សត្វពង្រូលនៅអាហ្រ្វិកជា ទំនងមិនជាប្រធានបទដែលគេនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ។
សត្វដែលមានស្រកានិងចូលចិត្តស៊ីស្រមោចនេះ គឺមានលក្ខណៈអៀនប្រៀន ធុំក្លិន ហើយជាសត្វរាត្រីចរ។
ប៉ុន្តែសត្វពង្រូលដ៏មាំទាំមួយនេះបានក្លាយជាប្រធានបទផ្តោតសំខាន់មួយក្នុងឆ្នាំនេះ។ កិច្ចប្រជុំសត្វព្រៃពិភពលោកដ៏ធំបំផុតក្នុងខែ នេះបានផ្តល់អនុសាសន៍ថាពូជសត្វពង្រូលទាំង ៨ប្រភេទត្រូវបានហាមឃាត់ក្នុងការជួញដូរអន្តរជាតិ។ ថនិកសត្វនេះគឺជាសត្វដែលត្រូវបានជួញដូរខ្លាំងបំផុតក្នុងពិភពលោក ដោយសារតែមានជំនឿដ៏ល្បីល្បាញថាវាមានប្រយោជន៏ក្នុងការធ្វើជាថ្នាំបុរាណ ដែលភាគច្រើនត្រូវបានរកឃើញថា មិនពិតនោះទេ។
លោក John Scanlon អគ្គលេខាធិការនៃសន្ធិសញ្ញា CITES ប្រាប់ VOA សត្វពង្រូលអាហ្រ្វិកនេះគ្រាន់តែជាសត្វមួយប្រភេទក្នុងចំណោមពូជសត្វ ចំនួន ៥០០ ប្រភេទដែលរងការគំរាមកំហែង និងដែលត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំ CITES ក្នុងឆ្នាំនេះនៅទីក្រុង Johannesburg ប៉ុន្តែប្រភេទសត្វធំៗជារឿយៗមានទំនោរជាប្រធានបទផ្តោតសំខាន់ជាង។
លោក Scanlon បាននិយាយថា៖ «អ្វីដែលទាក់ទាញការចាប់អារម្មណ៍សាធារណជនបំផុតនោះគឺ ប្រភេទសត្វធំៗដូចជាដំរី រមាសនិងតោជាដើម។ ហេតុដូច្នេះបានជាពួកយើងសប្បាយចិត្តដែលឃើញថាពូជសត្វតូចៗដូចជាពង្រូលអាហ្រ្វិកក៏ទាក់ទាញការចាប់អារម្មណ៍ដែរនោះ។ ប៉ុន្តែយើងមាន ពស់ ជីងជក់ និងកង្កែប ក៏ដូចជាពពួកសត្វដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតដូចជា ជីងជក់គ្មានត្រចៀក កង្កែប Titicaca និងតុកែថ្ម។ មានសត្វដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលគ្មានអ្នកណាយកចិត្តទុកដាក់»។
លោក Dan Ashe នាយកទីភ្នាក់ងារជលផលនិងសត្វព្រៃអាមេរិកបាននិយាយថា នេះដោយសារតែវាពិបាកក្នុងការលើកកម្ពស់ការយល់ដឹងពីសត្វដែលមានឈ្មោះចម្លែកនិងមុខអាក្រក់។ ឧទាហរណ៍ លោកមានមោទនភាពដែលកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានបង្កើតប្រវត្តិសាស្រ្តតាមរយៈសង្រ្គោះត្រីដំបូងគេបំផុតក្នុងបញ្ជីសហព័ន្ធនៃសត្វជិតផុតពូជនិងរងការគំរាមកំហែង។ ប៉ុន្តែទំរាំតែជួយសង្រ្គោះត្រី Oregon Chub បាន គេប្រើពេលអស់ជិតពីរទសវត្សរ៍។
