ផល​ប្រយោជន៍​និង​ផល​វិបាក​នៃ​ជ័យជម្នះ​ពី​ការ​បោះឆ្នោត​ដែល​​ខ្វះ​គូប្រជែង​ចម្បង​សម្រាប់​គណបក្ស​កាន់​អំណាច

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដល់គណបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៨។

ភ្នំពេញ — ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី ៧ នា​ខែ​កក្កដា ឆ្នាំ ២០២៣ នឹង​កើត​ឡើង​ ដោយ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​ភ្លើងទៀន បន្ទាប់​ពី​មាន​បញ្ហា​ចម្រូងចម្រាស​ផ្នែក​លិខិត​ស្នាមដែល​រារាំង​គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ។

សង្គមស៊ីវិល​ក្នុង​ស្រុក​ និង​សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​រំពឹង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ អាច​នឹង​នាំ​មក​នូវ​ឱកាស​ស្តារ​ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា បន្ទាប់​ពី​ដំណើរការ​ដ៏​រលូន​គួរសម​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០២២។ ផ្ទុយទៅវិញ ​ក្តី​រំពឹង​ទុក​នេះ​បាន​សាប​សូន្យ ដោយ​សារ​ទីលាន​នៃ​ការ​ប្រកួតសម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ នេះ​ គ្មាន​ដៃគូ​ប្រជែង​ចម្បង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​និង​កំពុង​កាន់តំណែង​ជិត ៤០ ឆ្នាំ​កន្លង​មក​នេះ។

អវត្តមាន​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ត្រូវបាន​អ្នក​ជំនាញ​ខាង​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា​ជា យុទ្ធសាស្ត្រ​នយោបាយ​គ្រប់គ្រង​អំណាច​ដ៏​ប្រុង​ប្រយ័ត្ន​របស់​គណបក្ស​កាន់​អំណាច ដែល​អាច​ហុច​ទាំង​ផល​ប្រយោជន៍ និង​ផល​វិបាក​ដល់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​បាន​សាកល្បង​ជម្រៅ​ និង​សន្ទុះ​នៃ​នយោបាយ​ប្រឆាំង​ តាមរយៈ​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០២២ ដោយ​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បាន​ចូលរួម​ប្រកួត ស្របពេល​ដែល​គណបក្ស​កាន់​អំណាច​ឈាន​ដល់​ចំណុច​របត់​នៃ​ការ​ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​ដល់​អ្នក​ដឹកនាំ​ជំនាន់​ថ្មី។

លោក ​ឱក សេរីសោភក្តិ៍​ អ្នក​ឯកទេស​អភិបាលកិច្ច​ បាន​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​នេះ​ គឺ​ជា​ចំណុច​ «របត់​មួយ» ដែល​ប្រទេស​កម្ពុជា​មិន​ធ្លាប់​ឆ្លងកាត់​ពីមុន​នោះ គឺ​ការ​ត្រៀម​លក្ខណៈ​របស់​ក្រុម​អ្នក​នយោបាយ​ជំនាន់​ចាស់ ក្នុង​ការ​ផ្ទេរ​តំណែង​ទៅ​ឱ្យ​ក្រុម​អ្នក​នយោបាយ​ជំនាន់​ថ្មី។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​ឆ្នាំ​ ២០២៣ នេះ​ ជា​ឆ្នាំ​ផ្លូវ​របត់​មួយ​ដ៏​ធំ​នៅ​ក្នុងប្រវត្តិសាស្រ្ត​នយោបាយ​របស់​កម្ពុជា​ ដោយ​សារ​ថា​ ទាំង​អ្នក​កាន់​អំណាច ​ទាំង​អ្នក​ជំទាស់ ​ត្រូវ​រៀប​ចំ​ខ្លួន​សា​ថ្មី។ ហើយ​ខ្ញុំ​ជឿ​ថា ​រូប​ភាព​របត់​ហ្នឹង ​អាច​ខុស​គ្នា​ខ្លាំង​ពី​របត់​ដែល​ ២០​ឆ្នាំ​ ៣០​ឆ្នាំ​ ដែល​យើង​ធ្លាប់​ឃើញ​មក ​ពី​ព្រោះ​នៅ​ក្នុង​ជួរ​គណបក្ស​ជំទាស់ ​គណបក្ស​ភ្លើង​ទៀន ​ឬ​មួយ​ខាង​ឯកឧត្តម​ កឹម សុខា ​អី​ជា​ដើម​ គឺ​ថា​សុទ្ធ​តែ​ចាស់ៗ​អស់​ហើយ​ ដូច​តែ​គណបក្ស​កាន់​អំណាច​អី​ហ្នឹង។ ដូច្នេះ​វា​លែង​ធ្វើ​អី​កើត​ហើយ​ ត្រូវ​តែ​ទុក​អនុញ្ញាត​ឱ្យ​ក្មេងៗ​គេ​មក​ធ្វើ»។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច​ជើង​ចាស់​រូប​នេះ ក៏​បាន​កត់​សម្គាល់​ផងដែរ​អំពី​ទំហំ​នៃ​សំឡេង​ប្រឆាំង​និង​ការ​មិន​ពេញ​ចិត្ត​លើ​គុណភាព​ស្ថាប័ន​សាធារណៈ។ លោក​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​ ឆ្នាំ​ ២០២២​ កន្លង​មក​នេះ​ បើ​ទោះ​បី​ជា​សំឡេង​អ្នក​គាំទ្រ​លើ​គណបក្ស​ភ្លើង​ទៀន​មាន​តិច​ជាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ ក៏​សំឡេង​អ្នក​ជំទាស់​និង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​អំពើ​ពុក​រលួយ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​ មិន​បាន​បាត់​បង់​ទៅ​ណា​នោះ​ទេ។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

