នៅក្នុងនយោបាយសហរដ្ឋអាមេរិកក្រសែភ្នែកទាំងឡាយកំពុងផ្តោតទៅលើរដ្ឋ វីស្កន់ស៊ីន (Wisconsin) ដែលស្ថិតនៅពាក់កណ្តាលភាគខាងលិចដែលការតស៊ូផ្នែកថវិកាបានផ្ទុះឡើងហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអំណាចរបស់សហជីពការងារនៅទូទាំងប្រទេស។ លោក ស្កត់ វ៉កឃើ (Scott Walker) អភិបាលរដ្ឋវីស្កន់ស៊ីនមកពីគណបក្សសាធារណរដ្ឋនិយមចង់រារាំងអំណាចចរចាសមូហភាពរបស់សហជីពដែលតំណាងឲ្យនិយោជិតនៅក្នុងរដ្ឋដែលជាផែ្នកមួយនៃផែនការ ដើម្បីធ្វើឲ្យមានតុល្យភាពថវិការដ្ឋ។ សមាជិកសហជីពក្នុងរដ្ឋវីស្កន់ស៊ីនកំពុងតវ៉ាប្រឆាំងនឹងវិធានការនេះហើយកំពុងទទួលបានការគាំទ្រពីសកម្មជនសហជីពទាំងឡាយនៅទូទាំងប្រទេស។
ចាប់ពីឥឡូវនេះទៅ រដ្ឋវីស្កន់ស៊ីនក្លាយជាចំណុចសំខាន់នៃការពិភាក្សាថ្នាក់ជាតិយ៉ាងខ្លាំងក្លា លើបញ្ហាថាតើរដ្ឋនីមួយៗគួរតែមានលទ្ធភាពបង្ខំសហជីពឲ្យបោះបង់ចោលសិទ្ធិចរចាសមូហភាពដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលដែលចេះតែកើនឡើងដែរឬអត់។
លោក ស្កត់ វ៉កឃើ អភិបាលរដ្ឋថ្មីនៃគណបក្សសាធារណរដ្ឋក្នុងរដ្ឋវីស្កន់ស៊ីនកំពុងទាមទារឲ្យមានសម្បទានពីសហជីពទៅលើអំណាចចរចាសមូហភាពដែលជាផ្នែកមួយនៃផែនការដើម្បីធ្វើឲ្យមានតុល្យភាពថវិការដ្ឋ។
«យើងអស់ថវិកានៅក្នុងរដ្ឋនេះហើយដោយសារតែ ជារឿយៗ ក្រុមអ្នកនយោបាយរបស់គណបក្សនយោបាយទាំងពីរព្យាយាមគេចចេញពីការធ្វើសេចក្តីសម្រេចចិត្តដ៏តានតឹងហើយទុកចោលសេចក្តីសម្រេចចិត្តនោះនៅពេលក្រោយវិញ»។
មនុស្សរាប់ពាន់នាក់ បានតវ៉ាប្រឆាំងនឹងសំណើនេះនៅទីក្រុងម៉ាឌីសុនរបស់រដ្ឋនេះហើយការតស៊ូស្រដៀងគ្នាស្តីពីវិសាលភាពនិងអំណាចនៃការចរចារបស់សហជីពបានលេចឡើងនៅតាមបណ្តារដ្ឋដទៃទៀតមានដូចជារដ្ឋអូហៃយ៉ូ (Ohio) អ៊ីនឌីយ៉ាណា (Indiana) និងញ៉ូជឺស៊ី (New Jersey) ជាដើម។
មេដឹកនាំសហជីពការងារថ្នាក់ជាតិកំពុងកត់សម្គាល់ពីការប្រឈមមុខនៅក្នុងរដ្ឋវីស្កន់ស៊ីនដែលក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋនេះបានគេចខ្លួនចូលទៅកាន់រដ្ឋអ៊ីលីណយ (Illinois) ដែលស្ថិតនៅក្បែរខាងដើម្បីកុំឲ្យក្រុមគណបក្សសាធារណរដ្ឋមានសមាជិកអង្គប្រជុំគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតទៅលើសំណើរបស់លោកអភិបាលរដ្ឋ។