លោកបាននិយាយថា៖ «ជាច្រើនលើកច្រើនសារ អ្វីដែលជាបញ្ហាខ្លាំងបំផុតនោះ គឺសត្វដែលពិបាកសម្គាល់។ យើងកំពុងដោះស្រាយជាមួយប្រភេទសត្វរុយចូលចិត្តផ្កា Delhi Sands និងគីង្គក់ Houston Toad។ នេះជាអ្វីដែលសាធារណជនតែងតែចោទសួរថាហេតុអ្វីបានជាវាសំខាន់? ហេតុអ្វីបានជាយើងគួរតែសង្រ្គោះសត្វទាំងនោះ? ហើយជារឿយៗខ្ញុំប្រាប់អ្នកទាំងនោះថា ដោយសារតែយើងមិនយល់»។
ដូចជាសត្វពង្រូលអាហ្រ្វិកជាដើម ពួកវារស់នៅដោយស៊ីសត្វស្រមោចនិងសត្វកណ្តៀរ។ នេះមានន័យថា ពួកវារក្សាលំនឹងចំនួនសត្វល្អិត។
ប៉ុន្តែអ្នកអភិរក្សនិយាយថាពូជសត្វទាំងនេះភាគច្រើនមិនត្រូវបានយកមកសិក្សាឲ្យល្អិតល្អន់ដូចពូជស្រដៀងគ្នាតែល្បីជាងហើយធំជាងនោះទេ ដែលនេះមានន័យថា សូម្បីតែអ្នកជំនាញក៏មិនដឹងច្បាស់ថាវាមានសារៈសំខាន់យ៉ាងណាចំពោះប្រព័ន្ធអេកូឡូស៊ីដែរ។
អ្នកស្រី Jan Creamer ប្រធានអង្គការការពារសត្វអន្តរជាតិ និយាយថាអ្នកស្រីមិនដែលជួបសត្វដែលអ្នកស្រីមិនចូលចិត្តទេ។ សូម្បីតែសត្វកន្លាត ក៏មាន «សម្រស់ប្លែកបែបម្យ៉ាងដែរ»។
អ្នកស្រីបាននិយាយថា ប៉ុន្តែការជួយសង្រ្គោះសត្វតូចនិងអាថ៌កំបាំងពិតជាពិបាកខុសពីធម្មតា។
«សម្រាប់ពូជសត្វជាក់លាក់មួយ វាត្រូវការពេលដើម្បីដឹងថាសត្វនោះស្ថិតក្នុងគ្រោះថ្នាក់។ ប៉ុន្តែខ្ញុំគិតថានេះពិតជាគោលដៅបេសកកម្មរបស់អនុសញ្ញា CITES និងអ្វីដែលអនុសញ្ញានេះជួយបាន ដោយសារអនុសញ្ញាបានបង្កើតវេទិកាមួយដើម្បីលើកឡើងពីបញ្ហារបស់សត្វទាំងនេះ»។
លោក Scanlon និយាយថា អ្វីដែលពពួកសត្វទាំងនេះត្រូវការ គឺអ្នកជួយលើកកម្ពស់ផ្សព្វផ្សាយម្នាក់។
យើងធ្លាប់និយាយថា៖ «សត្វពង្រូលអាហ្រ្វិកដែលមិនសូវល្បី» ប៉ុន្តែក្រោយមកយើងបានឃើញព្រះអង្គម្ចាស់ William និងអ្នកឯទៀតផ្តោតការយកចិត្តទុកដាក់ខ្លាំងលើសត្វពង្រូលអាហ្វ្រិកនេះ ហើយឥឡូវខ្ញុំនឹងនិយាយថាវាជាសត្វពង្រូលដ៏ល្បី ពីព្រោះតែការយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចប្រជុំ និងតាមរយៈដៃគូរបស់យើង ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដូចជា ព្រះអង្គម្ចាស់ William។
រហូតមកទល់ពេលនេះ មិនទាន់មានសែរាជវង្សណាចេញមុខដើម្បីសត្វកង្កែបទឹករូបអាក្រក់ Titicaca របស់ប៉េរូនៅឡើយទេ ហើយសត្វនេះកំពុងរងការជិតផុតពូជដោយសារជំងឺផ្សិតនិងត្រីស៊ីកង្កែប។
ប៉ុន្តែលោក Scanlon និយាយថាលោកសង្ឃឹមថាថ្ងៃណាមួយ ប្រហែលជាព្រះអង្គម្ចាស់របស់សត្វកង្កែបនេះនឹងលេចមុខ៕
ប្រែសម្រួលដោយ ទុំ ម្លិះ