សាក្សី​បន្ត​ការពារ​ភាព​ស្អាត​ស្អំ​របស់​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី

រូបឯកសារ៖ លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

តុលាការ​ក្រុងភ្នំពេញ​បាន​បន្ត បើក​សវនាការ​សំណុំ​រឿង​ចារកម្ម​របស់​អ្នក​ផលិត​ភាព​យន្ត​សញ្ជាតិ​អូស្រា្តលី​ កាលពី​រសៀល​ថ្ងៃចន្ទ។​ តុលាការ​បាន​សួរនាំ​សាក្សី​ម្នាក់​អំពី​ទំនាក់​ទំនង​ជាមួយ​អ្នក​ផលិត​ភាពយន្ត​ឯកសារ​រូប​នោះ។ ​សាក្សី​ ដែល​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ឈ្មោះ​ ចាប​ ភី បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា​ អ្នកស្រី​មិន​ដែល​ដឹង​ថា​ អ្នក​ផលិត​កុន​ឯកសារ​នោះ​ជា​អ្នក​កាសែត​ ហើយ​ដឹង​តែ​ម្យ៉ាង​ថា ​ គាត់​ជា​អ្នក​មាន​គុណ​របស់​អ្នកស្រី។

កាលពី​ថ្ងៃ​ចន្ទ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បន្ត​សវនាការ​កាត់​ទោស​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​ លោក​ James Ricketson ​ក្នុង​សំណុំ​រឿង​ប្រមូល​ព័ត៌មាន​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​កម្ពុជា​ ដែល​ស្មើ​នឹង​បទ​ចារកម្ម។​

អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្រ្តាលី​រូបនោះ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​រូប​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង។ ​គណបក្ស​ប្រឆាំង​នេះ​ ត្រូវ​បាន​រំលាយ​កាល​ពី​ចុង​ឆ្នាំ​មុន ​ដោយ​ចោទ​ថា​ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ចូល​មក​ដល់​នៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ។​

ក្នុង​សវនាការ​ដែល​បាន​ធ្វើ​ឡើង​ជិត​ពីរ​ម៉ោង​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃចន្ទ ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បន្ត​សាកសួរ​សាក្សី​មួយ​រូប​បន្ថែម​ក្នុង​ចំណោម​សាក្សី​ទាំង​ប្រាំ​ពីរ​រូប ​ដើម្បី​បញ្ជាក់​ពី​ភាព​គ្មាន​ទោស​របស់​លោក​ Ricketson។​

អ្នកស្រី​ ចាប ភី​ ដែល​អះអាង​ថា​ មាន​វ័យ​៣០​ឆ្នាំ​ និង​ជា​សាក្សី​របស់​លោក​ James Ricketson ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថា​ អ្នកស្រី​បាន​ស្គាល់​លោក​ Ricketson ​ តាំងពី​នៅ​អាយុ​ប្រមាណ​១០​ឆ្នាំ​ រហូត​ដល់​អ្នកស្រី​មាន​ប្តី ​និង​កូន​ជាច្រើន​នាក់។

អ្នកស្រី​អះអាង​ថា​ លោក​ Ricketson ​គឺ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ ដោយ​បាន​ជួយ​ឲ្យ​អ្នកស្រី​ចាកផុត​ពី​ការ​រស់នៅ​អនាថា​តាម​ចិញ្ចើម​ផ្លូវ​ រហូត​ដល់​បាន​បង្កើត​ជា​ក្រុម​គ្រួសារ​មួយនៅ​ឯ​ខេត្ត​ព្រៃវែង។​

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖​

«ពេល​ស្គាល់​ James ​ជីវភាព​បាន​ធូរធារ​ជាង​មុន»។​

អ្នកស្រី​បន្ថែម​ថា៖​

«គាត់​ឲ្យ​ខ្ញុំ​ឈប់​ដើរ​សុំ​ទាន​ ហើយ​ឲ្យ​ខ្ញុំ​ចេះ​ដឹង​ មាន​អនាគត»។​

យ៉ាងណា​ក៏​ដោយ​ អ្នកស្រី​និយាយ​ថា​ ដោយ​សារ​ជីវភាព​លំបាក​ ​អ្នកស្រី​មិន​អាច​រៀន​ចេះ​ដឹង​ជ្រៅជ្រះ​នោះ​ឡើយ​ ហើយ​ក៏​បាន​យក​ប្តី​ដោយ​មិន​រៀបការ​ នៅ​ក្នុង​វ័យ​ប្រមាណ​២០​ឆ្នាំ។ ​អ្នកស្រី​បាន​ប្រាប់​តុលាការ​ថា​ នៅ​ពេល​ដែល​អ្នកស្រី​អាយុ​១២​ឆ្នាំ​ ហើយ​ឪពុក​អ្នកស្រី​ក៏​បាន​ស្លាប់​ចោល​នោះ​ ​អ្នកស្រី​ក៏បាន​សុំ​លោក​ Ricketson ​ធ្វើ​ជាឪពុក​ធម៌ ​ដោយ​មិន​មាន​ការ​ជំទាស់​ពី​ម្តាយ​អ្នកស្រី​នោះ​ទេ។​