នេះ​មាន​ន័យ​ថា គណបក្ស​ភ្លើង​ទៀន​ បើ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣ អាច​នឹង​មាន​លទ្ធភាព​ប្រមូល​ផ្តុំ​សំឡេងទាំង​នោះ​ ដែល​តំណាង​ឱ្យ​សំឡេង​ជំទាស់​ទាំង​មូល​នៅ​កម្ពុជា​បាន។ ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ខ្លះ​របស់​គណបក្ស​កាន់​អំណាច​ យល់​ឃើញ​ថា​ ស្ថានការណ៍​បែប​នេះ​មិន​អាច​បណ្តែត​បណ្តាយ​បាន​នោះ​ទេ​ ពី​ព្រោះ​សំឡេង​គណបក្ស​ប្រឆាំង​អាច​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ជាង​ការ​ស្មានទុក។

បន្ថែម​លើ​នេះ​ លោក ឱក សេរីសោភក្តិ៍ ក៏​បាន​សន្និដ្ឋាន​ថា អវត្តមាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ជាតិ​លើក​នេះ​ អាច​នឹង​ក្លាយ​ជា​កត្តា​រួម​ចំណែក​មួយ​ដល់​ភាព​ងាយស្រួល ឬ​ការ​ធានា​នូវ​ «សុវត្ថិភាព​នយោបាយ» កាន់​តែ​រឹង​មាំ​ សម្រាប់​ការ​ផ្ទេរ​តំណែង​ដឹកនាំប្រទេស​ទៅ​ឱ្យ​អ្នក​ជំនាន់​ថ្មី​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ការ​ដែល​គណបក្ស​កាន់​អំណាច​ គាត់​នៅ​កាន់​អំណាច​បាន​ហ្នឹង​ គឺ​មិន​មែន​ធម្មតា​ទេ ​គឺ​គាត់​គិត​គ្រប់​ជ្រុង​ជ្រោយ​ គាត់​មើល​ហានិភ័យ​មក​ពី​ត្រង់​ណា ​ទៅ​តាម​ណា ​ហើយ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច ​ជា​ជម្រើស​នយោបាយ​សុទ្ធ​សាធ។ គាត់​សុខ​ចិត្ត​ឱ្យ​រង​សម្ពាធ ​សុខ​ចិត្ត​រង​ការ​គាបសង្កត់​ពី​សហគមន៍​អន្តរជាតិ។ ក៏​ប៉ុន្តែ​កត្តា​សំខាន់​ហ្នឹង ​គឺ​កត្តា​សុវត្ថិភាព​នយោបាយ​ចម្បង​របស់​គាត់​នៃ​ការ​ប្តូរ​វេន​ពី​ជំនាន់​សង្គ្រាម​ មក​ជំនាន់​ឈាម​ថ្មី​ហ្នឹង​ គឺ​ថា​ នេះ​ជា​អាទិភាព​ខ្ពស់​ ដែល​មិន​មាន​អាទិភាព​ណា​មក​ប្រកួត​ប្រជែង​បាន​ទេ​ ត្រូវ​តែ​យក​អា​ហ្នឹង​ជា​អាទិភាព​ធំ​ រួច​ហើយ​បាន​រៀប​ចំ​ចេញ​ដំណើរ​ទៅ ​មាន​អី​ចាំ​ដោះ​ជា​បណ្តើរៗ​ទៅ​ទៀត»។

