បន្ទាប់ពីមានកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននាពេលថ្មីៗនេះរដ្ឋមន្រ្តីការបរទេសនៃប្រទេសអេហ្ស៊ីប អេត្យូពី និងស៊ូដង់បានតាំងចិត្តធ្វើឲ្យមានកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងជម្លោះនៃគម្រោងសាងសង់ទំនប់វារីអគ្គសនី Grand Ethiopian Renaissance របស់ប្រទេសអេត្យូពីនៅត្រឹមខែមករាឆ្នាំក្រោយ។
នៅមុនកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបីនេះបានជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅសេតវិមានសហរដ្ឋអាមេរិក។ លោក Trump បានផ្តោតការយកចិត្តទុកដាក់លើជម្លោះនេះ បន្ទាប់ពីប្រធានាធិបតីអេត្យូពីលោក Abdel Fattah el-Sisi បានស្នើឲ្យលោក Trump ជួយធ្វើជាអ្នកសម្របសម្រួលនៅក្នុងជម្លោះនេះ។
គម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ប្រទេសអេត្យូពីដែលមានប្រវែងជិត២ គីឡូម៉ែត្រត្រូវបានគ្រោងធ្វើឡើងដើម្បីផលិតថាមពលអគ្គិសនី៦០០០ម៉េហ្គាវ៉ាត់ ប៉ុន្តែគម្រោងនេះបានក្លាយជាបញ្ហារវាងប្រទេសអេហ្ស៊ីបនិងប្រទេសស៊ូដង់។
ជម្លោះអូសបន្លាយអស់ជាច្រើនឆ្នាំនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី Grand Ethiopian Renaissance របស់អេត្យូពីនេះ ត្រូវបានគេលើកមកពិភាក្សានៅក្នុងការិយាល័យប្រជុំរបស់ប្រធានាធិបតីអាមេរិក។
ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបីនេះ បានធ្វើឡើងកាលពីថ្ងៃពុធទី៦ ខែវិច្ឆិកាកន្លងទៅនេះ។ កិច្ចប្រជុំនេះមិនត្រូវបានប្រកាសជាសាធារណៈនៅក្នុងតារាងប្រជុំរបស់លោក Trumpទេ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើអ្វីជាចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកនៅក្នុងបញ្ហានេះ។ សេតវិមានបានបដិសេធមិនធ្វើការបញ្ជាក់អំពីបញ្ហានេះទេ។
អ្នកស្រី Kellyanne Conway ទីប្រឹក្សាសេតវិមានបានថ្លែងថា៖ «ខ្ញុំនឹងមិនអត្ថាធិប្បាយអំពីបញ្ហានេះនៅថ្ងៃនេះទេ»។
បន្ទាប់ពីលោក Sisi បានស្នើឲ្យលោក Trump ជួយសម្របសម្រួលជម្លោះនេះ លោក Trump បានតែងតាំងរដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុអាមេរិកលោក Steven Mnuchin ឲ្យដឹកនាំការចរចាលើបញ្ហានេះ។
លោក Aaron Salzberg នាយកវិទ្យាស្ថាន Water Institute នៅឯសាកលវិទ្យាល័យ North Carolina និងជាអតីតអ្នកសម្របសម្រួលនៅការិយាល័យទទួលបន្ទុកបញ្ហាព្រំដែនទឹកអន្តរជាតិនៃក្រសួងការបរទេសអាមេរិកបានថ្លែងថា៖
«សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ជាយុទ្ធសាស្រ្តខ្លាំងនៅក្នុងតំបន់ភាគខាងត្បូង វាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក។ យើងបានផ្តល់ជំនួយអភិវឌ្ឍន៍ និងជំនួយ មនុស្សធម៌ច្រើនណាស់ទៅក្នុងតំបន់នេះ។ ជាការពិតយើងមានក្តីកង្វល់ខ្លាំងអំពីជម្លោះដែលអាចកើតឡើងនៅក្នុងតំបន់នេះ»។
បន្ទាប់ពីការពិភាក្សាជាមួយលោករដ្ឋមន្រ្តី Mnuchin រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបីនេះបានប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងគ្នាមួយត្រឹមខែមករាឆ្នាំ២០២០ខាងមុខនេះ។ សហរដ្ឋអាមេរិក និងធនាគារពិភពលោកនឹងធ្វើជាអ្នកសងេ្កតការណ៍នៅក្នុងការចរចានៅកម្រិតបច្ចេកទេស។
អ្នកស្រី Mirette Mabrouk នាយិកាកម្មវិធីសម្រាប់ប្រទេសអេហ្ស៊ីបនៃវិទ្យាស្ថាន Middle East បានថ្លែងថា៖ «ប្រទេសទាំងពីរនេះគឺជាប្រទេសដែលត្រូវការការវិនិយោគដោយផ្ទាល់ពីបរទេស ត្រូវការការងារសម្រាប់ពលរដ្ឋរបស់ពួកគេ និងចង់ក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគពីបរទេសដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះការចូលរួមរបស់ សហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់ក្នុងពិភពលោកជារឿងសំខាន់មួយ។»។
ប្រទេសអេហ្ស៊ីបនិងអេត្យូពីមានការខ្វែងគំនិតគ្នាអំពីការស្តុកទឹកក្នុងទំនប់វារីអគ្គិសនី។ រដ្ឋាភិបាលក្រុងកែរបារម្ភថា គម្រោងសាងសង់នេះនឹងស្ទះចរន្តទឹកហូរនៅទន្លេនីល និងធ្វើឲ្យរីងទឹកទន្លេនៅផ្នែកខាងក្រោមក្នុងប្រទេសរបស់ខ្លួន។
ប្រទេសអេហ្ស៊ីបមានកិច្ចព្រមព្រៀងចែកចាយទឹកជាមួយនឹងប្រទេសស៊ូដង់តាំងពីឆ្នាំ១៩៥៩មក ហើយប្រទេសអេត្យូពីមិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះទេ។
លោក Aaron Salzberg នាយកវិទ្យាសា្ថន Water Instituteបាននិយាយថា បើទោះបីជាប្រទេសស៊ូដង់មិនស្ថិតនៅក្នុងជម្លោះសាងសង់ទំនប់វារីអគ្គិសនីនេះក៏ដោយ ក៏ការជាប់ពាក់ព័ន្ធនឹងការចរចាដោះស្រាយជម្លោះនេះមានសារៈសំខាន់។
លោក Salzberg បានថ្លែងថា ៖ «ស៊ូដង់ជាប្រទេសមានសក្ខានុពលខ្លាំងបំផុតក្នុងការទទួលបានអត្ថប្រយោជន៍ពីទំនប់វារីអគ្គិសនីនេះ ប៉ុន្តែស្របពេលជាមួយគ្នានេះពួកគេក៏ស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះបំផុតផងដែរ ពាក់ព័ន្ធទៅនឹងការចរចារបស់ប្រទេសអេហ្ស៊ីប និងការប្រើប្រាស់ធនធានទឹកផ្ទាល់ខ្លួនរបស់ពួកគេ»។
ប្រសិនបើប្រទេសទាំងនេះបរាជ័យមិនអាចឈានដល់កិច្ចព្រមព្រៀងគ្នានៅត្រឹមខែមករាឆ្នាំ២០២០នេះទេ នោះពួកគេប្រហែលជានឹងជ្រើសរើសយកការសម្រុះសម្រួលពីអន្តរជាតិ។ ក្រៅពីសហរដ្ឋអាមេរិក រុស្ស៊ីក៏បានស្នើធ្វើជាអ្នកសម្របសម្រួលនៅក្នុងការចរចាគ្នានេះផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា