ជំងឺ​កូវីដ១៩ បន្ថែម​បញ្ហា​ប្រឈម​ដល់​បុគ្គលិក​ពេទ្យ​ជា​ស្ត្រី និង​ភារកិច្ច​មើលថែ​គ្រួសារ

រូបឯកសារ៖ បុគ្គលិកពេទ្យ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Providence Holy Cross ក្នុង​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ពិនិត្យមើលអ្នកជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុង​គ្រា​ដែល​ជំងឺ​កូវីដ​១៩​ រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​សហរដ្ឋ​អាមេរិក ​អ្នកធ្វើ​ការងារក្នុង​វិស័យ​សុខាភិបាល​ជា​ស្ត្រី​ បាន​ចូលរួម​ទប់ស្កាត់​វីរុស​ដ៏​ប្រល័យ​នេះ​ ដូច​សហការី​បុរសដែរ ​ក្នុង​ខណៈ​ពេល​ដែល​ត្រូវ​បំពេញ​តួនាទី​ជា​ស្ត្រី​មេផ្ទះ​ផង​ដែរ។

បុគ្គលិក​សុខាភិបាល​ខ្មែរ​-អាមេរិកាំង​ជាស្ត្រី​ពីរ​រូប ​ឆ្លងកាត់​ស្ថានភាពដែល​ពួកគេ​មិនធ្លាប់​ជួប​ប្រទះ​ក្នុង​ពេល​កន្លងមក​ក្នុង​ការថែរក្សា​ និង​ផ្តល់​ប្រឹក្សា​យោបល់​ដល់​អ្នកជំងឺ។

លោកស្រី​បណ្ឌិត ប៊ុន ណានី ប៉េកា ជា​អ្នកឯកទេស​ថ្នាំ​សណ្តំ​នៃ​មណ្ឌល​សុខភាព​នៃ​សាកល​វិទ្យាល័យ​តិចសាស​ Southwestern ​ក្នុង​ទីក្រុង​ដាឡាស​ រដ្ឋតិចសាស​បាន​ថ្លែង​ពី​ការផ្តល់​សេវា​ដល់​អ្នកជំងឺ​កូវីដ​១៩​ក្នុង​រយៈពេល​ជាង​១ឆ្នាំ​មកនេះ៖

«មនុស្ស​ដែល​មាន​កូវីដ១៩ ​ត្រូវការ​វះកាត់​ដូច្នេះ​យើង​ត្រូវតែ​ជួយគេ។ ដូចគ្នា​ដែរ​នៅ​ICU (សង្គ្រោះ​បន្ទាន់) មាន​ច្រើន​ដែល​យើង​ត្រូវ​ជួយ​គេ​ដែរ»។

លោកស្រី​បណ្ឌិត​ប៊ុនណានី ប៉េកា (រូបថត​ផ្ដល់​ឲ្យ)

ក្រៅពី​មាន​ឯកទេស​ថ្នាំ​សណ្តំ​ លោកស្រី​ ប៊ុនណានី​ ប៉េកា​ ក៏​ធ្វើការ​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់ ​ឬ​ICU ​នៅ​មន្ទីរពេទ្យ​មួយ​ផ្សេង​ទៀត​ដើម្បី​ថែរក្សា​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ប្រឈមមុខ​នឹង​អ្នកឆ្លង​និង​ស្លាប់​ជាប្រចាំ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក៖

«នៅ​កន្លែង​ ICU (សង្គ្រោះ​បន្ទាន់)​ មាន​មនុស្ស​ឈឺ​ច្រើន​មែនទែន។ ឈឺ​ដោយ​ដក​ដង្ហើម​មិនរួច​ និង​បេះដូង​ខ្សោយ​ ជួនកាល​មាន​ឈាម​កក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ច្រើន​មែនទែន។ កូវីដ១៩​មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់។ ខ្ញុំ​ធ្វើការ​នៅ​ពេទ្យ​ជិត​៣០​ឆ្នាំ​ហើយ​ គឺ​មិនដែល​ឃើញ​មនុស្ស​ស្លាប់​ច្រើន​ដូចនេះ​ទេ»។

ពលរដ្ឋ​អាមេរិកាំង​ឆ្លងវីរុស​កូរ៉ូណា​ជាង​២៩​លាន​នាក់​និង​ស្លាប់​ជាង​៥២៦.០០០​នាក់​គិត​ត្រឹម​ថ្ងៃអង្គារ។ ដោយឡែក​រដ្ឋ​តិចសាស​មាន​អ្នក​ឆ្លង​ជិត​២,៧​លាន​នាក់និង​មាន​អ្នកស្លាប់​ជាង​៤៥.០០០​នាក់។ នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ដោយ​សាកលវិទ្យាល័យ​ចន ហប់គីន។