លោក រីឆាត ទ្រូមកា (Richard Trumka) ជាប្រធានសហព័ន្ធការងារធំជាងគេបំផុតរបស់ថ្នាក់ជាតិ ឈ្មោះ AFL-CIO ដែលតំណាងឲ្យពលករជាង១២លាននាក់នៅទូទាំងប្រទេស។
លោក ទ្រូមកា បាននិយាយនៅតាមបណ្តាញកិច្ចការសាធារណៈរបស់ទូរទស្សន៍ CSPAN ថា៖
«វាជាការធ្វើឱ្យសហជីពចុះខ្សោយប៉ុណ្ណោះ ដោយសារតែថា ការលុបបំបាត់សិទ្ធិចរចាសមូហភាពជារឿងមួយមិនជួយអ្វីដល់ការស្រោចស្រង់ឱនភាពថវិកានោះទេ។ នៅពេលដែលអ្នកអាចចរចាសម្រាប់សហជីពនិងសមូហភាព អ្នកអាចធ្វើកិច្ចការរួមគ្នាដើម្បីធ្វើការកាត់បន្ថយឱនភាពទាំងអស់នោះបាន»។
ក្រុមអ្នកសាធារណរដ្ឋជាច្រើននៅទូទាំងប្រទេសកំពុងអបអរលោកអភិបាលរដ្ឋវ៉កឃើ ថាជាវីរបុរសចំពោះការទាមទារឲ្យសហជីពបោះបង់ចោលសិទ្ធិចរចាសមូហភាពមួយចំនួន។
អ្វីដែលបានកើតឡើងចំពោះលោក វ៉កឃើ នៅក្នុងរដ្ឋវីស្កន់ស៊ីន កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់អភិបាលរដ្ឋដទៃទៀតមកពីគណបក្សសាធារណរដ្ឋដែលជំរុញឲ្យមានសម្បទានពីសហជីពនៅក្នុងរដ្ឋរបស់ខ្លួនដោយរាប់បញ្ចូលទាំងលោក ចន កាស៊ីក (John Kasich) អភិបាលរដ្ឋអូហៃយ៉ូ នៃគណបក្សសាធារណរដ្ឋផង។
អ្នកជំនាញខាងការងារថ្លែងថា ការតស៊ូនៅក្នុងរដ្ឋវីស្កន់ស៊ីន កំពុងក្លាយជាការដាស់ឲ្យភ្ញាក់រលឹកឡើងសម្រាប់សហជីពទាំងឡាយនៅទូទាំងប្រទេសដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការតស៊ូទាក់ទងនឹងសិទ្ធិចរចាសមូហភាពរបស់ខ្លួន។
លោកសាស្ត្រាចារ្យ ហាលី ហ្សៃកេន (Harley Shaiken) ជាអ្នកជំនាញខាងសហជីព នៅឯសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅប៊ើឃ្លី។
«រដ្ឋវីស្កន់ស៊ីន កំពុងក្លាយជាឱកាសដាស់ស្មារតីមួយសម្រាប់ក្រុមសហជីពការងារ។ គ្មានមេដឹកនាំសហជីពណាម្នាក់ចង់បាននោះទេប៉ុន្តែរដ្ឋវីស្កន់ស៊ីន កំពុងបណ្តាលឲ្យមេដឹកនាំនិងសមាជិកសហជីពជាច្រើនព្រមទាំងអ្នកដទៃទៀតនៅតាមសហគមន៍ ក្រោកឈរឡើងប្រឆាំងទៅនឹងអ្វីដែលពួកគេចាត់ទុកថាជាការប្រព្រឹត្តិមិនសមស្រប»។
