទេសអាហ្វិ្រកខាងជើងភាគច្រើន​ បានឆ្លង​កាត់បដិវត្តន៍​នយោបាយ​អារ៉ាប់ ឬ​ហៅ​កាត់​ថា Arab Spring។ ឥឡូវនេះ លោក បាននិយាយថា វាដល់​ពេលហើយសម្រាប់ទ្វីប​នេះក្នុងការឆ្លងកាត់នូវ​និទាឃរដូវ​លើវិស័យ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​វិញ​ម្តង៕

ប្រែសម្រួល​ដោយ គឿង ភិរុណ