គួរ​រំឭក​ថា មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣​ កាលពី​ជិត​ ១០ ឆ្នាំ​មុន សន្ទុះ​នៃ​សំឡេង​ប្រឆាំង​បាន​នៅ​រាយប៉ាយ ដោយ​គណបក្ស​ សម រង្ស៊ី របស់​លោក​ សម រង្ស៊ី បាន​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​ឈ្នះ​បាន​អាសនៈ ២.១៥៥ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​ អាណត្តិ​ទី ៣ កាលពី​ឆ្នាំ ២០១២។ ចំណែក​ឯ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បាន​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​ឈ្នះ​បាន​អាសនៈ​ ៨០០ ប៉ុណ្ណោះ។ សំឡេង​សន្លឹក​ឆ្នោត​សរុប​ដែល​ត្រូវបាន​បោះ​ឱ្យ​គណបក្ស​នយោបាយ​ជំទាស់​ទាំង​ពីរ​នេះ មាន​ប្រមាណ​ ១លាន ៨សែនប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ សំឡេង​គាំទ្រ​គណបក្សនយោបាយ​ជំទាស់​បាន​កើន​ឡើង​ដល់​ប្រមាណ ៣ លាន​សន្លឹក​ឆ្នោត បន្ទាប់​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​រួម​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំមួយ គឺ​គណបក្ស​សង្គ្រោះជាតិ នៅ​ឆ្នាំ​ ២០១២។ គណបក្ស​នេះ​បាន​ឈ្នះ​អាសនៈ​ចំនួន ៥៥ នៅ​រដ្ឋសភា​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៥ ឆ្នាំ ២០១៣ ហើយ​បាន​ឈ្នះ​អាសនៈ​ប្រមាណ​ ៥.០០០ ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​ ៤ ​ឆ្នាំ ២០១៧។

ដោយ​ឡែក​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ​២០១៨​ សំឡេង​ប្រឆាំង​ត្រូវ​បាន​សាប​សូន្យ ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដោយ​បាន​បើក​ផ្លូវ​ឱ្យ​គណបក្ស​កាន់​អំណាច​ឈ្នះបាន​អាសនៈ​ទាំង ១២៥ នៅ​រដ្ឋសភា​ជាតិ ​ហើយ​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស។

ក៏​ប៉ុន្តែ នៅ​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី ​៥ ឆ្នាំ ​២០២២​ គណបក្ស​ភ្លើង​ទៀន​ត្រូវបាន​បើក​ផ្លូវ​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ បន្ទាប់ពី​អសកម្ម​ប្រមាណ​មួយ​ទសវត្សរ៍​មក ​ដោយ​បាន​ឈ្នះ​សំឡេង​គាំទ្រ​ជា​សន្លឹក​ឆ្នោត​ប្រមាណ ​១​លាន ៦​សែន​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​យុទ្ធនាការ​រយៈពេល​ត្រឹម​តែ ៣ ខែ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត។

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និយាយជាមួយនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ក្នុងពិធីបុណ្យសពម្ដាយក្មេករបស់ លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ (Pool via AP)

លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ បាន​មាន​ប្រសាសន៍​ថា​ បទ​ពិសោធន៍​ដក​ស្រង់​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​កន្លង​មក​ទាំង​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ពី​សន្ទុះ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៃ​ការ​គាំទ្រ​គណបក្ស​នយោបាយ​ជំទាស់។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ទៅលើ​វត្តមាន​នៃ​គណបក្ស​ជំទាស់​ ដែល​កើត​មាន​សា​ជា​ថ្មី​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ប្រហែល​ជា​គណបក្ស​កាន់​អំណាច​ គាត់​រៀន​ពី​បទ​ពិសោធន៍​ហ្នឹង ​ហើយ​តាម​ព័ត៌មាន​ចារកម្ម​ដែល​គណបក្ស​កាន់​អំណាច​គាត់​នៅ​មាន​ក្នុង​ដៃ​ ខ្ញុំ​អាច​គិត​បាន​ថា ​គណបក្ស​កាន់​អំណាច​ទំនង​ដូច​ជា​មិន​ទាន់​មាន​ទំនុក​ចិត្ត​ ១០០%​ នៅ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​គណបក្ស​នយោបាយ​មួយ​ ដូច​ជា​ភ្លើង​ទៀន​ មាន​ការ​គាំទ្រ​ប្រមាណ​ ១លាន ៦សែន​នាក់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២២​ ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់។ តើ​ចំនួន​នេះ​វា​អាច​នឹង​ផ្ទុះ​ឡើង​ ដូច​កាល​ ២០១៣​ និង​ ២០១៧ ​ដែរ​ឬ​អត់»។

លោក​បាន​លើក​ឡើង​បន្ថែម​ថា​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ហើយ​មន្ត្រី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​អស់​មួយ​រយៈ​ ការ​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀនបាន​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២​ នោះ ​អាច​ជា​ការ​សាក​ល្បង​មួយ​របស់​គណបក្ស​កាន់​អំណាច។​ ហើយ​លទ្ធផលនៃ​ការ​បោះ​ឆ្នោត​នោះ​កាន់​តែ​បង្ហាញ​ឱ្យ​គណបក្ស​កាន់​អំណាច​រឹត​តែ​ពិចារណា​ពី​យុទ្ធសាស្ត្រ​បន្ត​គ្រប់គ្រង​អំណាច​របស់​ខ្លួន​មួយ​កម្រិត​ទៀត។

លោក​ មាស​ នី ​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ឆ្នាំ​ ២០២២​ បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ វា​ជា​តេស្ត​មួយ​ដែល​គណបក្ស​កាន់​អំណាច​បាន​ពិនិត្យ​មើល​ទៅ​លើ​តេស្ត​ហ្នឹង ​រួច​ហើយ​ឃើញ​លទ្ធផល​ចេញ​មក​គឺ​បែប​ហ្នឹង​ ចាប់​ផ្តើម​ភ្លាម​ ទោះ​បី​ជា​មាន​ពេល​វេលា​ខ្លី​ វា​ស្រាប់​តែ​អ្នក​គាំ​ទ្រ​ហ្នឹង​មាន​ទៅ​ដល់​ ១លាន ៦សែន​នាក់ ​ចឹង​ចុះ​បើ​សិន​ជា​បោះឆ្នោត​ ២០២៣​ ហើយ​ស្ថានភាព​វា​វិវឌ្ឍ​ដូច​កាល​ពី​ ២០១២​ ២០១៣​ នោះ​អា​ហ្នឹង​វា​ពិបាក​ដែរ​ សម្រាប់​គណ​បក្ស​កាន់​អំណាច​នោះ»។

ក្រៅ​ពី​ផល​ប្រយោជន៍​មួយ​ចំនួន​ដែល​គេ​មើល​ឃើញ​ថា​គណ​បក្ស​កាន់​អំណាច​ទទួល​បាន​ពី​អវត្ត​មាន​របស់​គណ​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២៣ ​នេះ​ ក៏​អ្នក​វិភាគ​នៅតែ​សង្កេត​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​ក៏​ទទួលរង​ផល​វិបាក​មួយ​ចំនួន​ផង​ដែរ។

​ក្រុម​សង្គម​ស៊ីវិល​ និង​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមរិក​ ស្ថានទូត​បារាំង ​អូស្ត្រាលី ​និង​សហភាព​អ៊ឺរ៉ុប​ បាន​ចាត់​ទុក​ថា ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅកាត់ថា (គ.ជ.ប) ក្នុងការ​បដិសេធ​ចុះឈ្មោះ​គណបក្ស​ភ្លើងទៀន ជា​ទង្វើ​អយុត្តិធម៌ ដែល​ជះ​ផល​ប៉ះ​ពាល់​កាន់តែខ្លាំង​ឡើង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ជា​សញ្ញា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ទៀត​នៃ​ការ​រួម​តូច​នៃ​សេរីភាព​របស់​គណបក្ស​នយោ​បាយ​ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខនេះ។

