ការអភិរក្ស​ធនធាន​ធម្មជាតិ​មាន​ចីរភាព​អាច​ជួយ​ដល់​សមធម៌​ពេល​សមាហរណ​កម្ម​អាស៊ាន

លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​ VOA នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៥ អំពី​បញ្ហា​បរិស្ថាន​និង​ការធ្វើ​សមាហរណកម្ម​អាស៊ាន។ (ផន បុប្ផា/VOA)

អ្នក​វិភាគ​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​​គេ​ទាក់ទង​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​អាច​ចំណេញ​ និង​ខាត​ពី​ការ​ធ្វើ​សមាហរណ​កម្ម​នេះ​ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើនទៀត។​

កំណត់​និពន្ធ៖ សមាហរណកម្ម​អាស៊ាន​នឹង​ឈាន​ចូល​មក​ដល់​នៅ​បំណាច់​ឆ្នាំ​នេះ។ នេះ​មាន​ន័យ​ថា​ប្រជាជន ដែល​នៅ​ក្នុង​ប្រទេស​ទាំង​ដប់​នៃ​សមាជិក​អាស៊ាន​អាច​ធ្វើ​អាជីវកម្ម ​ឬធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដោយ​មិន​មាន​ការ​រារាំង​ដោយ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស។ អ្នក​វិភាគ​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ទាក់ទង​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​អាច​ចំណេញ​ និង​ខាត​ពី​ការ​ធ្វើ​សមាហរណ​កម្ម​នេះ​ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើនទៀត។ នាង ​ផន បុប្ផា នៃ VOA បាន​សន្ទនា​ជា​មួយ​លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អំពី​បញ្ហា​បរិស្ថាន​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​នឹង​ជួប​ប្រទះ ប្រសិន​បើ​គ្មាន​ការ​រៀបចំ​ឲ្យ​មាន​ការការពារ​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ ​បទ​សម្ភាសន៍​មាន​សេចក្តីទាំងស្រុង​ដូច​ត​ទៅ៖

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ ការអភិរក្ស​ធនធាន​ធម្មជាតិ​មាន​ចីរភាព​អាច​ជួយ​ដល់​សមធម៌​ពេល​សមាហរណ​កម្ម​អាស៊ាន


VOA៖ តើ​លោក​អាច​ប្រាប់​យើង​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​បញ្ហា​បរិស្ថាន​ដែល​យើង​អាច​ប្រឈម​នៅ​ពេល​មាន​សមាហរណកម្ម​អាស៊ាន?

