អ្នក​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​​ក្នុង​ករណី​ជះ​ស្រា​បៀរ​លើ​អ្នក​ចម្រៀង​ទេព បូព្រឹក្ស

កញ្ញា​ ​ទេព បូព្រឹក្ស​ ​​​​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​មួយ​រូប​ ដែល​ត្រូវ​បាន​គេ​គប់​ស្រាបៀរ​ ​ខណៈ​កំពុង​ច្រៀងនៅលើឆាក។ (រូបថតដោយ Heng Picture ពីទំព័រហ្វេសប៊ុក Tep Boprek)

បន្ទាប់ពី​មាន​ករណី​នៃ​ការ​គប់​ស្រាបៀរ​លើ​អ្នក​ចម្រៀង​ជា​ស្រ្តី​ម្នាក់​ ដែល​កំពុង​ច្រៀង​លើ​ឆាក​នៅ​ដើម​សប្តាហ៍​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​ដែល​​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ស្រ្តី​ចង់​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ចម្រៀង​រូប​នោះ​ ​តាមរយៈ​​ទាមទារ​ឲ្យ​អ្នក​គប់​ស្របៀរ​នោះ​ទទួល​ខុស​ត្រូវ។

ក្រុម​សង្គម​ស៊ីវិល​ដែលធ្វើ​ការ​ផ្នែក​សិទ្ធិ​ស្រ្តី​ ​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​កញ្ញា​ ​ទេព បូព្រឹក្ស​ ​អ្នក​ចម្រៀង​មួយ​រូប​ដែល​ត្រូវ​បាន​គេ​គប់​ស្រាបៀរ​ ​ខណៈ​កំពុង​ច្រៀង​លើ​ឆាក កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ។

​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស កញ្ញា​ ​ទេព បូព្រឹក្ស ត្រូវ​បាន​បុរស​ម្នាក់​ជះ​ស្រាបៀរ​និង​គប់​កំប៉ុង​ស្រាបៀរលើ​ខ្លួន​ ​ខណៈ​កំពុង​ច្រៀង​លើ​ឆាក​កាល​ពី​រាត្រី​ថ្ងៃទី​២៥ ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្បែរ​ពេទ្យ​កុមារជាតិ​ ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​ ​នេះ​បើ​តាម​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ និង​វីដេអូ​ដែល​កញ្ញា​ ​ទេព បូព្រឹក្ស​ ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​នៅ​យប់​ថ្ងៃ​ដដែល។

ក្នុង​វីដេអូ​នោះ​ ​កញ្ញា​ ​ទេព បូព្រឹក្ស​ ​បាន​បញ្ជាក់​ទាំង​កំពុង​យំស្រែកថា​ ​កូនប្រុស​របស់​ម្ចាស់​ហាងយីហោ​ ​«សមុទ្រ»​ ​ដែល​ជា​ហាង​ដែល​កញ្ញា​ទៅ​ច្រៀង​នៅ​ពេល​នោះ​ ​ជា​អ្នក​គប់​ស្រាបៀរ​លើ​ខ្លួន។

​ក្រោយ​វីដេអូ​ទាំង​នោះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​គេ​ឃើញ​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដោយ​បាន​ទាមទារ​ឲ្យ​អ្នក​គប់​ស្រាបៀរ​នោះ​ទទួល​ខុសត្រូវ។ មជ្ឈដ្ឋាន​ទាំង​នោះ​រួមមាន អ្នក​ប្រើ​បណ្តាញ​សង្គម​ ​ក្រសួង​កិច្ចការ​នារី​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​ការពារ​សិទ្ធិ​ស្រ្តី​មួយចំនួន​ផង ដូចជា Safe Cities for Women Cambodia និង​អង្គការ​ក្លាហាន​ ​ជាដើម។

កញ្ញា​ ​ប៊ុន រចនា​ ​នាយិកា​អង្គការ​ក្លាហាន​ ​ដែល​ជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិរ​បស់​ស្រ្តី​នៅ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ប្រើ​ហិង្សា​លើ​ស្រ្តី​នៅ​កម្ពុជា​តែង​តែ​កើត​មាន​ជារឿយៗ​ ​និង​កាន់​តែ​អាក្រក់​ទៅ​ ​ដោយសារ​ការ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​មាន​ភាព​ធូរ​រលុង​ ស្រប​ពេល​ដែល​ការ​ផ្តល់​តម្លៃ​ស្រ្តី​នៅ​មាន​កម្រិត។

កញ្ញា​បន្ថែម​ថា​ ​ករណី​នៃ​ការ​ប្រើហិង្សា​លើ​កញ្ញា ទេព បូព្រឹក្ស​ ​គឺ​ជា​រូបភាព​នៃ​ការ​ប្រើ​ហិង្សា​មួយ​ក្នុង​ចំណោម​អំពើ​ហិង្សា​លើ​ស្រ្តី​ជាច្រើន​ ​ជា​ពិសេស​ការ​ប្រើ​ហិង្សា​លើ​ស្រ្តី​ដែល​ធ្វើការ​ផ្នែក​សេវា​កំសាន្ត​ ​ដែល​កញ្ញា​ថា​ ​ជន​ល្មើស​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

កញ្ញា​បញ្ជាក់​ថា៖​

«វា​បង្ហាញ​អំពី​ការ​រើសអើង​ទៅ​លើ​ស្រ្តី​ ​ហើយ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្រ្តី។​ ​ហើយ​អី​ដែល​សោក​ស្តាយ​មួយ​ទៀត ​គឺ​ថា​នៅ​ពេល​ដែល​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ ​ថា្នក់​ដឹកនាំ​រដ្ឋ​របស់​យើង​ដែល​ជា​បុរស​ ​គាត់​អត់​មើល​ថា​ វា​ជា​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស្រ្តី​ ​បែរជា​ព្យាយាម​និយាយ​ក្នុង​ន័យ​មួយ​ដែល​ស្តី​បន្ទោស​ទៅ​ឲ្យ​ស្រ្តី​ដែល​ជា​ជនរងគ្រោះ​ទៅ​វិញ។​ ​ហើយ​សម្រាប់​យើង​ដែល​ជា​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី យើង​យល់​ថា​រឿង​បែប​ហ្នឹង​យើង​ទទួល​យក​អត់​បាន»។

ចំណែក​កញ្ញា​ ​សេង រាសី​ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ ​លើកឡើង​ដែរ​ថា​ កន្លង​មក​ ស្រ្តី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ ​និង​ការ​ចាប់​រំលោភ​ផ្សេងៗ​ ​តែង​ត្រូវ​បាន​គេ​ដាក់​កំហុស​ដើម្បី​សម្រាល​បន្ទុក​អ្នក​ដែល​ប្រព្រឹត្ត។​ ​កញ្ញា​បន្ថែម​ថា​ ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​ក្នុង​ការ​ផ្តល់​តម្លៃ​របស់​ស្រ្តី​ក្នុង​សង្គម​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ថា​ការ​ប្រើ​ហិង្សា​គ្រប់​រូបភាព​ គឺ​ជា​បទល្មើស​ដែល​ត្រូវ​តែ​មាន​ការ​ដាក់​ទោស​លើ​ជនល្មើស​ឲ្យ​បាន​ធ្ងន់។

កញ្ញា​បញ្ជាក់​ថា៖​

​«ពេល​ខ្លះ​លើក​ហេតុផល​ថា ​ដោយ​សារស្រ្តី​ស្លៀក​ខ្លី​ ​ពេល​ខ្លះ​លើក​ហេតុផល​ថា​ គាត់​ហ្នឹង​បម្រើ​សេវា​កំសាន្ត​ ​គាត់​សម​តែ​ទទួល​អញ្ចឹង​ពេល​ខ្លះ​លើក​ហេតុផល​ថា​ ខឹង​ពេក។​ ​អញ្ចឹង​ទៅ​តែងតែ​ព្យាយាម​ប្រើ​ហេតុផល​ដើម្បី​សម្រាល​បន្ទុក​ឲ្យ​អ្នក​ប្រព្រឹត្ត។​ ​ដូច្នេះ​ការ​ដែល​ឈរ​លើ​គោល​ការណ៍​ ​ជំហរ​នៃ​ច្បាប់​ ​និង​ភាព​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​ ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​តឹង​រ៉ឹង​បំផុត​សម្រាប់​ការ​ដាក់​ទោស​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង»។

គេ​ឃើញ​ថា ការ​ប្រើ​ហិង្សា​លើ​ស្រ្តី​នៅ​កម្ពុជា​តែង​កើត​ឡើង​ជារឿយៗ​តាម​គ្រប់​រូប​ភាព​ជាពិសេស​លើ​ស្រ្តី​ដែល​ប្រកប​របរ​ផ្តល់​សេវា​កំសាន្ត និង​ស្រ្តី​ធ្វើការពេល​យប់។

​អ្នកស្រី​ ​យិន សារ៉ាត់​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី ​ ​ប្រាប់​ ​VOA​ ​ថា​ក្រសួង​កិច្ចនារី​កំពុង​ឃ្លាំមើល​ករណី​នៃ​ការ​គប់​ស្រាបៀរ​លើ​កញ្ញា​ ​ទេព បូព្រឹក្ស​ ​នេះ។ អ្នកស្រី​បន្ថែម​ថា ក្រសួង​កិច្ចការ​នារី​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​រំលោភ​បំពាន​ ​និង​ការ​ប្រើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្រ្តី។​ ​យ៉ាងណាក្តី​ ​អ្នកស្រី​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​ដែល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​អំពើ​ហិង្សា​លើ​ស្រ្តី​កើត​ឡើង​តាម​គ្រប់​រូបភាព ហើយ​ត្រូវ​ទប់ស្កាត់​និង​កាត់​បន្ថយ​បែបណា​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖​

