អ្នក​ការពារ​សិទ្ធិ​ជំរុញឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​រំលោភ​បំពាន​សិស្ស​នារី​នៅ​សាលារៀន​ឥស្លាម​មួយ

រូបភាព​ពី​ហ្វេសប៊ុកនៃ​សាលារៀន​ឥស្លាម​កម្រិត​២ អាន់នៀកម៉ះ​ភ្នំពេញ​

អ្នក​ការពារ​សិទ្ធិ​ស្រ្តី ​និង​កុមារ​ប្រចាំ​អង្គការ​លីកាដូ​ ​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការណ៍​ពិត​ ជុំវិញ​ករណី​សិស្ស​នារី​ចំនួន​១៨​នាក់​ដែល​ត្រូវ​បាន​ផ្សាយ​ថា​ ​រង​ការ​រំលោភ​បំពាន​ពី​អ្នក​គ្រប់គ្រង​អន្តេ​វាសិក​ដ្ឋាន​សិស្ស​នារី​ នៅ​សាលារៀន​ឥស្លាម​អាន់នៀកម៉ះ​ភ្នំពេញ។​

ការ​ជំរុញ​របស់​អ្នក​ជំនាញ​ផ្នែក​ស្រ្តី​ និង​កុមារ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​នានា​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ ដោយ​ផ្សាយ​ថា​ លោក​ សូហៃមី​ កូន​ប្រុស​របស់​អ្នក​ឧកញ៉ា ​សុះ កំរី ​ចាង​ហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ​បាន​រំលោភ​បំពាន​លើ​សិស្ស​នារី​ចំនួន​១៨​នាក់។​

អ្នកស្រី​ណាប់ ​សុម៉ាលី ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ និង​កុមារ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​(Licadho)​ ជំរុញ​អាជ្ញាធរ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ និង​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​

អ្នកស្រី​ថ្លែង​ថា៖​ «ដូច្នេះ​ការ​ធ្វើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់​ទៅ​លើ​ជន​សង្ស័យ​ដើម្បី​ការពារ​សុវត្ថិ​ភាព​ជន​រងគ្រោះ ​និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​គឺ​ជា​រឿង​សំខាន់»។​

អ្នកស្រី​បន្ត​ថា ​មាន​តែ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទេ​ដែល​អាច​ជួយ​ពួក​គេ​បាន​ ខណៈ​គ្រួសារ​របស់​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ។​

លោក​បញ្ជាក់​ថា៖​ «យើង​ឃើញ​មាន​ព័ត៌មាន​ មាន​ការ​ចោទ​ប្រកាន់​ មាន​ការ​ឆ្លើយ​បកស្រាយ​បំភ្លឺ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ»។​

ចំណែក​អ្នក​នាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ​សំ វិច្ឆិកា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ជា​អ្នក​ស្រាវជ្រាវ​ស៊ើប​អង្កេត​លើ​ករណី​នេះ។​

លោក ​ប៉ាក់ យួលាង​ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ ​មិន​ផ្តល់​អត្ថាធិប្បាយ ​ដោយ​ប្រាប់​ឱ្យ​សួរ​ទៅ​លេខ​ទូរស័ព្ទ​ខាង​រដ្ឋបាល ​ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​មិនផ្តល់​ព័ត៌មាន​លម្អិត​ ដោយ​គ្រាន់តែ​ប្រាប់​ថា ​មន្រ្តី​ជំនាញ​កំពុង​ធ្វើការ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា ​សុះ កំរី​ និង​កូន​ប្រុស​លោក​ សូហៃមី ​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​បាន​ទាក់​ទង​ទៅ​លេខ​ទូរស័ព្ទ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សុះ កំរី​ ប៉ុន្តែ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា​ ​មិនមែន​ជា​រូប​លោក។​

ទោះ​ជាយ៉ាង​ណា​ លោក ​សុះ កំរី ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​១១ ខែ​តុលា​ ឆ្នាំ​២០២៤​ថា ​ បន្ទាប់​ពី​បាន​ឃើញ​ការ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​អំពី​ករណី​សិស្ស​នារី​ត្រូវ​បាន​រំលោភ​បំពាន​នៅ​សាលារៀន​អាន់នៀកម៉ះ​ភ្នំពេញ ​លោក​បាន​សាកសួរ​កូនប្រុស​របស់​លោក​ជា​ច្រើន​លើក ​ប៉ុន្តែ​កូន​ប្រុស​របស់​លោក​បាន​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត។​
លោក ​សុះ កំរី ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​គាំទ្រ​ក្នុង​ការ​រក​ការណ៍​ពិត ​ដើម្បី​ផ្ដល់​យុត្តិ​ធម៌​ជូន​ដល់​ជនរង​គ្រោះ»។​

គណៈ​គ្រប់គ្រង​សាលារៀន​ឥស្លាម​កម្រិត​២​ អាន់នៀកម៉ះ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១២​ ខែ​តុលា ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​លើក​ឡើង​ថា ​ការ​ផ្សព្វ​ផ្សាយ ​និង​បង្ហោះ​សារ​អំពី​ករណី​រំលោភ​បំពាន​កូន​សិស្ស​ចំនួន​១៨​នាក់​នៅ​សាលារៀន​អាន់នៀកម៉ះ​ភ្នំពេញ ​គឺ​ជា​ព័ត៌មាន​មិន​ពិត។​
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​កន្លង​មក​ ​បុគ្គល​ កាម៉ា​រ៉ូទីន​ សូហៃមី ​បាន​ប្រើ​សម្តី ​និង​កាយ​វិការ​មិន​សមរម្យ​ទៅ​លើ​សិស្ស​មួយ​ចំនួន​ ហើយ​ក្រោយ​មក​ក៏​មាន​ការ​ស្នើ​សុំ​ឱ្យ​បញ្ចប់​តួនាទី​ ​ហើយ​សាលា​ក៏​បាន​ដក​បុគ្គល​នោះ​ចេញ។​

កាលពី​សប្តាហ៍​មុន​ លោកស្រី​ ម៉ម សូម៉ាលី ​ប្រធាន​អង្គការ​អាហ្វេស៊ីប​ដែល​ជា​អង្គការ​ជួយ​ក្មេង​ស្រី​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​នានា ​បាន​ចែក​រំលែក​សារ​ដែល​បង្ហោះ​អំពី​ករណី​រំលោភ​បំពាន​សិស្ស​ស្រី​១៨​នាក់​នោះ​ ដោយ​សរសេរ​ជំរុញ​ឱ្យ​ជន​រងគ្រោះ​ងើប​ឈរ ​និង​កុំខ្លាច។​

ក្រោយ​ការ​បង្ហោះ​សារ​នោះ​ លោកស្រី ​ម៉ម សូម៉ាលី ​បាន​បង្ហោះ​សារ​ និង​រូប​ថត​ក្មេងស្រី​ទទូរ​ក្រណាត់​លើ​ក្បាល​ ឬ​ Hijab ​តាម​បែប​សាសនា​ឥស្លាម​ ដោយ​មិន​បង្ហាញ​មុខ​ ជា​បន្ត​បន្ទាប់។​
វីអូអេ​បាន​ព្យាយាម​ទាក់ទង​ទៅ​លោកស្រី ​ម៉ម សូម៉ាលី ​តែ​លោក​ស្រី​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ៕