តឹក វណ្ណារ៉ា៖​ យើង​ឃើញ​ថា​ បញ្ហា​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​និង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ដែល​អាស៊ាន​នឹង​ធ្វើ​សមាហរណកម្ម​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​ គឺ​បញ្ហា​សំខាន់​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ ​ដូច​ជា​នៅ​ក្នុង​តំបន់​អាស៊ាន​ ជាពិសេស​ទាក់ទង​នឹង​ទន្លេ​មេគង្គ​យើង។​ យើង​ឃើញ​ថា​ មាន​ការ​ប្រែក្លាយ​ព្រៃ​ធម្មជាតិ​ទៅ​ជា​ចម្ការព្រៃដាំ មានន័យ​ថា ​ទៅ​ជា​កសិឧស្សាហ​កម្ម​ដើម្បី​យើង​យក​វត្ថុ​ធាតុដើម​បញ្ចូល​ក្នុង​រោងចក្រ​ដើម្បី​ផលិត​ជា​ផលិត​ផល​មួយ​ក្នង​ការ​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ​ទៅ​បណ្តា​រដ្ឋ​អាស៊ាន​ក៏​ដូច​ជា​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ ជា​លក្ខណៈ​អន្តរជាតិ ​ហើយ​ការ​ប្រែ​ក្លាយ​ព្រៃ​ធម្មជាតិ​ទៅ​ជា​ចម្ការព្រៃ​ដាំ​នៅ​ថ្នាក់​តំបន់​ វា​អាច​ធ្វើ​ឲ្យមាន​ការ​ប៉ះពាល់​សំខាន់ៗ។ ​ទីមួយ​ប៉ះពាល់​ទៅ​ដល់​ធនធាន​ព្រៃឈើ។ ​ទីពីរ​ប៉ះពាល់​ទាក់ទង​នឹង​ធនធាន​ជីវ​ចម្រុះ។​ ហើយ​ចំណុច​ទីបី​ប៉ះពាល់​ទៅ​នឹង​ការ​ប្រើប្រាស់​ដី​កសិកម្ម​របស់​ប្រជាជន​នៅ​ក្នុង​ស្រុក​ផង​ដែរ។ ​អញ្ចឹង​យើង​ឃើញ​ថា​ ទិដ្ឋភាព​នៃ​ការ​ប្រើប្រាស់​ដី​ ក៏​ដូច​ជា​ធនធាន​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់ ​មាន​កម្ពុជា ​មាន​ឡាវ ​មាន​វៀតណាម​ មាន​ថៃ ​ មាន​ភូមា​ជា​ដើម​ហ្នឹង ​គឺ​បាន​ផ្ទេរ​ពី​ព្រៃ​ធម្មជាតិ​ទៅ​ជា​ចម្ការព្រៃ​ដាំ​ច្រើន​ ហើយ​ដែល​បញ្ហា​សំខាន់​មួយ​ទៀត​គឺ​ការ​គ្រប់គ្រង​ព្រៃ​ទី​ជម្រាល។ ​អាហ្នឹង​ក៏​ជា​បញ្ហា​ប្រឈម​ដែរ​ ហើយ​ជា​ពិសេស​ដើម្បី​ឲ្យប្រទេស​និមួយៗ​ធ្វើ​ការ​ប្រកួត​ប្រជែង​បាន ​លុះត្រា​មាន​ការ​ប្រកួត​ប្រជែង​ថាមពល។ ​ហើយ​បើ​យើង​មើល​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ថាមពល​នៅ​ថ្នាក់​តំបន់​នៅ​ទន្លេមេគង្គ​ខាង​ក្រោម​ មាន​ប្រទេស​សំខាន់ៗ​ បាន​រៀប​ចំ​អភិវឌ្ឍ​វារីអគ្គិសនី​ខ្នាត​ធំ​លើ​តួ​មេ​នៃ​ទន្លេមេគង្គ​ ហើយ​ដែល​បញ្ហា​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ថាមពល​វារីអគ្គិសនី​នេះ​ បើ​សិន​ជា​ពុំមាន​ជម្រើសល្អ ​វា​ក៏​ជា​ការ​ប្រឈម​ដែរ​ដល់​សន្តិសុខ​ស្បៀង​ ព្រោះ​វា​ធ្វើ​ឲ្យមាន​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​លើ​ធនធាន​ជលផល​ ប្រព័ន្ធ​កសិកម្ម​ ប្រព័ន្ធ​ទឹក​ ប្រព័ន្ធ​ទាក់ទង​នឹង​ជីវចម្រុះ ក៏​ដូច​ជា​បរិស្ថាន​នៃ​ទន្លេ​មេគង្គ​ទាំង​មូល​ ដែល​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ដែល​កំពុង​រស់​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ គាត់​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រើប្រាស់​ធនធាន​ទឹក​ទន្លេ​មេគង្គ​ក្នុង​ការ​គាំទ្រ​ក្នុង​ជីវភាព​រស់​នៅ​របស់​គាត់។

VOA៖ ​តើ​លោក​អាច​បញ្ជាក់​បាន​ទេ​ថា ​តើ​មូល​ហេតុអ្វី​ ដែល​នាំ​ឲ្យមាន​ការ​កែ​ប្រែ​ព្រៃ​ធម្មជាតិ​ទៅ​ជា​ដី​ឧស្សាហ​កម្ម?​