ទោះបីជាការតស៊ូនៅក្នុងរដ្ឋវីស្កន់ស៊ីននិងរដ្ឋផ្សេងៗទៀត ត្រូវបានពិពណ៌នាថាមានលក្ខណៈបក្សពួកក៏ដោយ ក៏រដ្ឋជាច្រើនដែលមានអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យក៏កំពុងប្រឈមមុខនឹងបញ្ហាលំបាកខាងថវិកាដ៏គួរឲ្យបាក់ទឹកចិត្តហើយកំពុងទាមទារឲ្យមានការធ្វើសម្បទានមួយចំនួនពីសហជីពទោះបីជា រដ្ឋទាំងនោះមិនស្ថិតនៅក្នុងចំណុចចរចាសមូហភាពក៏ដោយ។
លោកអភិបាលរដ្ឋញ៉ូជើស៊ី គ្រីស គ្រីស្ទី (Chris Christie) អ្នកសាធារណរដ្ឋបានក្លាយជាមេដឹកនាំម្នាក់ ក្នុងកិច្ចប្រឹងប្រែងដើម្បីទាមទារឲ្យមានសម្បទានពីសហជីពដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោកក្នុងការភ្ជិតចន្លោះផ្នែកមូលនិធិរបស់រដ្ឋ។
លោកគ្រីស្ទី កត់សម្គាល់ឃើញថា អភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុងញូយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា កំពុងទាមទារឲ្យមានសម្បទានប្រាក់បៀវត្សរ៍ពីបុគ្គលិកសហជីព។ លោកគ្រីស្ទី មានប្រសាសន៍ថា វាដល់ពេលហើយ សម្រាប់មេដឹកនាំនយោបាយ ក្នុងការបង្កើតនិងធ្វើសេចក្តីសម្រេចចិត្តដ៏លំបាកស្តីពីការកាត់បន្ថយថវិកា ដែលពួកគេគ្មានឆន្ទៈក្នុងការដោះស្រាយជាយូរមកហើយ។
«សព្វថ្ងៃនេះ មេដឹកនាំនៅអាមេរិក ត្រូវតែធ្វើកិច្ចការធំៗនិងមានសេចក្តីក្លាហាន។ ប្រទេសរបស់យើង និងរដ្ឋរបស់យើង ត្រូវរួតរឹតដោយការមិនទទួលខុសត្រូវដែលបានបង្ខំឲ្យយើងជាមេដឹកនាំទទួលយកហើយក្នុងនាមជាពលរដ្ឋលោកអ្នកបានអនុញ្ញាតឲ្យយើងទទួលយកការទទួលខុសត្រូវនោះ»។
ភាគីទាំងពីរនៅក្នុងជម្លោះស្តីពីអំណាចរបស់សហជីពនឹងតាមឃ្លាំមើលយ៉ាងដិតដល់ទៅលើសាធារណមតិ។ ការស្ទាបស្ទង់មតិថ្មីមួយរបស់ហ្គាឡាប់ (Gallup) បានរកឃើញថា ៦១ភាគរយនៃអ្នកដែលត្រូវបានសួរសំណួរបានប្រឆាំងទៅនឹងច្បាប់នេះនៅក្នុងរដ្ឋរបស់ពួកគេដែលបានរឹតត្បិតអំណាចចរចាសមូហភាពរបស់សហជីព។ ប៉ុន្តែការស្ទាបស្ទង់មតិរបស់ រ៉ាស្មូសេន (Rasmussen) បានរកឃើញថា ៤៨ភាគរយនៃក្រុមអ្នកបោះឆ្នោតនាពេលខាងមុខគាំទ្រលោកអភិបាលរដ្ឋ វ៉កឃើ ក្នុងជម្លោះនៅរដ្ឋវីស្កន់ស៊ីន ខណៈដែល៣៨ភាគរយ បានគាំទ្រសហជីព៕
ប្រែសម្រួលដោយ លី សុខឃាង