អ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាសមួយរូប បានបង្កឲ្យមានប្រតិកម្មពីសំណាក់សកម្មជនសិទ្ធិស្រ្តី និងអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីលោកបាន និយាយទាក់ទងនឹងការរំលោភសម្លាប់ស្រ្តីម្នាក់។ ក្រុមសកម្មជនសិទ្ធិស្រ្តីលើកឡើងថា ការថ្លែងរបស់អ្នកអត្ថាធិប្បាយរូបនោះ ជាការប្រមាថមាក់ងាយ និងព្យាយាមស្ដីបន្ទោសដល់ស្ត្រីរងគ្រោះដែលបានស្លាប់ និងបានទាមទារ ឲ្យមានការទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ។
ក្រុមសកម្មជនស្ត្រីនានា ក្នុងប្រទេសកម្ពុជា នៅតែបន្តទាមទារឲ្យលោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស សុំទោសជាសាធារណៈចំពោះការអត្ថាធិប្បាយរបស់លោក ដែលសកម្មជនស្ត្រីអះអាងថាជា «ការប្រមាថ និងព្យាយាមស្ដីបន្ទោស» ដល់ស្ត្រីរងគ្រោះនៃការរំលោភសម្លាប់ម្នាក់។
ញត្តិអេឡិចត្រូនិចមួយនៅលើគេហទំព័រដែលមានឈ្មោះថា www.change.org ឬមានន័យថា «ផ្លាស់ប្តូរ» ត្រូវបានបង្កើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីស្វែងរកសំឡេងគាំទ្រពីមហាជន បានបង្កើតឡើងដោយក្រុមសកម្មជនការពារសិទ្ធិស្រ្តី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន ក្នុងគោលបំណងទាមទារឲ្យអ្នកអត្ថាធិប្បាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ហង្សមាសពីររូប គឺលោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី សុំទោសដល់សាធារណៈជន ព្រមទាំងគ្រួសារសពនារីរងគ្រោះ។ ពួកគេបានសរសេរលើញត្តិអេឡិចត្រូនិច នោះថា ពិធីករទាំងពីរបានប្រើពាក្យពេចន៍ប្រមាថមាក់ងាយ និងព្យាយាមស្ដីបន្ទោសដល់ស្ត្រីរងគ្រោះដែលបានស្លាប់។
ក្នុងញត្តិនោះបានស្រង់សម្តីមួយចំនួនរបស់លោក មាស រិទ្ធី ក្នុងពេលដែលលោកអត្ថាធិប្បាយពាក់ព័ន្ធនឹងការរំលោភសម្លាប់ជនរងគ្រោះនាពេលនោះថា ជនរងគ្រោះមិនគួរជិះតាក់ស៊ីតែម្នាក់ឯងពេលយប់ ជនរងគ្រោះគួរតែសម្របតាមជនល្មើស ឬអ្នករំលោភ ចំណែកជនល្មើសបើរំលោភហើយមិនគួរសម្លាប់ជនរងគ្រោះដើម្បីទុកប្រើប្រាស់ពេលក្រោយជាដើម។
ពួកគេបានបន្ថែមក្នុងញត្តិនោះក្នុងន័យដើមថា៖
«បទអត្ថាធិប្បាយរបស់លោក មាស រិទ្ធី និងអ្នកនាង រស់ សុធាវី ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានបង្ហាញឲ្យឃើញថា ទូរទស្សន៍ហង្សមាសកំពុងតែជាន់ឈ្លីសិទ្ធិ និងតម្លៃស្ត្រី និងលើកទឹកចិត្តជនប្រព្រឹត្តល្មើស ដែលឆ្លុះបញ្ចាំងអំពីកម្រិតនៃក្រមសីលធម៌ទាបបំផុត ដោយមាក់ងាយស្ត្រី ចាត់ទុកស្ត្រីដូចជាវត្ថុទុកឲ្យគេរំលោភ ហើយកុំតវ៉ា កុំជេរប្រមាថគេ ឲ្យគេរំលោភទៅ ហើយទុកឲ្យបុរសប្រើប្រាស់បន្តទៀត ។ល។»។