តឹក វណ្ណារ៉ា៖​ មូលហេតុ​សំខាន់ៗ​គឺ​ដោយ​ប្រទេស​នៅ​ក្នុង​តំបន់​យល់​ថា​ ដើម្បី​ផលិត​ជា​វត្ថុធាតុ​ដើម​ក្នុង​ការ​នាំ​ចេញ ​ត្រូវ​ធ្វើ​ឲ្យមាន​ផលិតផល​សម្រេច ​ដែល​អាច​យក​ទៅ​ប្រកួត​ប្រជែង​បាន។ ​អញ្ចឹង​អាហ្នឹង​ យើង​សង្កេត​ឃើញ​នៅ​ឡាវ ​នៅ​វៀតណាម​ នៅ​កម្ពុជា​ នៅ​ថៃ ​ហើយ​ថៃ​គេ​បាន​ប្រែ​ក្លាយ​ពី​ព្រៃ​ធម្មជាតិ​ទៅ​ចម្ការព្រៃ​ដាំ​ហ្នឹង​ច្រើនហើយ។ ​អញ្ចឹង​បាន​ជា​យើង​មើល​ឃើញថា​ ​ក្នុង​ទីផ្សារ​នៅ​ប្រទេស​ថៃ​ ឬ​មួយ​ទី​ផ្សារ​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​យើង​ឃើញ​ផលិតផល​សម្រេច​ជា​ច្រើន​ចេញ​ពី​ផ្នែក​កសិកម្ម។​ ឧទាហរណ៍​ខ្លីៗ​ ដូច​ជា​មាន​សាវម៉ាវ​កំប៉ុង ​ម្នាស់​កំប៉ុង។ ​អាហ្នឹង​សុទ្ធ​សឹង​ជា​ការ​ប្រែ​ក្លាយ​ព្រៃ​ធម្មជាតិ​កន្លង​មក​ទៅ​ជា​ចម្ការដាំ​ធំៗ​ជា​លក្ខណៈ​កសិឧស្សាហ​កម្ម ​ហើយ​យក​អាហ្នឹង​ទៅ​ផលិត​ទៅ​ជា​ផលិតផល​កសិកម្ម​សម្រេច​ ក្នុង​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​ ក៏​ដូច​ជា​ធ្វើ​ការ​នាំ​ចេញ​ដោយ​រដ្ឋាភិបាល​មួយៗ​នៅ​ក្នុង​តំបន់។ ​គាត់​គិត​ថា​ ការ​នាំ​ចេញ​នេះ​ជួយ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ ហើយ​ទីពី​ក៏​ធ្វើ​ឲ្យសេដ្ឋកិច្ច​រីក​ចម្រើន​។ តែ​ផ្ទុយ​មក​វិញ​ បើ​យើង​និយាយ​អំពី​សមសភាព​នៃ​ការ​រស់​នៅ និយាយ​អំពី​និរន្តរភាព ​យើង​ត្រូវ​គិត​គូរ​ពី​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​អភិរក្ស​ទាក់ទង​ធនធាន​ធម្មជាតិ​ ក៏​ដូច​ជា​ការ​ថែរក្សា​ធនធាន​ព្រៃ​ឈើ​ដើម្បី​ទុក​ជា​លំហ​ ទៅ​ដល់​ប្រជាជន​ដែល​គាត់​មាន​ជីវភាព​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ ​ឬប្រជាជន​ទូទៅ​អាច​ប្រើប្រាស់​បាន។​ អាហ្នឹង​ជា​ធនធាន ​រួម​ទាំង​ធនធាន​ទឹក​ ទាំង​ធនធាន​ព្រៃឈើ​ និង​អនុផល​ព្រៃឈើ។​

អាហ្នឹង​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យមាន​តុល្យភាព​ បើ​ពុំដូច្នោះ​ទេ​ ប្រជាជន​ដែល​គាត់​មាន​សមត្ថភាព​នៅ​តិច​ ចំណេះ​ដឹង​ទាប​ ជំនាញ​គាត់​អត់មាន ​គឺ​គាត់​មិន​អាច​បន្សាំ​ខ្លួន​ទៅ​នឹង​សមាហរណ​កម្ម​អាស៊ាន​ទាន់​ពេល​វេលាទេ។ ​អញ្ចឹងគាត់​អត់​មាន​ space ​មាន​ន័យ​ថា ​គាត់​អត់មាន​ឱកាស​សម្រាប់​ផ្គត់ផ្គង់​សុវត្ថិភាព​ស្បៀង​របស់​គាត់។​

