ទីក្រុងឡុងដ៍៖ វីគីលីក (WikiLeaks) ត្រូវបានជ្រើសរើសឱ្យឈរឈ្មោះសម្រាប់ពានរង្វាន់ណូបែលសន្តិភាពពិភពលោកឆ្នាំ២០១១ ហើយបុរសដែលបានជ្រើស WikiLeaks គឺលោក Snorre Valen មានអាយុ២៦ឆ្នាំ គឺជាអ្នកនយោបាយជនជាតិណ័រវេស្ស៍។ បន្ទាប់ពីបានបោះឆ្នោតជ្រើសរើសវីគីលីកហើយលោកបានសរសេរនៅលើគេហទំព័រ Blog របស់លោកថា WikiLeaks បានបង្ហាញពីអំពើពុករលួយ អំពីឧក្រិដ្ឋកម្មសង្គ្រាម និងទារុណកម្មនៅជុំវិញពិភពលោក។
លោកបានប្រៀបធៀបពីអ្វីដែលលោកបានហៅការតស៊ូរបស់ WikiLeaks ដើម្បីសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យនោះជាមួយនឹងម្ចាស់ពានរង្វាន់ណូបែលកាលពីឆ្នាំទៅ គឺសកម្មជនប្រឆាំងជនជាតិចិនឈ្មោះ លីវ ស៊ាវបូ (Liu Xiaobo)។
អ្នកនាំពាក្យ WikiLeaks ម្នាក់បាននិយាយថា ការជ្រើសរើសនេះគឺជាការរៀបចំឱ្យមាន «ការភ្ញាក់ផ្អើលប្រកបដោយភាពកត្តញូ»។
អ្នកឃ្លាំមើលរឿងរង្វាន់ណូបែលនិងជានាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពក្នុងទីក្រុង Oslo លោក Kristian Berg Harpviken និយាយថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះWikiLeaks ដែលត្រូវបានជ្រើសរើស ហើយលោកសង្ឃឹមថា គេហទំព័រនេះនឹងទទួលបានការគាំទ្រជាសំឡេងឆ្នោតច្រើនជាងមួយ។
«WikiLeaks បានក្លាយជាចំណងជើងព័ត៌មានអន្តរជាតិដ៏កំពូលរយៈពេល១២ខែកន្លងទៅ។ គេហទំព័រនេះជាច្រកថ្មីមួយដែលមាននាទីច្រើនជាងការដែលគ្រាន់តែនាំយកព័ត៌មានដែលចាប់អារម្មណ៍។ ជាការពិតគេហទំព័រនេះមានព័ត៌មានសំខាន់ៗហើយបានបង្កខ្លួនឯងទៅជា «បាតុភូតដ៏អស្ចារ្យ»។ វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ហើយមានវិធីយ៉ាងច្រើនដែលល្បងបេក្ខជននៅក្នុងសិទ្ធិផ្ទាល់របស់ខ្លួន»។
ចំនួនមនុស្សជាច្រើនត្រូវគេអញ្ជើញចូលរួមក្នុងការជ្រើសរើសបេក្ខជនពានរង្វាន់សន្តិភាព រួមទាំងអ្នកនយោបាយ សាស្ត្រាចារ្យ និងអតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពផងដែរ។
Harpviken និយាយថា លោកគិតថា ជារឿងមិនទំនងទេដែលថា WikiLeaks នឹងឈ្នះពានរង្វាន់។ មួយផ្នែកពីព្រោះក្រុមអ្នករិះគន់គេហទំព័រនេះនិយាយថា ព័ត៌មានដែលបានធ្លាយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាច្រើន។
លោកបានថ្លែងថា រឿងនេះអាចក្លាយជាជម្រើសដ៏ប្រទាញប្រទង់មួយ។
«ពានរង្វាន់របៀបនេះគ្មានប្រជាប្រិយ៍ភាពទាល់តែសោះផងដែរ ក្នុងចំណោមមនុស្សខ្លះ ជាពិសេសអ្នកស្តាំនិយមនៃគណបក្សសាធារណរដ្ឋនិយមដែលមានបុគ្គលជាច្រើន មិនគ្រាន់តែបានយល់ឃើញថា គេហទំព័រ WikiLeaks និង Julian Assange គឺជាឧក្រិដ្ឋជនតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាក់ស្តែងបានប្រៀបពួកគេស្មើនឹងក្រុមភេរវករទៀតផង។ ដូច្នេះ ជាការពិត វាជារឿងច្បាស់លាស់ណាស់ដែលពានរង្វាន់សម្រាប់ WikiLeaks មិនត្រូវគេមើលឃើញថាតិចតួចទេពីជ្រុងទាំងនោះ»។
ក៏ប៉ុន្តែគណៈកម្មាធិការពានរង្វាន់ណូបែលក៏មិនខ្លាចប្រឈមមុខនឹងភាពចម្រូងចម្រាសនោះទេ។ កាលពីឆ្នាំ២០០៩ គណៈកម្មាធិការនេះបានផ្តល់ពានរង្វាន់ណូបែលសន្តិភាពជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។ ហើយកាលពីឆ្នាំ២០១០ បានផ្តល់ពានរង្វាន់ណូបែលសន្តិភាពជូនទៅសកម្មជនចិន លោក លីវ ស៊ាវបូ។ ការជ្រើសរើសអ្នកទាំងពីមានការជំទាស់ជាច្រើនដែរ។
«ខ្ញុំមិនគិតថា គណៈកម្មាធិការពានរង្វាន់ណូបែលយល់ឃើញរឿងនេះថាមានតម្លៃក្នុងសិទ្ធិរបស់ខ្លួនដើម្បីលលេងជាមួយនឹងភាពចម្រូងចម្រាសនោះទេ ក៏ប៉ុន្តែជាការណ៍ពិតមានពានរង្វាន់ជាច្រើនដែលមានរឿងចម្រូងចម្រាស។ ហើយពានរង្វាន់ណូបែលសន្តិភាពជានិច្ចកាលជារឿងដ៏គួរឲ្យចាប់អារម្មណ៍នៅពេលដែលវាមានការធ្វើសេចក្តីថ្លែងការណ៍នយោបាយដ៏រឹងប៉ឹងនោះ»។
ម្ចាស់ពានរង្វាន់ណូបែលនឹងត្រូវគេប្រកាសឲ្យដឹងនៅខែតុលា។ WikiLeaks គឺជាគេហទំព័រឬWebsite មួយដែលបោះពុម្ភផ្សាយជាអនាមិកនូវឯកសារនានាដូច ជាឯកសារសង្គ្រាម ស.រ.អាពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្កានីស្ថាន។ ក្រុមអ្នកគាំទ្រ និយាយថាគេហទំព័រ WikiLeaks ធ្វើឲ្យប្រសើរឡើងផ្នែកតម្លាភាពនិងប្រជាធិបតេយ្យ។ តែក្រុមអ្នករិះគន់វិញនិយាយថាគេហទំព័រនេះជាការគំរាមកំហែងដល់សន្តិសុខពិភពលោក៕
ប្រែសម្រួលដោយ សុខ ខេមរា