លោក​ អ៊ូ ​វីរៈ​ ស្ថាបនិក​នៃ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​វេទិកា​អនាគត​ ( Future Forum) បាន​មាន​ប្រសាសន៍​ថា​ អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋាភិបាល​ថ្មី​ផង​ដែរ​ ដោយ​សារ​ភាព​មិន​អស់​ចិត្ត​ពី​មជ្ឈដា្ឋន​មួយ​ចំនួន។ លោក​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ។ ដូច្នេះ​ការ​ផ្តល់​ឱកាស​ឱ្យ​ដៃ​គូ​ប្រជែង​បាន​ចូល​រួម​ប្រកួត​ប្រជែង​ គឺ​ជា «យុទ្ធសាស្ត្រ» ​ល្អ​ប្រសើរ ដើម្បី​ឱ្យ​អ្នក​ឈ្នះ​ ឬ​អ្នក​ចាញ់​ បាន​អស់​ចិត្ត​រៀង​ខ្លួន។

លោក​ថ្លែង​ថា៖ «គណបក្ស​ភ្លើង​ទៀន​អត់​ចូល​រួម​នេះ​ វា​ប៉ះ​ពាល់​ទៅ​ដល់​រូបភាព​នៃ​ការ​បោះ​ឆ្នោត​ទាំង​មូល​ ហើយ​វា​ប៉ះ​ពាល់​ខ្លះ​ដែរ។ ដល់​ចឹង​ទៅ​ វា​ធ្វើ​ឱ្យ​ការ​ឈ្នះ​ហើយ​និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ហ្នឹង ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏​ដោយ​ វា​ស្ថិត​ក្នុង​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ ​ហើយ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន។ មតិ​មួយ​ចំនួន​នៅ​តែ​មិន​អស់​ចិត្ត​ជាមួយ​ហ្នឹង​ការ​បោះ​ឆ្នោត​ ២០២៣​ យើង​ហ្នឹង។ បើ​ទ្រឹស្តី​ខ្ញុំ ខ្ញុំ​ថា បើ​សិន​ជា​យើង​ដឹង​ថា​ យើង​ឈ្នះ​ហើយ​ យើង​ផ្តល់​កិតិ្តយស​ឱ្យ​អ្នក​ចាញ់​ គឺ​ជា​យុទ្ធសាស្រ្ត​ល្អ​មែន​ទែន​ ដើម្បី​ស្ថិរភាព​ប្រទេស​ជាតិ​ផង​ ហើយ​ស្ថិរភាព​ការ​ដឹក​នាំ​នៃ​គណបក្ស​ឈ្នះ​ផង»។

លោក ​ប៉ា​ ចន្ទរឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ ក្រុម​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ​របស់​គណបក្ស​កាន់​អំណាច​ អាច​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លះ​ពី​បរិយាកាស​នយោបាយ​ដ៏​ចម្រូង​ចម្រាស​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ការ​ផ្ទេរ​អំណាច​ ឬ​ក៏​ការ​ឡើង​កាន់​កាប់​តំណែង​របស់​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ​ហ្នឹង​ នៅ​ក្នុង​ស្ថានភាព​ ឬ​ក៏​បរិបទ​មួយ​ដែល​មាន​ភាព​ប្រទាញ​ប្រទង់​ ចម្រូង​ចម្រាស​គ្នា​ ការ​ប្រកួត​ប្រជែង​មុន​ឈាន​ទៅ​ដល់​ការ​ផ្ទេរ​អំណាច ​វា​មាន​ភាព​មិន​ត្រឹម​ត្រូវ​ ឬ​ក៏​ខ្វះ​ភាព​សេរី​និង​យុត្តិធម៌​ទេ ​អាហ្នឹង​តិច​ឬ​ក៏​ច្រើន​ វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ទាំង​កិត្តិយស ​កិត្តិនាម​ និង​ប្រជា​ប្រិយភាព​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ»។

ក្រៅ​ពី​ខូចខាត​កិត្តិនាម​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ និង​ប្រជាប្រិយភាព​របស់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ​គណបក្ស​កាន់​អំណាច​ក៏​អាច​ប្រឈម​នឹង​ការ​ខ្វះ​ជំនឿទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ ជាពិសេស​ក្រុម​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​អំពើ​ពុក​រលួយ ​និង​បក្ខពួក​និយម​ក្នុង​ជួរ​ដ្ឋាភិបាល។