កាលថ្ងៃទី១០ ខែសីហាកន្លងទៅ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយ «កម្មវិធីហង្សមាសព័ត៌មានពេលព្រឹក» មួយរូប បានអត្ថាធិប្បាយអំពីករណីរំលោភសម្លាប់ស្ត្រីរងគ្រោះនៅខេត្តស្វាយរៀង ដែលបង្កឡើងដោយជនល្មើសជាអ្នករត់តាក់ស៊ី២នាក់បានរួមដៃគ្នារំលោភនិងសម្លាប់ជនរងគ្រោះ។ ការណ៍នេះធ្វើឱ្យមានការរិះគន់ជាច្រើនពីសកម្មជនសិទ្ធិស្ត្រី និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណាក៏ដោយ លោក មាស រិទ្ធី កាលពីព្រឹកថ្ងៃចន្ទ បានសុំទោសក្នុងម៉ោងផ្សាយនៃកម្មវិធីព័ត៌មានពេលព្រឹករបស់លោក ដោយមានភ្ជាប់នឹងការការពារអត្ថាធិប្បាយរបស់លោកម្ដងហើយម្ដងទៀត ថាលោកគ្មានបំណងអាក្រក់លើនរណាម្នាក់នោះទេ និងបានបញ្ជាក់ថា អ្វីដែលលោកនិយាយគឺជាការលេងសើច និងជាការព្យាយាមអប់រំស្ត្រីប៉ុណ្ណោះ។
ទោះជាយ៉ាងណា សកម្មជនការពារសិទ្ធិស្រ្តីលើកឡើងថា ពួកគេមិនអាចទទួលយកការសុំទោសរបស់លោក មាស រិទ្ធី ដោយបែបនោះបានទេ ដោយពួកគេលើកឡើងថា ការសុំទោសបែបនោះ គឺ«ដូចជាការមិនសុំទោស»។
កញ្ញា ប៊ុន រចនា មន្ត្រីជាន់ខ្ពស់នៃអង្គការ Actionaid កម្ពុជា ដែលជាអង្គការមួយធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ថ្លែងថា ការសុំទោសរបស់លោក មាស រិទ្ធី មិនមែនជាការសុំទោសដែលពិតប្រាកដ និងមិនបានទទួលស្គាល់ថា លោកពិតជាបានអត្ថាធិប្បាយខុសនោះទេ។
កញ្ញា ប៊ុន រចនា បញ្ជាក់ថា៖
«គាត់មិនគួរមានការដោះសារណាមួយ មិនគួរមានការការពារខ្លួនណាមួយ ក្រៅពីការទទួលស្គាល់ថាអីដែលបាននិយាយហ្នឹង គឺពិតជាខុសមែន ហើយសុំទោសសាធារណៈជនដោយចិត្តស្មោះ មិនមែននិយាយភាសាថាបើខ្ញុំខុស ខ្ញុំសុំទោសទេ។ ពីព្រោះគាត់ខ្លួនឯង ភាសាដែលនិយាយហ្នឹង គាត់អត់ទទួលស្គាល់ថាអីដែលគាត់និយាយហ្នឹងពិតជាបានលើសលួស ឬក៏ខុសចំពោះបញ្ហានោះទេ»។
អ្នកការពារសិទ្ធិស្ត្រីរូបនេះក៏បានឱ្យដឹងផងដែរថា ក្រុមអ្នករៀបចំញត្តិនោះ ក៏គ្រោងរៀបចំញត្តិផ្សេងមួយទៀតដែលភ្ជាប់ជាមួយស្នាមមេដៃដែលប្រមូលបាន ដាក់ទៅក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដើម្បីស្នើឲ្យរដ្ឋាភិបាលចេញការព្រមានចំពោះលោក មាស រិទ្ធី។ ពួកគេក៏គ្រោងសរសេរលិខិតដាច់ដោយឡែកមួយទៀតផ្ញើទៅស្ថានីយទូរទស្សន៍ហង្សមាស ដើម្បីស្នើសុំឲ្យខាងទូរទស្សន៍បណ្តុះបណ្តាលលោក មាស រិទ្ធី ពីរបៀបចៀសវាងការធ្វើអត្ថាធិប្បាយបែបនេះទៀតនៅពេលអនាគត។
ទោះជាយ៉ាងនេះក៏ដោយ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការអត្ថាធិប្បាយរបស់លោកកាលពីសប្តាហ៍មុន មិនបានសំដៅលើស្រ្តីរងគ្រោះនៅខេត្តស្វាយរៀងនោះទេ ដោយលោកអះអាងថា ការអត្ថាធិប្បាយនាពេលនោះគឺជាការនិយាយលេងសើចនៅក្រៅឆាក ដើម្បីជាការអប់រំឲ្យស្រ្តីការពារខ្លួនប៉ុណ្ណោះ។ លោកបានបន្ថែមថា លោកគ្រោងនឹងជួបជាមួយអ្នកដែលរៀបចំញត្តិ តំណាងក្រសូងព័ត៌មាន និងក្រសួងកិច្ចការនារី ដើម្បីជជែកពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក និងថា ប្រសិនជាក្រុមអ្នករៀបចំញត្តិទាមទារឲ្យលោកសុំទោសជាសាធារណៈបែបណាបន្ថែមទៀត នោះលោកធ្វើតាមប្រសិនបើការជជែកគ្នាបង្ហាញថា ការអត្ថាធិប្បាយរបស់លោកពិតជាខុសពិតមែន។