អញ្ចឹង​ទាក់ទង​នឹង​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គឺ​យើង​ត្រូវ​គិត​អំពី​ប្រជាជន​មួយ​ផ្នែក​ទៀត​ដែល​គាត់​នៅ​ក្នុង​បន្ទាត់​ភាព​ក្រីក្រ ​ហើយ​ដែល​គាត់​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​រួម។​ ហើយ​ចំណុច​ទីពីរ​គឺ​ធនធាន​ធម្មជាតិ​ជីវចម្រុះហើយ​និង​ប្រព័ន្ធ​បរិស្ថាន ​បើ​យើង​ថែ​រក្សា​បាន​ល្អ​គឺ​វា​គាំពារ​សុខុមាលភាព​របស់​ប្រជាជន។ ​ខ្ញុំ​ លើក​ឧទាហរណ៍​ដូច​ជា​ការ​ប្រើប្រាស់​ទឹក​អញ្ចឹង​ ប្រសិន​បើ​ទឹក​ទន្លេ​មេគង្គ​មាន​បញ្ហា​ដូច​ជា​លក្ខណៈ​កខ្វក់​ ឬមាន​បញ្ហា​ទឹក ​គុណភាព​អត់ល្អ ​ដោយ​សារ​ការ​អភិវឌ្ឍ​ធំៗ​ទាញ​យក​ថាមពល​ ឬមួយ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហ​កម្ម​ធំៗ​ ដោយ​ពុំ​មាន​តុល្យភាព​នៅ​តាម​ដង​ទន្លេ​មេគង្គ​ឬ​កាក​សំណល់​ផ្ទាល់​វា​ហូរ​ចាក់​ចូល​ទន្លេ​ អញ្ចឹង​ប្រជាជន​រាប់​លាននាក់​ ៦០​លាន​នាក់​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រើប្រាស់​ធនធាន​ទឹក ​អាច​មាន​បញ្ហា​សុខភាព។​ អញ្ចឹង​សួរ​ថា​ អ្នក​ណា​ដែល​ជា​អ្នក​ដោះ​ស្រាយ​សុខភាព?​ នៅ​ពេល​ដែល​យើង​និយាយ​ពី​សុខភាព​សេរី​ គឺ​ប្រព័ន្ធ​រដ្ឋ​បាន​ការពារ​មួយ​តង់​ហើយ​ប៉ុន្តែ​ទីពីរ​មាន​ន័យ​ថា​ ត្រូវ​មាន​ឯកជន។ ​អញ្ចឹង​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ ប្រជាជន​ដែល​អត់​មាន​លទ្ធភាព​ពេល​ដែល​គាត់​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទឹក​ សុខភាព​គាត់​អត់​ល្អ ​គាត់​ត្រូវ​ចំណាយ​លុយ​ព្យាបាល​សុខភាព​គាត់។​ ទី​ពីរ​វា​ធ្វើ​ឲ្យជីវភាព​រស់​នៅ​របស់​គាត់​មាន​បញ្ហា ​ព្រោះ​ប្រព័ន្ធ​កសិកម្ម ​និង​ប្រព័ន្ធ​ក្នុង​ការ​រស់​នៅ​របស់​គាត់​នៅ​តែ​ពឹង​ផ្អែក​លើ​ធនធាន​រួម​ ដូច​ជា​ធនធាន​ទឹក ​ធនធាន​ព្រៃឈើ​ផល​ និង​អនុផលព្រៃឈើ។​

VOA៖ ​តើ​ផល​ប៉ះពាល់​ព្រៃ​ឈើ​មាន​ដូច​ជា​អ្វី​ខ្លះ​ដែរ?​

តឹក វណ្ណារ៉ា៖​ ផល​ប៉ះពាល់​ព្រៃ​ឈើ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​អញ្ចឹង ​គឺ​ការ​ផ្ទេរ​ពី​ព្រៃ​ធម្មជាតិ​ទៅ​ជា​ចម្ការព្រៃ​ដាំ។ ​អាហ្នឹង​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ។ ​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ផ្ទេរ​ដែរ​តាមរយៈដី​សម្បទាន​សេដ្ឋកិច្ច​ ការ​អនុវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច។​

VOA៖ ​តើ​រដ្ឋាភិបាល​អាច​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យមាន​តុល្យភាព​សេដ្ឋកិច្ច​និង​បរិស្ថាន?​