លោក ​កង ​សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​ថ្លែង​ថា អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​អាច​ប្រជែង​យក​អសន្នៈ​ខ្លះ​ក្នុង​រដ្ឋ​សភាសម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ ​ធ្វើ​ឱ្យ​អ្នក​បោះ​ឆ្នោត ​បាត់​បង់​ជម្រើស​នៃ​ការ​ប្រកួត​ប្រជែង​ដោយ​សុច្ចរិត​មួយ។

លោក​ថ្លែង​ថា៖ «ការ​បាត់​បង់​នេះ ​វា​ធ្វើ​ឱ្យ​វា​បាត់​បង់​ជម្រើស​អំពី​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​កាល​ឆ្នាំ​ ២០២២​ ហ្នឹង​ យើង​មិន​ដឹង​ថា​ តើ​ស្ថានភាព​ទៅ​ខាង​មុខ​សម្រាប់​អ្នក​គាំទ្រ​ហ្នឹង​ មាន​ការ​យល់​ឃើញ​ ឬ​ក៏​សម្រេច​ចិត្ត​បែប​ណា​ទេ»។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចុះ​នៅ​ថ្ងៃ​ទី ១​ ខែ​មិថុនា​ ឆ្នាំ​ ២០២៣​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា​ អវត្តមាន​របស់​គណ​បក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​ ២០២៣​ នេះ​ ជា​ការ​បាត់​បង់​ជម្រើសនយោបាយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រើស​តំណាង​ ដែល​ពួក​គេ​យល់​ថា​ អាច​ការពារ​សិទ្ធិ​ និង​ប្រយោជន៍​របស់​ពួក​គេ​បាន។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកនិងជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ចូលរួមពិធីហែក្បួនព្យុហយាត្រាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចូលរួមពិធីឡើងឋានរន្តសក្តិ នៅក្រសួងការពារជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។

ដោយ​ឡែក​ លោក​បណ្ឌិត​ មាស ​នី​ ក៏​យល់​ឃើញ​ថា​ ការ​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ នេះ​ ជា​យុទ្ធសាស្ត្រ​ល្អ​ប្រសើរ​បំផុត​មួយ ​សម្រាប់​គណ​បក្ស​កាន់​អំណាច។

លោក​បាន​បកស្រាយ​ថា៖ «បើ​សិន​ជា​ទុក​ឱ្យ​ភ្លើងទៀន​មាន​ឥទ្ធិពល​ ហើយ​អាច​នឹង​ចូល​រួម​បោះឆ្នោត​ ២០២៣​ ប៉ុន្តែ​ភ្លើង​ទៀន​នឹង​បាន​ទទួល​សំឡេង​ក្រាស់​ក្រែល​រួច​ហើយ ប្រឈម​ហ្នឹង​ការ​រំលាយ​ឡើង​វិញ​នោះ​ វា​អាច​ហ្នឹង​ត្រូវ​បាន​គេ​រិះ​គន់​ហ្នឹង​កាន់​តែ​អាក្រក់​ថែម​ទៀត​ ដោយ​គេ​ប្រៀប​ធៀប​ជាមួយ​នឹង​មេរៀន​នៃ​ការ​រំលាយ​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​ ២០១៨ ​អាហ្នឹង​ចូល​ន័យ​ថា ​ឱ្យ​តែ​គេ​ធំ​ឡើង​ គឺ​រំលាយ​ ចូល​ធំ​ឡើង​រំលាយ។ ចឹង​បើ​បញ្ឃប់​មិន​ឱ្យ​មាន​ការ​ចូល​រួម​ពី​ដើម​ទី​ទៅ​ វា​នឹង​អាច​ធ្វើ​ឱ្យ​រូបភាព​ហ្នឹង​ យើង​មើល​ទៅ​វា​ល្អ​មើល​ ជាជាង​ការ​រង់ចាំ​ដល់​តែ​ក្រោយ​បោះឆ្នោត​ ហើយ​រំលាយ​អា​ហ្នឹង​ វា​អត់​ល្អ​មើល»។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ ក៏​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក ​គឹមសួរ ​ភិរិទ្ធ បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​ភ្លើង​ទៀន​ «មិន​មែន​ជា​ឧបសគ្គ» ​អ្វី​ដល់​គណបក្ស​កាន់​អំណាច​នោះ​ទេ។