​«ចំពោះ​ករណី​នេះ​ វា​ជា​រឿង​មួយ​ដែល​យើង​ឃើញ​ហើយ​ថា​ ចំពោះ​ករណី​ហិង្សា​នេះ​ ​មិនមែន​តែ​ចំពោះ​ករណី​កម្ពុជា​ទេ​ ​គឺ​គ្រប់​ប្រទេស​ ​យើង​មិន​អាច​ផ្តោត​តែ​ទៅ​លើ​ប្រទេស​កម្ពុជា​មួយ​ទេ។ អូន​អាច​មើល​ព័ត៌មាន​ទូទាំង​សាកល​ទៅ​ ​ឃើញ​ថា​ ករណី​អំពើ​ហិង្សា​មិនមែន​មាន​តែ​ចំពោះ​ប្រទេស​កម្ពុជា​ទេ គឺ​ទូទាំង​ពិភព​លោក​ក៏​មាន​ករណី»។

​ក្នុង​វីដេអូ​មួយ​ទៀត​ដែល​កញ្ញា​ ​ទេព បូព្រឹក្ស​ ​ផ្តល់​សម្ភាសន៍​ទៅ​អ្នក​សារ​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​២៦​ ​ខែ​ធ្នូ ​បញ្ជាក់​ថា​ កញ្ញា​ ​ទេព បូព្រឹក្ស​ ​បាន​ដាក់​ពាក្យ​ប្តឹង​ម្ចាស់​ហាងយីហោ​ ​«សមុទ្រ»​ ​នោះ​ដោយ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន១០​ម៉ឺន​ដុល្លារ​អាមេរិក។ ​កញ្ញា​បាន​ប្រកាស​យក​ថវិកា​សំណង​ទាំងអស់​នោះ​ទៅ​ជួយ​កុមារ​កំព្រា និង​ចាស់ជរា​ ព្រមទាំង​មន្ទីរពេទ្យ​គន្ធបុប្ផា។

នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ​ ​លោក​ ​ហេង ឡុង​ ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​ក្រុម​មេធាវី​របស់​កញ្ញា ទេព បូព្រឹក្ស​ ​បាន​ជួបផ្ទាល់​ជាមួយ​នឹង​ជន​បង្ក​ឈ្មោះ​ ​ឆេង រស្មី​ ​ដែល​លោក​អះអាង​ថា​ ជា​អ្នក​គប់​កំប៉ុង​ស្រាបៀរ​លើ​កញ្ញា​ ​ទេព បូព្រឹក្ស។​ លោក​បន្ថែម​ក្នុង​សារ​ដែល​បង្ហោះ​នោះ​ថា​ ទាំង​ជន​បង្ក​ ​និង​ម្ចាស់ហាង​បាន​ឆ្លើយ​ថា​ ​មូលហេតុ​ដែល​គប់​ស្រាបៀរ​នោះ​ ​គឺ​ដោយសារ​ខ្លួន​ស្រវឹង។

លោក​ ​ហេង ឡុង​ ​បាន​បន្ថែម​ថា​កញ្ញា​ ​ទេព បូព្រឹក្ស​ ​បាន​ទាមទារ​ចំនួន​បី​ចំណុច​ ​គឺ​ឲ្យ​ជន​បង្ក​ធ្វើ​សន្និសីទ​កាសែត​សុំទោស​ជា​សាធារណៈ ផ្តល់​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក​ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញាធរ​ ​មិន​គុំគួន​សងសឹក​គ្នា​បញ្ចប់​ទំនាស់​ដោយ​សន្តិវិធី។

​VOA​ ​មិនទាន់​អាច​ទំនាក់​ទំនង​អ្នក​ចម្រៀង​ ​ទេព បូព្រឹក្ស​ ​និង​ ​ឆេង រស្មី​ ​ដែល​រង​ការ​ចោទ​ថា​ជះ​ស្រាបៀរ​និង​គប់​កំប៉ុង​ស្រាបៀរ​លើ​អ្នក​ចម្រៀង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​កិច្ចការ​នារី​កម្ពុជា ចេញ​កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​២០១៦ បញ្ជាក់​ថា ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់ជាតិ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​ ​UN Women​ ​និង​អង្គការ​សុខភាព​ពិភព​លោក​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ចុង​ឆ្នាំ២០១៥​ ​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​៥នាក់​ ​អាយុ​ពី​១៥ ដល់​៦៤​ឆ្នាំ ដែល​ធ្លាប់​រៀបការ ឬ​មាន​ដៃគូ បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ​ ​និង/ឬ​អំពើ​ហិង្សា​ផ្លូវភេទ​ដោយ​ដៃ​គូ​ជិតស្និទ្ធ​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៣ រក​ឃើញ​ថា​ ​ជនល្មើស​ជា​បុរស​កម្ពុជា​ស្ទើរ​ជិត​ពាក់​កណ្តាល​មិន​ដែល​បាន​ប្រឈម​នឹង​ការ​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់​ទាល់​តែសោះ៕