លោកស្រី​ សាឡន ថុង​ គឺ​ជា​ឱសថការី​រយៈពេល​១៧​ឆ្នាំ​ហើយ ​និង​ជា​ម្ចាស់​ឱសថស្ថាន​នៅ​ក្រុង ​Yucaipa ​ក្នុង​រដ្ឋកាលីហ្វញ៉ា​ដែល​លោកស្រី ​បាន​បើក​ដោយ​ខ្លួន​ឯង​កាលពី​៥​ឆ្នាំ​មុន។ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​កូវីដ១៩​វាយប្រហារ​ខ្លាំង​នេះ​ ឱសថស្ថាន​របស់​លោកស្រីបាន​ធ្វើ​ការងារ​ជាច្រើន​ដែល​មិន​ធ្លាប់​ធ្វើ​កន្លងមក​ដើម្បី​ចូលរួម​ចំណែក​ដល់​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​ដ៏​ប្រល័យ​នេះ៖

​«ខ្ញុំ​ជួយ​ប្រាប់​ឲ្យ​ដឹង​រោគសញ្ញា​របស់​កូវីដ​ក្អក​ក្តៅខ្លួន​ជាដើម​។ ជួនកាល​សញ្ញា​ដូច​ផ្តាសាយធំ។ មនុស្ស​អាច​ទូរស័ព្ទ​មកខ្ញុំ​រាល់​ពេល។ ជួនកាល​ទូរស័ព្ទ​អត់ចូល​ពេទ្យ​ គេ​ទូរស័ព្ទ​មក​ខ្ញុំ​ច្រើនណាស់។ នាង​ខ្ញុំ​ជួយ​បង្រៀន​ពី​វ៉ាក់សាំង​ដើម្បី​ឲ្យ​ដឹង​ថា ​វ៉ាក់សាំង​ហ្នឹង​វា​អត់​ធ្វើទុក​ហើយ​ជួយ​ការពារ​ខ្លួន​យើង»។

រដ្ឋកាលីហ្វញ៉ា​មាន​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​ជាង​៣,៦លាន​នាក់​ និង​ស្លាប់​ជាង​៥៤.០០០​នាក់។ ​

រូបឯកសារ៖ អ្នកស្រី Romelia Navarro អាយុ៦៤ឆ្នាំ បាន​យំ​ឱប​ស្វាមី​របស់​អ្នកស្រី​ឈ្មោះ Antonio ដែល​ហៀបនឹង​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ St. Jude ក្នុង​ទីក្រុង Fullerton រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

បន្ថែម​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​១៩​ បុគ្គលិក​សុខាភិបាលទាំងពីរ​ថែម​ទាំង​ស្ម័គ្រចិត្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេសកំណើត​បើ​ទោះបី​ជា​ពួកគាត់​បាន​ចាកចេញ​តាំងពី​នៅ​កុមារភាព​ក៏ដោយ។​ អ្នកទាំងពីរ​ បាន​ជួយ​ដល់​បេសកកម្ម​ស្ម័គ្រចិត្តព្យាបាល​ដោយ​មិន​យក​កម្រៃ​ទៅ​កម្ពុជា​តាម​រយៈ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក។

លោកស្រី​បណ្ឌិត​ ប៊ុនណានី ប៉េកា ​ធ្លាប់​បាន​ចូលរួម​បេសកកម្ម​ទៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរលើក​ក្នុង​ឆ្នាំ​២០១៩​នៅខេត្ត​កំពង់ធំ​និង​ឆ្នាំ​២០២០​នៅ​ខេត្ត​កំពង់ស្ពឺ។

លោកស្រី​បាន​បញ្ជាក់​ថា៖

«ពេលខ្ញុំ​ទៅ​ក៏​ឃើញ​ស្រុក​ស្អាត​មែនទែន។ ខ្មែរ​រួសរាយ​និង​គោរព​សាសនា​ច្រើន។ ខ្មែរ​យើង​ក្រ​មិន​មាន​លុយ​សម្រាប់​វះកាត់»។

លោកស្រី​សាឡន ថុង នៅ​ឱសថស្ថាន​ក្នុង​ទីក្រុង Yucaipa រដ្ឋ​កាលីហ្វញ៉ា។ (រូបថត​ផ្ដល់​ឲ្យ)