លោក​ថ្លែង​ថា៖ «យើង​មាន​ការ​សោក​ស្តាយ​ ដោយ​សារ​គណបក្ស​មួយ​ គេ​ទទួល​ស្គាល់​ថា ​វា​មាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ វា​បែរ​ជា​មិន​បាន​ចូល​រួម​បោះ​ឆ្នោត។ ហើយ​ជាពិសេស​គណបក្ស​មួយ​ហ្នឹង​ គឺ​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់។ ​ខ្ញុំ​សោក​ស្តាយ​ណាស់​ ដែល​ថ្នាក់​ជាតិ​ គេ​មិន​ឱ្យ​គាត់​មាន​វត្តមាន​ ពី​ព្រោះ​អី​វត្តមាន​គណបក្ស​ភ្លើង​ទៀន​មិន​មែន​ជា​ឧប​សគ្គ​ទេ។ ខ្ញុំ​គិត​ថា ​វា​ជា​មធ្យោបាយ​ល្អ ​ដើម្បី​ឆ្លុះ​បញ្ចាំង​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ ហើយ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ បើ​យើង​ដឹក​នាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហ្នឹង»។

យោង​តាម​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​ឆ្នាំ​ ២០២២ ​កន្លង​មក​នេះ​ គេ​អាច​ព្យាករណ៍​បាន​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣​ នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ឈ្នះ​បាន​អាសនៈ ១០៤ នៅ​ក្នុង​រដ្ឋ​សភា​ជាតិ ​រីឯ​គណបក្ស​ភ្លើង​ទៀន​អាច​ឈ្នះ​បាន​អាសនៈ​ ២១ នៅ​ក្នុង​រដ្ឋសភា និង​ ៩ ​អាសនៈ​ក្នុង​ព្រឹទ្ធ​សភា​ជាតិ។

ទោះ​ជា​យ៉ាង​ណា​ក្តី សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ មតិ​រិះគន់​នានា​ពី​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ មក​លើ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ចំពោះ​អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ​២០២៣ ​នេះ ​មិ​នមាន​អ្វី​ចម្លែក​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​ព្រឹទ្ធសភា​ជាតិ​ម្នាក់​របស់​គណបក្ស។

លោក​ក៏​បាន​លើក​ឡើង​បន្ថែម​ថា ​បើ​ទោះ​បី​ជា​គណបក្ស​ភ្លើង​ទៀន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ នេះ ​បាន​ក៏​ដោ​យ ក៏វា​មិន​ជា​កង្វល់​ទាល់​តែ​សោះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ថា៖ «ចឹង​វា​អត់​មាន​ហានិភ័យ​អ្វី​ទាំង​អស់ ជាមួយ​នឹង​កម្លាំង​នយោបាយ​របស់​ភ្លើង​ទៀន​ ពី​ព្រោះ​គណបក្ស​ប្រជាជន​ក្តាប់​បាន​កម្លាំង​នយោបាយ​របស់​ភ្លើង​ទៀន​រួច​ហើយ។ ហើយ​បើ​និយាយ​ពី​បច្ចេកទេស​ច្បាប់​ទេ​ យើង​សួរ​ថា​ តើ​គាត់​ ២ ១​ ហ្នឹង​ គាត់​ធ្វើ​អី​កើត​ ចុះ​កាល​ ៥៥​ សួរ​ថា​ធ្វើ​អី​ដែរ​ ៥៥​ ធ្វើ​អី​មិន​បាន​ផង​ ទៅ​យក​ ២ ១​ ធ្វើ​អី​កើត ​វា​អត់​ទេ​ តាម​គោលការណ៍​ច្បាប់​ អត់​មាន​លក្ខណ៍​នរណា​មួយ​ ដែល​ ២ ១​ ទៅ​ធ្វើព្យុះភ្លៀង​ផ្គរ​បាន​នៅ​ក្នុង​រដ្ឋ​សភា​ ហើយ​ ៩ ​រូប​ហ្នឹង​ ទៅ​ធ្វើ​ព្យុះ​ភ្លៀង​ផ្គរ​នៅ​ក្នុង​ព្រឹទ្ធសភា​ វា​អត់​មាន​ទាល់​តែ​សោះ»។