លោក មាស រិទ្ធី បញ្ជាក់ថា៖
«ថ្ងៃចន្ទពូបាននិយាយរួចទៅហើយ ហើយគាត់នៅតែថាអត់ទទួលយកបាន។ ឥឡូវគាត់ចង់បានអីទៀត? អញ្ចឹងបើសិនជាគាត់ត្រូវការពិតប្រាកដ ខ្ញុំត្រូវអញ្ជើញគាត់តុមូល ឲ្យគាត់ពន្យល់ខ្ញុំ បើសិនជាខ្ញុំគិតថាចំណុចនោះខ្ញុំក៏មិនខ្លាចការសុំទោសនៅកន្លែងតុមូលចំពោះមុខជាមួយនឹងក្រសួង ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ទល់មុខគ្នា តែឲ្យបំណងពិតប្រាកដជាមួយគ្នា។ វាអត់មានអីដែលត្រូវខ្លាច យើងជាអ្នកព័ត៌មាន អ្នកផ្សាយព័ត៌មាន រឿងអីដែលយើងខ្លាចចំពោះការកែតម្រូវ បើសិនជាយើងខុស»។
ប្រការ១២នៃក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដែលទើបត្រូវបានដាក់ឲ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី កាលពីចុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ចែងថាអ្នករាយការណ៍ព័ត៌មានមិនត្រូវបន្ទោស ឬដាក់កំហុសទៅលើស្រ្តី ចំពោះរាល់អំពើហិង្សាដែលកើតឡើងលើពួកគេនោះទេ។ ការរាយការណ៍មិនត្រូវដាក់បញ្ចូលនូវមតិផ្ទាល់ខ្លួន ឬការយល់ឃើញផ្ទាល់ខ្លួន ដូចជាថា របៀបនៃការស្លៀកពាក់ របៀបរស់នៅ វិជ្ជាជីវៈ មុខរបរ ចរិត ឬកពារ និន្នាការភេទ ទីកន្លែង ឬពេលវេលានៃការប្រព្រឹត្តិអំពើហិង្សា ជាហេតុបង្កឲ្យមានអំពើហិង្សានោះទេ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកស្រី យិន សារ៉ាត់ អ្នកនាំពាក្យក្រសួងកិច្ចនារី បានទេ នាល្ងាចថ្ងៃអង្គារនេះ។
ចំណែកលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានរៀបចំក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដើម្បីឲ្យអ្នកសារព័ត៌មានអនុវត្តតាម ប៉ុន្តែលោកថា ក្រសួងមិនមានចំណាត់ការណាមួយពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាននោះទេ។
លោកអ៊ុក គឹមសេង បញ្ជាក់ថា៖
«ក្រមប្រតិបត្តិ និងក្រមសីលធម៌ទាំងអស់នេះ គ្រាន់តែជាគោលការណ៍ ជាបន្ទាត់មួយ ដើម្បីយើងដើរទាំងអស់គ្នា។ បើគាត់ធ្វើលើស ខុសច្បាប់ ប្អូនអ្នករងគ្រោះប្តឹងទៅ។ អ្នកណាដែលប៉ះពាល់រងគ្រោះដោយការអត្ថាធិប្បាយរបស់គាត់ ត្រូវប្តឹង។ ឲ្យក្រសួងព័ត៌មានទៅចាប់យ៉ាងម៉េច? វាអត់មាន វាអត់ត្រូវមានសមត្ថកិច្ចទៅចាប់ ដាក់ទោសអ្នកណាទេ ព្រោះអីក្រសួងព័ត៌មានគ្រាន់តែមានសិទ្ធិសម្របសម្រួលកិច្ចការងារសារព័ត៌មានហ្នឹង ដើម្បីឲ្យគោរពទៅតាមក្រមសីលធម៌ ក្រមប្រតិបត្តិទាំងអស់គ្នាហ្នឹង»។
គិតត្រឹមល្ងាចថ្ងៃអង្គារនេះ ញត្តិអេឡិចត្រូនិច ដែលទាមទារឲ្យលោក មាស រិទ្ធី សុំទោសជាសាធារណៈ និងទទួលខុសត្រូវចំពោះក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពេលធ្វើសេចក្ដីរាយការណ៍ពីអំពើហិង្សាលើស្ត្រី បានប្រមូលបានកាគាំទ្រជិត ២.០០០នៃចំនួនកំណត់ ២.៥០០៕