លោកស្រី​ សាឡន ថុង​ បាន​បន្ថែម​ពី​ការជំរុញ​ទឹកចិត្ត​បើ​ទោះបី​ជា​មិន​ទាន់​បាន​ទៅ​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នៅឡើយ​ក៏ដោយ​ដោយ​លោកស្រី​និង​ក្រុម​គ្រួសារ​បាន​ជួយ​ចូលរួម​រៃ​អង្គាស​ថវិកា​ ផ្សព្វផ្សាយ​ពី​បេសកកម្ម​និង​ជ្រើសរើស​ជ័យលាភី​អាហារូបករណ៍​ដែល​សមាគម​ផ្តល់​ជូន​និស្សិត។

លោកស្រី​ សាឡន ថុង​ បាន​បន្ថែម​ថា៖ «តាំងពី​យើង​ចេញ​ពី​ប៉ុល ពត​យើង​ដឹង​ពី​ភាព​ក្រីក្រ​ហើយ​ពួកគាត់​អត់​មាន​លុយ​ទៅ​ពេទ្យ​ អត់​មាន​លុយ​ដក​ធ្មេញ​ទិញ​ថ្នាំ។ អីចឹង​ទៅ​នាង​ខ្ញុំ​ជា​ឱសថការី​ដែល​យើង​ដឹង​រឿង​ថ្នាំ​យើង​អាច​ជួយ។ នាងខ្ញុំ​និង​គ្រួសារ​ជួយ​តាំងពី​យូរហើយ​គឺ​ជិត​១០​ឆ្នាំ​ហើយ»។

ទាំង​លោកស្រី​ ប៊ុនណានី​ ប៉េកា ​និង​លោកស្រី ​សាឡន ថុង​ បាន​មកដល់​សហរដ្ឋ​អាមេរិក​នៅដើម​ទសវត្សរ៍​១៩៨០​ក្នុង​នាម​ជាជនភៀសខ្លួន។

ក្រៅ​ពី​ការងារ​អាជីព​និង​ជួយ​សង្គម​លោកស្រី​ទាំងពីរ​ក៏​នៅ​រក្សា​បាន​តួនាទី​ជា​ភរិយា​និង​ជាមាតា​ផងដែរ។ លោកស្រី​បណ្ឌិត​ ប៊ុនណានី ប៉េកា​ មាន​កូនប្រុស​បីនាក់​ដែល​មាន​អាយុ​១៧​ដល់​២០​ឆ្នាំ។ រីឯ​លោកស្រី​ សាឡន ថុង​ មាន​កូនប្រុស​២នាក់​ដែល​មាន​អាយុ​១៣ឆ្នាំ​និង​៨​ឆ្នាំ​ដែល​ត្រូវ​ជួយ​ការងារ​សិក្សា​របស់​ពួកគេ​ផងដែរ​ក្នុង​គ្រា​មាន​ជំងឺ​ឆ្លង​ដែល​សិស្ស​ភាគច្រើន​ត្រូវ​សិក្សា​តាម​អនឡាញ​ពី​ផ្ទះ។

នៅ​ខួប​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ​លោកស្រី​ទាំងពីរ​បាន​លើកទឹកចិត្ត​ស្ត្រី​ដទៃទៀត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈានឡើង។

លោកស្រី​បណ្ឌិត​ ប៊ុនណានី ប៉េកា​ បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ខំ​ធ្វើការ​ច្រើន​និង​រៀន​ក៏​ច្រើន​ដែរ​ប៉ុន្តែ​ជីវិត​គឺ​មិនមែន​តែរៀន​និង​ធ្វើការ​ទេ​ប៉ុន្តែ​យើង​ត្រូវ​សប្បាយ​ដែរ។ យើង​ត្រូវ​សម្រាក​វិស្សមកាល។ យើង​ត្រូវ​សប្បាយ​ជាមួយ​គ្រួសារ​ ជាមួយ​ពួកម៉ាក​ប៉ុន្តែ​បើ​យើង​ចង់​ធ្វើការ​អ្វី​គឺត្រូវ​ខំ​ធ្វើការ​និង​ខំរៀន​គឺ​កុំបោះបង់​ចោល»។

រីឯលោកស្រី​ សាឡន ថុង​ ក៏បាន​បន្ថែម​ដែរ​ថា៖

«បើសិន​ជា​យើង​ចង់បានអ្វី​គឺ​យើង​ត្រូវ​ធ្វើការ​ឲ្យ​ដល់​គោលដៅ​។ នាងខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ត្រូវ​មាន​ក្តីប្រាថ្នា​ចង់​ធ្វើ​ពេទ្យ​ចង់ធ្វើគ្រូ​ ចង់​ធ្វើ​វិស្វករ​គឺ​អាច​ធ្វើបាន​ ឲ្យ​តែខំ​គឺ​យើង​អាច​មាន​ជោគជ័យ​ហើយ»៕