​លោក ​សុខ ​ឥសាន​ ក៏​បាន​អះ​អាង​យ៉ាង​មុត​មាំ​ថា​ គណបក្ស​ភ្លើង​ទៀន​មិន​មាន​ឥទ្ធិពល​អ្វី​ទាល់​តែ​សោះ​ លើ​ដំណើរការ​ផ្ទេរ​តំណែង​ដឹកនាំ​ប្រទេស​របស់គណបក្ស​កាន់​អំណាច​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ហើយ​អ្នក​ខ្លះ​ គេ​និយាយ​ដល់​គណបក្ស​ប្រជាជន​ព្រួយ​បារម្ភ​នឹង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​ឯកឧត្តម ហ៊ុន ​ម៉ាណែត​ មាន​រឿង​អី​ ត្រូវ​រាំង​ស្ទះ​បាន​ បើ​ឯកឧត្តម​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត​ហើយ​ហ្នឹង។ សួរ​ថា​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ មាន​អ្នក​ណា​រារាំង​ បើ​ព្រះ​មហាក្សត្រ​លោក​ចេញ​ព្រះ​រាជក្រឹត​ទទួល​ស្គាល់។ សួរ​ថា​អស់​លោក​ដែល​បក្ស​ប្រឆាំង​ហ្នឹង​ ទៅ​ធ្វើ​អី​កើត។គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ដែល​មាន​សំឡេង​លើស​លប់​ហ្នឹង​ទៅ​ដោយ​រលូន​ ដោយ​អត់​មាន​ភ័យ​ព្រួយ​ រមាស់​អី​បន្តិច​ទាល់​តែ​សោះ»។

លោក​ អ៊ូ ​វីរៈ ស្ថាបនិក​នៃ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​វេទិកា​អនាគត(Future Forum) ក៏​បាន​យល់​ឃើញ​ស្រដៀង​ទៅ​នឹង​លោក​ សុខ​ ឥសាន​ ដែរ​ថា​ បើ​ទោះ​បី​ជា​គណបក្ស​ភ្លើង​ទៀន​បាន​ចូល​រួម​បោះ​ឆ្នោត​ក៏​ដោយ ​ក៏​លទ្ធភាព​នៃ​ការ​ឈ្នះ​បាន​សំឡេង​លើសលប់​នៅ​រដ្ឋសភា​មិន​មាន​នោះ​ទេ​ សម្រាប់​គណបក្ស​ប្រឆាំង​មួយ​នេះ។

លោក​ថ្លែង​ថា៖ «យើង​មើល​ប្រវត្តិ​មែន​ទែន​ សូម្បី​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ ៥៥​ កៅអី​នៅ​តែ​រារាំង​អត់​បាន​ដូច​គ្នា​ហ្នឹង។ អត់​មាន​អី​ការ​រារាំង​ទាក់​ទង​រឿង​ការ​ដឹក​នាំ​ ឬ​មួយ​ក៏​ទាក់​ទង​រឿង​ដូរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ ឬ​មួយ​ក៏​ដូរ​គណៈរដ្ឋ​មន្ត្រី​ទេ។ ទោះ​បី​ជា​គណបក្ស​ភ្លើង​ទៀន​មាន​សិទ្ធ​ចូល​រួម​ការ​បោះ​ឆ្នោត ​ក៏​មិន​បាន​អាសនៈ​គ្រប់​គ្រាន់​ ដើម្បី​ទៅ​រា​រាំង​គណបក្ស​កាន់​អំណាច​ គណបក្ស​ប្រជាជន​បាន​ដែរ»។

ខណៈ​ពេល​ដែល​អវត្តមាន​របស់​គណ​បក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​ ៧​ នា​ខែ​កក្កដា​ខាង​មុខ​នេះ​ គណបក្ស​នយោបាយ​សរុប​ចំនួន ១៨ រួម​ទាំង​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នឹង​ប្រកួត​ប្រជែង​គ្នា​ ដោយ​លទ្ធផល​ត្រូវបាន​គេ​រំពឹង​ទុក​ជា​មុន​ហើយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ ភ្លូក​ទឹក​ភ្លូក​ដី​ ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ហើយ​បន្ត​គ្រប់​គ្រងនិង​ដឹកនាំ​ប្រទេសដោយ​ឯកបក្ស​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​បន្តទៀត៕