នៅពេល​បន្ត​ផ្តល់​សក្ខី​កម្ម​ក្នុង​សាល​សវនាការ​នៅ​ចំពោះ​លោក​ចៅក្រម​សេង​ លាង​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ អ្នកស្រី​ ចាប​ ភី​ ត្រូវ​បាន​សួរ​ដោយ​លោក​ គង់​ សំអុន​ មេធាវី​ការពារ​ក្តី​លោក​ Ricketson អំពី​បញ្ហា​នយោបាយ​ រាប់​ចាប់​តាំងពី​ពេល​ដែល​អ្នក​ស្រី​ស្គាល់​លោក ​Ricketson។​

លោក​ គង់​ សំអុន ​បាន​សួរ​ក្នុង​ន័យ​ដើម​ថា៖

«តើ​គាត់​មាននិយាយ​អំពី​ព័ត៌មាន​យោធា ​និង​សន្តិ​សុខ​ជាតិ​ទេ?​ មាន​ទេ?»​

​អ្នកស្រី ​ចាប ភី​ បាន​តប​ក្នុង​ន័យ​ដើម​ថា៖​

«អត់​ទេ​ គាត់​អត់​ដែល​និយាយ​ទេ»។​

លោក​មេធាវី​បាន​ចោទសួរ​បន្ត​ថា៖​

«តើ​គាត់​ដែល​ឲ្យ​អ្នកស្រី​យក​ព័ត៌មាន​នយោបាយ​ផ្តល់​ឲ្យ​គាត់​ទេ?»

អ្នកស្រី​ចាបភី​តប​ថា៖​

«គាត់​ថា​ កូន​ឯង​ស្រឡាញ់​បក្ស​ណា​បោះ​ឲ្យ​បក្ស​នោះ​ទៅ»។​

បន្ទាប់​ពីការ​ឆ្លងឆ្លើយ​រវាង​លោក​មេធាវី​ គង់​ សំអុន​ និង​សាក្សី​ឈ្មោះ​ ចាប​ ភី​ ដែល​កំពុង​មាន​ផ្ទៃ​ពោះ​រួច​មក​នោះ​ លោក​ព្រះ​រាជអាជ្ញា​ សៀង សុខ ​បាន​ចោទ​សួរ​អ្នកស្រី​ចាប​ ភី​ អំពី​ការ​ថត​រូបភាព​តាម​មាស៊ីន​កាម៉េរ៉ា ​និង​វីដេអូ ​និង​ប្រភព​លុយ​ ដែល​អ្នក​ផលិត​ភាពយន្ត​អូស្ត្រាលី​គឺ​លោក​ Ricketson ​បាន​ផ្តល់​ឲ្យ​អ្នក​ស្រី​ ចាប​ ភី​ ​នៅ​ក្រោយ​ពេល​ដែល​លោក​ Ricketson ​ថត​យក​រូបភាព​អ្នកស្រី​ ចាប​ ភី ​ម្តងៗ។​

លោក ​សៀង សុខ បាន​លើក​ជា​សំណួរ​ក្នុង​ន័យ​ដើម​ថា៖​

«តើការ​ថតនោះ​ ជា​ fix ឬ video?» ​

អ្នកស្រី​ ចាប ភី​ បាន​បញ្ជាក់​ថា៖​

«ថតជា​កុន»។​

លោក​ព្រះរាជ​អាជ្ញា​បាន​សួរ​អ្នកស្រី​ ចាប​ ភី​ បន្ថែម​ថា៖​

«គាត់​មាន​បញ្ជាក់​លុយ​បាន​មក​ទីណាទេ?»​

អ្នកស្រី​ ចាប ភី​ បាន​រៀបរាប់​ប្រាប់​តុលាការ​ថា ​អ្នកស្រី​មិន​បាន​ដឹង​ពី​ប្រភព​លុយ​នោះ​ទេ​ ហើយ​អ្នកស្រី​ក៏​មិន​បាន​ដឹង​ថា​ លោក​ Ricketson ​ជា​អ្នក​កាសែត​ផង​ដែរ។​ អ្នកស្រី​បាន​ប្រា​ប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បន្ថែម​ថា​ នៅ​ក្នុង​ការ​ថតរូប​នោះ​ លោក​Ricketson ​បានសុំការ​អនុញ្ញាត​ពី​ម្តាយ​បង្កើត​របស់​អ្នកស្រី​ ដោយ​ផ្ទាល់​មាត់​ ពោល​គឺ​មិន​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទេ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ តុលាការ​បាន​សួរ​សាក្សី​របស់​លោក​ Ricketson​មួយ​រូប​មក​ពី​ប្រទេស​អូស្រ្តាលី ​គឺ​លោក​ Peter Weir ​ដែល​ជា​អ្នក​ផលិត​ភាពយន្ត​ជន​ជាតិ​អូស្រ្តាលី​ល្បីល្បាញ​មួយ​រូប ​និង​ជា​អ្នក​ដែលបាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ Hollywood​ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ផលិត​ភាពយន្ត។