តឹក វណ្ណារ៉ា៖​ គាត់​ត្រូវ​មាន​ផែនការ​មួយ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ធនធាន​រួម។​ ឧទាហរណ៍​ដូច​ទន្លេ​មេគង្គ។ ​វា​ហូរ​កាត់​ប្រាំមួយ​ប្រទេស មាន​ពី​ប្រទេស​ចិន​មក​ដល់​ភូមា​ មក​ដល់​ថៃ​ មក​ដល់​ឡាវ​ មក​ដល់​កម្ពុជា​ធ្លាក់​ទៅ​វៀតណាម។ ​អញ្ចឹង​ប្រទេស​ទាំង​ប្រាំ​មួយ​គួរ​មាន​ផែនការ​រួម​ដើម្បី​ប្រើប្រាស់​ទន្លេ​មេគង្គ​ប្រកប​ដោយ​សមធម៌។​ ការ​ប្រើប្រាស់​នៅ​ថ្នាក់​លើ​គួរ​តែ​ទុក​លំហ​ឲ្យប្រទេស​ខាង​ក្រោម​អាច​ទទួល​បាន​ផល​ ប្រយោជន៍​រួម​ពី​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ ​ហើយ​អាច​ប្រើប្រាស់​ធនធាន​រួម​ប្រកប​ដោយ​សមធម៌​ក្នុង​ការ​គាំទ្រ​ជីវភាព​រស់​នៅ។ ​យើង​ជឿ​ទៅ​លើ​ការ​ធ្វើ​ផែនការ​មេ​រួម ​ដែល​មាន​ការ​ឯកភាព​ ឬ​មួយ​មាន​ការ​យល់​ស្រប​ពី​ប្រទេស​ទាំង​ប្រាំមួយ​ថា​ តើ​យើង​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ដូច​ម្តេច​ដើម្បី​ឲ្យ​អ្នក​ខាង​លើ​ក៏​អាច​ប្រើប្រាស់​ធនធាន​ហ្នឹង​ប្រកប​ដោយ​សមធម៌​ហើយ​អ្នក​ខាង​ក្រោម​ហ្នឹង​ក៏​អាច​ប្រើប្រាស់​ធនធាន​ហ្នឹង​ប្រកប​ដោយ​សមធម៌»។​

VOA៖ ​តើ​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើឲ្យប្រជាជន​បានផល​ចំណេញ​ពី​សមាហរណ​កម្ម​អាស៊ាន?​

តឹក វណ្ណារ៉ា៖​ រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ទាក់ទង​នឹង​ការ​ទទួល​ស្គាល់ ​និង​ពន្លឿន​ការ​ទទួល​ស្គាល់​ទាក់ទង​នឹង​ព្រៃ​ឈើ​ សហគមន៍​នេសាទ​នៅ​ក្នុង​តំបន់​ ​សហគមន៍​តំបន់​ការពារ​ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ជាពិសេស​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជា​លក្ខណៈ​សមូហភាព​ឲ្យជនជាតិ​ដើម​ភាគ​តិច ​កាល​ណា​គាត់​មាន​ក្របខ័ណ្ឌ​ច្បាប់​ទាំងអស់​នេះ​ក្នុង​ការ​ការពារ​គាត់។​ ក្រប​ខ័ណ្ឌ​ច្បាប់​ទទួល​ស្គាល់​ពី​សិទ្ធិ​ក្នុង​ការ​ការពារ​ធនធាន​ទាំង​ អស់​នេះ​មាន ន័យ​ថា ​គាត់​នឹង​ចូលរួម​ចំណែក​កាន់​តែ​សកម្ម​ឡើង​ក្នុង​ការ​ប្រើប្រាស់​និង គ្របគ្រង​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​សហគមន៍​របស់​គាត់​នីមួយៗ​បាន​ល្អ​ប្រសើរ។

VOA៖ ​តើ​នរណា​បាន​ចំណេញ​ពី​ផ្នែក​បរិស្ថាន​ច្រើន​ជាង​គេ​ពេលធ្វើសមាហរណ​កម្ម​អ៊ាស៊ាន​នេះ?​

តឹក វណ្ណារ៉ា៖​ បើ​យើង​និយាយ​ពី​កសិឧស្សាហកម្ម ​យើង​ឃើញ​ថា​ ប្រទេស​សំខាន់ៗ​ដែល​មាន​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម​ហើយ​នៅ​ក្នង​តំបន់​នេះ​ យើង​ឃើញ​មាន​ថៃ​ មាន​វៀតណាម​នៅ​ក្នុង​តំបន់​នេះមាន​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម​ច្រើន​ ហើយ​គាត់​មាន​ផល​សម្រេច​ច្រើន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ផ្នែក​កសិកម្ម។​ ដោយឡែក​ឡាវ ​និង ប្រទេស​កម្ពុជា​យើង ​យើង​នៅ​មាន​ធនធាន​ធម្មជាតិ​ច្រើន ​ដំណាំ​ឧស្សាហកម្ម​នៅ​តិច​នៅ​ឡើយ​ទេ។​ អញ្ចឹងមានន័យ​ថា​ ការ​ប្រើប្រាស់​ដី​ឲ្យអស់​លទ្ធភាព​យើង​ឃើញ​ថា​ ប្រទេស​ពីរ​បី​នៅ​ក្នុង​អាស៊ាន​ដី​គោក ​ដែល​ហ្នឹង​គឺ​គេ​អនុវត្ត​ហើយ។ ​អញ្ចឹង​ថា​ តើ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ ​ប្រទេស​ឡាវ​ ប្រទេស​ភូមា​ ដែល​កំពុង​បើក សេដ្ឋកិច្ច​សេរី​នោះ​ ​ត្រូវ​ប្រកាន់​គោល​ជំហរ​បែប​ម៉េច ​ដើម្បី​ចំណេញ​ផ្នែក​បរិស្ថាន​ក្នុង​ខណៈពេល​ដែល​ប្រទេស​អាស៊ាន​ដី​គោក​ពីរ​បី​ទៀត​ ដែល​គាត់​មាន​ការ​អភិវឌ្ឍ​ផ្នែក​ឧស្សាហ​កម្ម​ហើយ។ ​អញ្ចឹង​យើង​ត្រូវ​ថ្លឹង​ថ្លែង​ថា​ តើ​ត្រូវ​ការពារ​ធនធាន​ធម្មជាតិ​បែប​ម៉េច​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍។ ​តើ​យើង​ត្រូវ​ធ្វើ​ក្របខ័ណ្ឌ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្រិត​ណា ​នៅ​ក្នុង​កម្រិតកសិឧស្សាហកម្ម​ដែល​យើង​អាច​ទាញ​ផល​ប្រយោជន៍​ដែរ ​ក៏​ប៉ុន្តែ​អាច​មាន​លំនឹង​ធម្មជាតិ​ ហើយ​និង​លំនឹង​ព្រៃឈើ​នៅ​បាន​ល្អ​ប្រសើរ​អាច​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ ជំនួស​ឲ្យការ​ប្រែ​ក្លាយ​ព្រៃ​ធម្មជាតិ​ទាំង​អស់​ឲ្យទៅ​ជា​ចម្ការព្រៃ​ដាំ។​

VOA៖ ​តើ​ប្រជាជន​បែបណា​ដែល​ទទួល​ការ​ប៉ះពាល់​ខ្លាំង​ពី​ការ​ធ្វើ​សមាហរណ​កម្ម​នេះ?​

តឹក វណ្ណារ៉ា៖​ ប្រជាជន​ដែល​គាត់​មាន​ចំណេះ​ដឹង​ទាប​ មាន​កម្រិតចំនាញ​ទាប​ ហើយ​អត់​យល់​ដឹង​ពី​ការ​ប្រើប្រាស់​បច្ចេក​វិជ្ជា។ ​អាហ្នឹង​គឺ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​ នៅ​ពេល​ដែល​ធ្វើ​សមាហរណ​កម្ម។ ​គាត់មិន​អាច​ធ្វើ​ជា​សហគ្រិន​ជំនាញ ក្លាយ​ជា​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ខ្នាត ​មធ្យម ​ឬមួយ​ក្លាយ​ជា​ម្ចាស់​រោងចក្រ​បាន​ទេ​ព្រោះ​ជំនាញ​បច្ចេកទេស​ និង​ចំណេះ​ដឹង​គាត់​ទាប​ ហើយ​ជាពិសេស​ប្រជាជន​ដែល​ជា​ម្ចាស់​ស្រុក​ដើម។ ​បើ​យើង​មើល​ប្រទេស​កម្ពុជា​យើង​ ជនជាតិ​ដើម​ភាគ​តិច​គាត់​នឹង​អាច​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​ នៅ​ពេល​ដែល​គាត់​ប្រែក្លាយ​ពី​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​មក​ប្រើប្រាស់​ជា​លក្ខណៈ​កសិឧស្សាហកម្ម។​

VOA៖ ​តើ​នៅ​ប្រទេស​កម្ពុជា​ ខេត្ត​ណា​ខ្លះ​នឹង​ប្រឈម​នឹង​ការ​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ជាង​គេ?​