លោក​Peter ​បាន​ប្រាប់​តុលាការ​នា​ពេល​នោះ​ថា​ លោក​ Ricketson ​គឺ​គ្រាន់តែ​ជា​អ្នក​ផលិត​កុន​ឯករាជ្យ​មួយ​រូប​ប៉ុណ្ណោះ​ ហើយ​ថា​ លោក ​Ricketson​ មិន​មែន​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។​

នៅក្នុង​សវនាការ​ ដែល​បាន​បន្ត​កាលពី​ថ្ងៃ​ចន្ទ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក​សេង​ លាង​ បាន​លើក​ឡើង​អំពី​ខ្សែ​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា​ «ពិភព​របស់​ចាន់​ធី» ​ឬជា​ភាសា​អង់​គេ្លស​ (Chanthy's World)។ ​លោក​ចៅក្រម​ សេង លាង ​បាន​ចោទ​សួរ​អ្នកស្រី​ ចាប ភី ​អំពី​នរណា​ជា​តួឯក​ដែល​សម្តែង​នៅក្នុង​រឿង​នោះ ​ហើយ​ក៏​បាន​សួរ​អំពី​ប្រភព​លុយ​ ដែល​អ្នកស្រី ​ចាប ភី ​បាន​ទទួល​ពី​លោក​ Ricketson ​ផង​ដែរ។​

ដូចការ​ឆ្លើយ​របស់​អ្នកស្រី​ជាមួយ​លោក​ព្រះរាជ​អាជ្ញា ​សៀង សុខ​ អ្នកស្រី​ ចាប​ ភី​ថ្លែង​ជា​ច្រើន​ដង​ថា​ អ្នកស្រី​មិន​ដឹង​ពី​ប្រភព​លុយ​ផ្តល់​ឲ្យ​ដោយ​លោក​ James​ Ricketson​ នោះ​ទេ។ ​អ្នកស្រី​ក៏បាន​ប្រាប់​តុលាការ​ថា​ អ្នកស្រី​ក៏​មិន​បាន​ដឹង​ថា​ អ្នកស្រី​ជា​តួឯក​ក្នុង​រឿង​«ពិភព​របស់​ចាន់​ធី»​ផង​ដែរ។​

ដោយ​ប្រឈម​នឹង​បញ្ហា​ពេល​វេលា​មាន​កំណត់​ លោក​ចៅក្រម​ សេង លាង ​បាន​ប្រកាស​លើក​ពេល​បើក​សវនាការ​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ ​នៅមុន​ពេល​ប្រកាស​លើក​ពេល​សវនាការ​នោះ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក៏​បាន​សួរ​ដេញ​ដោល​អំពី​ប្រវត្តិ​ការងារ​របស់​លោក​ Ricketson ​នៅ​ប្រទេស​អូស្រ្តាលី​ និង​ទ្រព្យ​សម្បតិ្ត​ដែល​ឪពុក​ម្តាយ​របស់​លោក​បាន​បន្សល់​ទុក​ឲ្យ។​

ក្នុង​នាម​លោក​ជាអ្នក​ផលិត​កុន​ឯករាជ្យ​ លោក​ Ricketson បាន​ប្រាប់​តុលាការ​ថា​ លោក​គ្មាន​ផ្ទះ ​និងគ្មាន​ដី​ទេ​ ហើយ​លោក​ថា​ ក្រោយ​ពេល​ឪពុក​ម្តាយ​លោក​ស្លាប់​ទៅ​ លោក​បាន​ជួល​ផ្ទះ​គេ​នៅ​ និង​មាន​កូនប្រុស​បង្កើត​ម្នាក់​នៅ​អូស្រ្តាលី​ និង​កូនស្រី​ចិញ្ចឹម​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ ​លោក​បាន​បន្តថា​ លោក​បាន​ប្រើប្រាស់​លុយ​ដែល​លោក​បាន​សន្សំទុក​មក​ជួយ​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ ដោយ​ក្នុង​នោះ​លោក​បាន​ទទួល​យក​អ្នកស្រី​ ចាប ភី​ ជា​កូន​ស្រី​ធម៌​របស់​លោក។​

លោក ​Ricketson ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម ​ដែល​បាន​ចែង​ក្នុង​មាត្រា​៤៤៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។ ​មាត្រា​៤៤៦​ ហាមឃាត់​ការ​ប្រមូល​ព័ត៌មាន ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ទោស៕