តឹក វណ្ណារ៉ា៖ យើង​មិន​អាច​កំណត់​ថា ​ខេត្ត​ណា​ខ្លះ​ទេ​ ប្រសិន​បើ​យើង​មិនមាន​ផែន​ការ​គ្របគ្រង​ល្អ​ទី​ណា​ក៏​មាន​ការ​ប៉ះពាល់​បរិស្ថាន​ដែរ។ ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ដូច ដែល​ខ្ញុំ​បាន​និយាយ​ហើយ ​ចែក​ជា​ពីរ។ តំបន់បៃតង​អាច​មាន​ធនធាន​ព្រៃ​ឈើ​មាន​ជីវចម្រុះមាន​សត្វព្រៃ​មាន​ធនធាន​ទឹកជា​ដើម​។ ​ហើយ​តំបន់​ពណ៌​ត្នោត​មាន​ទាក់ទង​នឹង​សំណល់​រឹង​រាវ​ដែល​បង្ហូរ​ចេញ​ពី​រោងចក្រ​ឧស្សាហ​កម្ម​ បង្ហូរ​ចេញ​ពី​ទី​ក្រុង​ ពី​ទី​ប្រជុំជន​នានា។​

VOA៖ ​តើ​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​បរិស្ថាន?​

តឹក វណ្ណារ៉ា៖ ខ្ញុំ​និយាយ​អំ​ពី​ទិដ្ឋភាព​ការ​គ្រប់គ្រង​ធម្មជាតិ​នៅ​ក្នុង​ប្រធានបទ​នេះ​ ​ អញ្ចឹងខ្ញុំ​ផ្តោត​សំខាន់​ទៅ​លើ​រឿង​ទាក់ទង​នឹង​ព្រៃឈើ។ ​ធនធាន​ព្រៃឈើ​នៅ​ក្នុង​តំបន់​អាស៊ាន ​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន ​មាន​ន័យ​ថា​ អ៊ាស៊ាន​ដីគោក​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​យើង ​អញ្ចឹង​កាលណា​មាន​ការ​តភ្ជាប់​អាស៊ាន​ យើង​ពង្រឹង​ការ​ទាក់ទង ​ការ​ធ្វើ​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ពង្រឹង​ការ​ដឹក​ជញ្ជូន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ​អាហ្នឹង​យើង​ត្រូវ​មាន​ការ​បែកចែក​តំបន់​ឲ្យបាន​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យប៉ះពាល់​តំបន់​អភិរក្ស​ ដូច​ជា​ឧទ្យាន​ជាតិ​ ដូច​ជា​តំបន់​ការពារ​អី​ជា​ដើម។ ​ផែនការ​មេ​ត្រូវ​លៃលក​យ៉ាងណា​កុំ​ឲ្យប៉ះ​ទៅ​នឹង​តំបន់​ស្នូល​ ពេល​ដែល​យើង​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ ​ដូច​ជា​ថ្នល់​រទេះភ្លើង​អាស៊ាន ​ដែលជាប្រព័ន្ធ​តភ្ជាប់​ផ្លូវ​របៀង​អាស៊ាន​ដើម្បី​ធានា​ថា​ យើង​នៅ​តែ​មាន​ធនធាន​រួម​ ដែល​អាច​ប្រើប្រាស់​បាន។​ ហើយ​ទីពីរ​ ដូច​ខ្ញុំលើក​ឡើង​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថាមពល ​ការ​អភិវឌ្ឍទាក់ទង​នឹង​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំៗ​នៅ​លើ​តួមេ​នៃ​ទន្លេ​មេគង្គ ​ក៏​ត្រូវ​គិត​ពី​ប្រព័ន្ធ​សុវត្ថភាព​សន្តិសុខ​ស្បៀង​ដែរ។ នេះ​ជា​បញ្ហា​សំខាន់ៗ​ដែល​យើង​ត្រូវ​គិតគូរ។​ ហើយ​មួយ​ទៀត​ការ​ប្រែ​ក្លាយ​ពី​តំបន់​ព្រៃ​ធម្មជាតិ​ទៅ​ជា​ចម្ការព្រៃដាំ​ ក៏​ត្រូវ​គិត​គូរ​ថា​ យើង​ត្រូវ​គួរ​ប្រែក្លាយ​កម្រិតណា ហើយ​កម្រិតណា​ដែល​យើង​ត្រូវ​ថែ​រក្សា​ដើម្បី​ឲ្យប្រជាជន​ផ្សេងៗ​ទៀត​ដែល​គាត់​អត់​មាន​លទ្ធភាព​ចាប់​យក​ឱកាស​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​អាស៊ាន​ហ្នឹង​គាត់​នៅ​មាន​ធនធាន​រួម​ដែល​អាច​ប្រើប្រាស់​បាន៕